សកម្មភាព​កាប់​រាន​ព្រៃ​យក​ដី​នៅ​រតនគិរី

0:00 / 0:00

ព្រៃ​ឈើ​នៅ​តំបន់​ជាប់​ព្រំដែន​ខ្មែរ-វៀតណាម ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កំពុង​រង​ការ​កាប់​បន្ថែម​ទៀត។ សេចក្តី​រាយការណ៍​របស់​មន្ត្រី​មូលដ្ឋាន ឲ្យ​ដឹង​ថា អ្នក​កាប់​រាន​ព្រៃ​ឈើ​នោះ​សុទ្ធ​សឹង​បុគ្គល​ជា​មន្ត្រី​កង​ប្រដាប់​អាវុធ​នៅ​តំបន់​ព្រំដែន ដោយ​មាន​បំណង​យក​ដី​នោះ​ដាក់​បញ្ចូល​ក្នុង​ផែន​ការ​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់ ខណៈ​ក្រុម​និស្សិត​កំពុង​វាស់វែង​ដី​ប្រជាពលរដ្ឋ​ដែល​កាត់​ចេញ​ពី​ក្រុមហ៊ុន​សម្បទាន។

មន្ត្រី​មូលដ្ឋាន​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ខេត្ត ចុះ​ទប់ស្កាត់​ជា​បន្ទាន់​សកម្មភាព​កាប់​រាន​ព្រៃ​នៅ​តំបន់​ព្រំដែន​ស្រុក​អូរយ៉ាដាវ ជាប់​ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម។

សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​នេះ ធ្វើ​ឡើង​នៅ​ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ​ពី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ស្រុក​អូរយ៉ាដាវ ក្បែរ​ចំណុច​ប៉ុស្តិ៍​នគរបាល និង​យោធា​ការពារ​ព្រំដែន​ភ្នំ​ក្រហម។

មេ​ឃុំ​ប៉ក់ញ៉ៃ លោក រចំ ហ្លឺច ឲ្យ​ដឹង​ថា សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​នោះ មិន​មាន​លទ្ធភាព​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​បាន​ទេ ពីព្រោះ​តំបន់​នោះ​ជា​តំបន់​ព្រំដែន​ហួស​ដែន​សមត្ថកិច្ច​របស់​មន្ត្រី​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​សហគមន៍ ដូច្នេះ​មាន​តែ​សមត្ថកិច្ច​ជំនាញ​ព្រៃ​ឈើ អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត ទើប​មាន​លទ្ធភាព​ទប់ស្កាត់​ករណី​នេះ​បាន៖ «ព្រៃ​នៅ​ខាង​ចំណុច​សូន្យ​គេ​ហ្នឹង រាយការណ៍​ថា​គេ​ទៅ​កាប់ មិន​ថា​ប្រជាជន មិន​ថា​ទាហាន អ្នក​កាប់ យើង​មិន​ដឹង​ដែរ​មិន​ដឹង​អ្នក​ណា​អ្នក​កាប់»

កាល​ពី​ចុង​ឆ្នាំ​២០១២ ព្រៃ​ឈើ​នៅ​ចំណុច​ប៉ុស្តិ៍​ភ្នំ​ក្រហម ត្រូវ​មន្ត្រី​កង​ការពារ​ព្រំដែន កាប់​រាន​ម្តង​រួច​ហើយ ប៉ុន្តែ​បាន​បញ្ឈប់​វិញ​បន្ទាប់​ពី​ក្រុម​សហគមន៍​បាន​ផ្តល់​ព័ត៌មាន និង​សុំ​កិច្ច​អន្តរាគមន៍​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​យក​ដី​នោះ​ទៅ​អាជ្ញាធរ​ខេត្ត។

មន្ត្រី​ខេត្ត​មួយ​រូប សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​ថ្មី​នេះ ធ្វើ​ឡើង​តាំង​ពី​ពាក់​កណ្ដាល​ខែ​មីនា រហូត​មក ហើយ​ព្រៃ​ឈើ​នៅ​តំបន់​នោះ​ប្រមាណ ៤​ហិកតារ ត្រូវ​មន្ត្រី​កង​ការពារ​ព្រំដែន​យោធា​វរៈ​១២៣ និង​វរៈ​ប៉ូលិស​ការពារ​ព្រំដែន​លេខ​១០២ កាប់​រំលំ​អស់ ដើម្បី​រាន​យក​ដី​ជា​កម្មសិទ្ធិ។

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី ទទួល​បន្ទុក​ការងារ​ព្រំដែន លោក ស៊ូវ៉ាន់ ខាំវ៉ាន់ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ក៏​ទទួល​បាន​ព័ត៌មាន​ទាក់ទិន​សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​នេះ​ដូច​គ្នា។ លោក​បន្ត​ថា កង​នគរបាល​នៅ​ទី​នោះ​ទំនង​កាប់​រាន​ព្រៃ​យក​ដី​ធ្វើ​កន្លែង​ស្នាក់នៅ​សម្រាប់​ក្រុម​គ្រួសារ​ពួក​គេ៖ «សួរ​ត្រួសៗ​ទៅ ឮ​ថា​ពួក​ហ្នឹង​យក​គ្រួសារ​ទៅ​នឹង​ហ្នឹង ពួក​ប៉ុស្តិ៍​បួន​ដប់​គ្រួសារ​ទៅ​នៅ​ជុំវិញ​ប៉ុស្តិ៍​ហ្នឹង ឮ​អ៊ីចឹង ប៉ុន្តែ​មែន​ឬ​មិន​មែន ខ្ញុំ​អត់​ទាន់​ច្បាស់។ គាត់​អត់​បាន​រាយការណ៍​តាម​មើល»

របាយការណ៍​អង្កេត​របស់​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា សកម្មភាព​កាប់​រាន​ព្រៃ​ឈើ និង​បទ​ល្មើស​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​នៅ​ជាប់​តំបន់​ព្រំដែន​ប្រទេស​វៀតណាម ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កើត​មាន​ច្រើន​ករណី​នា​រដូវ​ប្រាំង​នេះ។

អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​ដែល​មន្ត្រី​ប្រដាប់​អាវុធ​កាប់​រាន គឺ​ជា​ដី​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​គ្រប់គ្រង ប៉ុន្តែ​កង​ការពារ​ព្រំដែន​បាន​ឈរ​ជើង​នៅ​កន្លែង​នោះ ទើប​មាន​បញ្ហា​កាប់​រាន​ព្រៃ​យក​ដី។ លោក​បន្ត​ថា កន្លង​ទៅ​នេះ ក្រុម​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ឡំ បាន​រក​ឃើញ​ឈើ​មូល​រាប់​ពាន់​ដើម ត្រូវ​គេ​កាប់​នៅ​ក្នុង​ព្រៃ​ក្បែរ​ព្រំដែន ចំណុច​ប៉ុស្តិ៍​ការពារ​ព្រំដែន​ភ្នំ​ក្រហម ហើយ​ឈើ​មួយ​ចំនួន​ត្រូវ​គេ​ដឹក​ជញ្ជូន​ខុស​ច្បាប់ ឆ្លង​ចូល​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​របៀង​ប៉ុស្តិ៍​ភ្នំ​ក្រហម នេះ៖ «នៅ​តំបន់​ហ្នឹង ពី​មុន​មក​អត់​ទាន់​មាន​អ្នក​ណា​អនុញ្ញាត​ឲ្យ​ទៅ​កាប់​រាន ឬ​កាន់​កាប់​ទេ ព្រោះ​ជា​តំបន់​ជាប់​ព្រំដែន។ ពួក​គេ​ឆ្លៀត​ឱកាស​នៅ​ពេល​និស្សិត​មាន​គម្រោង​វាស់វែង ស្នើសុំ​ទៅ​ខាង​និស្សិត​វាស់វែង»

នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក ផាន់ ភិន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​នឹង​ចាត់​មន្ត្រី​ជំនាញ​ទៅ​ពិនិត្យ​មើល​សេចក្តី​រាយការណ៍​ស្ដីពី​ការ​កាប់​រាន​ព្រៃ​នៅ​តំបន់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។