សហគមន៍ជនជាតិដើមភាគតិចទំពួន ភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី មិនទទួលបានលទ្ធផលជាក់លាក់ទាក់ទិនការស្នើសុំកាត់ដី ២ពាន់ហិកតារពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ដើម្បីទុកជាដីត្រៀមបម្រុងសហគមន៍។ ក្រុមអាជ្ញាធរមូលដ្ឋានមន្ត្រីជំនាញអង្គការសង្គមស៊ីវិល និងតំណាងក្រុមហ៊ុន ព្យាយាមសម្របសម្រួលដោះស្រាយបញ្ហានេះតាមរយៈវេទិកាតុសន្តិភាពរៀបចំដោយមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។
តំណាងសហគមន៍ជាង ២០០គ្រួសារនៅភូមិសាមុត្រលើ អំពាវនាវសុំឲ្យអាជ្ញាធរខេត្ត ពន្លឿននីតិវិធីកាត់ចេញដី ២ពាន់ហិកតារ ដែលប្រជាពលរដ្ឋស្នើសុំទុកជាដីត្រៀមបម្រុងរបស់ជនជាតិដើមភាគតិចសម្រាប់ចុះបញ្ជីដីធ្លីជាកម្មសិទ្ធិសមូហភាព។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីវេទិកាតុសន្តិភាពដោះស្រាយវិវាទរវាងពលរដ្ឋ និងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ រត្ន សាខន នៅថ្ងៃទី២៤ ខែមិថុនា នៅសាកលវិទ្យាល័យបៀលប្រាយ ក្នុងក្រុងបានលុង ខេត្តរតនគិរី មិនផ្តល់លទ្ធផលដល់ពលរដ្ឋ។
ប្រធានសហគមន៍ភូមិសាមុត្រលើ លោក ទុយ ញ៉េប សម្ដែងទុទ្ទិដ្ឋិនិយមខ្លាចក្រែងសំណើសុំដីត្រៀមបម្រុងសហគមន៍មិនបានជោគជ័យ ជាហេតុធ្វើឲ្យអ្នកភូមិប្រឈមទៅនឹងកង្វះដីត្រៀមបម្រុងកូនចៅទៅថ្ងៃអនាគត និងជាហេតុធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅ និងវប្បធម៌ប្រពៃណីជនជាតិដើមភាគតិចធ្ងន់ធ្ងរ។ លោកកត់សម្គាល់ថា ចាប់ពីខែសីហា ឆ្នាំ២០១៤ រហូតមកទល់បច្ចុប្បន្ន ផលប៉ះពាល់ជាច្រើនបានកើតមានចំពោះសហគមន៍ គ្រាដែលក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណដីសម្បទាន និងចាប់ផ្ដើមឈូសឆាយដីដាំដំណាំកសិឧស្សាហកម្ម៖ « សហគមន៍គាត់សំណូមពរពីអូរណងម៉ាល់ មកដល់ត្រពាំងណងខាងណីង ពីព្រោះសហគមន៍មានសញ្ញាសម្គាល់លើដីនោះ។ បើអាជ្ញាធរគិតគូរដូចកន្លងមក សហគមន៍នៅតែកង្វល់រហូតមានការចុះបញ្ជីសមូហភាពបន្ត »។
ក្រុមហ៊ុន រត្ន សាខន ទទួលបានដីសម្បទាន ៩ពាន់ហិកតារនៅដែនជម្រកសត្វព្រៃលំផាត់ ក្រោមការអនុញ្ញាតពីក្រសួងបរិស្ថាន។ ចាប់តាំងពីក្រុមហ៊ុនផ្ដើមឈូសឆាយដីតាមគម្រោងផែនការរបស់ក្រសួង ជម្លោះកើតមានជាបន្តបន្ទាប់ ដោយសារសហគមន៍ចោទប្រកាន់ក្រុមហ៊ុនថាឈូសឆាយដោយមិនបានពិគ្រោះយោបល់ជាមួយសហគមន៍ ដែលអភិរក្សព្រៃឈើដីធ្លីតំបន់នោះជាលក្ខណៈប្រពៃណី ហើយច្បាប់ក៏បានទទួលស្គាល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលអនុផលព្រៃឈើនៃសហគមន៍ជនជាតិដើមភាគតិចនេះដែរ។
សមាជិកក្រុមប្រឹក្សាឃុំសេដា លោក ធូន សុណ្ណ ទទួលស្គាល់ថា អាជ្ញាធរបានចូលរួមសម្របសម្រួលជម្លោះច្រើនលើក និងជួយដោះស្រាយបញ្ហាដែលកើតមានរវាងសហគមន៍ និងក្រុមហ៊ុន។ លោកកត់សម្គាល់ដែរថា បេសកជនតំណាងរាជរដ្ឋាភិបាល លោក លី ធុច កាលពីខែកុម្ភៈ ឆ្នាំ២០១៥ ក៏បានសម្របសម្រួលឲ្យក្រុមហ៊ុនកាត់ចេញដី ២ពាន់ហិកតារនៅក្នុងបរិវេណដីសម្បទានក្រុមហ៊ុនមានទីតាំងក្បែរភូមិ ប្រគល់ជូនសហគមន៍ ជាថ្នូរប្រគល់ដីត្រៀមបម្រុងសហគមន៍ ២ពាន់ហិកតារ ឋិតនៅតំបន់ឆ្ងាយពីភូមិ ប្រគល់ឲ្យក្រុមហ៊ុនវិញ ក៏ប៉ុន្តែការសម្របសម្រួលនោះក្រុមហ៊ុនមិនបានអនុវត្តទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុននៅតែបន្តឈូសឆាយទៅលើដីដែលសហគមន៍ស្នើសុំកាត់ចេញពីក្រុមហ៊ុនដដែល។
ឆ្លើយតបបញ្ហានេះ តំណាងក្រុមហ៊ុនចិន ដែលបច្ចុប្បន្នទទួលសិទ្ធិធ្វើអាជីវកម្មពីក្រុមហ៊ុន រត្ន សាខន លោក វ៉ាង ស៊ី ថ្លែងបដិសេធថា ក្រុមហ៊ុនមិនបានធ្វើអ្វីប៉ះពាល់ដីសហគមន៍ភូមិសាមុត្រលើ ដែលកំពុងអាស្រ័យផលឡើយ។ ផ្ទុយទៅវិញ ក្រុមហ៊ុនប្រតិបត្តិការទៅលើដីសម្បទានដែលក្រសួងបរិស្ថាន វិនិយោគឲ្យក្រុមហ៊ុន និងអនុវត្តតាមផែនការមេត្រឹមត្រូវ។ លោកថា សំណើសុំកាត់ដីសម្បទានជាថ្នូរដីត្រៀមបម្រុងសហគមន៍ គឺឋិតក្រោមការសម្រេចរបស់អាជ្ញាធរពាក់ព័ន្ធ ក្រុមហ៊ុនគ្មានសិទ្ធិសម្រេចអ្វីឡើយ៖ « បើសិនជាបងប្អូនយើងគិតថា ក្រុមហ៊ុនឈូសឆាយប៉ះពាល់ដីបងប្អូន ប្រជាពលរដ្ឋឲ្យយកក្រដាសចេញមក ក្រុមហ៊ុនឈូសប៉ះពាល់កន្លែងណា »។
តំណាងអង្គការសង្គមស៊ីវិល មានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អង្គការបណ្ដាញការពារជនជាតិដើមភាគតិច អង្គការការពារសិទ្ធិមនុស្សអាដហុក (ADHOC)និងអង្គការលីកាដូ (LICADHO) សុទ្ធតែបានចូលរួមចំណែកសង្កេតការណ៍ និងប្រឹក្សាផ្នែកច្បាប់ រួមទាំងអប់រំគោលការណ៍សិទ្ធិមនុស្សដល់សហគមន៍ ដើម្បីដោះស្រាយវិវាទដោយអហិង្សា និងផ្អែកទៅលើច្បាប់។
មេធាវីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ហួន ជុនឌី ថ្លែងថា អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ មានតួនាទីសំខាន់ធ្វើយ៉ាងណាដោះស្រាយវិវាទនេះឲ្យបានល្អប្រសើរ និងផ្តល់យុត្តិធម៌ដល់ភាគីវិវាទ។ លោកថា ការកៀរគរឲ្យមានការពិគ្រោះយោបល់ដោះស្រាយបញ្ហាប្រឈម និងសំណូមពរសហគមន៍ គឺជាចំណុចសំខាន់ដើម្បីបញ្ចប់វិវាទមួយនេះឲ្យបានឆាប់៖ « យើងមើលឃើញថា លទ្ធផលជាដុំកំភួនថ្ងៃនេះ អត់ទាន់បាននៅឡើយទេ ប៉ុន្តែយ៉ាងណា កម្មវិធីយើងថ្ងៃនេះក៏វាអាចទាញអារម្មណ៍អាជ្ញាធរគ្រប់ជាន់ថ្នាក់ ឲ្យចាប់អារម្មណ៍លើបញ្ហាដែលកំពុងកើតមាន ហើយព្យាយាមដោះស្រាយតាមជាក់ស្តែងដូចកន្លងមក គាត់ធ្លាប់ទទួលយកសំណូមពរកាត់ចេញដី ២ពាន់ហិកតារជូនដល់សហគមន៍ »។
ចំណែកមន្ត្រីសម្របសម្រួលអង្គការបណ្ដាញគាំទ្រជនជាតិដើមភាគតិច ខេត្តរតនគិរី អ្នកស្រី ង៉ា ចាន់ថន កត់សម្គាល់ដែរថា ការផ្តល់ដីត្រៀមបម្រុងសហគមន៍ គឺជាគោលនយោបាយលើកស្ទួយសិទ្ធិជនជាតិដើមភាគតិច ក្នុងការចុះបញ្ជីដីធ្លីជាកម្មសិទ្ធិសមូហភាព និងជាគោលនយោបាយការពារឲ្យដីធ្លីជនជាតិដើមភាគតិចបាននៅគង់វង្ស៖ « យើងមើលហេតុផលមួយចំនួន សហគមន៍គឺសេដ្ឋកិច្ចគ្រួសាររបស់គាត់ គឺគាត់ពឹងផ្អែកលើដីបម្រុងទុកហ្នឹងហើយ។ អ៊ីចឹងវាអាចជះឥទ្ធិពលខ្លះដែរ »។
ទាក់ទិនករណីនេះ សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី លោក អន សំណាង ថ្លែងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លីពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសគោលនយោបាយស្បែកខ្លាឆ្វៀលដីចេញពីដីសម្បទានសេដ្ឋកិច្ច។ លោកថា នឹងធ្វើរបាយការណ៍ស្ដីពីសំណូមពរ និងការបារម្ភរបស់សហគមន៍ ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ និងសម្រេចដាក់ជូនអាជ្ញាធរខេត្តអនុវត្ត៖ « ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុច លោកបានចុះមកឃើញផ្ទាល់។ គាត់បានចូលរួមផ្ទាល់។ គាត់បានយកបញ្ហាទាំងអស់ហ្នឹងរាយការណ៍ជូនរាជរដ្ឋាភិបាលហើយ។ មិនមែនត្រឹមខេត្តទេ គឺតំណាងនាយករដ្ឋមន្ត្រី។ អ៊ីចឹងរឿងរ៉ាវទាំងអស់ កង្វល់ទាំងអស់ក្នុងរង្វង់ប្រតិបត្តិការរបស់គាត់ ត្រូវតែរាយការណ៍ជូនរាជរដ្ឋាភិបាល »។
ទោះបីជាយ៉ាងណាក៏ដោយ តំណាងសហគមន៍ លោក ទុយ ញ៉េ សំណូមពរដោយទទូចសុំឲ្យអាជ្ញាធរខេត្ត ប្រញាប់ដោះស្រាយវិវាទនេះឲ្យបានឆាប់ ដើម្បីសហគមន៍មានដីត្រៀមសម្រាប់ចុះបញ្ជីដីនាពេលខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
