ជនជាតិដើមភាគតិចគួយ នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ស្នើឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ឲ្យបានចប់សព្វគ្រប់ ដើម្បីទប់ស្កាត់មិនឲ្យមានទំនាស់ក្នុងចំណោមពួកគាត់អូសបន្លាយបន្តទៀត។ បញ្ហានេះ អាជ្ញាធរមូលដ្ឋានអះអាងថា ពលរដ្ឋទាំងនោះបានចូលកាន់កាប់ដីសហគមន៍ដោយខុសច្បាប់ ទើបបណ្ដាលឲ្យមានជម្លោះកើតឡើង។
ប្រជាពលរដ្ឋមានបញ្ហាដីធ្លីនៅឃុំសាលាវិស័យ លើកឡើងថា ពួកគេនឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ខេត្ត ឬថ្នាក់ជាតិបន្ថែមទៀត ប្រសិនអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយជូនពួកគាត់បានទេនោះ។
ប្រជាពលរដ្ឋនៅភូមិតាឡេកចាស់ លោក ហយ ខុម មានប្រសាសន៍ថា ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងពលរដ្ឋនៅលើដីសហគមន៍ កើតឡើងខ្លាំងនៅឆ្នាំនេះតែម្តង។ លោកថា ដោយសារដីតំបន់នោះជាប្រភេទដីចម្ការវិលជុំរបស់ពលរដ្ឋពីដើមមក ទើបធ្វើឲ្យពួកគាត់ដែលខ្វះខាតដី នាំគ្នាទៅរុករានដើម្បីកាន់កាប់។ យ៉ាងណា លោកអះអាងថា ពួកគាត់បានកាន់កាប់ដីតំបន់នោះរយៈពេល ៣ឆ្នាំមកហើយ រីឯពលរដ្ឋផ្សេងក៏បានទៅរុករានដែរ ដោយម្នាក់ៗមានទំហំមិនដល់មួយហិកតារផង ប៉ុន្តែអ្នកមានប្រាក់ខ្លះ ទៅកាន់កាប់រំលោភបំពានលើដីរបស់ពួកគាត់។ លោកថា នៅពេលអាជ្ញាធរឃុំហៅទៅដោះស្រាយ គឺតែងតែទាមទារប្រាក់ពីអ្នកភូមិក្រីក្រក្នុងមួយគ្រួសារ ២លានរៀល ដើម្បីអាចរស់នៅលើដីសហគមន៍បន្តទៀតបាន ប៉ុន្តែអ្នកភូមិគ្មានប្រាក់សម្រាប់ផ្តល់ជូន៖ «ស្នើសុំកុំឲ្យប្រជាពលរដ្ឋអស់លុយអស់កាក់ គ្នានៅដីរដ្ឋទេ គ្នាគ្មានលុយឲ្យទៅភាគីខាងណោះទេ»។
ប្រជាពលរដ្ឋនៅឃុំសាលាវិស័យ ដែលកំពុងមានជម្លោះដីធ្លី គឺមានជាង ៥០គ្រួសារ ហើយពួកគេទាំងនោះ បានចូលទៅកាន់កាប់ដីសហគមន៍មួយឈ្មោះ ចមម្រេច ដែលមានទំហំផ្ទៃដីសរុបជាង ៣ពាន់ហិកតារ។
ទាក់ទងបញ្ហានេះ មេឃុំសាលាវិស័យ លោក អ៊ឹម អន មានប្រសាសន៍ថា ជម្លោះដីធ្លីនេះ គឺកើតឡើងរវាងពលរដ្ឋ និងពលរដ្ឋ ដោយសារការបែងចែកដីគ្នាមិនបានច្បាស់លាស់។ លោកបន្តថា ពលរដ្ឋទាំងនោះចូលទៅកាន់កាប់ដីសហគមន៍បែបអនាធិបតេយ្យ ហើយអាជ្ញាធរក៏បានទៅហាមឃាត់ពួកគាត់មិនឲ្យចូលទៅកាន់កាប់ដីតំបន់នោះដែរ ពីព្រោះវាជារឿងខុសច្បាប់។ លើសពីនេះ អាជ្ញាធរឃុំបានហៅភាគីជម្លោះទាំងនោះមកសម្របសម្រួលគ្នាជាច្រើនដង តាមរយៈការប៉ះប៉ូវប្រាក់ខ្លះទៅឲ្យភាគីដែលរងផលប៉ះពាល់ ប៉ុន្តែពួកគេនៅមិនទាន់ទទួលយកបាន៖ «អាជ្ញាធរថាប្រសិនបើនាំគ្នាទៅកាន់កាប់អនាធិបតេយ្យហើយ កុំឲ្យមានជម្លោះ ខុសត្រូវអី សម្របសម្រួលគ្នាកុំឲ្យមានបញ្ហា»។
លោកមេឃុំបន្ថែមទៀតថា ក្នុងចំណោមដីសហគមន៍ជាង ៣ពាន់ហិកតារ ខាងអាជ្ញាធរឃុំមិនបានដឹងច្បាស់ថា ប្រជាពលរដ្ឋជាង ៥០គ្រួសារបានកាន់កាប់ដីប៉ុន្មានហិកតារទេ។ ទោះជាបែបនេះក្តី ខាងលោកក៏បានស្នើសុំដាក់ជាដីសម្បទានសង្គមកិច្ចទៅអាជ្ញាធរខេត្ត ព្រមទាំងក្រសួងពាក់ព័ន្ធ ដើម្បីបែងចែកជូនពួកគាត់ឲ្យបានច្បាស់លាស់ ជៀសវាងមានជម្លោះតទៅទៀត។
ដោយឡែកជនជាតិគួយ មួយរូបទៀត លោក សុខ គា ចង់ឲ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័ស ពីព្រោះជម្លោះដីធ្លី គឺធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់អ្នកភូមិ ដូចជាត្រូវរស់នៅក្នុងភាពមិនស្ងប់ចិត្ត មិនអាចដាំដំណាំធំដុំបាន និងត្រូវរង់ចាំដោះស្រាយតែប៉ុណ្ណោះ។
ជាមួយគ្នានេះ មន្ត្រីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ធំ លោក ញូង សាមឿន បញ្ជាក់ថា ដំបូងឡើយ ជម្លោះដីសហគមន៍ចមម្រេច មិនមែនកើតឡើងរវាងពលរដ្ឋ និងពលរដ្ឋទេ ប៉ុន្តែជាវិវាទរវាងសហគមន៍ជនជាតិដើមភាគតិចគួយ ជាមួយក្រុមហ៊ុនមួយចំនួននៅទីនោះ។ លោកថា ដោយសារការដោះស្រាយរបស់អាជ្ញាធរមិនបានចេញជារូបរាង ទើបពលរដ្ឋសម្រុកចូលកាន់កាប់ដីសហគមន៍រៀងៗខ្លួន។ លោកបន្ថែមថា ម្យ៉ាងទៀត ដោយសារសហគមន៍នោះនៅមិនទាន់ទទួលស្គាល់តាមលក្ខណៈច្បាប់នៅឡើយ ទើបអាជ្ញាធរមិនព្រមដោះស្រាយជូនពួកគាត់៖ «អ៊ីចឹងដណ្ដើមយកដីហ្នឹងតាមរយៈកម្លាំងអំណាចរៀងៗខ្លួន អ៊ីចឹងហើយធ្វើឲ្យមានជម្លោះរវាងពលរដ្ឋ និងពលរដ្ឋ»។
មន្ត្រីសិទ្ធិមនុស្សដដែលលើកឡើងថា ប្រជាពលរដ្ឋអាចមានសង្ឃឹមទទួលបានដំណោះស្រាយ គឺលុះត្រាតែអាជ្ញាធរពាក់ព័ន្ធធ្វើការងារនេះប្រកបដោយឆន្ទៈ បើពុំនោះទេ ប្រជាសហគមន៍នៅតែបន្តរស់នៅក្នុងភាពរង់ចាំរហូត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
