អ្វីដែលធ្វើឲ្យអ្នកភូមិព្រួយបារម្ភ គឺសកម្មភាពរុះរើដុតបំផ្លាញផ្ទះពួកគាត់ពីសំណាក់ក្រុមអាជ្ញាធរ ដែលសំអាងថាអ្នកភូមិមកតាំងទីលំនៅខុសច្បាប់នៅក្នុងតំបន់ព្រៃអភិរក្ស។
កាលពីចុងខែតុលា កន្លងទៅ អាជ្ញាធរចម្រុះស្រុកកែវសីមា បានប្រើប្រាស់វិធានការក្តៅអារជើងសសរ ហើយយករថយន្តទាញរំលំ និងដុតបំផ្លាញផ្ទះអ្នកភូមិចោលអស់ប្រមាណ ៣៧ផ្ទះ បន្ទាប់ពីអ្នកភូមិបាននាំគ្នាបោះបង់ចោលភូមិចាស់នៅក្នុងព្រៃ ហើយនាំគ្នាមកតាំងទីលំនៅតាមបណ្តោយផ្លូវលំ ដែលក្រុមហ៊ុនសម្បទាននៅតំបន់នោះបានកសាងសម្រាប់ការធ្វើដំណើរភ្ជាប់ទៅកាន់ផ្លូវជាតិ។
អ្នកភូមិរណែង ឈ្មោះ ស៊ុន ចាន់ថេង បញ្ជាក់ថា សកម្មភាពរុះរើផ្ទះដោយបង្ខំ និងការដាក់លក្ខខណ្ឌឲ្យអ្នកភូមិរុះរើផ្ទះចេញដោយខ្លួន គឺជាបញ្ហាប្រឈមកំពុងកើតមានទាក់ទិនការតាំងទីលំនៅថ្មីនេះ។ លោកបន្តថា គោលបំណងនៃការប្ដូរភូមិនេះ គឺពួកគាត់រំពឹងទៅលើទីតាំងថ្មីនេះមានផ្លូវធ្វើដំណើរ ងាយស្រួលអាចឲ្យអ្នកភូមិដឹកជញ្ជូនផលកសិកម្មទៅទីផ្សារ លើកស្ទួយជីវភាពរស់នៅ៖ «ថាប្រជាពលរដ្ឋទៅនៅអត់បានសុំទៅថាមិនបានសុំ។ មេភូមិៗផ្ដិតមេដៃប្រជាពលរដ្ឋស្នើសុំដីថ្នល់ សម្រាប់សាងសង់ទៅលំនៅឋាននៅហ្នឹង បែរជាចុះដាក់កម្លាំងឲ្យរុះរើ។ ឥឡូវនៅផ្ទះឈើធំៗផ្ទះស័ង្កសី គេមកចុះសន្យាពីរដងហើយ គេចុះកិច្ចសន្យាថាឲ្យរុះ បើយើងមិនរុះ គេចុះមកគេរុះខូចខាតគេអត់ទទួលដឹងទេ»។
កាលពីឆ្នាំ២០០០ អតីតក្រុមសហគមន៍ជនជាតិព្នង ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម បានវិលមកតាំងទីលំនៅក្នុងព្រៃជីវចម្រុះសីមា ជាភូមិចាស់ដែលអ្នកភូមិធ្លាប់តាំងទីលំនៅនៅទីនោះ ជាលក្ខណៈជនជាតិព្រៃភ្នំច្រើនជំនាន់មកហើយ។ រហូតមកទល់បច្ចុប្បន្ន អ្នកភូមិជិត ២០០គ្រួសារបានបង្កើតជាភូមិចំនួនបីក្នុងព្រៃនោះ រួមមាន ភូមិខ្ទង់ ភូមិព្រះ និងភូមិរណែង។
ប្រធានភូមិរណែង លោក ដា វុធណាក់ មានប្រសាសន៍បញ្ជាក់ថា ការផ្លាស់ប្ដូរភូមិរបស់ប្រជាពលរដ្ឋ អាជ្ញាធរភូមិ និងឃុំបានគាំទ្រ និងបានឯកភាពបញ្ជូនពាក្យស្នើសុំរបស់អ្នកភូមិទៅអាជ្ញាធរស្រុក តាំងពីខែសីហា ប៉ុន្តែមិនឃើញមានការឆ្លើយតបនោះឡើយ។ លោកបន្តថា ភូមិចាស់ដែលអ្នកភូមិរស់នៅពិតជាមិនអាចជួយអភិវឌ្ឍជីវភាពរស់នៅរបស់ពលរដ្ឋបានឡើយ គឺនៅរដូវវស្សាទឹកអូរក្នុងព្រៃជន់លិចផ្លូវ មិនអាចធ្វើដំណើរបាន។ ម្យ៉ាងវិញទៀត មិនមែនមានតែអ្នកភូមិចាស់នោះទេ ដែលមកតាំងទីលំនៅតាមផ្លូវថ្មីនោះ គឺមានប្រជាពលរដ្ឋចំណាកស្រុកមួយចំនួនទៀត ក៏បានមកតាំងទីលំនៅទីនោះបន្ថែមទៀត ដើម្បីស្វែងរកដីរស់នៅងាយស្រួលចិញ្ចឹមជីវិត៖ «ឈឺថ្កាត់អ្វីមួយពិបាកធ្វើដំណើរខ្លាំងណាស់។ រុះធ្វើៗកុំឲ្យយកប្រជាពលរដ្ឋខ្ញុំទៅបាញ់ចោល»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (Adhoc) ខេត្តមណ្ឌលគិរី លោក សុខ រដ្ឋា កាលពីសប្ដាហ៍មុន បានធ្វើដំណើរចុះអង្កេតករណីនេះសង្កេតឃើញថា តំបន់នោះពិតជាតំបន់ព្រៃដាច់ស្រយាល ពិបាកធ្វើដំណើរទៅកាន់ភូមិប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋនៅតំបន់នោះរស់នៅក្នុងព្រៃជ្រៅ មិនមានផ្លូវធ្វើដំណើរ ហេតុនេះការប្ដូរភូមិ គឺជាជម្រើសប្រសើររបស់អ្នកភូមិ ដូច្នេះអាជ្ញាធរពាក់ព័ន្ធ គួរជួយធ្វើការសិក្សា ដើម្បីឲ្យប្រជាពលរដ្ឋបានតាំងទីលំនៅតាមផ្លូវថ្មី រៀបចំភូមិឲ្យមានការអភិវឌ្ឍ។ លោកកត់សម្គាល់ថា ព្រៃតំបន់នោះ រាជរដ្ឋាភិបាលបានផ្តល់ទៅឲ្យក្រុមហ៊ុនសម្បទានអស់រាប់ម៉ឺនហិកតារ ហើយហេតុនេះ ការតាំងទីលំនៅរបស់អ្នកភូមិនេះ គួរទទួលបានការលើកទឹកចិត្ត សម្រាប់គោលនយោបាយអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិច៖ «សម្បទានឲ្យបាន។ សំខាន់ គឺអាជ្ញាធរនៅក្នុងស្រុកហ្នឹងទេ ដែលគាត់ត្រូវរៀបចំជូនពួកគាត់ណា! ដើម្បីមកតាំងលំនៅឋាននៅក្បែរផ្លូវ ងាយស្រួលរកស៊ីចេញចូលប្រកបរបរស្រែចម្ការពួកគាត់ហ្នឹង»។
ដូចគ្នានេះដែរ អភិបាលស្រុកកែវសីមា លោក ស៊ិន វ៉ាន់វុធ មានប្រសាសន៍ទទួលស្គាល់ថា អ្នកភូមិនៅតំបន់នោះគ្មានសាលារៀនសម្រាប់កូនចៅ និងគ្មានប៉ុស្តិ៍សុខភាពព្យាបាលជំងឺនោះឡើយ ក៏ប៉ុន្តែលោកផ្តល់យោបល់ថា អ្នកភូមិមិនអាចទៅតាំងទីលំនៅដោយគ្មានការយល់ព្រមពីអាជ្ញាធរខេត្តនោះឡើយ។ លោកទទួលស្គាល់ថា កន្លងទៅមានការរុះរើបំផ្លាញចោលផ្ទះប្រជាពលរដ្ឋមែន ក៏ប៉ុន្តែការរុះរើនេះធ្វើឡើងចំពោះប្រជាពលរដ្ឋចំណាកស្រុកពីខេត្តនានាមកតាំងទីលំនៅប្រកបរបរកាប់ឈើក្នុងព្រៃខុសច្បាប់៖ «យើងស្នើសុំទាល់តែមានការសម្រេចបានអាចនៅបានមិនអាចមកនៅដោយមិនបានសុំទេ ព្រោះជាតំបន់ដែលគេការពារ តំបន់អភិរក្ស។ អ៊ីចឹងយើងត្រូវធ្វើអ្វីតាមច្បាប់។ យើងចង់តែសម្រួលឲ្យគាត់នៅតាមដងផ្លូវហ្នឹង យើងមានបំណងអ៊ីចឹងដែរ។ ការរស់នៅរបស់ប្រជាពលរដ្ឋយើងចង់ឲ្យគាត់មានផ្លូវរស់នៅ ដើម្បីកាត់បន្ថយភាពក្រីក្រដែរ ប៉ុន្តែយើងស្នើសុំមិនមែនយើងឃើញផ្លូវយើងនៅៗ»។
តំបន់អភិរក្សជីវសីមា មានទំហំដីប្រមាណ ២០ម៉ឺនហិកតារ ច្រើនឆ្នាំកន្លងទៅនេះ ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នេះបានចូលទៅកាប់រានយកដីធ្វើស្រែចម្ការអានាធិបតេយ្យ។ ចំណែករាជរដ្ឋាភិបាល ក៏បានផ្តល់ព្រៃតំបន់នោះជាសម្បទានសេដ្ឋកិច្ចដល់បណ្ដាក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុកច្រើនម៉ឺនហិកតារ ធ្វើឲ្យប៉ះពាល់ដល់តំបន់អភិរក្សយ៉ាងធ្ងន់ធ្ងរ។
នាយខុទ្ទកាល័យសាលាខេត្តមណ្ឌលគិរី លោក ចឹង សុចន្ថា មានប្រសាសន៍កត់សម្គាល់ថា ប្រជាពលរដ្ឋគួរស្នើសុំដីសម្បទានសង្គមកិច្ចមកអាជ្ញាធរខេត្ត ប្រសិនប្រជាពលរដ្ឋគ្មានដី។ ចំណែកការកាប់រានព្រៃយកដីអានាធិបតេយ្យ ដើម្បីតាំងទីលំនៅ គឺជាប្រការខុសច្បាប់។ លោកបន្តថា តំបន់ព្រៃអភិរក្សមិនអាចឲ្យប្រជាពលរដ្ឋទៅកាប់រានតាំងទីលំនៅធ្វើស្រែចម្ការបានទេ ក៏ប៉ុន្តែប្រសិនប្រជាពលរដ្ឋជនជាតិដើមរស់នៅតំបន់នោះ ចង់ប្ដូរភូមិត្រូវស្នើសុំមកអាជ្ញាធរខេត្ត ដើម្បីសិក្សាផលប៉ះពាល់មុននឹងសម្រេចតាមការស្នើសុំរបស់ពលរដ្ឋ៖ «សម្រាប់អាជ្ញាធរខេត្ត កន្លែងហ្នឹងជាតំបន់ព្រៃការពារអ៊ីចឹងណា មិនមែនថាយើងមិនគិតគូរដោះស្រាយឲ្យគាត់ទេ ប៉ុន្តែត្រូវមានលិខិតផ្ទេរលំនៅឋាន ពួកគាត់នៅទីណាពីមុន មានសំណើច្បាស់លាស់របស់គាត់មកខេត្ត ព្រោះខេត្តមានតំបន់ដីសម្បទានសង្គមកិច្ចសម្រាប់ផ្តល់ជូនទៅតាមការរៀបរបស់យើង។ កាលណាយើងបណ្តោយឲ្យគាត់ដើរកាប់រានព្រៃអានាធិបតេយ្យ អ៊ីចឹងវាពិបាកក្នុងការគ្រប់គ្រង»។
ទោះជាយ៉ាងនេះក្តី អ្នកភូមិ និងមន្ត្រីអាជ្ញាធរភូមិ មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរស្រុកមិនបានដោះស្រាយ ឬឆ្លើយតបលិខិតស្នើសុំរបស់ពលរដ្ឋនោះទេ។ ហេតុនេះ អ្នកភូមិនឹងមិនចាកចេញពីទីតាំងថ្មីនេះទេ បើទោះបីក្រុមអាជ្ញាធរបន្តការរុះរើផ្ទះយ៉ាងណាក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
