តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង នៅភូមិចំនួន៧ ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដាក់លិខិតជម្រាបជូនអាជ្ញាធរមូលដ្ឋានថា ចូលទៅបោះបង្គោលព្រំដីសហគមន៍ដោយខ្លួនឯង ដើម្បីបញ្ឈប់ការកាប់រានព្រៃយកដីពីសំណាក់នៃពលរដ្ឋចំណាកស្រុក។
លិខិតជូនដំណឹងស្ដីពីការចូលទៅបោះបង្គោលព្រំដីតំបន់អភិរក្សសហគមន៍ បានដាក់ជូនអាជ្ញាធរមូលដ្ឋាននៅថ្ងៃទី១៣ ខែមេសា បន្ទាប់ពីសកម្មភាពកាប់រានព្រៃយកដីអនាធិបតេយ្យ នៅតែបន្តកើតមាន។
កាលពីថ្ងៃទី១២ ខែមេសា សហគមន៍ប៊ូស្រា បានចុះទៅពិនិត្យទីតាំងកាប់រានព្រៃយកដីរបស់ពលរដ្ឋចាម ចំណាកស្រុកនៅតំបន់វាល់យោង ជាកន្លែងដែលក្រុមការងារវាស់វែងដីខេត្តមណ្ឌលគិរី បានណែនាំឲ្យអ្នកកាប់រានព្រៃផ្អាកការដុតរានព្រៃ រង់ចាំអាជ្ញាធរវាស់វែងកំណត់ព្រំដីសម្បទានសង្គមកិច្ច និងដីសហគមន៍រួចរាល់ ក៏ប៉ុន្តែបម្រាមនេះមិនត្រូវបានជនជាតិចាម អនុវត្តតាម។
តំណាងសហគមន៍ លោក ក្រើង តុលា បញ្ជាក់ថា នេះជាការរំលោភទៅលើការណែនាំរបស់ក្រុមការងារថ្នាក់ខេត្ត។ ហេតុនេះ សហគមន៍ត្រូវតែចូលទៅបោះបង្គោលកំណត់ព្រំដីសហគមន៍ ចៀសវាងការកាប់បំផ្លាញព្រៃឈើដោយគ្មានការទទួលខុសត្រូវ។ លោកបន្តថា ដោយសារតែបច្ចុប្បន្នជាពេលចូលឆ្នាំ ហេតុនេះសហគមន៍គ្រោងនឹងចុះដាក់បង្គោលព្រំដីសហគមន៍នៅក្រោយចប់ពិធីបុណ្យចូលឆ្នាំ៖ « គោលបំណងគាត់ធ្វើព្រំដើម្បីងាយស្រួលអភិរក្ស តំបន់មានបញ្ហាព្រឹកមិញ គាត់កំពុងចុះហត្ថលេខា ប្រហែលម៉ោង ១១ គាត់នឹងបញ្ជូនទៅអាជ្ញាធរ។ ម្សិលមិញគាត់ស៊ើបអង្កេតឃើញជនជាតិចាម គាត់មិនគោរពតាមដែលអាជ្ញាធរណែនាំ »។
អាជ្ញាធរខេត្តមណ្ឌលគិរី កាលពីដើមខែមេសា បានចាត់ក្រុមការងារចុះវាស់វែងតំបន់ដីសម្បទានសង្គមកិច្ច និងតំបន់ដីអភិរក្សសហគមន៍ ក៏ប៉ុន្តែរហូតបច្ចុប្បន្ន លទ្ធផលនៃការវាស់វែងមិនទាន់ដឹងនៅឡើយ។
ទាក់ទិនករណីនេះ អភិបាលស្រុកពេជ្រាដា លោក នួន សារ៉ន ថ្លែងថា បើទោះបីជាសហគមន៍ដាក់លិខិតជម្រាបជូនអាជ្ញាធរយ៉ាងណាក្តី ក៏អាជ្ញាធរមិនអនុញ្ញាតឲ្យសហគមន៍បោះបង្គោលព្រំដោយគ្មានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធឡើយ។ លោកថា ក្រោយពិធីបុណ្យចូលឆ្នាំ ក្រុមជំនាញនឹងយកលទ្ធផលការវាស់វែងដីតំបន់សម្បទានសង្គមកិច្ច និងដីមានផលប៉ះពាល់សហគមន៍ ហើយអញ្ជើញភាគីពាក់ព័ន្ធមកពិនិត្យផ្ទៀងផ្ទាត់ដោះស្រាយបញ្ហារួមគ្នា៖ « យើងបាននិយាយគ្នាហើយតើ ក្រោយពីយើងបានចុះសិក្សាជាមួយគ្នា យើងនឹងធ្វើសេចក្តីរាយការណ៍ជូនខេត្ត។ ឥឡូវខេត្តឯកភាពគ្នាហើយថា ក្រោយចូលឆ្នាំ យើងបានផ្តល់ព័ត៌មានជូនគាត់ ហើយតែគាត់មកបោះបង្គោលយ៉ាងម៉េច យើងមិនអនុញ្ញាតទេ ធ្វើអ៊ីចឹងវាមិនកើត ព្រោះការសម្រេចអត់មាន »។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា សម្ដែងការបារម្ភខ្លាចកើតមានអំពើហិង្សាដោយសារសហគមន៍ព្រមានថា នឹងចុះបោះបង្គោលហ៊ុមព័ទ្ធដី ខណៈជនជាតិចាម កំពុងកាប់រានព្រៃយកដី ក្រោមហេតុផលជាដីសម្បទានសង្គមកិច្ច។ លោក សុក រដ្ឋា បញ្ជាក់ថា អាជ្ញាធរខេត្ត គឺជាអ្នកទទួលខុសត្រូវ ប្រសិនបើអំពើហិង្សាកើតមានរវាងពលរដ្ឋ និងពលរដ្ឋ ពីព្រោះសហគមន៍តវ៉ាច្រើនឆ្នាំមកហើយទាក់ទិនការទន្ទ្រានកាប់រានព្រៃប៉ះពាល់ដីកប់សព ដីព្រៃគោរពបូជា និងព្រៃត្រៀមបម្រុងសហគមន៍ ដោយសារគម្រោងផ្តល់ដីសម្បទានសង្គមកិច្ចរបស់អាជ្ញាធរខេត្ត។ លោកថា ព្រៃឈើរាប់ពាន់ហិកតារ ត្រូវបានពលរដ្ឋចំណាកស្រុក និងអ្នកមានអំណាចនៅមូលដ្ឋាន កាប់រានយកដីនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ។
រាជរដ្ឋាភិបាល សម្រេចផ្តល់ដី ២.៤០០ហិកតារនៅតំបន់វាល់យោង សម្រាប់សម្បទានសង្គមកិច្ចដល់ពលរដ្ឋមកពីខេត្តកំពង់ចាម ៥៨៨គ្រួសារ បន្ទាប់ពីប្រជាពលរដ្ឋទាំងនោះស្នើសុំដីប្រកបរបរកសិកម្មចិញ្ចឹមជីវិតកាលពីឆ្នាំ២០១១ ក៏ប៉ុន្តែរហូតពេលនេះ ជនជាតិចាម បានចូលមកកាន់តំបន់ផ្តល់ដីសម្បទាន ហើយកាប់រានព្រៃយកដី ខណៈអាជ្ញាធរមិនទាន់បែងចែកដីសម្បទានសង្គមកិច្ចជូនពលរដ្ឋនៅឡើយ។ រីឯសហគមន៍ជនជាតិដើមភាគតិចឃុំប៊ូស្រា អះអាងដែរថា ការកាប់រានព្រៃយកដីរបស់ជនជាតិភាគតិចចាម បំពានទៅលើព្រៃសហគមន៍ជាង ១ពាន់ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
