តុលាការ​ខេត្ត​កោះកុង​នឹង​ដោះលែង​តំណាង​ពលរដ្ឋ​លោក​ផន​ណុល​នៅ​ថ្ងៃ​ទី​១០

ចៅក្រម​សាលា​ដំបូង​ខេត្ត​កោះកុង សម្រេច​ដោះលែង​តំណាង​ពលរដ្ឋ​មួយ​រូប​ គឺ​លោក ផន ណុល ដែល​មាន​ជម្លោះ​ដីធ្លី ​ជាមួយ​ក្រុមហ៊ុន អេស អ៊ី ហ្សិត (SEZ) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ថ្ងៃ​ទី១០ វិច្ឆិកា​ខាង​មុខ បន្ទាប់​ពី​សហគមន៍​ដី​ធ្លី​បាន​តវ៉ា​ទាំង​យប់​ថ្ងៃ​ជាង​១​សប្ដាហ៍ នៅ​មុខ​តុលាការ និង​បិទ​ផ្លូវ​ជាតិ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អ៊ិន គង់ជិត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ៥ វិច្ឆិកា ថា​សហគមន៍​ដីធ្លី​ប្រមាណ ៥០​នាក់​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តំណាង​ពលរដ្ឋ​របស់​គាត់​នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក ពុំ​ចាំ​ដល់​ថ្ងៃ​ទី​១០​ឡើយ។ លោក​បន្ត​ថា​ការ​ដែល​ពលរដ្ឋ​នៅ​តែ​ទាមទារ នៅ​មុខ​តវ៉ា​តុលាការ​ទាំង​យប់​ថ្ងៃ​ដូច្នេះ ដោយ​សារ​ភរិយា និង​គ្រួសារ​លោក ផន ណុល គ្មាន​អ្វី​ទីពឹង ក្រៅ​ពី​ប្ដី​ជា​ជន​ពិការ តែ​ជា​បង្គោល​គ្រួសារ​នោះ​ឡើយ៖ «តំណាង​សហគមន៍​ម្នាក់​ហ្នឹង​ឲ្យ​បាន នៅ​ក្រៅ​ឃុំ ព្រោះ​ការ​ដោះលែង​នេះ វា​បញ្ជាក់​នូវ​ការ​យោគយល់​អធ្យាស្រ័យ ចំពោះ​ប្រជាពលរដ្ឋ ដែល​គាត់​ត្រូវ​បាន​ឃុំ​ខ្លួន​កន្លង​មក ហើយ​សូម្បី​តែ​ព្រះមហាក្សត្រ ក៏​លោក​បាន​ប្រទាន​លើក​លែង​ទោស​ដល់​ទណ្ឌិត​នានា ក្នុង​ពិធី​បុណ្យ​ឡើង​គ្រងរាជ្យ យើង​ថា​ពេល​វេលា​នេះ ប្រសិន​ជា​លោក​ចៅក្រម​បាន​ពិចារណា ដោយ​មិន​ពន្យារ​ពេល វា​​ជា​ការ​សមរម្យ​មួយ ដែល​ពិត​ជា​បាន​អនុគ្រោះ និង​យោគយល់ ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់»។

វិទ្យុអាស៊ីសេរី មិន​អាច​ទទួល​បាន​ការ​ឆ្លើយ​តប​របស់​លោក​ចៅក្រម ខាំ សុផារី បាន​ទេ​ដោយ​លោក​លើក​ទូរស័ព្ទ​ហើយ​ឆ្លើយ​ថា​ស្ដាប់​មិន​ឮ​ទៅវិញ។

លោក ផន ណុល ជា​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដី​១៣៥​គ្រួសារ ដែល​រស់​នៅ​ក្នុង​ភូមិ​យាយសែន ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី ២៧ តុលា ពី​បទ​ចោទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។