ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​កោះកុង​ដាក់​លិខិត​សុំ​អន្តរាគមន៍​បញ្ចប់​ជម្លោះ

ប្រជាពលរដ្ឋ​ប្រមាណ ៧០​នាក់ មក​ពី​ស្រុក​ចំនួន​៣​ផ្សេង​គ្នា មក​ពី​ខេត្ត​កោះកុង បាន​នាំ​គ្នា​មក​សុំ​អន្តរាគមន៍​នៅ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១៣ ចំពោះ​ករណី​ទំនាស់​ដីធ្លី​របស់​ពួក​គាត់ ដែល​បាន​អូស​បន្លាយ​អស់​ជា​ច្រើន​ឆ្នាំ​មិន​មាន​ដំណោះស្រាយ។

0:00 / 0:00

តំណាង​អ្នក​ភូមិ​ប្រមាណ ១០​នាក់ បាន​ចូល​ទៅ​ដាក់​លិខិត​នៅ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​សុំ​ឲ្យ​ចេញ​ប្លង់​កម្មសិទ្ធិ​បញ្ចប់​ទំនាស់​ដីធ្លី​របស់​ពួក​គាត់។

អ្នកស្រី ផាវ ញ៉ើង ពលរដ្ឋ​មក​ពី​ភូមិ​ព្រែកជីក ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​ថ្លែង​នៅ​ថ្ងៃ​ទី៧ ឧសភា ថា ពួក​គាត់​អស់​ជំនឿ​លើ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​កើត​មាន​ឡើង​នៅ​តំបន់​នោះ ទើប​មក​រក​ដំណោះស្រាយ​ពី​ក្រសួង​ជំនាញ៖ «ខ្ញុំ​មក​នេះ គឺ​ខ្ញុំ​សំណូមពរ​សុំ​ឲ្យ​ក្រសួង​ឲ្យ​ដោះស្រាយ​ទំនាស់​នេះ ហើយ​នឹង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ពួក​យើង​ខ្ញុំ។ ខ្ញុំ​សង្ឃឹម​ថា នាយក​រដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន នឹង​អន្តរាគមន៍​ក្នុង​រឿង​នេះ»

ក្នុង​ពេល​ដែល​ពលរដ្ឋ​មក​ដល់​មុខ​ក្រសួង គឺ​មាន​ក្រុម​មន្ត្រី​បាន​អនុញ្ញាត​ឲ្យ​តំណាង​ពលរដ្ឋ​ទាំង​នោះ​ចូល​ទៅ​ដាក់​លិខិត។

យ៉ាង​ណា​ក៏​ដោយ មន្ត្រី​ក្នុង​ក្រសួង​នេះ​មួយ​រូប បាន​ចេញ​មក​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​លិខិត​នេះ​ទៅ​គណៈកម្មការ​គ្រប់គ្រង​ដីធ្លី​ថ្នាក់​ស្រុក​ជា​មុន​សិន៖ «ឲ្យ​តែ​បាន​កាន់​កាប់​ដាំដុះ​ជាក់ស្ដែង បង​ប្អូន​កុំ​បារម្ភ គ្រាន់​តែ​យើង​មុន​នឹង​ក្រោយ​ទេ ព្រោះ​គេ​ធ្វើ​ការ​គេ​មាន​ផែន​ការ​របស់​គេ ចូល​ភូមិ​ណា ឃុំ​ណា គេ​មិន​អាច​ធ្វើ​តែ​ម្ដង​បាន​ទេ។ (ប្រជាពលរដ្ឋ) អត់​បារម្ភ​ម៉េច បើ​ក្រុមហ៊ុន​យក​អាត្រាក់​ទៅ​ឈូស​ភ្លឺ​ស្រែ​ដំណាំ​ចោល​ហើយ ឲ្យ​ខ្ញុំ​ទ្រាំ​ម៉េច? ឥឡូវ​ឲ្យ​តែ​ដឹង​ថា​អ៊ីចឹង ហើយ​ចាំ​យើង​ទៅ​ជួប​ឧត្ដម​អភិបាល ប្រហែល​លោក​បាន​ជ្រាប​រឿង​ហ្នឹង បងប្អូន​អញ្ជើញ​ទៅ​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ស្រុក​សិន»

ពលរដ្ឋ​ដែល​មក​ដាក់​លិខិត​នោះ គឺ​មក​ពី​សហគមន៍​ចំនួន​៧ ស្ថិត​ក្នុង​ស្រុក​ចំនួន​៣ គឺ​ស្រុក​ស្រែអំបិល ស្រុក​បុទុមសាគរ និង​ស្រុក​គីរីសាគរ នៃ​ខេត្ត​កោះកុង។ ពលរដ្ឋ​ទាំង​នោះ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន មួយ​ឈ្មោះ ញូញៀន ឌីវឺឡុបមែន (Union Development Group) និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​លោក ហេង ហ៊ុយ។

កាល​ពី​ថ្ងៃ​ទី៦ ឧសភា ឆ្នាំ​២០១៣ ប្រជាពលរដ្ឋ​ទាំង ៧​សហគមន៍​នេះ ក៏​បាន​យក​លិខិត​សុំ​អន្តរាគមន៍​សុំ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ ប៉ុន្តែ​ត្រូវ​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​សមត្ថកិច្ច។ ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​នៅ​តែ​បាន​ដាក់​លិខិត​សុំ​អន្តរាគមន៍​នេះ​ដដែល។ រីឯ​ដំណោះស្រាយ​យ៉ាង​ណា​នោះ ពុំ​មាន​ស្ថាប័ន​ណា​មួយ​ផ្ដល់​ចម្លើយ​តាម​ការ​ស្នើសុំ​នេះ​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។