ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ខេត្ត​ក្រចេះ​ដាក់​ញត្តិ​ទៅ​ផ្ទះ​នាយករដ្ឋមន្ត្រី

ប្រជាពលរដ្ឋ​ប្រមាណ ២៥០នាក់ តំណាង​ឲ្យ ៣២៩​គ្រួសារ នៅ​ភូមិ​គ្រង និង​ភូមិ​ថ្ពង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ មាន​ជម្លោះ​ដីធ្លី​ដ៏​រាំ​រ៉ៃ​ជាមួយ​ក្រុមហ៊ុន ហ៊រីហ្សិន អាគ្រី​ខាល់ឆ័រ ឌីវឡុបមេន (Horizon Agriculture Development Co.,Ltd)កំពុង​ស្នាក់​នៅ​បណ្តោះអាសន្នក្នុង​វត្តសាមគ្គីរង្ស៊ី បដិសេធ​សំណើ​របស់​អភិបាល​រងខេត្តនេះ​ ដែល​ចង់​អោយ​ពួកគេ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​រង់ចាំ​ដំណោះស្រាយ​ពី​ខុទ្ទការល័យ​នាយករដ្ឋមន្រ្តី។

លោក សួន វិច្ឆិកា តំណាង​ពលរដ្ឋ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី១ ខែ សីហា​ថា សំណើ​របស់​អភិបាល​រងខេត្ត​កើតឡើង​បន្ទាប់​ពី​ពួក​គាត់​នាំ​គ្នា​ ​ដើរ​ដាក់​ញត្តិ​ទៅ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អោយជួយ​អន្តរាគមន៍ ​ដោះស្រាយ​ជូន​ពលរដ្ឋ ដើម្បី​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ដី​គ្រប់​ចំនួន។ តែ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​មាន​ជ័យ​មក​ទទួល​យក​ញត្តិ​ដោយ​សន្យា​នាំ​យក​ញត្តិ​នោះ​ប្រគល់​ជូន​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់។

ជម្លោះ​ដី​ធ្លី​រវាង​អ្នក​ភូមិ និង​ក្រុមហ៊ុន ​កើត​ឡើង​តាំង​ពី ឆ្នាំ ២០០៨ មក​រហូត​ដល់​ឆ្នាំ ២០១២ ក្រុមការងារ​យុវជន​ស្ម័គ្រចិត្ត​វាស់​វែង​ដី​ធ្លី បាន​ចុះ​វាស់​វែង​ជូន​ដល់​ពលរដ្ឋ​ចប់​សព្វ​គ្រប់​ហើយ។ ប៉ុន្តែ​ដោយ​សារ​ដី​នេះ​នៅ​មាន​ជម្លោះ​ក្រុមហ៊ុន ខាង​អាជ្ញាធរ​បាន​ចេញ​ប្លង់​រឹង​ដល់​ពលរដ្ឋ​ប្រមាណ ៦៥%​។ រហូត​ដល់​ឆ្នាំ ២០១៤​នេះ ពលរដ្ឋចំនួន ៣២៩ គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ការ​ដោះស្រាយ​នៅ​ឡើយ។

តំណាងពលរដ្ឋ​ទាំង​អស់អះអាង​ថា​នឹង​មិន​ត្រឡប់​ទៅ​វិញ​ឡើយ ល្គឹក​ណា​មាន​ដំណោះស្រាយ​ជាក់​លាក់ ហើយ​ទុក​ពេល​ឲ្យ​អាជ្ញាធរ ៣​ថ្ងៃ។ បើ​ពុំ​ដូច្នោះ​ទេ ពលរដ្ឋ​​នឹង​នាំ​គ្នា​ហែ​ញត្តិ​ទៅ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រីជា​ថ្មី​ម្តងទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។