តំណាង​ពលរដ្ឋ​២​នាក់​មាន​ជម្លោះ​ដី​នៅ​ស្រុក​ឆ្លូង​ត្រូវ​ជាប់​ឃុំ​ចោទ​រារាំង​អាជ្ញាធរ​បំពេញ​ការងារ

0:00 / 0:00

យ៉ាង​ហោច​ណាស់​តំណាង​ពលរដ្ឋ ២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ផ្ទះ​ត្រូវ​ដុត​កម្ទេច នៅ​ក្នុង​សកម្មភាព​ឈូស​ឆាយ​ដី​របស់​ក្រុម​ពលរដ្ឋ ៣១​គ្រួសារ នៅ​ចំណុច​អូរសំពុង ឃុំ​ដំរីផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ នៅ​ពេល​ដុត​នោះ​ទៀត​សោត បើ​ផ្ទះ​ណា​សសរ​ធំ មិន​ងាយ​ឆេះ គេ​មាន​រណារ​អារ​រំលំ​បន្ថែម​ទៀត។

គិត​មក​ដល់​ថ្ងៃ​ទី​៩ ខែ​មេសា ផ្ទះ​ពលរដ្ឋ​ចំនួន ៦​ខ្នង ត្រូវ​ដុត​ចោល និង ៤​ខ្នង​ទៀត​ត្រូវ​គ្រឿងចក្រ​រុញ​ដួល​រាប​ដល់​ដី ផល​ដំណាំ​ជាច្រើន​ទៀត ត្រូវ​ឈូស​ឆាយ​គ្មាន​សល់។ ទោះ​បែប​នេះ​ក្តី ក្រុម​ពលរដ្ឋ ៣១​គ្រួសារ​ដែល​កំពុង​រងគ្រោះ នៅ​តែ​មិន​ព្រម​ចាក​ចេញ​ពី​ដី​មាន​ជម្លោះ បើ​ទោះ​ជា​អាជ្ញាធរ​ខេត្ត​ចោទ​ថា ពួក​គេ​រស់នៅ​ទីនោះ​ខុស​ច្បាប់​ក្តី។

លោកស្រី សុខ រុន ស្រែក​សុំ​ឲ្យ​ថ្នាក់​ដឹក​នាំ​ប្រទេស​ជួយ​អន្តរាគមន៍។ លោកស្រី​រៀបរាប់​ថា ពេល​នេះ​លោកស្រី​ក្លាយ​ជា​ចោរ​លួច​រស់នៅ​លើ​ដី​របស់​ខ្លួន ក្នុង​ពេល​ដែល​ពលរដ្ឋ ៧២​គ្រួសារ និង​ក្រុម​សមត្ថកិច្ច​មិន​នៅ​ទី​នេះ៖ «ដល់​តែ​យប់​ពេល​ក្រុម​សមត្ថកិច្ច​គេ​ចេញ​ពី​ដី​បាន​ខ្ញុំ​ហ៊ាន​ចូល​មក​លើ​ដី​វិញ មិន​បាន​ធ្វើ​អ្វី​ក្រៅ​ពី​អង្គុយ​យំ​ទេ»

រយៈពេល ៤​ថ្ងៃ​ដែល​អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​ផ្តល់​ដី​ឲ្យ​ក្រុម​ពលរដ្ឋ ៧២​គ្រួសារ ដែល​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មេសា គឺ​មាន​សកម្មភាព​ដុត​ផ្ទះ យក​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះ និង​ផល​ដំណាំ​ក្រុម​ពលរដ្ឋ ៣១​គ្រួសារ ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​លើ​ដី​នោះ។ ការ​ធ្វើ​ដូច​នេះ ដោយ លោក សរ ចំរុង អភិបាល​ខេត្ត​ក្រចេះ ទទួល​ស្គាល់​ពលរដ្ឋ ៧២​គ្រួសារ​ជា​អ្នក​មាន​សិទ្ធិ​រស់នៅ​លើ​ដី​នោះ និង​ប្រាប់​ឲ្យ​ក្រុម​ពលរដ្ឋ ៣១​គ្រួសារ​ចាក​ចេញ​ពី​ដី​នោះ។ ប៉ុន្តែ​ក្រុម​ពលរដ្ឋ ៣១​គ្រួសារ នៅ​តែ​មិន​ព្រម​ចេញ​ពី​ដី​នោះ ហើយ​បាន​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន​នានា។ រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​មេសា ពលរដ្ឋ​មួយ​ចំនួន​បាន​នាំ​គ្នា​ទៅ​ភ្នំពេញ ដើម្បី​ប្ដឹង​អាជ្ញាធរ​ខេត្ត​ក្រចេះ ទៅ​ស្ថាប័ន​មួយ​ចំនួន។

តំណាង​ពលរដ្ឋ ៣១​គ្រួសារ ពីរ​នាក់ ដែល​ត្រូវ​កង​កម្លាំង​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ព្រោះ​ចេញ​មក​តវ៉ា​ប្រឆាំង​សកម្មភាព​នេះ គិត​មក​ដល់​ថ្ងៃ​ទី​៩ ខែ​មេសា នៅ​តែ​ជាប់​ឃុំ​ដដែល។

លោកស្រី យស សាអែម ដែល​កំពុង​ជាប់​ឃុំ​ស្នងការដ្ឋាន​នគរបាល ឲ្យ​ដឹង​ថា លោកស្រី​ត្រូវ​សមត្ថកិច្ច​ចោទ​ប្រកាន់​ថា រារាំង​ការ​បំពេញ​បេសកកម្ម​របស់​សមត្ថកិច្ច។ លោកស្រី​ឲ្យ​ដឹង​ទៀត​ថា លោក ភន់ សុវណ្ណ ដែល​ជាប់​ឃុំ​ដែរ​នោះ ត្រូវ​សមត្ថកិច្ច​ចោទ​ប្រកាន់​ថា ប្រើ​ហិង្សា​លើ​សមត្ថកិច្ច។ ទោះ​បែប​នេះ​ក្តី លោកស្រី យស អាអែម នៅ​តែ​អះអាង​ថា ពួក​គេ​ទាំង​ពីរ​នាក់​គ្មាន​កំហុស និង​ស្នើសុំ​រក​យុត្តិធម៌៖ «ខ្ញុំ​សុំ​ឲ្យ​សម្ដេច​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​ដឹង​ឮ​រឿង​ពួក​ខ្ញុំ ផ្តល់​យុត្តិធម៌​ដល់​យើង​ខ្ញុំ​ផង ដែល​ជា​អ្នក​ចូល​រស់នៅ​លើ​ដី​មាន​ជម្លោះ​នេះ​មុន​ក្រុម​ពលរដ្ឋ ៧២​គ្រួសារ»

សកម្មភាព​ដុត​ផ្ទះ​ពលរដ្ឋ​នៅ​ពេល​នេះ ក៏​មិន​ខុស​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ដែរ គឺ​ក្រុម​ពលរដ្ឋ ៧២​គ្រួសារ​ជា​អ្នក​ធ្វើ​សកម្មភាព ចំណែក​កម្លាំង​សមត្ថកិច្ច​ជា​អ្នក​ការពារ ហើយ​ពួក​គេ​នៅ​តែ​មិន​ទាន់​ពន្យល់​អំពី​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដី​នេះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។