សមត្ថកិច្ច​ចាប់​ខ្លួន​ពលរដ្ឋ​២​នាក់​និង​ដុត​ផ្ទះ​៧​ខ្នង​ក្នុង​ពេល​ផ្ដល់​ដី​ឲ្យ​ពលរដ្ឋ​៧២​គ្រួសារ

0:00 / 0:00

ការ​ផ្ដល់​ដី​ជូន​ក្រុម​ពលរដ្ឋ ៧២​គ្រួសារ​នៅ​ខេត្ត​ក្រចេះ ឈាន​ដល់​អំពើ​ហិង្សា​ចាប់​ខ្លួន​តំណាង​ពលរដ្ឋ​ដុត​ផ្ទះ​ពលរដ្ឋ និង​ការ​ចូល​ឈូស​ឆាយ​លើ​ដី​មាន​ដំណាំ​របស់​ក្រុម​ពលរដ្ឋ ៣១​គ្រួសារ។ ក្រុម​ពលរដ្ឋ​រង​គ្រោះ​បាន​ត្រឹម​ទ្រហោ​យំ​ប៉ុណ្ណោះ។ សកម្មភាព​របស់​សមត្ថកិច្ច​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ជា​ថ្ងៃ​ទី​៣ ហើយ​ពួកគេ​មក​បណ្ដេញ​ក្រុម​ពលរដ្ឋ ៣១​គ្រួសារ​ចេញ​ពី​ផ្ទះ និង​ដី​ភូមិ។

យ៉ាង​ហោច​ណាស់​តំណាង​ពលរដ្ឋ ២​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ផ្ទះ ៥​ខ្នង ត្រូវ​ដុត​កម្ទេច និង ២​ខ្នង​ទៀត​ដែល​ពិបាក​ដុត​ត្រូវ​គ្រឿងចក្រ​ឈូស​ឲ្យ​ដួល​រលំ​ដែល​ម្ចាស់ផ្ទះ​ស្ទើរ​រត់​ចេញ​មិន​ទាន់។ នៅ​ពេល​ដុត​នោះ​ទៀត​សោត បើ​ផ្ទះ​ណា​សសរ​ធំ​មិន​ងាយ​ឆេះ គេ​មាន​រណា​អា​រំលំ​បន្ថែម​ទៀត។

លោកស្រី កែវ ឆេង ដែល​ត្រូវ​គេ​ដុត​ផ្ទះ​ចោល ប្រាប់​ថា នេះ​ជា​លើក​ទី​៤​ដែល​ផ្ទះ​លោកស្រី​ឆេះ​នៅ​ពេល​ដែល​សមត្ថកិច្ច​បណ្ដេញ​ចេញ​ម្តងៗ។ លោកស្រី​ថ្លែង​ទាំង​ទួញ​សោក​ថា ចាប់​ពី​ពេល​នេះ​គ្រួសារ​លោកស្រី​មិន​ត្រូវ​រស់​នៅ​ទី​ណា​ទេ៖ «មុន​គេ​ដុត​ផ្ទះ​ខ្ញុំ​គេ​ឡើង​យក​កាំបិត ពូថៅ ចេញ​អស់​ហើយ​ទើប​គេ​ដុត។ ខ្ញុំ​អត់​បាន​យក​អី​ចេញ​ទាន់​ទេ»

សកម្មភាព​ឈូស​ឆាយ​និង​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​នេះ ក្រុម​សមត្ថកិច្ច​ចម្រុះ​មិន​បាន​ធ្វើ​ខ្លួនឯង​ទេ គឺ​ក្រុម​ពលរដ្ឋ ៧២​គ្រួសារ​ដែល​ត្រូវ​ទទួល​បាន​ដី​នេះ​ជា​អ្នក​ធ្វើ​សកម្មភាព។ ប៉ុន្តែ​ក្រុម​កង​កម្លាំង​ដែល​មាន​គ្នា​រាប់​សិប​នាក់ និង​មាន​អាវុធ​គ្រប់​ដៃ​ផង​នោះ ជា​អ្នក​ឃ្លាំមើល​សកម្មភាព​នេះ និង​បាន​ព្រមាន​មិន​ឲ្យ​ក្រុម​ពលរដ្ឋ ៣១​គ្រួសារ​ទៅ​ជិត​ផ្ទះ​ដែល​គេ​ដុត​បំផ្លាញ​នោះ​ទេ។

ប្រសិនបើ​មាន​អ្នក​ណា​ហ៊ាន​ចេញ​មក​ប្រឆាំង​រារាំង​សមត្ថកិច្ច​នឹង​ចាប់​ខ្លួន​ភ្លាម។ ក្រោយ​ពី​ពលរដ្ឋ​សំពះ​អង្វរ​ក្រុម​សមត្ថកិច្ច​មិន​បាន​ដូច​បំណង ពួកគេ​បាន​ត្រឹម​ទួញ​យំ​មើល​ផ្ទះ​របស់​ខ្លួន​ត្រូវ​គេ​ដុត និង​មើល​ដំឡូង​ដែល​ខំ​ដាំ​ត្រូវ​គ្រឿងចក្រ​ឈូស​ឆាយ​ប៉ុណ្ណោះ។ ក្រុម​ពលរដ្ឋ​បាន​លើក​ម្រាមដៃ​១០ សុំ​ឲ្យ​អ្នក​សារព័ត៌មាន​ផ្សាយ​រឿង​ឲ្យ​សាធារណៈ​បាន​ដឹង​ផង។

ពលរដ្ឋ​ម្នាក់​គឺ​លោក រឹម រ៉ុម ដែល​ឃើញ​ហេតុការណ៍​នេះ​ប្រាប់​ថា ក្រុម​កង​កម្លាំង​វាយ​តប់​ខ្លាំងៗ​លើ​បុរស​ម្នាក់​ដែល​ចេញ​មុខ​តវ៉ា៖ «ម្នាក់​ឈប់​វ៉ៃ ម្នាក់​ទៀត​វ៉ៃ បន្ទាប់​មក​ក្រុម​សមត្ថកិច្ច​ផ្ដួល​គាត់​ហើយ​ជាន់​ពី​លើ»

មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ លោក ស្រី វុត្ថា ដែល​ដឹកនាំ​សកម្មភាព​ឈូស​ឆាយ​នេះ បដិសេធ​មិន​ពន្យល់​ពី​ប្រតិបត្តិការ​នេះ​ទេ ដោយ​និយាយ​យ៉ាង​ខ្លី​ថា កម្លាំង​មក​ការពារ​មិន​ឲ្យ​ពលរដ្ឋ​ទាំង​ពីរ​ក្រុម​នេះ​ប៉ះទង្គិច​គ្នា។ ស្រដៀង​គ្នា​នេះ​ដែរ អភិបាលរង​ខេត្ត​ក្រចេះ លោក ខ័ណ្ឌ ចំណាន ដែល​ទទួល​បន្ទុក​ដោះស្រាយ​រឿង​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ឆ្លូង ថា​លោក​មិន​ទាន់​ដឹង​រឿង​នេះ​ច្បាស់លាស់​ឡើយ ព្រោះ​កំពុង​បំពេញ​ការងារ​នៅ​ភ្នំពេញ។

កាល​ពី​ខែ​កុម្ភៈ ក្នុង​ពេល​ដែល​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ទទួល​បន្ទុក​អង្កេត ទទួល​ពាក្យ​បណ្ដឹង សិទ្ធិមនុស្ស ចុះ​បំពេញ​បេសកកម្ម​នៅ​ក្នុង​ខេត្ត​នេះ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​កុំ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដោយ​ហិង្សា ពេល​នេះ​អាជ្ញា​ខេត្ត​ឆ្លើយ​ទទួល​មក​សំណើ​នេះ។ ប៉ុន្តែ​សកម្មភាព​ពេល​នេះ គឺ​ផ្ទុយ​គ្នា​ទៅ​នឹង​អ្វី​ដែល​ខេត្ត​បាន​សន្យា​ជាមួយ​គណៈកម្មការ​របស់​រដ្ឋ​សភា។

ប្រជាពលរដ្ឋ​ក្រុម ៧២​ម្នាក់ ដែល​ជា​ភាគី​ម្ខាង​ទៀត​នៃ​ជម្លោះ គឺ​លោក គឹម ប៊ុននី និយាយ​ថា អ្វី​ដែល​ក្រុម​លោក​ធ្វើ​សកម្មភាព​ដូច​នេះ គឺ​ដើម្បី​ចូល​កាន់​កាប់​ដី​ដែល​អាជ្ញាធរ​ប្រគល់​ស្រប​ច្បាប់​ឲ្យ​ក្រុម​លោក។

លោក គឹម ប៊ុននី អះអាង​ថា នៅ​ពេល​ដី​ស្អាត​ស្រឡះ​ល្អ​លោក​នឹង​ចូល​មក​នៅ៖ «ខ្ញុំ​មក​រស់​នៅ​ស្របច្បាប់​មាន​អាជ្ញាធរ​ខេត្ត​ទទួល​ស្គាល់ ប៉ុន្តែ​ក្រុម​ពលរដ្ឋ ៣១ មិន​ព្រម​ចេញ»

យ៉ាង​ណា​ក៏​ដោយ​ចុះ មន្ត្រី​សង្គម​ស៊ីវិល និង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ថ្កោលទោស​សកម្មភាព​ដែល​អាជ្ញាធរ​យក​ពលរដ្ឋ​ជល់​នឹង​ពលរដ្ឋ​ដូច​នេះ។ ក្រុម​ពលរដ្ឋ ៣១​គ្រួសារ​អះអាង​ថា នឹង​យក​ឯកសារ​ពាក់ព័ន្ធ និង​រូបភាព​នានា​នៃ​ការ​ដុត​បំផ្លាញ​នេះ​ប្ដឹង​ទៅ​អង្គការ​ស្ថាប័ន​នានា ជាពិសេស​រដ្ឋ​សភា​ឲ្យ​ជួយ​អន្តរាគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។