LDP នឹង​ដឹកនាំ​អ្នក​គាំទ្រ​ទៅ​បោះ​ជំរំ​លើ​ដី​សកម្មជន​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ខេត្ត​កំពត

0:00 / 0:00

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ប្រកាស​ថា ពួក​គេ​នឹង​លើក​គ្នា​ទៅ​បោះ​ជំរំ​នៅ​លើ​ដី​ជាង ២០​ហិកតារ​របស់​សកម្មជន​របស់​ខ្លួន​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ស្ថិត​នៅ​ភូមិ​តេជោ​ក្បាលដំរី ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ កុម្ភៈ នៅ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា គណបក្ស​របស់​លោក​សម្រេច​ថា​នឹង​មិន​ទៅ​ធ្វើ​បាតុកម្ម​នៅ​តាម​ទី​សាធារណៈ​ណា​ទៀត​ហើយ ក៏ប៉ុន្តែ​នឹង​នាំ​គ្នា​ទៅ​បោះ​ជំរំ​នៅ​លើ​ដី​ជាង ២០​ហិកតារ​របស់​លោក លី គឹមហុង ដែល​ជា​សកម្មជន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៧ កុម្ភៈ។

ការ​ប្រកាស​របស់​លោក ខឹម វាសនា នេះ ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​កំពត ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក លី គឹមហុង ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​នៅ​ខេត្ត​កំពត ដែល​ឈាន​ដល់​ការ​ឃាត់​ខ្លួន​មនុស្ស​ចំនួន ១៣​នាក់​កាល​ពី​រសៀល​ថ្ងៃ​ទី​៤ កុម្ភៈ កន្លង​ទៅ។

លោក ខឹម វាសនា បញ្ជាក់​ទៀត​ថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ជួល​មេធាវី​រួច​ហើយ ដើម្បី​រក​យុត្តិធម៌​តាម​ផ្លូវ​តុលាការ​ជូន​សកម្មជន​របស់​ខ្លួន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន«យ៉ាង​តិច​ បំផុត​ក៏ ​យើង​នៅ​ ទីនោះ​ជា ប្រចាំ​ពី ៤០ ទៅ ៥០​នាក់ ហើយ​យើង​បាន​តាំង​ចិត្ត​រួច​ហើយ។ ឥឡូវ​ចាប់​គ្នា​យើង ១៣​នាក់ ​ទៅ​ហើយ បើ ៤០​នាក់​ហ្នឹង​ត្រូវ​បាន​គេ​ចាប់​ដោយ​ចោទ​ថា​យើង​ទៅ​នៅ​លើ​ដី​សម្បទាន​សង្គមកិច្ច យើង​នឹង​បញ្ជូន ៥០​នាក់​ទៅ​ទៀត ។ យើង​នឹង​ធ្វើ​របៀប​ នេះ​ជា ​រៀង​ រហូត​ដល់ ​បាន​ជោគជ័យ រហូត​ដល់​រាជ​រដ្ឋាភិបាល​បាន​យល់ បង្កើត​គណៈកម្មការ​ពិត​ប្រាកដ​ទៅ​ ត្រួត​ពិនិត្យ ​មើល​ដី​ហ្នឹង រួច​ហើយ​វាស់វែង​ជូន​ប្រជាពលរដ្ឋ​ដោយ​ពិត​ ប្រាកដ»។

មេ​ដឹកនាំ​គណបក្ស​នយោបាយ​ដែល​និយាយ​ឥត​សំចៃ​មាត់​រូប​នេះ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ខេត្ត​កំពត ថា​បាន​បង្កើត​រឿង​ដើម្បី​រឹប​អូស​យក​ដី​របស់​លោក លី គឹមហុង និង​សកម្មជន​របស់​ខ្លួន ដែល​ពួក​គេ​ធ្លាប់​បាន​គ្រប់គ្រង និង​អាស្រ័យ​ផល​លើ​ដី​ទាំងនោះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ មុន​ពេល​ដែល​រដ្ឋាភិបាល​សម្រេច​កាត់​ដី​តំបន់​នោះ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពត ធ្វើ​ជា​ដី​សម្បទាន​សង្គមកិច្ច​ជូន​ក្រុម​សោធន​និវត្តន៍​នៅ​ឆ្នាំ​២០១១។

កាល​ពី​រសៀល​ថ្ងៃ​ទី​៤ កុម្ភៈ កន្លង​ទៅ សមត្ថកិច្ច​ខេត្ត​កំពត បាន​ចុះ​ឃាត់​ខ្លួន​ពលរដ្ឋ​ចំនួន ១៣​នាក់ ដែល​អាជ្ញាធរ​ចោទ​ថា ពួក​គេ​បាន​ឈូស​ឆាយ​យក​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋ បំផ្លាញ​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត និង​ដុត​ទន្ទ្រាន​ព្រៃ​យក​ដី​ឧទ្យាន​ជាតិ​ធ្វើ​ជា​កម្មសិទ្ធិ ក្នុង​ភូមិសាស្ត្រ​ភូមិ​តេជោ​ក្បាលដំរី ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត។ អាជ្ញាធរ​ថា​ការ​ចុះ​អនុវត្ត​នេះ ផ្អែក​លើ​បទល្មើស​ជាក់ស្តែង។

អ្នក​ទាំង ១៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សាកសួរ​នៅ​សាលា​ដំបូង​ខេត្ត​កំពត នៅ​រសៀល​ថ្ងៃ​ទី​៦ កុម្ភៈ។ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កំពត លោក ខាន់ សុផល បញ្ជាក់​ថា តុលាការ​នឹង​សម្រេច​ចោទ​ប្រកាន់ ឬ​មិន​ចោទ​ប្រកាន់​ពួក​គេ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ កុម្ភៈ។

ទាក់ទង​នឹង​គម្រោង​លើក​គ្នា​ទៅ​បោះ​ជំរំ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ អភិបាល​រង​ខេត្ត​កំពត លោក ស៊ឹម វុទ្ធា បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​នឹង​មាន​វិធានការ​ចំពោះ​សកម្មភាព​នេះ ដើម្បី​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​របៀប​រៀបរយ ព្រម​ទាំង​ថែរក្សា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ។ លោក​ថា ការ​ចុះ​បង្ក្រាប និង​ឃាត់​ខ្លួន​អ្នក​ឈូស​រាន​ទន្ទ្រាន​ដី​រដ្ឋ គឺ​ជា​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​បុគ្គល​ប្រព្រឹត្ត​ល្មើស មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ«កន្លង​មក យើង​ចាប់​ជន​ល្មើស​ទេ តែ​គាត់​អះអាង​ថា​ចាប់​កូន​ចៅ​គាត់ ចាប់​សមាជិក​គណបក្ស​គាត់ ហើយ​គាត់​ត្រូវ​តែ​មក​ការពារ។ យើង​មាន​ការ​សោកស្ដាយ។ យើង​មិន​ចង់​ប្រឈម​មុខ​ជាមួយ​គណបក្ស​នយោបាយ​ណា​ទេ ។ យើង​មិន​ចង់​ប្រឈម​មុខ​ជាមួយ​បុគ្គល​ណា​ ផ្សេង​ទេ គ្រាន់​តែ​ថា​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ការ​ គោលការណ៍​ណែនាំ និង​ការ​គោរព​ច្បាប់​ រដ្ឋ​រវាង ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ឲ្យ​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ ដែល​យើង​គ្រប់​គ្នា​ថា​ចង់​បាន​នីតិរដ្ឋ»។

មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​កំពត លោក ហេង ភារៈ បញ្ជាក់​ថា ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នេះ​កើត​ចេញ​ពី​ភាព​ឆកល្វែង​នៃ​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ។ លោក​ថា ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​ទៅ​កាប់​រាន​ដី​ព្រៃ និង​ដាំ​ដុះ​នៅ​លើ​ដី​ទាំងនោះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ មុន​ពេល​មាន​គម្រោង​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​នោះ។ ដូចនេះ ក្រុម​ពលរដ្ឋ​គួរ​តែ​ទទួល​បាន​ដី​ទាំងនោះ។ លោក​បន្ត​ថា វិវាទ​នេះ​នឹង​អាច​ដោះស្រាយ​បាន បើ​សិន​ជា​អាជ្ញាធរ​អនុវត្ត​តាម​អនុក្រឹត្យ​ស្ដីពី​ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​បាន​ខ្ជាប់ខ្ជួន«អំពាវនាវ​ ដល់​លោក ​ព្រះរាជអាជ្ញា ដែល​កាន់​សំណុំ​រឿង​ ការ​ចាប់ ​ខ្លួន​ពលរដ្ឋ​ទាំង ១៣​នាក់ ​នោះ សូម​លោក​ ព្រះរាជអាជ្ញា​មេត្តា ​ពិនិត្យ ឬ​អង្កេត​ឲ្យ​បាន​ជាក់លាក់ បើ​សិន​ជា​រក​មិន​ឃើញ​ថា ប្រជាពលរដ្ឋ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ឬ​មិន​មាន​ភស្តុតាង​ចង្អុល​តម្រុយ​ថា​គាត់​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ទេ គួរ​តែ​ដោះលែង​ប្រជាពលរដ្ឋ​ឲ្យ​មាន​សេរីភាព​វិញ ព្រោះ​ថា​ការ​ចាប់​ខ្លួន​ពលរដ្ឋ​នេះ​ប៉ះពាល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ជន​ជាប់​ចោទ»។

តំបន់​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​តេជោ​អភិវឌ្ឍន៍​មាន​ទំហំ​ជាង ១.២៨០​ហិកតារ គ្រប​ដណ្ដប់​ពាក់​កណ្ដាល​នៅ​ភូមិ​តេជោ​ក្បាលដំរី និង​ភូមិ​តេជោ​អន្លង់​ក្មេង​លេង។ អាជ្ញាធរ​ខេត្ត​បញ្ជាក់​ថា ពលរដ្ឋ​នៅ​ភូមិ​តេជោ​ក្បាលដំរី ត្រូវ​បាន​បែងចែក​ជា​ពីរ​ក្រុម គឺ​អ្នក​នៅ​ក្រៅ​ដី​សម្បទាន​សង្គមកិច្ច និង​អ្នក​នៅ​ក្នុង​ដី​សម្បទាន​សង្គមកិច្ច។ ពលរដ្ឋ​ដែល​នៅ​ក្រៅ​ដី​សម្បទាន​សង្គមកិច្ច​ជិត ១​ពាន់​គ្រួសារ ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​រួច​រាល់​ហើយ ដោយឡែក​ពលរដ្ឋ​នៅ​ក្នុង​ដី​សម្បទាន​សង្គមកិច្ច​ប្រមាណ ២០០​គ្រួសារ អាជ្ញាធរ​អះអាង​ថា កំពុង​រក​ដំណោះស្រាយ​ជូន​ពួក​គាត់៕

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិប​តេយ្យ​ព្រមាន​តវ៉ា​លើ​ដី​មាន​ជម្លោះ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិប​តេយ្យ​ព្រមាន​តវ៉ា​លើ​ដី​មាន​ជម្លោះ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។