ប្រជាពលរដ្ឋប្រមាណ ៣០នាក់តំណាងឲ្យពលរដ្ឋ ៥៩គ្រួសារនៅខេត្តបាត់ដំបង លើកគ្នាមកក្រុងភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យជួយដោះស្រាយទំនាស់ដីធ្លី។ ការស្វែងរកដំណោះស្រាយនៅខុទ្ទកាល័យលោក ហ៊ុន សែន ក្បែរដើមពោធិ៍មុខវត្តបទុមវតី នៅព្រឹកថ្ងៃទី៤ មេសា នេះ គឺបន្ទាប់ពីពួកគាត់អស់ជំនឿទៅនឹងចំណាត់ការរបស់អាជ្ញាធរចាប់ពីថ្នាក់ឃុំ រហូតដល់ថ្នាក់ខេត្ត ដែលនៅតែមិនអាចដោះស្រាយបាន។
សម្រែកដង្ហោយរកកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន លាន់ឮនៅក្រោមដើមពោធិ៍មុខវត្តបទុមវតី នេះ គឺកើតចេញពីប្រជាពលរដ្ឋដែលដីធ្លីស្រែចម្ការរបស់ពួកគាត់ត្រូវបានមេទាហានបំពានយក ដោយអះអាងថា ជាដីរបស់ខ្លួន។ នោះជាជម្លោះដីធ្លីរវាងបុគ្គលឈ្មោះ ភ្លន់ សុផល្លា និងប្រជាពលរដ្ឋចំនួន ៥៩គ្រួសារ នៅឃុំឃ្លាំងមាស ចន្លោះស្រុកបាណន់ និងស្រុកបវេល ខេត្តបាត់ដំបង។
តំណាងពលរដ្ឋ លោក ង៉ែត ចន្ថា ឲ្យដឹងថា ដីជាង ១៥០ហិកតារដែលពលរដ្ឋកំពុងអាស្រ័យផលដោយធ្វើស្រែចម្ការនោះ គឺបានមកពីលោក ព្រំ កើត ជាប្រធានសមាគមយោធាពិការ ស្ត្រីមេម៉ាយ និងកុមារកំព្រាប្រចាំខេត្តបាត់ដំបង ចែកឲ្យពលរដ្ឋក្រីក្រកាលពីឆ្នាំ២០០០។ តំណាងពលរដ្ឋរូបនេះបន្តថា ក្រោយពីមានក្រុមនិស្សិតស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះវាស់វែងអត្តសញ្ញាណក្បាលដីនោះរួចរាល់នៅឆ្នាំ២០១២ ស្រាប់តែមានឈ្មោះ ភ្លន់ សុផល្លា ចេញមកអះអាងថាជាដីរបស់គាត់នៅឆ្នាំ២០១៥៖ « ដីហ្នឹងកាលពីឆ្នាំ១៩៩៨ អភិបាលខេត្ត អ៊ុង សាម៉ី ហ្នឹង គាត់បានចារដី ៨ . ៤០០ហិកតារឲ្យលោកតា ព្រំ កើត ដែលជាប្រធានសមាគមសង្គ្រោះជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា និងរាស្ត្រទីទ័លក្រ ជាសមាគម គាត់ចែកឲ្យប្រជាពលរដ្ឋ និងជនពិការ » ។
ចំណែកមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជួបពលរដ្ឋដាក់ញត្តិជូនលោក ហ៊ុន សែន ប្រាប់ពលរដ្ឋឲ្យទៅរកដំណោះស្រាយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមុនសិន។ លោកបន្តថា បើមួយខែក្រោយគ្មានដំណោះស្រាយ ចាំមកជួបគ្នាម្ដងទៀត៖ « អីឯងទៅក្រសួងដែនដី ហើយបកស្រាយតាមអីឯងដូចនិយាយប្រាប់កាសែត ទូរទស្សន៍អម្បាលមិញហ្នឹង ឲ្យគេដឹង។ ប្រាប់មេខ្យល់ហ្នឹងឲ្យគេនាំទៅៗ » ។
ពលរដ្ឋអះអាងថា កាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០១៧ កន្លងទៅ ដីស្រែចម្ការរបស់គាត់ត្រូវបានទាហានមួយក្រុមមានគ្នា ២០នាក់ ដឹកនាំដោយលោក ភ្លន់ សុផល្លា បោះជំរំរំលោភយក និងប្រើគ្រឿងចក្រមកឈូសឆាយដីពលរដ្ឋដែលអាស្រ័យផលលើដីនោះអស់ពេលជាង ១៧ឆ្នាំហើយ។
អតីតយោធិនពិការដែលបានទទួលដីនៅឃុំឃ្លាំងមាស ខេត្តបាត់ដំបង លោក ជឹម សេង ស្នើសុំលោក ហ៊ុន សែន ជួយផ្ដល់យុត្តិធម៌ និងជួយពន្លឿនដំណោះស្រាយវិវាទដីធ្លី ហើយនិងចាត់វិធានការទប់ស្កាត់សកម្មភាពទាហានមួយក្រុមដែលប្រើកម្លាំងយកដីស្រែចម្ការរបស់ពួកគាត់៖ « វាទើបតែឥឡូវហ្នឹងឯង។ ថ្ងៃទី១០ ខែមីនា នេះឯង វាទៅនៅធ្វើខ្ទមធ្វើអីលើដីប្រជាពលរដ្ឋ បានពួកយើងខ្ញុំភ័យ។ ដល់អ៊ីចឹងអត់មានអីអាស្រ័យផលទេ។ អភិបាលរងចេះតែថាឲ្យប្រជាជនទៅធ្វើស្រែចម្ការ ចុះបើទាហានមកនៅ ឥឡូវប្រជាជនមិនភ័យ » ។
ចំណែកភរិយាយោធិនពិការដែលមានជម្លោះដីធ្លី លោកស្រី សោម ចំរើន ថ្លែងទាំងទឹកភ្នែកស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ជួយបញ្ចប់ជម្លោះដីធ្លីនៅតំបន់ពួកគាត់។ ស្ត្រីរូបនេះថា បើដីធ្វើស្រែចម្ការរបស់ពួកគាត់ត្រូវបានគេរំលោភយក រូបលោកស្រីមិនដឹងថារំពឹងលើអ្វីដើម្បីចិញ្ចឹមកូនជាង ១០នាក់ក្នុងគ្រួសារនោះទេ៖ « តើជនពិការត្រូវអង្គុយសុំទានទេ ឬយ៉ាងណា បើប្ដីខ្ញុំគាត់ខំកាយដីធ្វើស្រែចម្ការ បង្កបង្កើនផលរយៈពេល ១៦ឆ្នាំមកហើយ គាបសង្កត់យកដីខ្ញុំអស់ ខ្ញុំបានអីឲ្យកូនហូប។ ឥឡូវខ្ញុំចិញ្ចឹមកូនកំព្រា ចៅកំព្រាពេញផ្ទះ។ សូមឲ្យសម្ដេចនាយកជូនជាកាដូសម្រាប់ប្រជាពលរដ្ឋ ៥៩គ្រួសារ ចូលឆ្នាំថ្មីឲ្យជាម្លប់ដល់ត្រជាក់ផង » ។
ពលរដ្ឋដែលធ្វើដំណើរវិលត្រឡប់ទៅខេត្តបាត់ដំបង វិញសង្ឃឹមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចាត់វិធានការដោយធ្វើអន្តរាគមន៍ដើម្បីប្រគល់ដីធ្លីឲ្យពលរដ្ឋវិញ ដើម្បីបានប្រកបធ្វើស្រែចម្ការចិញ្ចឹមជីវិត និងចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ដីឲ្យពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
