សមាគមន៍អាដហុក (Adhoc) ខេត្តកំពង់ចាម បានរៀបចំនូវកិច្ចប្រជុំមួយ ដោយផ្ដោតធ្ងន់ទៅលើបញ្ហាដីធ្លី និងព្រៃឈើ ក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋចេះធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍រួម និងចេះដោះស្រាយបញ្ហាតាមផ្លូវច្បាប់។
តំណាងប្រជាពលរដ្ឋមកពីតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម ដែលកំពុងតែជួបបញ្ហាមួយចំនួន ដូចជាបញ្ហារំលោភដីធ្លីរបស់ពួកគាត់ពីសំណាក់អ្នកមានលុយ ឬមានអំណាច និងការរំលោភដីព្រៃលិចទឹក និងព្រៃស្រោងពីសំណាក់ក្រុមហ៊ុនជាដើម។
ប្រជាពលរដ្ឋមួយរូបមកពីឃុំត្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម អ្នកស្រី ឈាន ស្រីពៅ បានរៀបរាប់ពីទុក្ខកង្វល់របស់គាត់ និងប្រជាពលរដ្ឋជាង ៤០០គ្រួសារ (៤២៦គ្រួសារ) ផ្សេងទៀត រស់នៅក្នុងភូមិចំនួនពីរ គឺភូមិខ្នងក្រពើកើត និងខ្នងក្រពើលិច ដែលកំពុងតែប្រឈមមុខនឹងការរំលោភបំពានដីលំនៅឋានរបស់ពួកគាត់។ អ្នកស្រីអះអាងថា ដីនោះពួកគាត់បានកាន់កាប់តាំងពីក្រោយឆ្នាំ១៩៧៩ មកម្ល៉េះ តាំងពីតំបន់នោះពោរពេញទៅដោយមីនទៀតផង ប៉ុន្តែទើបតែឆ្នាំ២០០៨ ពួកគាត់ត្រូវប្រឈមមុខនឹងការបណ្ដេញចេញពីលំនៅឋានរបស់ខ្លួនពីសំណាក់ក្រុមហ៊ុនចម្ការកៅស៊ូមួយ។
អ្នកស្រី ឈាង ស្រីពៅ៖ «ស្រុកមេមត់ ហ្នឹង ដែលពួកខ្ញុំរស់នៅ ២៥ឆ្នាំហើយ បើនិយាយឱ្យខ្លីទៅ វាលើសហ្នឹងផង តែនិយាយត្រឹមតែ ២៥ឆ្នាំហើយ។ ចា៎! ខ្ញុំមកនេះក្នុងគោលបំណងឱ្យរដ្ឋាភិបាលហ្នឹង ជួយដោះស្រាយឱ្យលឿនជាទីបំផុត ព្រោះខ្ញុំបានដាក់ពាក្យស្នើសុំតាំងពីឆ្នាំ២០០៨ បោះឆ្នោតអាណត្តិមុនម្ល៉េះ ប៉ុន្តែអត់ឃើញលទ្ធផលអីត្រឹមតែវាស់វែងតែប៉ុណ្ណឹង អ្វីទៀតអត់មានចេញឱ្យខ្ញុំទេ»។
អ្នកស្រីបន្ថែមទៀតថា គោលបំណងសំខាន់ដែលអ្នកស្រីមកចូលរួមក្នុងកិច្ចប្រជុំ ដែលរៀបចំឡើងដោយសមាគមការពារសិទ្ធិមនុស្សអាដហុក នោះ គឺដើម្បីស្វែងយល់ពីរបៀបប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យបានត្រឹមត្រូវ ក្នុងការតវ៉ាទៅនឹងបញ្ហាដែលកំពុងតែប្រឈម។ អ្នកស្រីបន្តថា ដីដែលពួកគាត់តវ៉ានោះ មិនមានច្រើនហិកតារនោះទេ គឺមានត្រឹមតែលំនៅឋានសម្រាប់សង់ផ្ទះ ហើយកន្លងមក សូម្បីតែពួកគាត់តសំយាបមុខផ្ទះខ្លួនឯង ក៏ត្រូវគេប្តឹងឡើងតុលាការដែរ។
ប្រជាពលរដ្ឋមួយរូបទៀត ដែលអញ្ជើញមកពីឃុំទួលស្នួល ស្រុកក្រូចឆ្មារ ដោយថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះ បានមានប្រសាសន៍ថា នៅក្នុងឃុំរបស់លោកកំពុងតែប្រឈមមុខទៅនឹងការកាប់ទន្ទ្រានដីព្រៃលិចទឹករាប់ពាន់ហិកតារ នៅតំបន់ហូរអន្ទង់ ពីសំណាក់ក្រុមហ៊ុនឯកជនមួយ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាង ៦០គ្រួសារ ដែលអាស្រ័យផលទៅនឹងដីព្រៃលិចទឹកនោះ។ គោលបំណងសំខាន់ក្នុងការចូលរួមនោះ គឺដើម្បីទទួលបាននូវចំណេះដឹងសម្រាប់យកទៅដោះស្រាយបញ្ហារបស់ពួកគាត់ ដែលកំពុងតែកើតមានឡើង៖ «ផ្តុំយកគំនិតគិតទាំងអស់គ្នាធ្វើ និងទាមទារសុំឱ្យរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានហ្នឹង ងាយមើលមកអាតំបន់ហ្នឹង ដើម្បីគាត់ទប់ស្កាត់ និងសុំដីហ្នឹងទុកឱ្យដុះព្រៃឡើងវិញ ដើម្បីទឹក ត្រីហ្នឹងបានទឹកឱ្យសត្វផឹក និងត្រីយើងបានរៀងច្រើន»។
រីឯប្រជាពលរដ្ឋដែលមកពីស្រុកតំបែរ សុំមិនបញ្ចេញឈ្មោះដែរនោះ បានលើកឡើងពីការព្រួយបារម្ភទៅនឹងព្រៃសហគមន៍ត្រពាំងព្រីង ដែលប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងព្រីង មួយចំនួន កំពុងតែអាស្រ័យផលទៅនឹងអនុផលព្រៃឈើទាំងនោះ ក៏កំពុងតែរងការគំរាមកំហែងពីសំណាក់អ្នកមានអំណាច ឬមានលុយ។ លោកបន្តថា ប្រសិនបើព្រៃសហគមន៍នោះត្រូវបានបាត់បង់ ប្រជាពលរដ្ឋដែលអាស្រ័យផលទាំងអស់ច្បាស់ជាជួបការលំបាកមិនខាន។
ប្រធានសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នាង សាវ៉ាត មានប្រសាសន៍ថា គោលបំណងសំខាន់ក្នុងការប្រជុំតំណាងប្រជាពលរដ្ឋ ដែលកំពុងតែមានវិបត្តិពេលនេះ គឺដើម្បីឱ្យពួកគាត់លើកឡើងពីបញ្ហាដែលកំពុងតែមាន ទាក់ទងទៅនឹងរឿងដីធ្លី និងព្រៃឈើ ដើម្បីប្រមូល និងចងក្រងរាល់បញ្ហាទាំងនោះ ដាក់ជារបៀបវារៈក្នុងសិក្ខាសាលាថ្នាក់ខេត្តមួយនាខែក្រោយ ដើម្បីអាជ្ញាធរខេត្តបានដឹងឮពីបញ្ហាដែលប្រជាពលរដ្ឋកំពុងតែជួបប្រទះ ហើយណែនាំពួកគាត់ឱ្យចេះដោះស្រាយបញ្ហាតាមនីតិវិធីច្បាប់។
លោក នាង សាវ៉ាត៖ «ប្រសិនពួកយើងមិនបានប្រមូលពួកគាត់ដើម្បីសម្ដែងមតិជុំគ្នាទេ គឺថារដ្ឋាភិបាលដោះអត់អស់ទេ ដោះមួយនៅមួយៗ ហើយប្រសិនកន្លែងដែលយើងបានដឹង យើងប្រមូលមកទាំងអស់ មកដូច្នេះ គាត់ដល់ឧបមាថា បីបួនប្រាំខែ គាត់ដោះ ពីព្រោះព័ត៌មាននៅក្នុងដៃរបស់គាត់ហើយ។ អ៊ីចឹងគាត់អាចដោះបានម្យ៉ាង ហើយម្យ៉ាងទៀត ដើម្បីឱ្យប្រជាពលរដ្ឋគាត់ចេះជួយគ្នាផង។ គោលបំណងឱ្យប្រជាពលរដ្ឋគាត់ចងជាបណ្ដាញមក តើបណ្ដាញអ្នកដែលមានបញ្ហាដីធ្លីហ្នឹង គាត់មានបញ្ហារឿងអីខ្លះ ហើយគួរសិក្សាពីអ្វីខ្លះ ពីព្រោះអីយើងត្រូវដឹងថា បញ្ហារឿងដីធ្លី ព្រៃឈើ នេសាទ ប្រជាពលរដ្ឋដែលមានបញ្ហាហ្នឹង បញ្ហាហ្នឹង គាត់អត់មាននរណាយល់ដឹងពីបញ្ហាហ្នឹងទេ អត់មាននរណាទៅបង្រៀនគាត់ទេ»។
លោកបន្តថា ការដោះស្រាយបញ្ហាជាបណ្ដាញ អាចមានប្រសិទ្ធភាពជាងបុគ្គលម្នាក់ ឬតំណាងម្នាក់ទៅធ្វើការដោះស្រាយបញ្ហានោះ អាចមិនសូវមានប្រសិទ្ធភាពឡើយ។ លោកបញ្ជាក់ទៀតថា តំណាងប្រជាពលរដ្ឋដែលចូលរួមពេលនេះ គឺជាករណីចាស់ ដែលភាគច្រើនបញ្ហារបស់ពួកគាត់មិនទាន់បានដោះស្រាយពីសំណាក់អាជ្ញាធរ ដើម្បីធ្វើឱ្យពួកគាត់អាចរស់នៅដោយភាពស្ងប់ចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
