បញ្ហា​ជម្លោះ​ដី​នៅ​តំបន់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ទំនើប​ខណ្ឌ​ឫស្សីកែវ

រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ដី​នៅ​តំបន់​ខាង​កើត​ទន្លេ​សាប​ ក្រុង​ភ្នំពេញ​ជា​ច្រើន​រយ​ហិកតារ​ ទៅ​ឲ្យ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី​ (OCIC)​ ដើម្បី​អភិវឌ្ឍ​តំបន់​នេះ​ទៅ​ជា​ទីក្រុង​រណប​។ តំបន់​នោះ​ស្ថិត​នៅ​ចន្លោះ​ទន្លេ​សាប​ និង​ផ្លូវ​ជាតិ​លេខ​៦​អា​ ក្នុង​ខណ្ឌ​ឫស្សីកែវ។

0:00 / 0:00

ប្រជា​ពលរដ្ឋ​ចំនួន​បី​សង្កាត់​ គឺ​សង្កាត់​ព្រែក​តាសេក​ សង្កាត់​ព្រែកលៀប​ និង​សង្កាត់​ជ្រោយចង្វារ​ ក្នុង​ខណ្ឌ​ឫស្សីកែវ​ អះអាង​ថា​ ពួក​គាត់​កំពុង​រង​នូវ​ភាព​អយុត្តិធម៌​ពី​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ​ និង​បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថានប័ន​ពាក់ព័ន្ធ​ និង​តាម​ផ្លូវ​ច្បាប់​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ពុំ​ទាន់​មាន​លទ្ធផល​នៅ​ឡើយ​។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​ការ​សាក​សួរ​បឋម​ទៅ​លើ​ភាគី​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដី​​នៅ​តំបន់​ស្ថិត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ទំនើប​នេះ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៣​។

ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ ភាគី​ពាក់ព័ន្ធ​នឹង​មក​តទល់​គ្នា​ ដើម្បី​ថ្លែង​ការណ៍​បង្ហាញ​ភស្តុតាង​រៀង​ៗ​ខ្លួន​ជុំវិញ​សុំណុំ​រឿង​សុំ​ឲ្យ​តុលាការ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​ ដែល​ស្នើ​ដោយ​ភាគី​ប្រជា​ពលរដ្ឋ​តាម​រយៈ​មេធាវី​។

ប្រជា​ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​ ក្នុង​សង្កាត់​ព្រែក​តាសេក​ សង្កាត់​ព្រែកលៀប​ និង​សង្កាត់​ជ្រោយ​ចង្វារ បាន​រង​គ្រោះ​ដោយសារ​មាន​ជម្លោះ​ជាមួយ​ក្រុម​ហ៊ុន​ ដែល​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​វិយោគ​អភិវឌ្ឃ​តំបន់​នោះ​ធ្វើ​ជា​ក្រុង​រណប​ តាំង​ពី​អាណត្តិ​ទី​មួយ​នៃ​រដ្ឋាភិបាល​ ក្នុង​អំឡុង​ឆ្នាំ​១៩៩៤​។ ហើយ​ចុង​ក្រោយ​នេះ​ កំពុង​មាន​ជម្លោះ​ជា​មួយ​ក្រុមហ៊ុន​ អូ.ស៊ី.អាយ.ស៊ី​ រហូត​មាន​ការប្តឹង​ផ្តល់​គ្នា​ដល់​តុលាការ​។

មេធាវី​ការពារ​ក្តី​ខាង​ប្រជា​ពលរដ្ឋ​ លោក​ ពេជ្យ​ សូរិយា​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២​ ធ្នូ​ថា​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​គ្រោង​នឹង​បើក​នីតិ​វិធី​ត្រៀម​មួយ​ ទាក់ទង​សុំណុំ​រឿង​នេះ​តាម​បណ្តឹង​របស់​ប្រជា​ពលរដ្ឋ​ មុន​នឹង​ចេញ​សេចក្តី​សម្រេច​នានា​ ឬ​មុន​នឹង​បើក​សវនាការ​កាត់​ក្តី​រឿង​នេះ​៖ « នៅ​ក្នុង​នីតិវិធី​ស្អែក​នេះ​ គឺ​ចូល​ក្នុង​សំណុំ​រឿង​មួយ​ គេ​ហៅ​ថា​រក្សា​ការពារ រក្សា​ការ​ពារ​ហ្នឹង​មាន​ន័យ​ថា​ហាមឃាត់​មិន​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​បូម​ដី​ដាក់​ទៅ​លើ​ក្រុមហ៊ុន​ហ្នឹង​ទៀត​ទេ​ ហ្នឹង​ខ្លឹមសារ​សំខាន់​ទាក់ទង​នឹង​ការ​បូម​ដី​ ឬ​ក៏​ការ​សាង​សង់​សំណង់​អី​ផ្សេង​ៗ​ ឬ​ក៏​ផ្ទេរ​សិទ្ធិ​ ឬ​វិធានការ​អី​ផ្សេងៗ​ នៅ​លើ​ដី​ហ្នឹង​ មាន​ន័យ​ថា​ វិធានការ​បណ្តោះ​អាសន្ន​ »

វិទ្យុអាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​តំណាង​ខាង​ក្រុមហ៊ុន ​អូ.ស៊ី.អាយ.ស៊ី​ ដើម្បី​បញ្ជាក់​ពី​ដំណើរ​ការ​អភិវឌ្ឍ និង​ការ​ដោះស្រាយ​ជម្លោះ​ជា​មួយ​ប្រជា​ពលរដ្ឋ​​នៅ​តំបន់​នោះ​បាន​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១២​ ធ្នូ​។

ចំណែក​ប្រជា​ពលរដ្ឋ​នៅ​តំបន់​នោះ​មួយ​ចំនួន​ធំ​បាន​អះអាង​ថា​ ពួក​គាត់​ភាគ​ច្រើន​ពុំ​ទាន់​ទទួល​បាន​សំណង​សមរម្យ​ពី​ក្រុមហ៊ុន​នៅ​ឡើយ​ ហើយ​ក្រុមហ៊ុន​នៅ​តែ​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ពន្លិច​ដី​របស់​ពួក​គាត់​ដោយ​គ្មាន​ការ​ព្រមព្រៀង​។ អ្នក​ភូមិ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ ដោះ​ស្រាយ​ផ្តល់​យុត្តិធម៌​ជូន​ពួក​គាត់​ទៅ​តាម​ផ្លូវ​ច្បាប់​។

នាយក​លេខា​ធិការ​ដ្ឋាន​ ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន​ លោក​ សៀ​ ភារម្យ​ មាន​ប្រសាសន៍​ថា​ ក្រុម​ការងារ​លោក​នឹង​តាម​ដាន​អង្កេត​ករណី​នេះ និង​ត្រៀម​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​បន្ថែម​ទៀត​ជូន​ប្រជា​ពលរដ្ឋ​ បើ​សិន​ជា​ពួក​គាត់​ត្រូវ​ការ​ចាំបាច់​។

អ្នក​ភូមិ​ដើមគរ​ នៃ​សង្កាត់​ជ្រោយ​ចង្វារ លើក​ឡើង​​ថា​ ការ​អភិវឌ្ឍ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ទឹក​ភ្នែក​ គឺ​កំពុង​ឈាន​ដល់​តំបន់​របស់​ពួក​គាត់​ទៀត​ហើយ​ បន្ទាប់​ពី​តំបន់​បឹងកក់​ និង​តំបន់​ដទៃ​ទៀត​។ តាម​ការ​អះអាង​របស់​អ្នក​ភូមិ ឲ្យ​ដឹង​ថា តម្លៃ​ដី​នៅ​តំបន់​ដែល​ពួក​គាត់​កំពុង​រស់​នៅ​នេះ​ មាន​តម្លៃ​មិន​តិច​ជាង ៣០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា​នោះ​ទេ ប៉ុន្តែ​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ​នេះ​ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ បាន​កំណត់​តម្លៃ​ដី​នៅ​តំបន់​នោះ​ត្រឹម​តែ​ ៣​ដុល្លារ​ទៅ​ ៥​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ម៉ែត្រ​ក្រឡា។ ពលរដ្ឋ​ឲ្យ​ដឹង​ទៀត​ថា​ ដោយ​មាន​ការ​តវ៉ា​ពី​ប្រជា​ពលរដ្ឋ​ប្រឆាំង​នឹង​ការ​កំណត់​ថ្លៃទាប​បែប​នេះ​ ទើប​ក្រោយ​ការ​បោះ​ឆ្នោត​ សាលា​ក្រុង​ និង​ក្រុមហ៊ុន​បាន​ដំឡើងថ្លៃ​ដល់ ​១៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។ តម្លៃ​នេះ​មាន​ប្រជា​ពលរដ្ឋ​​ដែល​មាន​ដី​តិចតួច​ខ្លះ​បាន​យល់​ព្រម​ ប៉ុន្តែ​អ្នក​ដែល​មាន​ដី​ច្រើន​ និង​ផ្ទះ​ធំ​សម​ល្មម​ភាគ​ច្រើ​មិន​យល់​ព្រម​ឡើយ​។

​រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ដី​ទំហំ​ជាង​ ៣០០​​ហិកតារ​ ឲ្យ​ក្រុមហ៊ុន ​អូ.ស៊ី.អាយ.ស៊ី​ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​តំបន់​នេះ​ទៅ​ជា​ទីក្រុង​រណប​។

ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​មិន​ជំទាស់​នឹង​គម្រោង​អភិវឌ្ឍន៍​នោះ​ទេ​ ប៉ុន្តែ​ពួក​គាត់​សូម​ឲ្យ​រដ្ឋាភិបាល​ផ្តល់​លទ្ធភាព​ឲ្យ​ប្រជា​ពល​រដ្ឋ​បាន​ចូលរួម​ធ្វើ​ការ​អភិវឌ្ឍ​នៅ​តំបន់​នោះ​ផង​ ឬ​ហៅ​ថា​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ ឬ​ផ្តល់​សំណង​សមរម្យ​ចំពោះ​ការ​ខូចខាត​ដំណាំ​ ផ្ទះ​សម្បែង​ និង​ផ្តល់​តម្លៃ​ដី​ទៅ​តាម​ទី​ផ្សារ​សេរី​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។