រដ្ឋាភិបាល​កោះហៅ​អ្នកស្រី ស៊ុយ សុផាន អោយ​ចូល​ទៅ​ដោះស្រាយ​វិវាទ​ដីធ្លី

រដ្ឋាភិបាល​បើក​ផ្លូវ​អោយ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កោះ​ហៅ​ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) អ្នកស្រី ស៊ុយ សុផាន ចូល​ទៅ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ពលរដ្ឋ​ និង​អាជ្ញាធរ។

លិខិត​ចេញ​ដោយ​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ហ៊ីង ថូរ៉ាក់ស៊ី កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ អោយ​ដឹង​ថា រដ្ឋាភិបាល​យល់​ព្រម​ចំពោះ​ការ​តម្រូវ​អោយ​អ្នកស្រី ស៊ុយ សុផាន ចូលរួម​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​អ្នក​ពាក់ព័ន្ធ ដោយ​សុឆន្ទៈ​បញ្ចប់​វិវាទ និង​ការ​ទទួល​ខុសត្រូវ។ ស្រប​គ្នា​នេះ រដ្ឋាភិបាល​ក៏​បាន​យល់​ព្រម​អោយ​រដ្ឋបាល​សុរិយោដី ផ្អាក​ការ​ចុះ​បញ្ជី ឬ​ផ្ទេរផ្ទូរ​ដី​ដែល​មិន​ទាន់​ដោះស្រាយ​រួច ចៀសវាង​ធ្វើ​អោយ​វិវាទ​កាន់​តែ​រីក​រាល​ដាល។

នៅ​ក្នុង​តារាង​បញ្ជី​ករណី​វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​អ្នកស្រី ស៊ុយ សុផាន បញ្ជាក់​ថា វិវាទ​ដីធ្លី​ទាំង​នោះ​មាន​នៅ​ក្នុង​ភូមិសាស្ត្រ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អោយ​ដឹង​ដែរ​ថា នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច មាន​ចំនួន ១៩​ករណី ក្នុង​នោះ​មាន​ចំនួន​ពលរដ្ឋ​សរុប​ជាង ៤០០​គ្រួសារ។ ចំណែក​នៅ​ក្នុង​ស្រុក​ពញាឮ វិញ ក្រុមហ៊ុន​នេះ​ប៉ះពាល់​ពលរដ្ឋ​ចំនួន​ជិត ១០០​គ្រួសារ។

អ្នកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច ក៏​កំពុង​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ពលរដ្ឋ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ គឺ​នៅ​តំបន់​បុរីកីឡា ដែល​មិន​ទាន់​ដោះស្រាយ​ចប់​សព្វគ្រប់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។