មនុស្ស ៤នាក់ បានសន្លប់ និងរងរបួស ចំណែក ៣នាក់ទៀត ត្រូវអាជ្ញាធរចាប់ខ្លួនក្នុងហេតុការណ៍បង្ក្រាបការតវ៉ារឿងដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅខេត្តកំពង់ឆ្នាំង ដោយកម្លាំងសមត្ថកិច្ចចម្រុះជាង ១០០នាក់ នៅព្រឹកថ្ងៃទី១២ ខែសីហា។
កម្លាំងសមត្ថកិច្ចបានប្រើខែល និងដំបងឆក់ វាយសន្ធាប់លើក្រុមអ្នកភូមិមានគ្នាប្រហែលជា ៥០នាក់ ខណៈដែលពួកគាត់ព្យាយាមធ្វើដំណើរដោយថ្មើរជើងឡើងទៅតវ៉ានៅរាជធានីភ្នំពេញ មកដល់ត្រង់ចំណុចភូមិអូររូង នៃឃុំតាជេស ស្រុកកំពង់ត្រឡាច។
សម្ភារៈចានឆ្នាំង និងមុងភួយរបស់អ្នកភូមិឡពាង និងបឹងកក់ ដែលត្រៀមបោះតង់ស្នាក់នៅបណ្ដោះអាសន្នក្នុងដំណើរឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដើម្បីតវ៉ាសុំឲ្យស្ថាប័នកំពូលៗ ជួយធ្វើអន្តរាគមន៍ក្នុងរឿងដីធ្លីរបស់ពួកគាត់ បានបែកខ្ទេចខ្ទី បន្ទាប់ពីប៉ះទង្គិចជាមួយនឹងសមត្ថកិច្ចមួយប្រាវ។ សំឡេងស្រែកយំ និងវាយសន្ធាប់លើប្រជាពលរដ្ឋ បានលាន់ឮកងរំពងនៅលើចិញ្ចើមផ្លូវជាតិលេខ៥ ចេញពីកន្លែងដីមានជម្លោះប្រហែល ៣គីឡូម៉ែត្រ។
ប្រជាពលរដ្ឋម្នាក់មកពីភូមិបឹងកក់ ដែលទើបតែងើបពីសន្លប់ គឺអ្នកស្រី ប៊ិន អូន ថ្លែងទាំងទឹកភ្នែកថា សមត្ថកិច្ចបានវាយសំពងមកលើអ្នកភូមិមិនថាក្មេង ឬចាស់ឡើយ រួចក៏ស្ទុះទៅចាប់ពលរដ្ឋចំនួន ៣នាក់ទៀត បន្ទាប់ពីវាយម្នាក់ក្នុងចំណោមបីនាក់នោះឲ្យរងរបួសដៃ។ អ្នកស្រីថា នៅតែបន្តការតវ៉ារហូតដល់មានដំណោះស្រាយ បើទោះបីជាមានការប៉ះទង្គិចធ្ងន់ធ្ងរបែបនេះក៏ដោយ៖ «ខ្ញុំនៅតែតវ៉ាទៀត ព្រោះអីបងប្អូនខ្ញុំជាប់គុកអស់ហើយ ខ្ញុំអត់សុខចិត្តទេ ហើយដោះលែងបងខ្ញុំវិញ ហើយដីខ្ញុំបានខ្ញុំសុខចិត្ដ។ ខ្ញុំសូមអំពាវនាវដល់សម្ដេចតេជោ ហ៊ុន សែន ជួយពួកខ្ញុំនៅឡពាង និងបឹងកក់ ផង ពួកគេចាប់ពួកខ្ញុំអស់ហើយៗរឿងហ្នឹងដោយសារតែរឿងដីធ្លីខ្លួនឯងសោះ ពួកខ្ញុំមានទុក្ខជាទម្ងន់ សូមឲ្យតេជោជួយពួកខ្ញុំផង»។
ទាក់ទងបញ្ហានេះ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វុឌ្ឍី បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ដោយលោកប្រាប់ថា កំពុងជាប់រវល់។ ប៉ុន្តែអធិការស្រុកកំពង់ត្រឡាច លោក ហ៊ុល វាសនា បង្ហើបថា ខាងសមត្ថកិច្ចមានដីកាពីតុលាការ ដើម្បីចុះអនុវត្តការងារនេះ តែលោកមិនដឹងច្បាស់ថាជាដីកាឲ្យនាំខ្លួន ឬជាដីកាអ្វីនោះទេ។ លោកថា សមត្ថកិច្ចមូលដ្ឋានបានហាមឃាត់មិនឲ្យអ្នកភូមិដាក់មេក្រូស្រែកតវ៉ាតាមផ្លូវ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងស្នើឲ្យពួកគាត់សុំច្បាប់ត្រឹមត្រូវ មុននឹងធ្វើការតវ៉ា ប៉ុន្តែពួកគាត់មិនស្ដាប់ រួចរុញច្រានកម្លាំងសមត្ថកិច្ចដែលដាក់យាមនៅក្បែរភូមិឡពាង ហើយបន្តដំណើរស្រែកតវ៉ាតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ក្រុងភ្នំពេញ រហូតដល់មានការប៉ះទង្គិចគ្នាជាមួយកម្លាំងសមត្ថកិច្ចម្ដងទៀត៖ «រឿងនេះវាចូលដល់ប្រព័ន្ធតុលាការអស់ហើយៗទៅមុខទៀត គឺការអនុវត្តច្បាប់។ អ៊ីចឹងយើងក៏សំណូមពរឲ្យប្រជាពលរដ្ឋហ្នឹង ការតវ៉ាអីសូមឲ្យគាត់ធ្វើតាមច្បាប់។ យើងមិនមែនហាមឃាត់មិនឲ្យគាត់ទៅទេ ចង់កុំឲ្យគាត់ដាក់មេក្រូស្រែកអ៊ីចឹង វាប៉ះពាល់ដល់សណ្ដាប់ធ្នាប់ ហើយដើម្បីធានាសន្តិសុខឲ្យគាត់ ដើរអីឲ្យមានជួរមានអី ខ្លាចមានគ្រោះថ្នាក់ដោយរថយន្តបុកអីណាយើងចង់ឲ្យអ៊ីចឹងទេ»។
វិទ្យុអាស៊ីសេរី មិនអាចសុំជួបសម្ភាសចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ញូង ចន្ធី ដែលកាន់សំណុំរឿងនេះបានទេ ដោយជំនួយការរបស់លោកប្រាប់ថា លោកទើបចេញទៅក្រៅ។ ប៉ុន្តែប្រភពព័ត៌មានមួយដែលថ្លែងក្នុងលក្ខខណ្ឌមិនឲ្យថតសំឡេង និងឈ្មោះ បង្ហើបថា ចៅក្រមបានចេញដីកាបង្គាប់ឲ្យនាំខ្លួនប្រជាពលរដ្ឋចំនួន ១០នាក់ក្នុងសំណុំរឿងនេះ ដែលបច្ចុប្បន្នបានចាប់ខ្លួន និងបញ្ជូនពលរដ្ឋចំនួន ៥នាក់ ទៅឃុំបណ្ដោះអាសន្នក្នុងពន្ធនាគារហើយ។
ការចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារជាបន្តបន្ទាប់នេះ គឺធ្វើឡើងក្រោយពីមានការប៉ះទង្គិចគ្នាដោយចម្ពាមកៅស៊ូប្រើគ្រាប់ដែក និងដុំថ្មរវាងអ្នកភូមិ និងកម្លាំងកម្មករស៊ីឈ្នួលធ្វើរបងឲ្យក្រុមហ៊ុន បណ្ដាលឲ្យរងរបួសជាង ២០នាក់ទាំងសងខាង កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា។ ការប៉ះទង្គិចគ្នានេះ គឺនៅគ្រាដែលអ្នកភូមិព្យាយាមវាយទម្លុះរបងថ្មក្រុមហ៊ុន ដែលអះអាងថា សង់រំលោភលើដីធ្លីរបស់ពួកគាត់។
បន្ទាប់ពីការចាប់ខ្លួន និងប៉ះទង្គិចគ្នានៅថ្ងៃទី១២ ខែសីហា នេះ ក្រុមអ្នកភូមិប្រមាណជា ៤០នាក់ នៅតែបន្តដំណើរដោយគោយន្ត ក្នុងគោលបំណងទៅតវ៉ានៅរាជធានីភ្នំពេញទៀត។ ចំណែកអ្នកភូមិដែលចាប់ខ្លួនចំនួនបីនាក់ គឺមានទី១ឈ្មោះ ស្ងួន ញឿន ទី២ គុជ ហុក និងទី៣ឈ្មោះ ស្រ៊ុន ផា ត្រូវបានចៅក្រមសាកសួរ និងបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តកំពង់ឆ្នាំង។
ក្រុមអ្នកភូមិឡពាង និងបឹងកក់ បានរែកមុងភួយកន្ទេលខ្នើយ និងចានឆ្នាំង តវ៉ាជាបន្តបន្ទាប់តាំងពីថ្ងៃទី៥ ខែសីហា នៅខាងមុខតុលាការខេត្តនេះ ប៉ុន្តែគ្មានដំណោះស្រាយ ក៏នាំគ្នាងាកមកតវ៉ាដោយធ្វើដំណើរថ្មើរជើងទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថានទូតមួយចំនួនទៀតនៅភ្នំពេញវិញម្ដង។ គោលបំណងនៃការតវ៉ានោះ គឺសុំឲ្យតុលាការដោះលែងអ្នកភូមិ ២នាក់ គឺលោក សៀង ហេង និងលោក ម៉ាង យ៉ាវ និងសុំឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ក្នុងបទល្មើសព្រហ្មទណ្ឌ មកលើអ្នកភូមិចំនួន ៨នាក់ទៀត រួចសុំឲ្យអាជ្ញាធរដោះស្រាយបញ្ចប់បញ្ហាដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
