អ្នក​ភូមិ​ឡពាង​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នកភូមិ​២នាក់

ពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​មក​ពី​តំបន់​បឹងកក់ មក​ពី​ខេត្ត​ពោធិ៍សាត់ និង​បណ្ដាញ​ព្រះសង្ឃ​សរុប​ជាង ១០០​នាក់​បាន​រួម​គ្នា​ជាមួយ​ពលរដ្ឋ​នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ​ដើរ​ក្បួន​លើក​បដា​ពី​ទីតាំង​ដី​ទំនាស់​ចម្ងាយ​ប្រមាណ ៣០​គីឡូ​ម៉ែត្រ​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បី​តវ៉ា​ឲ្យ​ដោះលែង​អ្នក​ភូមិ ២​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ។

ក្រៅ​ពី​ការ​តវ៉ា​នេះ អ្នក​ភូមិ ៥​នាក់ ដែល​តុលាការ​កោះ​ហៅ​ចូល​ខ្លួន​សាកសួរ​ក៏​បាន​ចូល​រួម​ទាមទារ និង​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​នោះ​ដែរ។ អ្នក​ភូមិ​ទាំង​នេះ​មាន​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់​លោកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល។

បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​តុលាការ​កោះ​ហៅ​សាកសួរ លោក ហុង ដារ៉ូ ថ្លែង​នៅ​ថ្ងៃ​ទី​៥ សីហា ថា តុលាការ​កោះ​ហៅ​ពួកគាត់​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា ដែល​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​ល្មើស​នោះ​ទេ។

ទាក់ទង​បញ្ហា​នេះ ក្រឡា​បញ្ជី​នៃ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ជា សារិន ថ្លែង​ថា ការ​មិន​ចូល​ខ្លួន​របស់​អ្នក​ភូមិ គឺ​ចៅក្រម​ស៊ើបសួរ​ជា​អ្នក​សម្រេច។

ការ​ចាប់​ខ្លួន​អ្នក​ភូមិ ២​នាក់​ដាក់​គុក និង​ចេញ​ដីកា​បង្គាប់​ឲ្យ​ពលរដ្ឋ​ចំនួន ៨​នាក់​ទៀត​ចូល​ខ្លួន​ទៅ​បំភ្លឺ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ គឺ​បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ចម្ពាម​កៅស៊ូ​ប្រើ​គ្រាប់​ដែក និង​ដុំ​ថ្ម​រវាង​អ្នក​ភូមិ និង​កម្មករ​ស៊ី​ឈ្នួល​ធ្វើ​របង​ឲ្យ​ក្រុមហ៊ុន កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ បណ្ដាល​ឲ្យ​រង​របួស​ជាង ២០​នាក់​ទាំង​សង​ខាង ខណៈ​ដែល​អ្នក​ភូមិ​ព្យាយាម​រារាំង​សកម្មភាព​ធ្វើ​របង និង​​វាយ​ទម្លុះ​របង​ថ្ម​ក្រុមហ៊ុន​ដែល​ពួកគាត់​អះអាង​ថា បាន​សង់​រំលោភ​លើ​ដី​របស់​អ្នក​ភូមិ​មិន​ទាន់​មាន​ការ​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ។

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល ក្រុម​អ្នក​ភូមិ​នៅ​មិន​ទាន់​ធ្វើ​ដំណើរ​ទៅ​ដល់​សាលា​ដំបូង​ខេត្ត​នៅ​ឡើយ ហើយ​ពួកគាត់​សម្រេច​រក​វត្ត​សម្រាក​នៅ​តាម​ផ្លូវ ហើយ​បន្ត​ធ្វើ​ដំណើរ​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​៦ សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។