លិខិត​អន្តរាគមន៍​ទំនាស់​ដី​ក្រុង​រណប​ជ្រោយចង្វារ​ត្រូវ​បាន​បញ្ជូន​ទៅ​លោក ហ៊ុន សែន

0:00 / 0:00

គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា ស្នើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ផ្អាក​ការ​អភិវឌ្ឍ​ទីក្រុង​រណប​ជ្រោយចង្វារ​ជា​បណ្ដោះអាសន្ន។

សំណើ​របស់​គណៈកម្មការ​ទី​១ ធ្វើ​ឡើង​តាម​រយៈ​លិខិត​មួយ​តាម​រយៈ​ប្រធាន​រដ្ឋសភា ហើយ​លិខិត​នោះ​ត្រូវ​បាន លោក ហេង សំរិន ផ្ញើ​ទៅ​កាន់ លោក ហ៊ុន សែន រួច​ហើយ កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា។

ក្នុង​លិខិត​ផ្ញើ​ទៅ លោក ហ៊ុន សែន ប្រធាន​គណៈកម្មការ​ទី​១​រដ្ឋសភា លោក អេង ឆៃអ៊ាង យល់​ថា បើ​ទុក​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​ចាក់​លើ​ដី​ទំនាស់​បន្ត​ទៀត ដោយ​ពុំ​មាន​ដំណោះស្រាយ នោះ​នឹង​ជំរុញ​ឲ្យ​មាន​ទំនាស់​កាន់​តែ​ធ្ងន់ធ្ងរ និង​ស្មុគស្មាញ​ពិបាក​ដោះស្រាយ​ថែម​ទៀត។

គណៈកម្មការ​ទី​១​រដ្ឋសភា ក៏​ស្នើ​ឲ្យ លោក ហ៊ុន សែន ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ លិខិត​បទដ្ឋាន​នានា និង​គោលការណ៍​របស់​រដ្ឋាភិបាល។

មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឡើយ​ទេ ចំពោះ​ការ​ស្នើសុំ​នេះ។ ចំណែក​មន្ត្រី​ខុទ្ទកាល័យ​របស់​លោក ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៤ តំណាង​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​របស់​ក្រុមហ៊ុន អូស៊ីអាយស៊ី បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​គណៈកម្មការ​ទី​១​រដ្ឋសភា ដើម្បី​ឲ្យ​គណៈកម្មការ​នេះ​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួក​គេ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ពលរដ្ឋ​បាន​បន្ត​ប្ដឹង​ទៅ​កាន់​សាលា​ឧទ្ធរណ៍ ដើម្បី​ឲ្យ​តុលាការ​ចេញ​សេចក្តី​សម្រេច​រក្សា​ការពារ មិន​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​អភិវឌ្ឍ​រហូត​ទាល់​តែ​មាន​ការ​ស្វែងរក​ដំណោះស្រាយ​ជា​មុន​សិន។ បណ្ដឹង​ទៅ​កាន់​សាលា​ឧទ្ធរណ៍​នេះ ធ្វើ​ឡើង​ក្រោយ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​លើក​ចោល​បណ្ដឹង​រក្សា​ការពារ​របស់​ពលរដ្ឋ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៤ ដោយ​សំអាង​ហេតុផល​ថា តាម​កិច្ច​សន្យា​ជួល​ដី​រវាង​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន អូស៊ីអាយស៊ី បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ ជា​អ្នក​មាន​កាតព្វកិច្ច​ដោះស្រាយ​គោល​នយោបាយ​ឲ្យ​ប្រជាពលរដ្ឋ។ យ៉ាង​ណា ចៅក្រម​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ លោក ប៉ុល សំអឿន ប្រកាស​កាល​ពី​ថ្ងៃ​ទី​២២ តុលា ថា តុលាការ​នឹង​ចេញ​សេចក្តី​សម្រេច​នៅ​ថ្ងៃ​ទី​២៧ តុលា ខាង​មុខ។

ក្រុមហ៊ុន អូស៊ីអាយស៊ី ទទួល​បាន​សិទ្ធិ​វិនិយោគ ៩៩​ឆ្នាំ ក្នុង​ការ​អភិវឌ្ឍ​ក្រុង​រណប​ជ្រោយចង្វារ បន្ទាប់​ពី​គម្រោង​ទី​១​របស់​ខ្លួន​នៅ​កោះ​ពេជ្រ។ ក្រុង​រណប​ជ្រោយចង្វារ​នេះ មាន​ទំហំ​ដី​ជិត ៤០០​ហិកតារ (៣៨៧​ហិកតារ) គ្រប​ដណ្ដប់​លើ​ភូមិ​៥ ក្នុង​សង្កាត់​ចំនួន​៣ គឺ​សង្កាត់​ជ្រោយចង្វារ ព្រែកតាសេក និង​ព្រែកលៀប ក្នុង​ខណ្ឌ​ជ្រោយចង្វារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។