តំណាង​អ្នក​ភូមិ​នៅ​ខេត្ត​កំពង់ឆ្នាំង​ស្នើ​ឲ្យ​ចាប់​ជន​ល្មើស​ផ្ញើ​សារ​គំរាម​សម្លាប់

តំណាង​អ្នក​ភូមិ​ឡពាង ក្នុង​ខេត្ត​កំពង់ឆ្នាំង ស្នើសុំ​ឲ្យ​តុលាការ និង​សមត្ថកិច្ច​ខេត្ត​នេះ ជួយ​វែក​រក​មុខ និង​ចាប់​ខ្លួន​ជន​ល្មើស ដែល​ផ្ញើ​សារ​គំរាម​សម្លាប់​ពួក​គាត់​នោះ មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់។ ក្រៅ​ពី​នេះ ក្រុម​ប្រជាពលរដ្ឋ ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី ដោះស្រាយ​បញ្ចប់​នូវ​បញ្ហា​រំលោភ​ដីធ្លី និង​គំរាម​កំហែង​មក​លើ​ប្រជាពលរដ្ឋ និង​តំណាង​របស់​ខ្លួន ខណៈ​ដែល​ជីវភាព​របស់​អ្នក​ភូមិ​កាន់​តែ​ធ្លាក់​ក្នុង​សភាព​ដុនដាប​ខ្លាំង។

0:00 / 0:00

សកម្មជន​ដីធ្លី និង​ជា​អ្នក​ដែល​ទទួល​រង​នូវ​ការ​គំរាម​កំហែង​ទាំង ៤​នាក់ រួម​មាន អ្នកស្រី អ៊ុំ សុំភី លោក ផេង រុំ លោក រាជ សីម៉ា និង​លោក ញឹម ញឿន បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ថា ពួក​គាត់​កំពុង​តែ​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច ដោយសារ​តែ​សមត្ថកិច្ច​នៅ​មិន​ទាន់​រក​ឃើញ​ជន​ល្មើស​ដែល​បាន​សរសេរ​លិខិត​អនាមិក មក​គំរាម​កំហែង​ពួក​គាត់។

សកម្មជន​ដីធ្លី​ទាំង ៤​នាក់​នោះ បាន​ទទួល​រង​នូវ​ការ​ជេរ​ប្រមាថ និង​គំរាម​កំហែង​ដល់​អាយុ​ជីវិត តាម​រយៈ​លិខិត​អនាមិក កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​តុលា កន្លង​ទៅ ដោយសារ​ពួក​គាត់​មាន​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

អ្នកស្រី អ៊ុំ សុភី មាន​ប្រសាសន៍​ថា ករណី​គំរាម​កំហែង​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​មក​លើ​រូប​អ្នកស្រី និង​តំណាង​អ្នក​ភូមិ​ឡពាង ផ្សេង​ទៀត៖ «សំណូម​ពរ​ខាង​តុលាការ​ក្ដី ខាង​អាជ្ញាធរ​ក្ដី សូម​ឲ្យ​ជួយ​រក​អ្នក​ដែល​គំរាម​កំហែង​ដល់​ក្រុម​គ្រួសារ​ពួក​ខ្ញុំ ដើម្បី​ការពារ​សុវត្ថិភាព​ពួក​ខ្ញុំ​ផង ខ្ញុំ​ស្ថិត​នៅ​ក្នុង​សភាព​មួយ​ដែល​គេ​គំរាម​កំហែង​មក​បន្តបន្ទាប់​អ៊ីចឹង​ណា»

បន្ថែម​លើ​នេះ លោក រាជ សីម៉ា មាន​ប្រសាសន៍​ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ចូល​ទៅ​កាន់​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ក៏ប៉ុន្តែ​មក​ដល់​ថ្ងៃ​នេះ លោក​នៅ​មិន​ទាន់​ទទួល​បាន​ដំណឹង​អ្វី​ថ្មី​ជុំវិញ​ករណី​នេះ ពី​ខាង​តំណាង​អយ្យការ​នៅ​ឡើយ​ទេ៖ «នៅ​តែ​មាន​ការ​ភ័យ​ខ្លាច និង​ព្រួយ​បារម្ភ ព្រោះ​ថា​គំរាម​កំហែង​ផ្ទាល់​មុខ គឺ​ខ្ញុំ​អត់​សូវ​ខ្លាច​ទេ កាល​ណា​ដែល​គំរាម​កំហែង​ជា​សំបុត្រ អ៊ីចឹង​ខ្ញុំ​ភ័យ​ខ្លាច​ជាង​អា​ការ​គំរាម​កំហែង​ផ្ទាល់​មុខ បើ​ខ្ញុំ​ស្លាប់​មាន​ការ​ចាប់​អ្នក​ហ្នឹង​ឯង​បណ្ដោយ»

លោក​បញ្ជាក់​ថា ករណី​គំរាម​កំហែង​មក​លើ​ពួក​គាត់​ទាំង ៤​នាក់ គឺ​អាច​បណ្ដាល​ពី​រឿង​ទំនាស់​ដីធ្លី​ច្រើន​ជាង​រឿង​នយោបាយ។ លោក​បន្ត​ថា ក្រុម​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​ទៅ​នឹង​បញ្ហា​ចំនួន ៣​សំខាន់ៗ គឺ​ការ​គំរាម​កំហែង ការ​បាត់​បង់​ដីធ្លី និង​បញ្ហា​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ ហើយ​បច្ចុប្បន្ន ដោយ​មាន​ជីវភាព​ខ្វះខាត ក្រុម​អ្នក​ភូមិ​បាន​ដើរ​កាប់​ដី​យក​ជន្លេន​ទៅ​លក់ និង​គ្រួសារ​ខ្លះ​ទៀត​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

ទាក់ទង​នឹង​បញ្ហា​នេះ នាយក​ក្រឡា​បញ្ជី​ព្រះរាជ​អាជ្ញា លោក ហ៊ឹម ពុទ្ធាសុរិយៈ មាន​ប្រសាសន៍​ថា លោក​បាន​ទទួល និង​បញ្ជូន​ពាក្យ​បណ្ដឹង​នោះ​ទៅ​កាន់​តំណាង​អយ្យការ​រួច​ហើយ ក៏ប៉ុន្តែ ដំណើរ​ការ​នៃ​នីតិវិធី​ដល់​ណា​នោះ លោក​មិន​បាន​ជ្រាប​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ពេញ វិបុល ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​តុលា។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា ថ្លែង​ថា ទុក្ខ​លំបាក ឬ​ក្ដី​បារម្ភ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡពាង មិន​មែន​ទើប​តែ​កើត​មាន​ក្នុង​ពេល​ថ្មីៗ​នេះ​ទេ។ ដូច្នេះ រដ្ឋាភិបាល​អាណត្តិ​ថ្មី ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​តែ​គិតគូរ និង​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់៖ «រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ បើ​ខ្លួន​អះអាង​ថា ខ្លួន​កែ​ទម្រង់ ត្រូវ​ចាប់​ផ្ដើម​យក​រឿង​ឡពាង នេះ មក​ដោះ​ជា​មុន រក​ជន​ល្មើស​ដែល​ធ្វើ​ការ​គំរាម​កំហែង​កន្លង​មក​នេះ​យក​មក​ផ្ដន្ទាទោស និង​បង្កើត​គណៈកម្មការ​ធ្វើ​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​ឲ្យ​បាន​ចប់​ទៅ»

តំណាង​អ្នក​ភូមិ​ឡពាង បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ភាគ​ច្រើន​បាន​រង​ទុក្ខ និង​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ធ្ងន់ធ្ងរ ក្រោយ​ពី​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​លោក​ជំទាវ ជា ខេង ភរិយា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ស៊ុយ សែម តាំង​ពី​ឆ្នាំ​២០០៧ ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ នៅ​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន ៥២​គ្រួសារ​ទៀត នៅ​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។