ពលរដ្ឋ​៤​នាក់​ត្រូវ​តុលាការ​ខេត្ត​កោះកុង​ហៅ​សាក​សួរ​ករណី​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លីយ៉ុងផាត់

តុលាការ​ខេត្ត​កោះកុង កោះ​ហៅ​ប្រជាពលរដ្ឋ ៤ នាក់ ទៅ​សាក​សួរ​ពី​ករណី​ទំនាស់​ដី ជាមួយ​ក្រុមហ៊ុន អេស អ៊ី ហ្សេដ្ស (SEZ) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ព្រឹក​ថ្ងៃ​ទី ២៣​ខែ​មិថុនា។

ក្នុង​ពេល​មាន​ការ​កោះ​ហៅ​សាកសួរ​នោះ​ដែរ​ប្រជាពលរដ្ឋ​ប្រមាណ ៦០នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​កោះកុង ដើម្បីទាមទារ​ឲ្យ​តំណាង​ក្រុមហ៊ុន​ធ្វើ​ការ​ដោះស្រាយ​ជាមួយ​ពលរដ្ឋ ហើយ​ជាលទ្ធផលគឺ​មិនមាន​​ការ​ឃាត់​ខ្លួន​អ្វី​ទេ។

លោក រួន សុផល តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង ៤ ដែល​តុលាការ​កោះ​ហៅ​ចូល​ទៅ​សាកសួរ​ពី​ព្រឹក​ថ្ងៃ​ទី​២៣​ខែ​មិថុនា បាន​អំពាវ​សុំ​ឲ្យ​តំណាង​ក្រុមហ៊ុន ជជែក​ដោះស្រាយ​ដោយ​សន្តិវិធី ផ្ទាល់​មាត់​ជាមួយ​ពលរដ្ឋ​ម្ចាស់​ដី កុំ​ឲ្យ​មាន​ជម្លោះ​ត្បិត​ដី​នោះ​ជា​ដី​ចម្ការ ដូច្នេះ​ពលរដ្ឋ​មិន​ចង់​ឲ្យ​ឃ្វាល ឬ​វៀង​ដី​ឡើយ៖ «បាទ​ ! ខ្ញុំ​ចង់​ជួប​មែន​ទែន​ជាមួយ​តំណាង​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ទាំង​អស់ ចង់​ជួប​ដើម្បី​ចរចា​គ្នា យើង​គ្មាន​បញ្ហា​ទេ យើង​ចង់​តែ​ដោះ​ស្រាយ ព្រោះ​ដី​ជា​ដី​ចម្ការ មិន​មែន​ដី​ភូមិករ​ ដូច្នេះ​ហើយ​យើង​មិន​ចង់​ឲ្យ​ឃ្វាល ឬ​វៀង​ទេ យើង​សុំ​ឲ្យ​មាន​ការ​ដោះ​ស្រាយ»។

ពលរដ្ឋ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន អេស អ៊ី ហ្សេដ្ស (SEZ) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ មាន​ចំនួន បី​ភូមិ​គឺ ភូមិ​ព្រែក​ខ្សាច់ ភូមិ​សំរុង​តាកែវ និង​ភូមិ​យាយស៊ែន ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។