ប្រជាពលរដ្ឋចំណាកស្រុកជាង ២០០នាក់ នាំគ្នាសង់រោងស្នាក់នៅលើដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនប៉ាស៊ីហ្វិក (Pacific) មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៧៨អា ក្នុងឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ក្រុមសមត្ថកិច្ចសម្រេចឃាត់ខ្លួនមេដឹកនាំប្រជាពលរដ្ឋ និងតម្រូវឲ្យប្រជាពលរដ្ឋរុះរើរោងស្នាក់នៅ ហើយចាកចេញ។
មេដឹកនាំប្រជាពលរដ្ឋចំណាកស្រុក គឺអ្នកស្រី រិត វណ្ណី ត្រូវសមត្ថកិច្ចចម្រុះនៃអាជ្ញាធរខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួននៅព្រឹកថ្ងៃទី១១ ខែកក្កដា បន្ទាប់ពីអ្នកស្រីព្យាយាមគេចខ្លួនតាមរទេះគោយន្តមួយគ្រឿង ក្នុងហេតុការណ៍ដឹកនាំប្រជាពលរដ្ឋជាង ២០០នាក់មកសង់រោងសំពត់កៅស៊ូស្នាក់នៅលើដីសម្បទានរបស់ក្រុមហ៊ុនប៉ាស៊ីហ្វិក។
ស្នងការរងប៉ូលិសខេត្តមណ្ឌលគិរី លោក សូ សុវណ្ណ បញ្ជាក់ថា អ្នកស្រី រិត វណ្ណី មិនព្រមចូលខ្លួនទៅបំភ្លឺនៅស្នងការដ្ឋានប៉ូលិស ទើបសមត្ថកិច្ចបង្ខំប្រើកម្លាំងចាប់ខ្លួនអ្នកស្រីដើម្បីសាកសួរពីហេតុផលនៃការដឹកនាំប្រជាពលរដ្ឋ មកសង់រោងស្នាក់នៅលើដីសម្បទានដែលរដ្ឋបានវិនិយោគឲ្យក្រុមហ៊ុន។ លោកបន្តថា សមត្ថកិច្ចបានព្យាយាមពន្យល់ឲ្យអ្នកភូមិចាកចេញពីដីសម្បទានក្រុមហ៊ុន ហើយស្នើសុំដីសម្បទានសង្គមកិច្ច ប្រសិនប្រជាពលរដ្ឋគ្មានដីរស់នៅ ក៏ប៉ុន្តែក្រុមប្រជាពលរដ្ឋចំណាកស្រុកទាំងនោះ មិនយល់ព្រម និងស្នើសុំសង់រោងស្នាក់នៅកន្លែងកើតទំនាស់ ដើម្បីតវ៉ាសុំឲ្យអាជ្ញាធរខេត្តផ្តល់ដីតំបន់នោះសម្រាប់ពួកគេរស់នៅ៖ « យើងចាំបាច់ត្រូវអញ្ជើញគាត់ទៅសួរនាំ ប៉ុន្តែគាត់គេច។ អ៊ីចឹងយើងត្រូវតែបង្ខំកម្លាំងដើម្បីយកគាត់ឲ្យបានស្រួល »។
កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ប្រជាពលរដ្ឋចំណាកស្រុកជាង ២០០នាក់ បាននាំគ្នាប្រើប្រាស់មធ្យោបាយ រួមមានគោយន្ត និងម៉ូតូដឹកជញ្ជូនសម្ភារៈចូលមកសង់រោងស្នាក់នៅជាថ្មីនៅលើទីតាំងដីសម្បទានក្រុមហ៊ុនដដែល។ រោងប្រក់តង់កៅស៊ូប្រមាណ ១០រោង ត្រូវបានអ្នកភូមិសង់ជាបន្តបន្ទាប់រហូតមកទល់នឹងព្រឹកថ្ងៃទី១១ ខែកក្កដា។
ក្រុមប្រជាពលរដ្ឋចំណាកស្រុកមួយចំនួនអះអាងថា ពួកគេគ្មានមេដឹកនាំទេ ក៏ប៉ុន្តែដោយសារជីវភាពក្រីក្រគ្មានដី ទើបមករស់នៅតំបន់នោះតាំងពីឆ្នាំ២០០៩ មុនពេលរដ្ឋបានប្រគល់ដីនោះទៅឲ្យក្រុមហ៊ុនសម្បទាន។ ចំណែកអាជ្ញាធរបានបណ្ដេញ និងរុះរើរោងស្នាក់នៅរបស់ពួកគេច្រើនលើក មិនឲ្យពួកគាត់រស់នៅទីនេះ ទើបអ្នកភូមិនាំគ្នាមកតាំងលំនៅបណ្ដោះអាសន្ន ដើម្បីតវ៉ាឲ្យអាជ្ញាធរកាត់ដីនោះជូនប្រជាពលរដ្ឋ៖ « អត់ព្រមទេ អត់មានសិទ្ធិទេ។ ឥឡូវលើកនេះមកនៅក្នុងហ្នឹង »។

ឆ្លើយតបការអះអាងរបស់ពលរដ្ឋ អភិបាលរងស្រុកកោះញែក លោក នុត បឿន បញ្ជាក់ថា ប្រជាពលរដ្ឋចំណាកស្រុកមួយចំនួន គឺជាក្រុមអនាធិបតេយ្យ នាំគ្នាអូសទាញប្រជាពលរដ្ឋពីខេត្តជិតខាង មកចាប់ដីរដ្ឋ។ លោកថា អាជ្ញាធរខេត្តមានតំបន់ដីសម្បទានសង្គមកិច្ចសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋគ្មានដី ក៏ប៉ុន្តែប្រជាពលរដ្ឋមិនព្រមធ្វើតាមគោលការណ៍ស្នើសុំដីសម្បទានសង្គមកិច្ចនោះទេ៖ « ធ្វើការអប់រំផ្សព្វផ្សាយគាត់ច្រើនលើកហើយ ព្រោះដីហ្នឹងពាក់ព័ន្ធដីក្រុមហ៊ុន។ អាជ្ញាធរសមត្ថកិច្ចមិនអាចអនុញ្ញាតឲ្យពួកគាត់នៅទីនេះបានទេ។ មិនមែនប៉ះដៃយកដៃ ប៉ះជើងយកជើងនោះទេ។ អ៊ីចឹងយើងនិយាយគ្នាដោយសន្តិវិធី គាត់ឲ្យត្រឡប់ទៅវិញ ហើយប្រជាពលរដ្ឋដែលគាត់អត់ដី យើងមានការស្នើសុំតាមរយៈអាជ្ញាធរមូលដ្ឋាន។ យើងមានដីសង្គមកិច្ច »។
ក្រុមសមត្ថកិច្ច មន្ត្រីមូលដ្ឋាន និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស បានពន្យល់អ្នកភូមិពីភាពមិនស្របច្បាប់ទាក់ទិនការតាំងលំនៅលើដីក្រុមហ៊ុនសម្បទាន។ ចំណែកប្រជាពលរដ្ឋប្រមាណ ៥០ភាគរយ បាននាំគ្នាចាកចេញ បន្ទាប់ពីអាជ្ញាធរតម្រូវឲ្យពួកគេរុះរើរោងចេញពីដីក្រុមហ៊ុន។ រីឯប្រជាពលរដ្ឋនៅសេសសល់ បាននាំគ្នារុះរោងចាកចេញជាបន្តបន្ទាប់ ក្រោយពេលមេដឹកនាំប្រជាពលរដ្ឋត្រូវសមត្ថកិច្ចឃាត់ខ្លួន។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) លោក សុក រដ្ឋា ដែលឃ្លាំមើលបញ្ហានេះកត់សម្គាល់ថា ការប្រើប្រាស់សិទ្ធិរបស់ពលរដ្ឋមិនគប្បីបំពានទៅលើសិទ្ធិក្រុមហ៊ុនដែលទទួលបានដីសម្បទានពីរដ្ឋ។ លោកថា សមាគមអាដហុក បន្តឃ្លាំមើលករណីនេះ និងសំណូមពរឲ្យក្រុមសមត្ថកិច្ចបន្តអប់រំប្រជាពលរដ្ឋដោយសន្តិវិធី៖ « ជួយណែនាំគាត់ទៅជួយផ្តល់អនុសាសន៍ល្អពាក់ព័ន្ធផ្នែកច្បាប់ ណែនាំឲ្យពួកគាត់ទៅបំពេញបែបបទស្ដីពីការផ្តល់ដីសម្បទានសង្គមកិច្ច »។
នេះជាលើកទី៦ ហើយ ដែលប្រជាពលរដ្ឋចំណាកស្រុកនាំគ្នាមកតាំងលំនៅលើដីសម្បទានរបស់ក្រុមហ៊ុន បន្ទាប់ពីប្រជាពលរដ្ឋទាំងនោះមកពីខេត្តកំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ស្វាយរៀង កំពង់ធំ មកធ្វើកម្មករនៅខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន អ្នកខ្លះគ្មានដីតាំងលំនៅ និងប្រកបរបរកសិកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
