អាជ្ញាធរស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំណត់ពេលឲ្យអ្នកភូមិប្រមាណ ៧០គ្រួសារ រុះរើផ្ទះចេញពីដីសាធារណៈរបស់រដ្ឋនៅតំបន់អភិរក្សជីវចម្រុះកែវសីមា ត្រឹមថ្ងៃទី២០ ខែកុម្ភៈ។ ប្រសិនបើអ្នកភូមិមិនរុះរើដោយខ្លួនឯងទេ អាជ្ញាធរនឹងអនុវត្តវិធានការច្បាប់ជាថ្មីទៀត។ ចំណែកមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអំពាវនាវឲ្យអាជ្ញាធរស្វែងរកដំណោះស្រាយសន្តិវិធីកុំប្រើអំពើហិង្សាក្នុងការអនុវត្តច្បាប់។
៣០ភាគរយនៃប្រជាពលរដ្ឋជាង ៧០គ្រួសារ ដែលបានមកតាំងទៅលំនៅចំណុចអូររយ៉ង់ និងអូរគគីរ ភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានចាកចេញពីលំនៅឋានជាបណ្ដោះអាសន្នទៅរស់នៅកន្លែងមានសុវត្ថិភាពដោយភ័យខ្លាចអាជ្ញាធរមករុះរើដុតបំផ្លាញផ្ទះពួកគាត់កំពុងរស់នៅ និងចាប់ខ្លួនពួកគាត់។
កាលពីថ្ងៃទី៩ ខែកុម្ភៈ នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា បានចេញលិខិតជូនដំណឹងឲ្យប្រជាពលរដ្ឋដែលមកតាំងទីលំនៅលើដីព្រៃសាធារណៈរបស់រដ្ឋ ហើយកាប់ឆ្ការព្រៃយកដីតាំងលំនៅឋានឲ្យរុះរើផ្ទះចេញចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២០ ខែកុម្ភៈ។ លិខិតជូនដំណឹងនេះមានចុះហត្ថលេខា និងបោះត្រាដោយអភិបាលស្រុក និងជាគណៈបញ្ជាការឯកភាពស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ ឯកភាពឲ្យអនុវត្តសេចក្ដីជូនដំណឹងនេះ។
ប្រជាពលរដ្ឋរស់នៅភូមិចក់ចារ មួយរូប គឺលោក វ៉ា ថន ថ្លែងបញ្ជាក់ថា អ្នកភូមិគ្មានជម្រើសរុះរើលំនៅឋានទៅកន្លែងណាទៀតឡើយ ពីព្រោះពួកគាត់ជាប្រជាពលរដ្ឋចំណាកស្រុកបានមកតាំងទីលំនៅនៅតំបន់នោះ៤ ទៅ ៥ឆ្នាំកន្លងទៅ ដោយសារតែគ្មានដីប្រកបរបរចិញ្ចឹមជីវិតនៅស្រុកកំណើត។ លោកបន្តថា ពួកគាត់កំពុងរស់នៅដោយភ័យខ្លាចអាជ្ញាធរប្រើអំពើហិង្សាដុតបំផ្លាញផ្ទះជាថ្មីដើម្បីបង្ខំឲ្យអ្នកភូមិចាកចេញ៖ «គ្រាន់តែឮថាមានសេចក្ដីជូនដំណឹងថារុះរើផ្ទះចេញ គាត់នាំគ្នាគេចវេះខ្លាចគេចាប់ចងដោយសារភ័យខ្លាច គេធ្វើបាបគាត់គេចនៅជិតៗហ្នឹងមួយរយៈ»។
កាលពីខែមិថុនា ឆ្នាំ២០១៥ កងកម្លាំងចម្រុះស្រុកកែវសីមា បានរុះរើនិងដុតបំផ្លាញផ្ទះអ្នកភូមិនៅតំបន់ទាំងពីរអស់ជាង ១០ខ្នង បន្ទាប់ពីកំណត់វេលាឲ្យអ្នកភូមិរុះរើផ្ទះដូចគ្នានេះ ក៏ប៉ុន្តែអ្នកភូមិមិនព្រមចាកចេញ ហើយបន្តសង់លំនៅឋានស្នាក់នៅឡើងវិញ។
អភិបាលស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ បានឆ្លើយបំភ្លឺនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ នេះថា ប្រជាពលរដ្ឋដែលអាជ្ញាធរតម្រូវឲ្យរុះរើលំនៅឋាននេះ គឺជាក្រុមអនាធិបតេយ្យ តាមរយៈមេខ្យល់ដែលជំរុញឲ្យពួកគេមកកាប់រានព្រៃរដ្ឋយកដី ហើយលក់ដូរពីម្នាក់ទៅម្នាក់ ក្នុងឆ្នាំ២០១៥ កន្លងទៅនេះ។ លោកថា សហគមន៍ជនជាតិដើមភាគតិច និងមន្ត្រីមូលដ្ឋានបានស្នើសុំមកអាជ្ញាធរឲ្យជួយចាត់វិធានការបណ្ដេញប្រជាពលរដ្ឋចំណាកស្រុកដែលមកកាប់បំផ្លាញព្រៃឈើតំបន់នោះ ហេតុនេះលោកអំពាវនាវសុំឲ្យអង្គការសង្គមស៊ីវិលចុះទៅពិនិត្យមើលទីតាំងជាក់ស្ដែង តើការបំផ្លាញព្រៃការពារនៅតំបន់នោះមានទំហំប៉ុណ្ណា?
ចំណែកអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ឲ្យដឹងនៅថ្ងៃទី២០ ខែកុម្ភៈ ថា នេះជាវិធានការច្បាប់ ពីព្រោះអ្នកភូមិបានចូលមកកាប់រានតំបន់ព្រៃអភិរក្ស ហើយចាប់យកដីព្រៃរបស់រដ្ឋដោយបំពានច្បាប់។ លោកថា នឹងពិនិត្យមើលលក្ខខណ្ឌនៃការស្នើសុំដីសម្បទានរបស់ប្រជាពលរដ្ឋ ដើម្បីកំណត់ថា តើប្រជាពលរដ្ឋទាំងនោះពិតជាគ្មានដីរស់នៅ ឬយ៉ាងណា៖ «បើយើងមិនចាត់វិធានការទេអាហ្នឹងវាកាន់តែអនាធិបតេយ្យតទៅទៀត។ យើងចង់ថា ការពារដីព្រៃបើរំលោភទៅលើគោលការណ៍ច្បាប់វាត្រូវអនុវត្តវិធានការ ច្បាប់»។
ទាក់ទិនករណីនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា អំពាវនាវឲ្យអាជ្ញាធរព្យាយាមដោះស្រាយបញ្ហានេះដោយសន្តិវិធី ពោលគឺបញ្ចប់ការប្រើអំពើហិង្សាដុតផ្ទះប្រជាពលរដ្ឋបង្ខំឲ្យចាកចេញ។ លោកថា ការផ្ដល់ដីសម្បទាន គឺជាជម្រើសល្អសម្រាប់ដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋ៖ «សិទ្ធិរបស់ប្រជាពលរដ្ឋចាំបាច់ត្រូវមានលំនៅឋានសមរម្យ មានដីបង្កបង្កើនផលចិញ្ចឹមក្រុមគ្រួសារ បើទោះបីពួកគាត់មកពីតំបន់ណា ខេត្តណាក៏ដោយ សំខាន់ពួកគាត់ជាពលរដ្ឋខ្មែរជាមុខសញ្ញាប្រជាពលរដ្ឋក្រីក្រ»។
ប្រជាពលរដ្ឋរស់នៅភូមិចក់ចារ ៨គ្រួសារ កាលពីថ្ងៃទី១៩ ខែកុម្ភៈ បាននាំគ្នាមកសុំកិច្ចអន្តរាគមន៍ពីមន្ត្រីការពារសិទ្ធិ និងបានធ្វើលិខិតសុំអន្តរាគមន៍ទៅអភិបាលខេត្តមណ្ឌលគិរី ដែលទើបឡើងកាន់
តំណែងឲ្យជួយទប់ស្កាត់ការបណ្ដេញអ្នកភូមិចេញពីលំនៅឋាន និងទប់ស្កាត់ការដុតបំផ្លាញផ្ទះអ្នកភូមិជាថ្មីទៀត។ អ្នកភូមិអះអាងថា បានធ្វើលិខិតស្នើសុំដីសម្បទានសង្គមកិច្ចតាមរយៈអាជ្ញាធរភូមិឃុំរួចហើយ ប៉ុន្តែមិនទាន់ឃើញដំណោះស្រាយបែបណានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អភិបាលស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ បានឆ្លើយបំភ្លឺនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ នេះថា ប្រជាពលរដ្ឋដែលអាជ្ញាធរតម្រូវឲ្យរុះរើលំនៅឋាននេះ គឺជាក្រុមអនាធិបតេយ្យ តាមរយៈមេខ្យល់ដែលជំរុញឲ្យពួកគេមកកាប់រានព្រៃរដ្ឋយកដី ហើយលក់ដូរពីម្នាក់ទៅម្នាក់ ក្នុងឆ្នាំ២០១៥ កន្លងទៅនេះ។ លោកថា សហគមន៍ជនជាតិដើមភាគតិច និងមន្ត្រីមូលដ្ឋានបានស្នើសុំមកអាជ្ញាធរឲ្យជួយចាត់វិធានការបណ្ដេញប្រជាពលរដ្ឋចំណាកស្រុកដែលមកកាប់បំផ្លាញព្រៃឈើតំបន់នោះ ហេតុនេះលោកអំពាវនាវសុំឲ្យអង្គការសង្គមស៊ីវិលចុះទៅពិនិត្យមើលទីតាំងជាក់ស្ដែង តើការបំផ្លាញព្រៃការពារនៅតំបន់នោះមានទំហំប៉ុណ្ណា?
