ប្រជាពលរដ្ឋចំណាកស្រុកម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាង ២០០នាក់ ដែលនាំគ្នាចូលទៅសង់រោងស្នាក់នៅបណ្ដោះអាសន្នលើដីសម្បទានក្រុមហ៊ុន ប៉ាស៊ីហ្វិក (Pacific) ឋិតក្នុងឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានមន្ត្រីអយ្យការចោទប្រកាន់ពីបទញុះញង់ បង្កឲ្យមានបទល្មើសព្រហ្មទណ្ឌ។ ចំណែកប្រជាពលរដ្ឋចំណាកស្រុកជាង ៤០នាក់ផ្សេងទៀត នាំគ្នាមកស្នើសុំឲ្យសមត្ថកិច្ចលែងអ្នកភូមិនោះវិញ។
ប្រជាពលរដ្ឋចំណាកស្រុកជាង ៤០នាក់ បានធ្វើដំណើរទៅមុខស្នងការដ្ឋានប៉ូលិសខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ដើម្បីស្នើសុំឲ្យដោះលែងពលរដ្ឋឈ្មោះ រិត វណ្ណី ក៏ប៉ុន្តែសំណើនេះមិនបានលទ្ធផលអ្វីឡើយ។
ប្រជាពលរដ្ឋចំណាកស្រុកម្នាក់ គឺលោក វណ្ណ សារួន បញ្ជាក់ថា ក្រុមសមត្ថកិច្ចបានរារាំងមិនឲ្យពួកគេចូលទៅក្នុងការិយាល័យអយ្យការបានទេ ក៏ប៉ុន្តែស្នងការរងប៉ូលិសបានទទួលសំណើផ្ទាល់មាត់របស់អ្នកភូមិ។ លោកថា អ្នកស្រី រិត វណ្ណី មិនមានកំហុសអ្វីនោះទេ ពីព្រោះពួកគាត់ជាអ្នកក្រីក្រ សម្រេចនាំគ្នាមកបោះទីតាំងលើដីនោះ ដើម្បីបង្ហាញឲ្យអាជ្ញាធរខេត្តឃើញជាក់ស្តែងថា ពួកគាត់បានចាកចេញពីស្រុកកំណើតច្រើនឆ្នាំ មកធ្វើជាកម្មករនៅខេត្តមណ្ឌលគិរី ហើយរហូតបច្ចុប្បន្ន ពួកគាត់គ្មានដីតាំងលំនៅពិតប្រាកដ៖ « ចាំមើលខាងគេកាត់ក្តីគាត់ខុសយ៉ាងណា ព្រោះគាត់អត់មានកំហុសអ្វីទេ។ អត់មានដី បើកាត់ឲ្យគាត់ខុស ពួកខ្ញុំតវ៉ាទៀតហើយ »។
កាលពីថ្ងៃទី១១ ខែកក្កដា ប្រជាពលរដ្ឋចំណាកស្រុកជាង ២០០នាក់ បាននាំគ្នាមកសង់រោងប្រក់សំពត់កៅស៊ូនៅចំណុចដីក្រុមហ៊ុន ប៉ាស៊ីហ្វិក កន្លែងដែលអ្នកភូមិធ្លាប់បានតវ៉ាជាច្រើនលើកសុំទីតាំងនោះជាដីសម្បទានសង្គមកិច្ច សម្រាប់អ្នកក្រីក្រគ្មានដីរស់នៅ ក៏ប៉ុន្តែក្រុមអាជ្ញាធរបានតម្រូវឲ្យអ្នកភូមិរុះរើរោងចាកចេញ និងឃាត់ខ្លួនអ្នកស្រី រិត វណ្ណី ដោយសំអាងថាជាអ្នកដឹកនាំប្រជាពលរដ្ឋ។
ស្នងការរងប៉ូលិសខេត្តមណ្ឌលគិរី លោក សូ សុវណ្ណ បញ្ជាក់នៅថ្ងៃទី១៣ ខែកក្កដា ថា សមត្ថកិច្ចប៉ូលិសបានកសាងសំណុំរឿងជនសង្ស័យដឹកនាំប្រជាពលរដ្ឋចូលកាន់កាប់ដីខុសច្បាប់ បញ្ជូនទៅស្ថាប័នអយ្យការ ដើម្បីចាត់ការបន្ត។ លោកថា បានណែនាំឲ្យប្រជាពលរដ្ឋដែលនាំគ្នាមកស្នើសុំដោះលែងជនជាប់ចោទ វិលទៅលំនៅឋាន ហើយរង់ចាំចំណាត់ការរបស់ស្ថាប័នតុលាការ៖ « សំណើហ្នឹងខ្ញុំទទួលយក។ ខ្ញុំស្នើតុលាការដើម្បីជួយសម្រាល។ ខ្ញុំនិយាយប៉ុណ្ណឹង ពួកគាត់ស្តាប់បាន គាត់នាំគ្នាទៅវិញទៅ »។
អ្នកនាំពាក្យ និងជាប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តមណ្ឌលគិរី លោក មាស ប្រុស បញ្ជាក់ថា មន្ត្រីអយ្យការ និងចៅក្រមស៊ើបសួរ សម្រេចចាត់ការតាមនីតិវិធីតុលាការរួចហើយ ក៏ប៉ុន្តែបទល្មើសនេះមិនធ្ងន់ធ្ងរនោះទេ៖ « តំណាងអយ្យការគាត់បានចោទប្រកាន់ ហើយចៅក្រមស៊ើបសួរគាត់បានសម្រេចឃុំបណ្ដោះអាសន្ន ប៉ុន្តែដូចជាមិនធ្ងន់ធ្ងរទេ គ្រាន់ឲ្យគាត់រាងចាល មិនមែនទោសត្រូវរាប់ឆ្នាំ »។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC)ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កត់សម្គាល់ថា នេះជាសេចក្តីសម្រេចរបស់មន្ត្រីតុលាការ ក៏ប៉ុន្តែក្នុងនាមអ្នកការពារសិទ្ធិមនុស្ស សង្កេតឃើញថា ការចូលទៅសង់រោងស្នាក់ដើម្បីដោះស្រាយបញ្ហាក្រីក្ររបស់ប្រជាពលរដ្ឋ មិនបង្កឲ្យខូចខាតអ្វីធ្ងន់ធ្ងរដល់ក្រុមហ៊ុនអ្វីនៅឡើយ៖ « នេះជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលគាត់រកឃើញធាតុផ្សំនៃបទល្មើស។ យើងគ្រាន់តែស្នើសុំថា ការឃុំខ្លួនហ្នឹងឲ្យមានរយៈពេលខ្លីណាមួយបានហើយ ដើម្បីឲ្យគាត់រាងចាលទៅលើសកម្មភាពរបស់គាត់ »។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋដែលនាំគ្នាមកសុំឲ្យដោះលែងមេដឹកនាំ ពួកគេបញ្ជាក់ថា នឹងប្រមូលប្រជាពលរដ្ឋច្រើនថែមទៀតមកទទូចឲ្យអាជ្ញាធរ ដោះលែងអ្នកស្រី រិត វណ្ណី ឲ្យមានសេរីភាពវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
