អាជ្ញាធរខេត្តមណ្ឌលគិរី សម្រេចលុបចោលគម្រោងអភិវឌ្ឍន៍នានានៅតំបន់ភ្នំដោះក្រមុំ ដើម្បីរក្សាទីនោះទុកជាបូជនីយដ្ឋានវប្បធម៌របស់ជនជាតិដើមភាគតិច នៅខេត្តប៉ែកឦសានប្រទេស។ សហគមន៍អ្នកអភិរក្សភ្នំដោះក្រមុំ អបអរសាទរចំពោះការសម្រេចនេះ។
ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី សម្ដែងក្តីរីករាយបន្ទាប់ពីអាជ្ញាធរយល់ព្រមបញ្ឈប់គម្រោងអភិវឌ្ឍន៍នៅតំបន់ភ្នំដោះក្រមុំ។
តំណាងសហគមន៍ឃុំដាក់ដាំ លោក ពើល ធិ ថ្លែងនៅថ្ងៃទី២ ខែសីហា ថា ជនជាតិដើមភាគតិចព្នង នៅគ្រប់ស្រុកទាំងអស់ក្នុងខេត្តមណ្ឌលគិរី អស់កង្វល់ ពីព្រោះតំបន់សក្ការៈរបស់អ្នកភូមិត្រូវបានគោរព និងរក្សាទុកសម្រាប់កំណត់អត្តសញ្ញាណវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច និងមិនមានការរំលោភបំពានតទៅទៀត។
លោកកត់សម្គាល់ថា ភ្នំដោះក្រមុំ នេះជាតំបន់ដែលជនជាតិដើមភាគតិចទូទៅក្នុងខេត្ត ចាត់ទុកថាជាកន្លែងស្នាក់អាស្រ័យរបស់អារក្សអ្នកតាមានបារមីស័ក្ដិសិទ្ធិជួយថែរក្សា ផ្តល់សេចក្តីសុខក្សេមក្សាន្ត ជួយបញ្ចៀសទុក្ខភ័យ កាលណាអ្នកភូមិមានគ្រោះអាសន្ន ឬជំងឺផ្សេងៗយាយីច្រើនជំនាន់មកហើយ៖ « មិនថាខ្ញុំផ្ទាល់ មិនថាប្រជាពលរដ្ឋទូទៅនៅខេត្តមណ្ឌលគិរី គេសប្បាយចិត្ត ព្រោះថាការចុះទប់ស្កាត់ថ្ងៃនោះ ខ្ញុំក៏ទៅដែរ កន្លែងគេឈូសឆាយហ្នឹង។ សក្ការបូជារបស់ជនជាតិដើមភាគតិចតាំងពីដូនតាមក »។
មន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី កាលពីពាក់កណ្ដាលខែកក្កដា បានយកគ្រឿងចក្រឈូសឆាយដីមួយផ្នែកនៅលើកំពូលភ្នំដោះក្រមុំ ក្នុងគម្រោងសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ស្រាវជ្រាវរ៉ែ ថាមពល និងប្រេងកាត លើកដំបូងនៅក្នុងខេត្តដាច់ស្រយាលមួយនេះ។ ភ្លាមៗនោះដែរ តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង នៅស្រុកចំនួន៤ និងក្រុងសែនមនោរម្យ បានអះអាងថា នឹងធ្វើការតវ៉ាទ្រង់ទ្រាយធំ ប្រសិនអាជ្ញាធរមិនបញ្ឈប់គម្រោងនេះ។

នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោក ហៀក សុផាន មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរខេត្តបានសម្រេចបញ្ឈប់គម្រោងអភិវឌ្ឍន៍នានានៅភ្នំដោះក្រមុំ បន្ទាប់ពីបើកកិច្ចប្រជុំជាមួយមន្ទីរពាក់ព័ន្ធកាលពីពេលថ្មីៗនេះ។ លោកថា តំបន់ភ្នំដោះក្រមុំ ឋិតក្រោមការគ្រប់គ្រងរបស់មន្ទីរវប្បធម៌ ដែលអភិរក្សតំបន់នេះសម្រាប់ជាតំបន់បូជនីយកិច្ចរបស់ជនជាតិដើមភាគតិច៖ « គាត់ហៅមន្ត្រីជំនាញមកប្រជុំពិគ្រោះយោបល់។ ខាងរដ្ឋាករទឹកគេទៅដំណើរការកន្លែងផ្សេងហើយ »។
តួលេខប៉ាន់ប្រមាណរបស់សហគមន៍បច្ចុប្បន្ន ផ្ទៃដីភ្នំដោះក្រមុំ នៅសល់ជាង ៧០ហិកតារតែប៉ុណ្ណោះ បន្ទាប់ពីប្រជាពលរដ្ឋរាប់សិបគ្រួសារ រួមទាំងអង្គភាពទឹកស្អាត មន្ទីរមុខងារសាធារណៈ មន្ទីររ៉ែ និងថាមពល រួមទាំងស្ថានីយទូរទស្សន៍ឯកជនបាយ័ន ចូលទៅតាំងលំនៅ និងបោះទីតាំងនៅទីនោះជាបន្តបន្ទាប់។
ប្រធានមន្ទីរវប្បធម៌ ខេត្តមណ្ឌលគិរី លោក សី ទូច បញ្ជាក់ដែរថា ភ្នំដោះក្រមុំ នឹងត្រូវរក្សាទុកសម្រាប់ជាមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច តាមសេចក្តីសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីឆ្នាំ២០០៤។ លោកបន្តថា មន្ត្រីក្រសួងវប្បធម៌ និងមន្ត្រីជំនាញ នឹងសហការជាមួយសហគមន៍ជនជាតិដើមភាគតិច ចុះវាស់វែងដីតំបន់ភ្នំដោះក្រមុំ ដើម្បីចុះបញ្ជីជាក់លាក់ រួមទាំងការសាងសង់របងការពារតំបន់នេះឲ្យបានគង់វង្ស៖ « ចុងខែ៨ ថ្នាក់ក្រសួងនឹងចុះទៅជាមួយគណៈកម្មការដីធ្លីខេត្ត ដើម្បីវាស់វែងឡើងវិញ។ សម្រេចហើយ យើងត្រូវរៀបចំកម្មវិធីធ្វើរបង ប៉ុន្តែមិនដឹងសាងសង់អ្វី យើងត្រូវពិភាក្សាជាមួយគណៈកម្មការសហគមន៍ជនជាតិដើមភាគតិច »។
ភ្នំដោះក្រមុំ មានទីតាំងនៅកណ្ដាលក្រុងសែនមនោរម្យ ឋិតក្នុងភូមិស្វាយចេក សង្កាត់សុខដុម ខេត្តមណ្ឌលគិរី។ ភ្នំនេះមានរោងអ្នកតាដ៏ធំតំណាងបារមីស័ក្ដិសិទ្ធិ ដែលជនជាតិដើមភាគតិចនាំគ្នាគោរពបូជាសែនព្រេនរៀងរាល់ឆ្នាំ និងជាកន្លែងទេសចរនិយមឡើងទៅកម្សាន្ត និងមើលទេសភាពក្រុងសែនមនោរម្យ ពីលើកំពូលភ្នំនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
