អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ដណ្ដើម​យក​គ្រឿងចក្រ​ដែល​ជនជាតិ​ព្នង​រឹប​អូស​ពី​ក្រុមហ៊ុន​វៀតណាម

0:00 / 0:00

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ ដណ្ដើម​គ្រឿងចក្រ​ដែល​អ្នក​ភូមិ​ជនជាតិ​ព្នង ចាប់​ជា​ចំណាប់​ខ្មាំង​ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន ប៊ិញ ភឿក បញ្ឈប់​ឈូស​ឆាយ​ដី​ចម្ការ​វិល​ជុំ​អ្នក​ភូមិ។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស សម្ដែង​ការ​បារម្ភ​ចំពោះ​ការ​ប្រើ​កង​កម្លាំង ដើម្បី​ដោះស្រាយ​បញ្ហា​តវ៉ា​របស់​ពលរដ្ឋ។

ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា កង​កម្លាំង​ចម្រុះ​របស់​អាជ្ញាធរ​ខេត្ត​ប្រមាណ ៤០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​អ្នក​ភូមិ​រឹប​អូស​គ្រឿងចក្រ​ក្រុមហ៊ុន ប៊ិញ ភឿក នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា។

តំណាង​អ្នក​ភូមិ លោក យ៉ាន ម៉ៅ ថ្លែង​ថា កង​កម្លាំង​មាន​ទាហាន ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​ឯកសណ្ឋាន​ប្រដាប់​ដោយ​អាវុធ គំរាម​អ្នក​ភូមិ​មិន​ឲ្យ​តបត ខណៈ​កង​កម្លាំង​ដាក់​ពង្រាយ​ធ្វើ​របាំង​ការពារ​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន បើក​គ្រឿងចក្រ​ឈូស​ដី​ចាក​ចេញ​ពី​កន្លែង​អ្នក​ភូមិ​រឹប​អូស​ទុក​ជា​ចំណាប់​ខ្មាំង។ លោក​បន្ត​ថា កង​កម្លាំង​បាន​ដក​ចេញ​វិញ បន្ទាប់​ពី​គ្រឿងចក្រ​ត្រូវ​បាន​រំដោះ​ចេញ​ពី​ពលរដ្ឋ។ ជាមួយ​នោះ​ដែរ ក្រុម​ប្រដាប់​អាវុធ​ទាំង​នោះ​គំរាម​ឲ្យ​អ្នក​ភូមិ​ចាក​ចេញ​ពី​ដី​តវ៉ា បើ​មិន​ដូច្នេះ​ទេ ពួក​គេ​នឹង​ប្រើ​កង​កម្លាំង​បង្ក្រាប​ជា​ថ្មី មិន​ឲ្យ​ប្រជាពលរដ្ឋ​មក​តាំង​ទីលំនៅ​លើ​ដី​នោះ​បាន​ឡើយ៖ «នាំ​គ្នា​មក​យក​អាត្រាក់​ពី​ប្រជាពលរដ្ឋ មិន​សុំ​ពី​ប្រជាពលរដ្ឋ បាទ! ១៧​ឡាន​ប្រដាប់​ដោយ​អាវុធ​ទៀត។ គេ​គំរាម​ប្រជាពលរដ្ឋ​ទៀត អ្នក​ណា​ហ៊ាន​តវ៉ា​គេ​ចាប់​បោះ​ដាក់​ឡាន»

កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា អ្នក​ភូមិ​ប្រមាណ ៧០​នាក់ បាន​រឹប​អូស​គ្រឿងចក្រ​ក្រុមហ៊ុន ប៊ិញ ភឿក ១ កំពុង​ឈូស​ឆាយ​ដី​ដែល​អ្នក​ភូមិ​អះអាង​ថា ជា​អតីត​ដី​ចម្ការ​វិល​ជុំ​ពួក​គាត់ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​យក​ដោយ​សំអាង​ថា រដ្ឋ​បាន​ផ្តល់​ដី​តំបន់​នោះ​សម្រាប់​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន។

ទាក់ទិន​ករណី​នេះ​ដែរ អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​សម្រេច​ដាក់​កង​កម្លាំង​ដក​ហូត​គ្រឿងចក្រ​ពី​ប្រជាពលរដ្ឋ​វិញ ចៀសវាង​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​អំពើ​ហិង្សា​ដុត​បំផ្លាញ​គ្រឿងចក្រ ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ភូមិ​ត្រូវ​ប្រឈម​មុខ​នឹង​កំហុស។ លោក​បន្ត​ថា វិធានការ​ច្បាប់​នឹង​ត្រូវ​យក​ទៅ​អនុវត្ត​ជា​ថ្មី ប្រសិន​អ្នក​ភូមិ​នៅ​តែ​បន្ត​នាំ​គ្នា​សង់​រោង​លើ​ដី​សម្បទាន​របស់​ក្រុមហ៊ុន៖ «ប្រជាពលរដ្ឋ​មួយ​ចំនួន​គាត់​យក​របស់​គេ​ទៅ បើ​មាន​បញ្ហា​អ្វី​ទៅ​នរណា​ទទួល​ខុស​ត្រូវ? សមត្ថកិច្ច​អស់​សម្រប​សម្រួល​ហើយ មាន​តែ​វិធានការ​ច្បាប់»

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) ខេត្ត​មណ្ឌលគិរី ចាត់​ទុក​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​គំរាម​បង្ក្រាប​ស្មារតី​ពលរដ្ឋ​ទន់​ខ្សោយ ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ លោក​អំពាវនាវ​ឲ្យ​ក្រុម​អាជ្ញាធរ ព្យាយាម​ដោះស្រាយ​ការ​តវ៉ា​របស់​ពលរដ្ឋ​ដោយ​សន្តិវិធី ស្រប​តាម​គោល​នយោបាយ​ដោះស្រាយ​ដីធ្លី​របស់​រាជ​រដ្ឋាភិបាល៖ «សម័យ​នេះ​ហើយ​គេ​មិន​ដែល​យក​កង​កម្លាំង​ប្រដាប់​អាវុធ មាន​អាវុធ​គ្រប់​ដៃ​ទៅ​បង្ក្រាប​ប្រជាពលរដ្ឋ​គ្មាន​អ្វី​ក្នុង​ដៃ​ទេ។ អ៊ីចឹង​មាន​ន័យ​ថា ចុះ​ទៅ​សម្លាប់​ប្រជាពលរដ្ឋ មិន​មែន​ចុះ​ទៅ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ទេ»

កាល​ពី​ថ្ងៃ​សុក ទី​២ ខែ​មករា អ្នក​ភូមិ​ចក់ចារ ជាង ៧០​នាក់ បាន​រៀបចំ​ពិធី​សែន​ព្រេន​ដាក់​បណ្ដាសា​ជន​ទាំង​ឡាយ​ណា​ដែល​រំលោភ​យក​ដីធ្លី​ពលរដ្ឋ ជាពិសេស​ក្រុមហ៊ុន ប៊ិញ ភឿក ១ ដែល​អ្នក​ភូមិ​ចោទ​ថា​បាន​រំលោភ​យក​ដី​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ប្រមាណ ៥០០​ហិកតារ។

តំណាង​អ្នក​ភូមិ លោក យ៉ាន ម៉ៅ អះអាង​ថា អ្នក​ភូមិ​សម្រេច​ចិត្ត​មិន​ចាក​ចេញ​ពី​ដី​ដែល​អ្នក​ភូមិ​កំពុង​ទាមទារ​នោះ​ទេ បើ​ទោះ​បី​ក្រុម​សមត្ថកិច្ច​ប្រើ​កម្លាំង​បង្ក្រាប​អ្នក​ភូមិ​យ៉ាង​ណា​ក្តី។ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ អ្នក​ភូមិ​បាន​នាំ​គ្នា​សង់​រោង​ប្រក់​សំពត់​កៅស៊ូ​បាន​ជិត ១០​រោង​ជា​ថ្មី​ទៀត ដើម្បី​បញ្ជាក់​ថា ពួក​គាត់​ក្រាញ​ននៀល​មិន​ខ្លាច​ស្លាប់ តស៊ូ​ទាមទារ​ដី​ពួក​គាត់​មក​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។