សមាជិកសហគមន៍ការពារព្រៃឈើ ភូមិស្រែអំពិល ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធខេត្ត ចាត់វិធានការទប់ស្កាត់ការប៉ុនប៉ងកាត់ដីព្រៃសហគមន៍ទៅឲ្យក្រុមហ៊ុនសម្បទាន ដោយបំពានច្បាប់។
សេចក្តីអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីប្រធានសហគមន៍ការពារព្រៃឈើភូមិស្រែអំពិល កាលពីដើមសប្ដាហ៍ បានកោះប្រជុំសមាជិករបស់ខ្លួន ហើយចលនាឲ្យសមាជិកសហគមន៍យល់ព្រមប្រគល់ដីតំបន់ព្រៃឈើមួយផ្នែក ដែលសហគមន៍អភិរក្សទៅឲ្យក្រុមហ៊ុនសម្បទានមួយឈ្មោះ សុវណ្ណរាជសី។
សមាជិកសហគមន៍មួយរូបសុំមិនឲ្យបញ្ចេញឈ្មោះ មានប្រសាសន៍បញ្ជាក់ថា ប្រធានសហគមន៍បានចលនាឲ្យអ្នកភូមិប្រគល់ដីមួយផ្នែក ដែលសហគមន៍គ្រប់គ្រងអាស្រ័យផលតាមប្រពៃណីជនជាតិដើមភាគតិចព្នង ដោយសំអាងថា ដីនោះស្ថិតក្នុងផែនទីដីសម្បទានរបស់ក្រុមហ៊ុនសុវណ្ណរាជសី។
សមាជិកសហគមន៍ដដែលបន្តថា ប្រធានសហគមន៍បានព្រមានអ្នកភូមិថា ប្រសិនមិនយល់ព្រមកាត់ដីនោះឲ្យក្រុមហ៊ុនទេ ក្រុមហ៊ុននឹងធ្វើការឈូសឆាយយកដីនោះដោយគ្មានការទទួលខុសត្រូវ៖ «មេសហគមន៍បានទៅជួបខាងក្រុមហ៊ុនមេៗហ្នឹង មកវិញគេឲ្យយោបល់អ៊ីចឹង គេថាឥឡូវក្រុមហ៊ុនគេសុំយើង តើយើងឲ្យឬអត់? បើសិនយើងមិនឲ្យ គេត្រូវតែឈូសដែរ ព្រោះដីនេះគេអារកាត់ឲ្យពីថ្នាក់លើមកអស់ហើយ។ ប្រធានសហគមន៍ហ្នឹង ម្សិលមិញថា បើសិនក្រុមហ៊ុនចូលឈូស ប្រធានសហគមន៍លែងដឹងឮហើយ ប្រជាពលរដ្ឋណាខ្លាំងឲ្យទៅទប់ទល់ទៅ»។
សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋសហគមន៍ភូមិស្រែអំពិល ក៏ឲ្យដឹងថា កាលពីខែមករា កន្លងទៅ ក្រុមហ៊ុនសុវណ្ណរាជសី បានដាក់គ្រឿងចក្របម្រុងឈូសឆាយដីព្រៃសហគមន៍ ប៉ុន្តែក្រុមសហគមន៍បាននាំគ្នាទៅរារាំងមិនឲ្យក្រុមហ៊ុនឈូសឆាយបាន។
ប្រធានសហគមន៍ លោក ភួង សី មានប្រសាសន៍ទទួលស្គាល់ថា លោកពិតជាបានពន្យល់អ្នកភូមិឲ្យយល់ព្រមប្រគល់ដីនោះមែន តែលោកមិនបានគំរាម ឬបង្ខិតបង្ខំអ្នកភូមិនោះទេ។ លោកបន្តថា ព្រៃដែលសហគមន៍អភិរក្សនេះ មិនទាន់មានការកំណត់ផ្ទៃដីប៉ុនណានៅឡើយ ហេតុនេះលោកសុំឲ្យអ្នកភូមិកាត់ដីមួយផ្នែកប្រគល់ឲ្យក្រុមហ៊ុនតាមសំណូមពរក្រុមហ៊ុន ដើម្បីបញ្ចប់បញ្ហា។
លោក ភួង សី៖ «ខ្ញុំថា បើយើងកាត់ឲ្យគេ យើងស្រួលជាង កុំឲ្យមានបញ្ហា តែបើយើងនៅតែជម្លោះអ៊ីចឹង ពិបាកដោះស្រាយ។ ខាងក្រុមហ៊ុនគេមិនឲ្យ គេមានទាហាន គេមិនឲ្យយើងធ្វើវាខកអ្នកណា?»។
អភិបាលស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ មានប្រសាសន៍បញ្ជាក់ថា លោកមិនទាន់បានទទួលសេចក្តីរាយការណ៍ណាមួយស្ដីពីករណីនេះទេ។ លោកបន្តថា ដីព្រៃឈើសហគមន៍អភិរក្ស គឺជាទ្រព្យសម្បត្តិរដ្ឋ ហេតុនេះ យន្តការដោះស្រាយទំនាស់ទាក់ទិនដីសម្បទានសេដ្ឋកិច្ច និងដីសហគមន៍ ជាសមត្ថកិច្ចរបស់អាជ្ញាធរពាក់ព័ន្ធថ្នាក់ខេត្ត និងថ្នាក់ជាតិ។
លោក ស៊ិន វណ្ណវុឌ្ឍ៖ «គឺលោកមេឃុំ គាត់ចូលប្រជុំជាមួយខ្ញុំ ក៏គាត់មិនបានរាយការណ៍ពីបញ្ហានេះដែរ។ ករណីនេះ ប្រហែលជាបុគ្គលទេមិនមែនសហគមន៍ទាំងមូលទេ។ សហគមន៍ឲ្យដីទៅក្រុមហ៊ុន សហគមន៍នោះគ្មានសិទ្ធិទេ»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា មានប្រសាសន៍បញ្ជាក់ថា លោកបានទទួលសេចក្តីរាយការណ៍ពីសមាជិកសហគមន៍ស្ដីពីករណីនេះ ក៏ប៉ុន្តែលោកមិនទាន់ធ្វើការអង្កេតនៅឡើយ។ លោកបន្តថា ព្រៃការពារសហគមន៍ ទោះបីចុះបញ្ជីទទួលស្គាល់តាមផ្លូវច្បាប់ ឬមិនទាន់ចុះបញ្ជីក្តី សមាជិកសហគមន៍មានសិទ្ធិថែរក្សា និងអាស្រ័យផលតាមលក្ខណៈប្រពៃណី៖ «ក្នុងនាមជាប្រធានសហគមន៍ គាត់ត្រូវតែការពារដីសហគមន៍ដែលជាទ្រព្យសម្បត្តិជាតិ។ យន្តការនៃការដោះស្រាយ អាស្រ័យទៅលើសមត្ថកិច្ចដែលគាត់មានជំនាញដោះស្រាយហ្នឹង»។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក កែប តក់ នៅថ្ងៃពុធ ទី២៧ ខែកុម្ភៈ បដិសេធមិនធ្វើអត្ថាធិប្បាយសំណួរវិទ្យុអាស៊ីសេរី ទេ ដោយហេតុផលជាប់ប្រជុំ។
យ៉ាងនេះក្តី ប្រជាពលរដ្ឋសហគមន៍ភូមិស្រែអំពិល ឲ្យដឹងថា ដីដែលក្រុមហ៊ុនប៉ុនប៉ងឈូសឆាយ មួយផ្នែកធំជាតំបន់ព្រៃស្រោងមានដើមឈើផលិតជ័រទឹកអ្នកភូមិរាប់រយដើម មួយផ្នែកជាដីចម្ការចាស់ត្រៀមបម្រុង និងដីមួយផ្នែកទៀត ជាដីស្រែចម្ការប្រជាពលរដ្ឋបានដាំដុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
