ខណៈមន្ត្រីជាន់ខ្ពស់រដ្ឋសភា បានអន្តរាគមន៍ឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ពិនិត្យសំណើប្រជាពលរដ្ឋសុំដីសម្បទានសង្គមកិច្ច និងបញ្ឈប់សកម្មភាពដុតបំផ្លាញផ្ទះប្រជាពលរដ្ឋ អ្នកភូមិអះអាងថា សមត្ថកិច្ចស្រុកកោះញែក បានប្រើហិង្សាបណ្ដេញពលរដ្ឋជាថ្មីទៀត។ ក្រុមសមត្ថកិច្ចចាត់ទុកថា អ្នកភូមិតាំងទីលំនៅក្នុងដីរដ្ឋខុសច្បាប់។
ប្រជាពលរដ្ឋចំណាកស្រុកមកតាំងទីលំនៅនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាង ៥០គ្រួសារ កំពុងប្រឈមមុខទៅនឹងខ្វះជម្រកស្នាក់នៅ គ្មានគ្រឿងសម្ភារៈប្រើប្រាស់ និងអង្ករបរិភោគ ដោយសារតែក្រុមអាជ្ញាធររុះរើលំនៅឋាន ដុតបំផ្លាញសម្ភារៈប្រើប្រាស់ និងរឹបអូសអង្កររបស់ពួកគាត់អស់ កាលពីរសៀលថ្ងៃទី១៣ វិច្ឆិកា កន្លងទៅ។
នេះ គឺជាលើកទី៣ហើយ ដែលក្រុមសមត្ថកិច្ចបានអនុវត្តវិធានការក្តៅ បណ្ដេញអ្នកភូមិជិត ២០០គ្រួសារមកពីបណ្ដាខេត្តនានា មកកាប់ឆ្ការព្រៃដើម្បីស្វែងរកដីប្រកបរបរកសិកម្មចិញ្ចឹមជីវិត នៅខេត្តភាគឦសានមួយនេះ។
ស្ត្រីវ័យអាយុជាង ៥០ឆ្នាំ ជនជាតិចាម មកពីខេត្តកំពង់ចាម ឈ្មោះ ម៉ាត់ ស្រស់ រៀបរាប់ថា ពួកគាត់ពិតជាគ្មានជម្រើសវិលទៅស្រុកកំណើតវិញឡើយ ហេតុនេះបើទោះបីអាជ្ញាធរធ្វើទុក្ខបុកម្នេញអ្នកភូមិយ៉ាងណាក្តី ពួកគាត់នៅតែក្រាញននៀលបន្តរស់នៅដេកហាលវាលក្នុងចម្ការដំឡូង កន្លែងដែលពួកគាត់បានកាប់ឆ្ការធ្វើចម្ការប្រមាណ ៣ឆ្នាំកន្លងទៅ។ គាត់អង្វរករដោយទទូច សុំឲ្យស្ថាប័នពាក់ព័ន្ធនានា ទាំងនៅមូលដ្ឋាន និងថ្នាក់ជាតិ អាណិតមេត្តាប្រជាពលរដ្ឋ និងសូមផ្តល់ដីនៅតំបន់នោះជាសម្បទានសង្គមកិច្ច ឲ្យពួកគាត់បានតាំងទីលំនៅស្របច្បាប់រស់នៅចិញ្ចឹមជីវិត៖ «ដេកដីមែនអស់លោកមកមើលចុះ អត់មានតង់ទេ យប់មិញមុងក៏អត់មានដែរ ដុតអស់រលីងដេកផ្ទាល់នឹងដីតែម្តង។ អាយុហាហុកសិបហើយ ក្មេងមកដេញឲ្យចេញ កាំភ្លើងមកភ្ជង់អ៊ីចឹងវាថាខ្ញុំទុកជីវិតឲ្យមីងឯងគ្រាន់បើហើយ មិនទុកឲ្យទៀតធ្វើស្អីខ្ញុំ ខ្ញុំចេញទៅណា? ឥឡូវពួកខ្ញុំខ្មែរដូចខ្មែរហ្នឹង។ មួយសាមុនអស់រលីង ឥឡូវមួយសាទៀតអស់រលីង»។
សេចក្តីរាយការណ៍របស់អាជ្ញាធរឃុំរយ៉ ឲ្យដឹងថា ចាប់ពីឆ្នាំ២០១១ រហូតបច្ចុប្បន្ន ប្រជាពលរដ្ឋចំណាកស្រុកពីខេត្តកំពង់ចាម ព្រៃវែង ក្រចេះ ភាគច្រើនជាពលរដ្ឋជនជាតិចាម បានមកកាប់ឆ្ការព្រៃក្នុងតំបន់ការពារ ហើយតាំងទីលំនៅបន្តបន្ទាប់គ្នា។ រហូតបច្ចុប្បន្ន ក្រុមអ្នកតាំងទីលំនៅកើនឡើងជិត ២០០គ្រួសារ។
កាលពីពាក់កណ្ដាលខែកញ្ញា និងខែតុលា កងកម្លាំងចម្រុះមានកងរាជអាវុធហត្ថ នគរបាល និងយោធា ដឹកនាំដោយអភិបាលរងស្រុកកោះញែក លោក អ៊ុក មុនិន បានយកគ្រឿងចក្រមកកាយផ្ដួលរំលំផ្ទះធ្វើពីឈើប្រក់ស័ង្កសីរបស់ពលរដ្ឋអស់ប្រមាណ ៥០ខ្នង លុបអណ្ដូងទឹក រឹបអូសសម្ភារៈប្រើប្រាស់ អង្ករបរិភោគ បាញ់គំរាម និងពោលពាក្យជេរប្រមាថប្រជាពលរដ្ឋទាំងនោះទៀតផង។
តំណាងអ្នកភូមិ លោក កែវ វុទ្ធី ទទួលស្គាល់ថា អ្នកភូមិពិតជាមកតាំងទីលំនៅខុសច្បាប់ ក៏ប៉ុន្តែលោកថា ការអនុវត្តច្បាប់របស់អាជ្ញាធរមានភាពសាហាវឃោរឃៅ និងចាត់ទុកពលរដ្ឋដូចសត្វធាតុ គ្មានការសន្តោសប្រណី។ លោកកត់សម្គាល់ថា អ្នកភូមិមួយចំនួនបានចាកចេញពីតំបន់នោះទៅរស់នៅក្នុងព្រៃជិតកន្លែងបណ្ដេញចេញដោយភ័យខ្លាច។ ចំណែកអ្នកភូមិខ្លះទៀត បន្តរស់នៅក្នុងចម្ការដំឡូងដែលអ្នកភូមិកាប់ឆ្ការព្រៃដាំដុះដោយគ្មានជម្រកយ៉ាងលំបាកវេទនា ដើម្បីអង្វរសុំឲ្យអាជ្ញាធរខេត្ត ផ្តល់ដីសម្បទានសង្គមកិច្ចនៅតំបន់នោះសម្រាប់ពួកគាត់រស់នៅចិញ្ចឹមកូនចៅបន្តទៀត៖ «ប្រជាពលរដ្ឋនៅក្នុងព្រៃកំពុងគេចពេញតែហ្នឹង។ ផ្ទះគ្នាចាក់សោកំពុងធ្វើចម្ការក្រោយហ្នឹងវាយសោយកទៀត ច្រើនកម្លាំងបីឡានចូលជិត ២០នាក់ឯណោះ មានកម្លាំងប៉ូលិសប៉េអិម ទាហាន ហើយអភិបាលរងស្រុកកោះញែក អ៊ុក មុនិន ក៏មកដែរ ច្រានអស់ជាង ១០ផ្ទះ សុទ្ធតែស័ង្កសី ទ្រព្យសម្បត្តិប្រជាពលរដ្ឋយកទាំងអស់ អង្ករក៏យក ឆ្នាំងកាដុងទឹក ប្រុងចាប់ បាញ់ពីរគ្រាប់ម្សិលមិញ»។
កាលពីដើមខែតុលា អ្នកភូមិ ១៧២គ្រួសារ បានផ្ដិតមេដៃធ្វើលិខិតសុំទៅប្រធានរដ្ឋសភា គឺលោក ហេង សំរិន ឲ្យជួយអន្តរាគមន៍ទៅអាជ្ញាធរខេត្តមណ្ឌលគិរី ផ្តល់ដីសម្បទានសង្គមកិច្ចដល់អ្នកភូមិឲ្យបានឆាប់ ចៀសវាងការប្រើកងកម្លាំងបង្ក្រាបអ្នកភូមិដោយអំពើហិង្សាតទៅទៀត។
នៅពាក់កណ្ដាលខែតុលា ប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង បានធ្វើលិខិតតាមរយៈប្រធានរដ្ឋសភា ស្នើសុំអភិបាលខេត្តមណ្ឌលគិរី ពិនិត្យ និងដោះស្រាយការស្នើសុំដីសម្បទានសង្គមកិច្ច រួមទាំងសុំឲ្យអាជ្ញាធរស្រុកកោះញែក បញ្ឈប់សកម្មភាពហិង្សាមកលើពលរដ្ឋចំណាកស្រុកបន្តទៀត។
ក្នុងនាមជាប្រធានគណៈកម្មការទី១រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមួយរូប លោក អេង ឆៃអ៊ាង កត់សម្គាល់ថា អាជ្ញាធរខេត្តមណ្ឌលគិរី មិនទាន់ធ្វើរបាយការណ៍ពីលទ្ធផលនៃដំណោះស្រាយដែលរដ្ឋសភាបានស្នើនោះទេ ក៏ប៉ុន្តែបែរជាអនុវត្តវិធីហិង្សាជាថ្មីទៅលើពលរដ្ឋដូចពេលមុន។ ទោះជាយ៉ាងនេះក្តី លោកអះអាងថា នឹងចាត់ក្រុមការងារចុះពិនិត្យ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងបញ្ហានេះ៖ «ធ្វើម៉េចឲ្យប្រជាពលរដ្ឋហ្នឹងលោកអាចមានដីធ្វើស្រែចម្ការទៅ ព្រោះនៅមណ្ឌលគិរី ហ្នឹង យើងជឿជាក់ថាដីមិនខ្វះទេ រៀបចំឲ្យស្រួលបួលទៅ។ ខ្ញុំដឹងថា ម្សិលមិញម្សិលម្ង៉ៃហ្នឹង ខាងអាជ្ញាធរចេះតែប្រើកម្លាំងដេញពួកគាត់។ ខ្ញុំនឹងចាត់ចែងឲ្យក្រុមការងារគណៈកម្មការសុំទៅឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ជួយអន្តរាគមន៍ទៅដើម្បីកុំឲ្យប្រើកម្លាំងណា!»។
ផ្ទុយពីការលើកឡើងនេះ អភិបាលស្រុកកោះញែក លោក មើល សឿន បដិសេធថា អាជ្ញាធរខេត្តមិនអនុញ្ញាតឲ្យពលរដ្ឋចំណាកស្រុកតាំងទីលំនៅក្នុងតំបន់ព្រៃការពារបានឡើយ។ លោកទទួលស្គាល់ថា កងកម្លាំងចម្រុះត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ដើម្បីបណ្ដេញអ្នកភូមិដែលរឹងរូសមិនព្រមចាកចេញពីតំបន់ព្រៃអភិរក្ស៖ «យើងមិនអាចឲ្យគាត់នៅបានទេ ដីនេះជាដីបម្រុងទុករបស់រាជរដ្ឋាភិបាល ព្រៃខៀវណា!»។
ចាប់ពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ មានប្រជាពលរដ្ឋចំណាកស្រុកប្រមាណ ៥០០គ្រួសារ ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី បណ្ដេញចេញពីការតាំងទីលំនៅខុសច្បាប់នៅស្រុកកោះញែក។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ចាត់ទុកវិធីអនុវត្តច្បាប់របស់អាជ្ញាធរមូលដ្ឋាន ថាប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរស់រានមានជីវិត ដែលច្បាប់រដ្ឋធម្មនុញ្ញបានកំណត់។ លោកថ្លែងថា អាជ្ញាធរគួរស្វែងរកជម្រើសត្រឹមត្រូវមួយ ដែលមិនធ្វើឲ្យប្រជាពលរដ្ឋឈឺចាប់ ជាពិសេសគួរអនុគ្រោះឲ្យអ្នកភូមិតាំងទីលំនៅបណ្ដោះអាសន្ននៅតំបន់នោះ ហើយចុះពិនិត្យដោះស្រាយស្វែងរកមូលហេតុជាក់លាក់ ដែលធ្វើឲ្យប្រជាពលរដ្ឋមកតាំងទីលំនៅខុសច្បាប់ ឬផ្តល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋទាំងនោះ ប្រសិនពួកគាត់ពិតជាគ្មានដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
