សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ស្នើ​លោក ហ៊ុន សែន ជួយ​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​បន្ថែម​ទៀត

ដោយ ដែន អយុធ្យា
2017.01.03
វាយ​របង​ថ្ម​ឆ្នេរ​ឯករាជ្យ ព្រះសីហនុ ២០១៦ ៨៥៥ របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​ឯករាជ្យ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ វាយ​កម្ទេច​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Den Ayuthyea
RFA/Den Ayuthyea

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម និង​ភ្ញៀវ​ទេសចរ ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​បើក​របង​ហ៊ុមព័ទ្ធ​តំបន់​ឆ្នេរ​សមុទ្រ​មួយ​ចំនួន ដែល​ត្រូវ​បាន​គេ​បិទ​ទុក​ចោល យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ និង​អភិវឌ្ឍ​ឆ្នេរ​ទាំងនេះ​ផ្តល់​ជូន​សាធារណជន​ចូល​ទៅ​កម្សាន្ត​ឲ្យ​បាន​ទូលំទូលាយ​ជាង​ពេល​បច្ចុប្បន្ន។

សំណូមពរ​នេះ កើត​ឡើង​នៅ​គ្រា​ប្រមុខ​ដឹកនាំ កំពុង​បង្ហាញ​វត្តមាន​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ឱកាស​អម​ព្រះរាជ​ដំណើរ​យាង​ទត​មូលដ្ឋាន​នេះ​របស់​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ។

មន្ត្រី​សង្គម​ស៊ីវិល និង​សាធារណជន បាន​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ចុះ​ពិនិត្យ​មើល​នៅ​តាម​តំបន់​ឆ្នេរ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យ​ប្រាកដ​ថា ខេត្ត​ទេសចរណ៍​មួយ​នេះ​មាន​ឆ្នេរ​សមុទ្រ​គ្រប់គ្រាន់​សម្រាប់​បម្រើ​តម្រូវ​ការ​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​បាន​ទូលំទូលាយ។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ សំណូមពរ​ដល់​ប្រមុខ​ដឹកនាំ ឲ្យ​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​តាម​ឆ្នេរ នឹង​ឃើញ​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ដែល​ត្រូវ​បាន​បុគ្គល​ឯកជន មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ ហ៊ុមព័ទ្ធ​របង​ថ្ម និង​របង​ដែក​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ​ទាល់​តែ​សោះ។

អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ជួយ​ពិចារណា​បើក​របង​ដែក ឬ​ថ្ម​ដែល​ត្រូវ​គេ​ហ៊ុមព័ទ្ធ​តំបន់​ឆ្នេរ​សមុទ្រ​ទុក​ចោល គ្មាន​ការ​អភិវឌ្ឍ មក​អភិវឌ្ឍ​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ឲ្យ​បាន​ទូលំទូលាយ​ឡើង​វិញ​នា​ថ្ងៃ​អនាគត៖ «ខ្ញុំ​ជា​សង្គម​ស៊ីវិល​គ្រាន់​តែ​សំណូមពរ​សុំ​ឲ្យ​សម្ដេច​ចុះ​ពិនិត្យ​គ្រប់​ឆ្នេរ​ទាំងអស់ គឺ​ចាប់​ពី​ឆ្នេរ​នៅ​មុខ​សាលា​ខេត្ត ឆ្នេរ​ហាវ៉ៃ ឆ្នេរ​ឯករាជ្យ ឆ្នេរ​សុខា រហូត​ដល់​អូរឈើទាល និង​ឆ្នេរ​អូរត្រេះ ស្នើ​ឲ្យ​សម្ដេច​ជួយ​ពិនិត្យ​មើល តើ​ឆ្នេរ​ទាំងអស់​ហ្នឹង​គួរ​តែ​បិទ​របង​ទុក​ចោល​មិន​ធ្វើ​ការ​អភិវឌ្ឍ ទុក​ឲ្យ​ស្មៅ​ដុះ​ទ្រុបទ្រុល និង​សាងសង់​សំណង់​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ធ្លាប់​តែ​ទូលំទូលាយ ប្រែ​ជា​តូច​ចង្អៀត​ជា​បន្តបន្ទាប់ ហើយ​ជាក់ស្តែង​ឃើញ​ថា ការ​អភិវឌ្ឍ​តែ​ឆ្នេរ​មួយ​ចំនួន​ប៉ុណ្ណោះ»

លោក ប៊ួន ណារិទ្ធិ រិះគន់​ថា ផែនការ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​របស់​រដ្ឋាភិបាល ហាក់​មិន​មាន​ការ​រីក​ចម្រើន​បាន​ច្រើន​ទេ ព្រោះ​សង្កេត​ឃើញ​ថា មាន​តំបន់​ឆ្នេរ​សមុទ្រ​ភាគច្រើន​ដែល​ត្រូវ​គេ​ហ៊ុមព័ទ្ធ​របង​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ និង​បិទ​មិន​ឲ្យ​ទេសចរ​ដើរ​ឆ្លង​កាត់ ឬ​ចូល​ទៅ​ងូត​ទឹក​កម្សាន្ត​កន្លង​មក គឺ​មិន​មាន​ការ​ផ្លាស់ប្ដូរ​ទេ ហើយ​រដ្ឋាភិបាល​ក៏​គ្មាន​ប្រតិកម្ម​អ្វី​ដែរ។

ត្រង់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធិ សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ឲ្យ​ផែនការ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ ត្រូវ​ផ្តល់​លទ្ធភាព​ឲ្យ​បាន​ស្មើ​ភាព​រវាង​ក្រុម​អាជីវករ​មាន​លទ្ធភាព​តិចតួច ក៏​អាច​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​ចូលរួម​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​ជាមួយ​រដ្ឋាភិបាល ដូច​ឈ្មួញ ឬ​ក្រុមហ៊ុន​សម្បូរ​ទ្រព្យ ទៅ​តាម​លទ្ធភាព​ជាក់ស្តែង​ដូច​គ្នា​ដែរ។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​កត់​សម្គាល់​ថា កន្លង​មក ឈ្មួញ​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច គឺ​ពួក​គេ​មាន​សិទ្ធិ​ក្នុង​ការ​សាងសង់​សំណង់​រឹងមាំ​ធំ​ស្កឹមស្កៃ​តាម​ការ​ចង់​បាន​របស់​ពួក​គេ នៅ​តាម​តំបន់​ឆ្នេរ ឬ​ដី​ចំណី​ឆ្នេរ​សមុទ្រ​បាន​ដោយ​រលូន​ថែម​ទៀត។ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ ឬ​ក្រុម​អាជីវករ​តូចតាច​វិញ ត្រូវ​រដ្ឋបាល​ខេត្ត និង​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ តែង​គាប​សង្កត់​ពួក​គេ​ជា​បន្តបន្ទាប់ និង​តម្រូវ​ឲ្យ​អនុវត្ត​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​អាជ្ញាធរ ជាដើម៖ «ប្រជាជន​ក៏​សំណូមពរ​ដែរ​ថា បើ​សិន​ជា​សម្ដេច​នាយក​រដ្ឋមន្ត្រី លោក​អភិវឌ្ឍ​ឆ្នេរ​ទាំងអស់​ហ្នឹង​បើក​ឲ្យ​ទូលំទូលាយ ដូច​ពី​ដើម​មក​វិញ គឺ​ពួក​គេ​អាច​ចូលរួម​ប្រកប​មុខ​របរ​លក់​ដូរ និង​សម្អាត​ឆ្នេរ​ទាំងអស់​ហ្នឹង​ឲ្យ​មាន​សោភណភាព និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ឲ្យ​មក​កម្សាន្ត​កាន់​តែ​ច្រើន​នា​ថ្ងៃ​ខាង​មុខ​ទៀត»

ចំណែក​អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ បង្ហាញ​ទស្សនៈ​ថា សកម្មភាព ឬ​ផែនការ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​របស់​រដ្ឋាភិបាល ហាក់​មិន​ទាន់​មាន​តម្លាភាព​រវាង​ឈ្មួញ ឬ​ក្រុមហ៊ុន​មាន​ទ្រព្យ និង​អាជីវករ​តូចតាច​នោះ​ទេ។ អ្នកស្រី​បន្ត​ថា ឈ្មួញ ឬ​ក្រុមហ៊ុន​ធំៗ ពួក​គេ​មាន​ឱកាស​អាច​សាងសង់​សំណង់​អគារ​ធំ​ស្កឹមស្កៃ​រាប់​សិប​ជាន់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ ឬ​នៅ​ជាប់​ដី​ចំណី​ឆ្នេរ​សមុទ្រ​ដោយ​រលូន ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ ឬ​ក្រុម​អាជីវករ​ខ្វះ​លទ្ធភាព គឺ​គ្មាន​ឱកាស​ដូចនេះ​ទេ៖ «សម្ដេច​នាយក​រដ្ឋមន្ត្រី លោក​បាន​អញ្ជើញ​មក​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ជា​ញឹកញាប់។ ដូច្នេះ​លោក​បាន​ឃើញ​ស្រាប់​ហើយ​ថា អ្វី​ដែល​ជា​ការ​និយាយ ឬ​លើក​ឡើង​ហ្នឹង គឺ​លោក​មិន​បាន​ឃើញ​ទៅ​ចុះ​នា​ពេល​កន្លង​មក ប៉ុន្តែ​ពេល​នេះ លោក​មក​ញឹកញាប់ លោក​ក៏​បាន​ឃើញ​ហើយ​នូវ​ការ​បិទ​របង​ថ្មី ឬ​ដែក​ហ៊ុមព័ទ្ធ​ឆ្នេរ​មួយ​ចំនួន។ ប៉ុន្តែ​បើ​ក្រុមហ៊ុន​ទាំងនោះ​នឹង​ធ្វើ​ការ​អភិវឌ្ឍ ត្រូវ​ជំរុញ​ឲ្យ​មាន​សកម្មភាព​អភិវឌ្ឍ​ឲ្យ​បាន​ឆាប់​រហ័ស​នៅ​ក្នុង​ឆ្នាំ​២០១៧ នេះ»

អ្នកស្រី សុធារី បន្ត​ថា បច្ចុប្បន្ន សំណង់​រឹងមាំ​មួយ​ចំនួន​ត្រូវ​ក្រុមហ៊ុន​សាងសង់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​បាន​ដោយ​រលូន មាន​ដូចជា​សំណង់​កំពុង​សាងសង់​នៅ​តាម​ឆ្នេរ​ឯករាជ្យ ឆ្នេរ​សុខា និង​ឆ្នេរ​ពយ​កំពេញ ជាដើម។ ជាង​នេះ​ទៀត ឆ្នេរ​មួយ​ចំនួន​នៅ​បន្ត​បិទ​របង​ថ្ម និង​ដែក គ្មាន​ការ​អភិវឌ្ឍ​នៅ​បន្ត​ហ៊ុមព័ទ្ធ​របង​មិន​ឲ្យ​ទេសចរ​ដើរ​ឆ្លង​កាត់​ដដែល។ បញ្ហា​នេះ អ្នកស្រី សុធារី បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឈាន​ដល់​ដក​ហូត​ឆ្នេរ​ពី​ឯកជន ដែល​គ្មាន​សកម្មភាព​អភិវឌ្ឍ មក​ធ្វើ​ការ​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ឲ្យ​ខេត្ត​ព្រះសីហនុ មាន​ទីធ្លា​ធំ​ទូលាយ។

អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ ស្នើ​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ដែល​កំពុង​មាន​វត្តមាន​នៅ​ខេត្ត​ព្រះសីហនុ នា​ឱកាស​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​ថ្មី​២០១៧ សូម​ជួយ​អន្តរាគមន៍​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ដែល​ក្រុមហ៊ុន និង​ឈ្មួញ​ហ៊ុមព័ទ្ធ​របង​ទុក​ចោល គ្មាន​ការ​អភិវឌ្ឍ យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​អភិវឌ្ឍ​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ឲ្យ​បាន​ទូលំទូលាយ​ជាង​ពេល​បច្ចុប្បន្ន៖ «ហើយ​បើ​ក្រុម​ទាំងនោះ​មិន​បាន​ធ្វើ​សកម្មភាព​អភិវឌ្ឍ​នៅ​លើ​ដី ដែល​ហ៊ុមព័ទ្ធ​របង​បិទ​ឆ្នេរ​សមុទ្រ​ទាំងនោះ​ទេ គួរ​តែ​ដក​ហូត​អាជ្ញាប័ណ្ណ ហើយ​ប្រគល់​ទីតាំង​នោះ​មក​ឲ្យ​អាជ្ញាធរ​ខេត្ត ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​រៀបចំ​តំបន់​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​រមណីយដ្ឋាន ឬ​ឲ្យ​ក្លាយ​ទៅ​ជា​សួនច្បារ​ជាដើម ដើម្បី​ឲ្យ​តំបន់​ឆ្នេរ​នេះ​មាន​ទីកន្លែង​ច្រើន​សម្រាប់​ការ​ចូល​មក​កម្សាន្ត​លេង​របស់​ភ្ញៀវ​ទេសចរ»

ទាក់ទិន​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ឱកាស​ចូលរួម​បើក​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៥ ជុំ​ទី​២ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ នា​ខេត្ត​ព្រះសីហនុ លោក​បាន​រំឭក​ដល់​រដ្ឋបាល​ខេត្ត​នេះ និង​ផ្នែក​ពាក់ព័ន្ធ ឲ្យ​ស្វែងរក​ទីតាំង​សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ ឬ​ប្រជាពលរដ្ឋ​ចូល​មក​កម្សាន្ត​នា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទូលំទូលាយ​សម្រាប់​ការ​សម្រាក​លំហែ​កាយ ឬ​ងូត​ទឹក​កម្សាន្ត ជាដើម។

បន្ថែម​លើ​នេះ ប្រមុខ​ដឹកនាំ​នា​ឱកាស​អម​ដង្ហែ​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ​សម្ដេច​យាយ សម្ដេច​យាយ​ទួត យាង​ទត​ខេត្ត​ព្រះសីហនុ តាម​ព្រះ​ទីន័ង​រថភ្លើង។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ពី​បាន​ឆ្លៀត​ពេល​ចុះ​ជួប​សួរ​សុខ​ទុក្ខ​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស និង​បាន​ជួយ​ដោះស្រាយ​សំណូមពរ​ផ្តល់​ជូន​អគារ​សិក្សា និង​សម្ភារ​សម្រាប់​ប្រើប្រាស់​ក្នុង​ការិយាល័យ និង​សម្ភារ​សិក្សា​ជាច្រើន​មុខ​មាន​កុំព្យូទ័រ​ជាដើម ជូន​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​បំពេញ​តាម​តម្រូវ​ការ​ភ្លាមៗ​នៅ​តាម​សាលា​ចំនួន ៦​ទីតាំង​ផ្សេង​គ្នា កាល​ពី​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​ធ្នូ។ លោក​ក៏​ឆ្លៀត​ពេល​ចេញ​ទៅ​លំហែ​នៅ​តាម​តំបន់​ឆ្នេរ​មួយ​ចំនួន​ជាមួយ​ភរិយា ហើយ​បាន​ថត​រូប​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ថែម​ទៀត។ នា​ឱកាស​នោះ ប្រមុខ​ដឹកនាំ​បាន​សរសេរ​សារ​បញ្ជាក់​ខ្លី​ថា «សល់​ពេល​បន្តិច​មិន​ភ្លេច​ឆ្នេរ​សមុទ្រ​ដែល​ជា​តារា​រះ​នៅ​ទិស​និរតី»

ត្រង់​ចំណុច​នេះ សាធារណជន និង​អ្នក​ឃ្លាំ​មើល​សង្គម បាន​ទទូច​ដល់​ប្រមុខ​ដឹកនាំ​ឲ្យ​ជួយ​បើក​តំបន់​ឆ្នេរ​ដែល​ត្រូវ​គេ​ហ៊ុមព័ទ្ធ​របង​ទុក​ចោល គ្មាន​ការ​អភិវឌ្ឍ​ជា​យូរ​ឆ្នាំ​មក ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ឬ​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ទៅ​កម្សាន្ត​ឲ្យ​បាន​ទូលំទូលាយ​នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។