មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើវិស័យដីធ្លី និងធនធានធម្មជាតិ ស្នើឲ្យក្រុមហ៊ុន អិម.ឌី.អែស (MDS) របស់ លោកឧកញ៉ា ទ្រី ភាព និងអាជ្ញាធរខេត្តពោធិ៍សាត់ បង្កើតយន្តការច្បាស់លាស់ ដើម្បីពន្លឿនការដោះស្រាយបញ្ចប់បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់ថ្មដា នៃស្រុកវាលវែង។
តំណាងក្រុមហ៊ុនអះអាងថា ខ្លួននៅតែប្រកាន់ជំហរដោះស្រាយជាមួយប្រជាពលរដ្ឋ ដោយពុំមានការគេចវេសឡើយ ប៉ុន្តែការដោះស្រាយនោះ ត្រូវតែផ្អែកលើឯកសារផ្លូវច្បាប់ និងការកាន់កាប់ដីជាក់ស្ដែង។
មន្ត្រីផ្នែកអង្កេតគម្រោងដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក (Adhoc) លោក យី សុខសាន្ដ មានប្រសាសន៍នៅថ្ងៃទី២៤ ខែកក្កដា ថា អ្នកភូមិសង្គមថ្មី ចំនួន ២១គ្រួសារ ដែលមានផ្ទៃដីសរុបចំនួន ១៩៥ហិកតារ ក្នុងនោះដីប្រើប្រាស់ជាក់ស្ដែងមានចំនួន ៧០ហិកតារ កំពុងតែមានទំនាស់ជាមួយក្រុមហ៊ុន អិម.ឌី.អែស។ ចំណែកពលរដ្ឋនៅភូមិឯកភាព និងភូមិកណ្ដាល នៃឃុំថ្មដា ក៏មានបញ្ហាដូចគ្នានេះដែរ ប៉ុន្តែខាងលោកមិនទាន់បានសិក្សាអំពីចំនួនគ្រួសារដែលរងផលប៉ះពាល់ពិតប្រាកដនៅឡើយ។
លោក យី សុខសាន្ដ ថ្លែងរិះគន់ថា អាជ្ញាធរជាអ្នកទទួលខុសត្រូវក្នុងការដោះស្រាយបញ្ចប់បញ្ហានេះ ប៉ុន្តែកន្លងទៅ គ្រាន់តែបានសន្យាថានឹងដោះស្រាយជូនប្រជាពលរដ្ឋ តែពុំមានយន្តការច្បាស់លាស់ គឺដោះស្រាយទៅតាមការយោគយល់ព្រមព្រៀងគ្នា។ បច្ចុប្បន្ន អ្នកភូមិរងនូវការគំរាមកំហែង និងប្ដឹងផ្ដល់ពីមន្ត្រីជំនាញបរិស្ថាន នៅពេលដែលពួកគាត់ទៅកាប់រានប៉ះលើដីកំពុងមានជម្លោះជាមួយក្រុមហ៊ុន ដោយលោកងឿងឆ្ងល់ថា ហេតុអ្វីបានជាមន្ត្រីបរិស្ថាន គឺជាអ្នកប្ដឹងប្រជាពលរដ្ឋទៅវិញ៖ «អ្នកដែលមានសិទ្ធិក្នុងការដោះស្រាយ គឺអាជ្ញាធរខេត្ត ជាពិសេសចៅហ្វាយខេត្តតែម្ដង ប៉ុន្តែគាត់ហាក់ដូចជាមានចេតនាមួយគេចពួកយើងមិនឲ្យជួបក្នុងការចរចាពិភាក្សា។ យើងមើលទៅដូចគាត់គ្មានឆន្ទៈតែម្ដង ព្រោះយើងធ្វើលិខិតស្នាមស្នើសុំជូនគាត់ហ្នឹង វាបីលើកហើយ គាត់គេចរហូត»។
ទាក់ទងបញ្ហានេះ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ដោយលោកប្រាប់ថា កំពុងជាប់រវល់មិនអាចរំខានលោកបាន។ ចំណែកនាយកគ្រប់គ្រងក្រុមហ៊ុន អិម.ឌី.អែស (MDS) ប្រចាំមណ្ឌលខេត្តពោធិ៍សាត់ លោក ឃៀង សុជីវ័ន្ដ ថ្លែងបញ្ជាក់ថា ខាងក្រុមហ៊ុនមិនបានសិក្សាលម្អិតថា តើបច្ចុប្បន្នមានពលរដ្ឋប៉ុន្មានគ្រួសារដែលរងផលប៉ះពាល់នោះទេ ប៉ុន្តែកន្លងទៅ ក្រុមហ៊ុនធ្លាប់ជួលអ្នកជំនាញឯកទេសមកសិក្សាពីផលប៉ះពាល់ឃើញថា ផ្ទៃដីដែលក្រុមហ៊ុនទទួលបានពីរាជរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍ គឺប៉ះពាល់ប្រជាពលរដ្ឋចំនួន ៥៣គ្រួសារ ហើយគ្រួសារទាំងនោះភាគច្រើនទទួលបានការដោះស្រាយហើយ៖ «យើងអត់បានសិក្សាទៅលើអស់ហ្នឹងទេ ដោយសារតែដីយើងវាធំ ហើយតំបន់ហ្នឹង គឺជាតំបន់មីនទៀត អ៊ីចឹងយើងធ្វើការអភិវឌ្ឍដល់ត្រឹមកន្លែងណា ឮថាមានអ្នកនេះអ្នកនោះចេញមុខ អ៊ីចឹងយើងសុំឯកសារគាត់មើលថា តើដីគាត់បានពីណាពីណីមកអ៊ីចឹង ដឹងថា ប៉ះប៉ុន្មានអីប៉ុន្មានតាមដំណើរ អ៊ីចឹងអត់ទាន់បានសិក្សាលម្អិត»។
លោកបញ្ជាក់ថា ប្រការដែលមន្ត្រីជំនាញហាមឃាត់ ឬប្ដឹងពលរដ្ឋនៅពេលដែលពួកគាត់កាប់រានប៉ះលើដីក្រុមហ៊ុននោះ គឺដោយសារតែផ្ទៃដីទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងសាមី។ លោកថា សូម្បីតែក្រុមហ៊ុនមុននឹងធ្វើការឈូសឆាយលើចំណុចណាមួយ ដើម្បីអភិវឌ្ឍ ក៏ត្រូវឆ្លងយោបល់ពីមន្ត្រីជំនាញដែរ។
ប្រជាពលរដ្ឋម្នាក់ដែលប្ដីកំពុងជាប់បណ្ដឹងនៅតុលាការ ទាក់ទងរឿងដីធ្លីនេះ អ្នកស្រី យ៉ុង រ៉ាន់ មានប្រសាសន៍ថា គ្រួសារអ្នកស្រីមានដីចំនួន ៦ហិកតារ បានកាន់កាប់តាំងពីអំឡុងឆ្នាំ១៩៩៩ និងមានប័ណ្ណស្នើសុំកាន់កាប់ដីនោះត្រឹមត្រូវ ហើយទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំ និងសុរិយោដីស្រុកទៀតផង ប៉ុន្តែគេនៅតែមិនដោះស្រាយឲ្យរហូតមកដល់បច្ចុប្បន្ន៖ «អត់ភាគតិចណាស់លោកពូ អាចអត់ត្រឹម ២គ្រួសារ បីគ្រួសារអស់ហើយ អាហ្នឹងគ្នាក្រីក្រអត់មានលុយធ្វើបង្កាន់ដៃហ្នឹងលោកពូ។ ចា៎! ខ្ញុំសំណូមពរឲ្យរាជរដ្ឋាភិបាល ហើយនិងអង្គការនានា សង្គមស៊ីវិលហ្នឹង សូមឲ្យគាត់ជួយជំរុញដោះស្រាយឲ្យប្រជាពលរដ្ឋ»។
ក្រុមហ៊ុន អិម.ឌី.អែស ចាប់ផ្ដើមមានជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ តាំងពីឆ្នាំ២០១០។ ក្រៅពីបញ្ហានេះ ក្រុមហ៊ុនក៏ធ្លាប់រងនូវការរិះគន់ថា មិនបានអភិវឌ្ឍអ្វីសោះ ក្រៅពីការកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិ ប៉ុន្តែខាងតំណាងក្រុមហ៊ុនអះអាងថា ល្បឿននៃការអភិវឌ្ឍ ពិតជាមានការយឺតយ៉ាវបន្តិចមែន ដោយសារតែកត្តាភូមិសាស្ត្រផ្លូវលំបាកចេញចូល និងជាតំបន់សម្បូរទៅដោយគ្រាប់មិនទាន់ផ្ទុះ។ យ៉ាងណា បច្ចុប្បន្នក្រុមហ៊ុនបានសាងសង់អគារកាស៊ីណូ សម្រេចពី ៤០ ទៅ ៥០ភាគរយ ហើយចំណែកដំណាំកៅស៊ូ និងម្រេច បានចំនួន ២០ហិកតារ ហើយក្រុមហ៊ុនកំពុងតែរៀបចំដីទំហំជាង ១០ហិកតារទៀត ដើម្បីដាំកៅស៊ូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
