សង្គម​ស៊ីវិល​ស្នើ​ឲ្យ​លុប​ចោល​គម្រោង​ដី​សម្បទាន​ពី​ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព

អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ពិនិត្យ​មើល និង​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន អិម.ឌី.អែស (MDS) របស់ លោក​ឧកញ៉ា ទ្រី ភាព នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។

0:00 / 0:00

ការ​ស្នើ​នេះ បន្ទាប់​ពី​ក្រុម​ការងារ​របស់​អង្គការ​នេះ ចុះ​ស៊ើប​អង្កេត​រយៈពេល ២​ថ្ងៃ​នៅ​តំបន់​នោះ​ឃើញ​ថា ពុំ​មាន​ការ​អភិវឌ្ឍ​អ្វី​ក្រៅ​តែ​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ច្បាម​យក​ដី​របស់​ប្រជាពលរដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​នោះ​ទេ។

នាយក និង​ក្រុម​ការងារ​នៃ​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ចំនួន ៣​រូប នៅ​ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់​ស្ដែង​អំពី​ស្ថានភាព​រស់​នៅ និង​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ភូមិ​សង្គមថ្មី ភូមិ​ឯកភាព និង​ភូមិ​កណ្ដាល នៃ​ឃុំ​ថ្មដា ឃើញ​ថា មាន​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​បំផ្លាញ​ផល​ដំណាំ និង​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្បែរ​ក្រុមហ៊ុន អិម.ឌី.អែស។

នាយក​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា បញ្ហា​ដីធ្លី​របស់​អ្នក​ភូមិ​ទាំង​បី​ភូមិ នៃ​ឃុំ​ថ្មដា នេះ​អាច​ដោះស្រាយ​បាន ឬ​មិន​បាន គឺ​អាស្រ័យ​ទៅ​លើ​ប្រជាពលរដ្ឋ​ចេះ​រួប​រួម​គ្នា និង​ចេះ​ប្រើប្រាស់​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​ខ្លួន​ឯង​ប៉ុណ្ណោះ៖ «តាំង​ពី​ឆ្នាំ​២០១០ មក អត់​មាន​ការ​អភិវឌ្ឍ​អ្វី​ទាំងអស់ ក្រៅ​អំពី​កាប់​ឈើ ក្រៅ​អំពី​ជួញ​ដូរ​គ្រញូង ហើយ​យក​ដី​ប្រជាជន​ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ប៉ុណ្ណឹង សូម​ឲ្យ​រដ្ឋាភិបាល​លុប​សិទ្ធិ​សម្បទាន​ក្រុមហ៊ុន​ហ្នឹង​ចោល​តែ​ម្ដង ព្រោះ​ថា​មិន​មាន​ការ​អភិវឌ្ឍ​អ្វី​ទាំងអស់ ហើយ​ដក​ហូត​ដី​ទៅ​ឲ្យ​ប្រជាជន​វិញ។ ប្រសិន​រដ្ឋាភិបាល​ធ្វើ​មិន​បាន​ទេ គឺ​ម្ចាស់​ឆ្នោត​គាត់​ប្រើប្រាស់​សិទ្ធិ​របស់​គាត់​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​ហើយ»

លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ជាង ៨០​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អិម.ឌី.អែស មក​ពី​ភូមិ​ចំនួន​៣ គឺ​ភូមិ​ឯកភាព ភូមិ​កណ្ដាល និង​ភូមិ​សង្គមថ្មី នឹង​មាន​តំណាង​របស់​ខ្លួន​ក្នុង​មួយ​ភូមិ ២​នាក់​ឡើង ទៅ​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ពី​ទុក្ខ​កង្វល់​នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

តំណាង​អ្នក​ភូមិ​កណ្ដាល ម្នាក់ គឺ​អ្នកស្រី ផាន់ ចាន់ណា ថ្លែង​ថា ក្រុម​អ្នក​ភូមិ​ដែល​មាន​បញ្ហា​ដីធ្លី​ជាង ២០​គ្រួសារ នៅ​ក្នុង​ភូមិ​របស់​អ្នកស្រី បាន​សម្ដែង​នូវ​សេចក្ដី​ត្រេកអរ និង​សង្ឃឹម​ថា ពួក​គាត់​នឹង​ទទួល​បាន​ដី​ដែល​បាន​បាត់​បង់​មក​វិញ ក្រោយ​ពី​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល៖ «គាត់​ទៅ គាត់​និយាយ​ដែរ​ថា គាត់​នឹង​សុំ​ទៅ​សមាគម​អាដហុក (Adhoc) អង្គការ​លីកាដូ (Licadho) អាស៊ីសេរី អី​ហ្នឹង គាត់​នឹង​វិភាគ អ៊ីចឹង​ទៀត​នឹង​ជួយ​ឲ្យ​បង​ប្អូន​ប្រជាជន​យើង​ហ្នឹង​បាន​ដីធ្លី​វិល​មក​វិញ»

ចំណែក​ឯ​តំណាង​អ្នក​ភូមិ​ម្នាក់​ទៀត​នៅ​ភូមិ​សង្គមថ្មី អ្នកស្រី ឡេង វាន់ឌឿន បន្ថែម​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ អ្នកស្រី​នឹង​ដើរ​ប្រមូល​ឈ្មោះ និង​ទំហំ​ដី​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ដែល​រង​ផល​ប៉ះពាល់​ពិត​ប្រាកដ ដាក់​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ នៅ​ពេល​ដែល​មាន​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ខាង​មុខ។

ទាក់ទង​នឹង​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន អិម.ឌី.អែស លោក សាន់ សាវិន បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​អភិវឌ្ឍ​តាម​គោលការណ៍​បាន​ពី ៤០% ទៅ ៥០% ហើយ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​ក្រុមហ៊ុន​មិន​បាន​អភិវឌ្ឍ​អ្វី​សោះ ក្រៅ​ពី​ការ​ជួញ​ដូរ​ឈើ​គ្រញូង កាប់​បំផ្លាញ​ព្រៃ​ឈើ និង​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ គឺ​ជា​រឿង​មិន​ពិត៖ «ប្រជាជន​មួយ​ចំនួន​ដែល​គាត់​កាប់​ទន្ទ្រាន​កាន់​កាប់ ហើយ​ពាក់ព័ន្ធ​ហ្នឹង ទាល់​តែ​លោក​ស៊ើប​ប្រវត្តិ​ឲ្យ​ច្បាស់​ថា ដី​ដែល​គាត់​ចោទ​ប្រកាន់​ថា​ក្រុមហ៊ុន​រំលោភ​ដី​ហ្នឹង គាត់​បាន​មក​យ៉ាង​ម៉េច គាត់​បាន​មក​ពី​ការ​កាប់​ទន្ទ្រាន​ដោយ​ខុស​ច្បាប់ ឬ​ក៏​គាត់​បាន​មក​ពី​លក់​ដូរ​ដោយ​មិន​ស្រប​ច្បាប់»

លោក​បញ្ជាក់​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ចុះ​ទៅ​អង្កេត​ជុំវិញ​បញ្ហា​នេះ គប្បី​ផ្ដល់​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន ឬ​តំណាង​ក្រុមហ៊ុន ដើម្បី​ចុះ​ពិនិត្យ​មើល​ភាព​ជាក់​ស្ដែង​រួម​គ្នា ជៀសវាង​ការ​ស្ដាប់ ហើយ​ជឿ​ជាក់​តែ​ទៅ​លើ​ភាគី​ម្ខាងៗ។

នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១០ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង ៤​ពាន់​ហិកតារ ស្ថិត​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ទៅ​ឲ្យ​ក្រុមហ៊ុន អិម.ឌី.អែស របស់​លោក​ឧកញ៉ា ទ្រី ភាព ដើម្បី​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ដាំ​ដំណាំ​កសិឧស្សាហកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។