ក្រុមអង្គការមិនមែនរដ្ឋាភិបាល សាទរចំពោះរបាយការណ៍របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលរកឃើញថា វិបត្តិដីធ្លីនៅកម្ពុជា បានថយចុះ ក៏ប៉ុន្តែទន្ទឹមនឹងនេះ សង្គមស៊ីវិលឲ្យដឹងថា វិបត្តិដីធ្លីដែលបានអូសបន្លាយអស់ពេលជាច្រើនឆ្នាំនេះ បានក្លាយទៅជាជំងឺមហារីកដែលពិបាកព្យាបាលទៅវិញ។
ថ្វីបើមន្ត្រីរដ្ឋាភិបាលទទួលបន្ទុកដោះស្រាយវិវាទដីធ្លីអះអាងថា កម្ពុជា នឹងមិនមានបដិវត្តន៍ដីធ្លីយ៉ាងណាក៏ដោយចុះ ប៉ុន្តែសង្គមស៊ីវិលយល់ឃើញថា ជម្លោះដីធ្លីនេះនៅតែជាការប្រឈម ហើយមធ្យោបាយនៃការដោះស្រាយដើម្បីបញ្ចប់វិបត្តិនេះ នៅតែពុំទាន់អាចរកច្រកចេញបាននៅឡើយ។
របាយការណ៍របស់អង្គការលីកាដូ (LICADHO) រកឃើញថា បើទោះជាឆ្នាំ២០១៥ វិបត្តិដីធ្លីបានថយចុះជាងឆ្នាំ២០១៤ អង្គការលីកាដូ នៅទទួលបានបណ្ដឹងចំនួន ៩៨ករណី បើធៀបក្នុងឆ្នាំ២០១៤ ដែលមានវិវាទដីធ្លីរហូតដល់ ១១២ករណីនោះ។
អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងថា ជម្លោះដីធ្លីនៅតែជាការគំរាមកំហែងការរស់នៅរបស់ប្រជាពលរដ្ឋនៅឡើយ។ ម្យ៉ាងវិញទៀត អ្វីដែលក្រសួងដែនដី រកឃើញថា វិបត្តិដីធ្លីត្រូវបានកាត់បន្ថយតាមរយៈយន្តការរបស់រដ្ឋាភិបាលនោះ វាគឺគ្រាន់តែជាផ្នែកមួយ ក៏ប៉ុន្តែនៅមានរឿងច្រើនណាស់ដែលរដ្ឋាភិបាលនៅមិនទាន់បានដោះស្រាយចំបញ្ហានៅឡើយ។ លោកបន្តថា «យើងពិនិត្យទៅលើបញ្ហាជាក់ស្តែង។ យើងមិនថាមិនទទួលស្គាល់ទេនូវការ ខិតខំប្រឹងប្រែង ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ។ យើងឃើញថា ចាប់តាំងពី ប្រមុខរដ្ឋាភិបាលដែលដាក់ បទបញ្ជា រហូតលោកព្រមានដល់ខេត្តណាដែលអ្នកតវ៉ាដីធ្លីឡើងមកតវ៉ាដល់ភ្នំពេញ គឺខេត្ត ត្រូវទទួល ខុសត្រូវ ។ ចំពោះបញ្ហាទាំងអស់នោះ ឃើញមានការដោះស្រាយ ប៉ុន្តែជាក់ស្ដែងបញ្ហាដីធ្លីនៅតែជាកង្វល់នៅឡើយ»។
នៅក្នុងសន្និបាតបូកសរុបការងារ និងលើកទិសដៅនៅឆ្នាំ២០១៦ កាលពីថ្ងៃទី២៩ កុម្ភៈ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកដោះស្រាយដីធ្លី លោក ប៊ិន ឈិន អះអាងថា កម្ពុជា នឹងមិនមានបដិវត្តន៍ដីធ្លី ដូចការព្រមានរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ក្នុងពេលកន្លងទៅនោះទេ។ ម្យ៉ាងទៀតនៅក្នុងឆ្នាំ២០១៥ កន្លងទៅនេះ គណៈកម្មការសុរិយោដី ដែលជាសេនាធិការរបស់រដ្ឋាភិបាល បានដោះស្រាយបញ្ចប់វិវាទដីធ្លី ៦៣៧ករណី ក្នុងចំណោមនោះ ៣៧៦ករណីដោះស្រាយបានជោគជ័យ ខណៈជម្លោះ ១៩២ករណីទៀតត្រូវទុកជាមោឃៈ ឬជាវិវាទដែលត្រូវបដិសេធចោល។
ជុំវិញរឿងនេះ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ សាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងដែនដី នេះ ក៏ប៉ុន្តែលោកយល់ឃើញថា ការដោះស្រាយនេះប្រហែលជាមិនទាន់ចំបញ្ហាដែលមានវិវាទពិតប្រាកដនៅឡើយទេ។ លោកបន្តថា «ជួនកាលអាចការព្យាបាលហ្នឹងវាខុសកន្លែង គឺថាទំនាស់កើតឡើងនៅកន្លែងដែលមានបញ្ហាដីថ្លៃៗ ក៏ប៉ុន្តែគេមិនដោះស្រាយនៅកន្លែងហ្នឹងទេ បែរជាទៅដោះស្រាយកន្លែងផ្សេងដែលវាមិនចំកន្លែងជំងឺ ។ ខ្ញុំគិតថា គួរពន្លឿន ហើយដាក់អាទិភាពកន្លែងណាដែលក្ដៅៗ»។
កាលពីដើមខែមីនា ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងភាគីពាក់ព័ន្ធ ត្រូវចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងក្រុមហ៊ុនដែលទទួលសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ច ហើយមិនអនុវត្តទៅតាមគោលការណ៍នៃកិច្ចសន្យាទេ ត្រូវដកហូតជាដីសម្បទានសង្គមកិច្ចវិញ។
កន្លងទៅ រដ្ឋាភិបាលបានផ្ដល់សិទ្ធិវិនិយោគឲ្យក្រុមហ៊ុនឯកជន តាមរយៈគោលនយោបាយសម្បទានដីសេដ្ឋកិច្ចជាង ២លានហិកតារ។ ក្រោយពីមានភាពចម្រូងចម្រាសក្នុងអំឡុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ រហូតមានការគំរាមពីសង្គមស៊ីវិលថា បើរដ្ឋាភិបាលពុំមានវិធានការជាក់លាក់ទេ កម្ពុជា អាចនឹងមានបដិវត្តន៍ដីធ្លី។ បន្ទាប់មកទើប លោក ហ៊ុន សែន សម្រេចដកហូតដីជិត ១លានហិកតារវិញទុកជាដីសម្បទានសង្គមកិច្ច សម្រាប់ពលរដ្ឋដែលខ្វះខាតដីប្រើប្រាស់ជាក់ស្ដែង។
លោក សៀ ភារម្យ យល់ឃើញថា ថ្វីបើបញ្ហានៃវិវាទដីធ្លីត្រូវបានកាត់បន្ថយតាមរយៈគោលនយោបាយដែលលោកនាយករដ្ឋមន្ត្រីដាក់ចេញក្តី ជម្លោះដីធ្លី ជាពិសេសដីដែលប៉ះចំក្រុមហ៊ុនធំៗមួយចំនួន ដូចជានៅតំបន់បឹងកក់ ឬតំបន់ផ្សេងទៀត នៅតែជាការប្រឈមនៅឡើយ។ លោកមើលឃើញថា បញ្ហាដែលបានដោះស្រាយរួចមកហើយនេះ ភាគច្រើនប្រហែលជាដីមិនស្ថិតនៅក្នុងវិវាទ ដែលផ្ដើមចេញពីគោលការណ៍នៃសម្បទានដីសេដ្ឋកិច្ចនោះទេ។ លោកបន្តថា «យើងឃើញថាជាលក្ខណៈមួយដែលហៅថាមានការផ្លាស់ប្ដូរឥរិយាបថក្នុង ការដោះស្រាយ និងផ្ដល់ សំណង។ ការជជែកជាមួយពលរដ្ឋនេះជាការល្អប្រសើរ ក៏ប៉ុន្តែទំនាស់នៃ បញ្ហាដីធ្លី មិនមានការថមថយទេ»។
ក្នុងអំឡុងឆ្នាំ២០១១ គឺជាឆ្នាំដែលវិបត្តិដីធ្លីបានផ្ទុះឡើងខ្លាំងជាងគេបំផុត។ គេនៅចាំបានថា ឆ្នាំ២០១១ គឺជាឆ្នាំដែលរដ្ឋាភិបាលបានផ្តល់សម្បទានដីសេដ្ឋកិច្ចច្រើនជាងគេបំផុត។
របាយការណ៍ដែលចេញផ្សាយដោយសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) រកឃើញថា ឆ្នាំ២០១១ នេះហើយដែលធ្វើឲ្យរដ្ឋាភិបាលសម្រេចកាត់ដីចេញពីឧទ្យានជាតិ ពីតំបន់ការពារសត្វ និងរុក្ខជាតិ តាមរយៈការធ្វើអនុប្រយោគពីដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ មកជាដីកម្មសិទ្ធិឯកជនរបស់រដ្ឋវិញ។ ក្នុងឆ្នាំដដែលនេះដែរ រដ្ឋាភិបាលបានចេញអនុក្រឹត្យចំនួន ១២៣អនុក្រឹត្យ ដើម្បីផ្តល់សម្បទានដីសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនដែលមានផ្ទៃដីចំនួនជាង ៧០ម៉ឺនហិកតារ (៧៥១.៨៨២ហិកតារ)។
ស្របពេលហិង្សាដីធ្លីបានឡើងកម្តៅកាន់តែខ្លាំងនៅពេលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារនយោបាយដោយទទួលស្គាល់ថា បដិវត្តន៍ដីធ្លីអាចនឹងកើតឡើង បើមិនទប់ស្កាត់ទេ រហូតបង្ខំចិត្តចេញបទបញ្ជាលេខ០១ ដើម្បីដោះស្រាយដីធ្លីផងដែរ។
លោក អំ សំអាត យល់ឃើញថា បើសិនរដ្ឋាភិបាលនៅតែបណ្តែតបណ្តោយទៀត បញ្ហាប្រឈមកាលពី ៦ឆ្នាំមុន អាចនឹងកើតឡើងជាថ្មីទៀត។ រឹតតែជាបញ្ហានោះនៅត្រង់ថា ការដោះស្រាយបើមិនផ្អែកលើគោលការណ៍តម្លាភាព និងអព្យាក្រឹត្យទេ ជម្លោះដែលបង្កឡើងពីបញ្ហាដ៏តិចតួចនេះ នឹងបណ្ដាលឲ្យក្លាយជាជំងឺដ៏រ៉ាំរ៉ៃថែមទៀត។ លោកបន្តថា «បើសិនជារដ្ឋាភិបាលនៅតែបន្ត យកចិត្ត ទុកដាក់ ដូចបច្ចុប្បន្ន ក្នុងការដោះស្រាយ ជូនពលរដ្ឋ អាហ្នឹងវាមិនអីទេ ប៉ុន្តែបើយើងធ្វើការឆកល្វែង ហើយមិនសូវអើពើ អាច វិវឌ្ឍន៍ ទៅ រកឆ្នាំ២០១១ និងឆ្នាំ២០១២ ដែលជាឆ្នាំមួយចាត់ទុកថាវិបត្តិដីធ្លីបានកក្រើកឡើង»។
របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ចេញផ្សាយកាលពីពេលកន្លងទៅនេះ រកឃើញថា ការប្រើប្រាស់ និងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ក៏កាន់តែកើនឡើងដែរ។ របាយការណ៍ដដែលឲ្យដឹងទៀតថា ឆ្នាំ២០១១ មានមនុស្សយ៉ាងតិចជាង ៤០០នាក់ (៤២៧នាក់) ត្រូវរងការចោទប្រកាន់ ក្នុងនោះមានមនុស្ស ៩៥នាក់ ត្រូវបានចាប់ខ្លួន ហើយរហូតមកដល់នឹងពេលនេះ នៅមានមនុស្ស ៤៨នាក់ទៀតដែលកំពុងនៅជាប់ឃុំឃាំងនៅឡើយ។
លើសពីនេះទៀត អ្នកនៅសល់ពីនេះ កំពុងរត់គេចខ្លួន ឬរង់ចាំការកាត់ក្តីពីតុលាការ។ ក្នុងចំណោមអ្នកទាំងនោះ ក៏មានមន្ត្រីសិទ្ធិមនុស្ស តំណាងរាស្ត្រ អ្នកសារព័ត៌មាន មេធាវី សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងជំទប់ឃុំមួយចំនួនផងដែរ។ របាយការណ៍នេះក៏រកឃើញដែរថា ជម្លោះដីធ្លីកើតឡើងភាគច្រើន បណ្ដាលមកពីការផ្ដល់សម្បទានដីសេដ្ឋកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
