ក្រុមសង្គមស៊ីវិលជិត ២០អង្គភាពនៅខេត្តព្រះសីហនុ ត្រៀមលើកយកបញ្ហាប្រឈមដែលកើតមាននាមូលដ្ឋាននេះ មានដូចជា ករណីរំលោភចំណីមាត់បឹងព្រែកទប់ និងដីអនុក្រឹត្យលេខ៧៦ សម្រាប់រក្សាប្រភពទឹកស្អាត ជាដើម ដាក់ជូនអភិបាលខេត្តព្រះសីហនុ បំភ្លឺ ដើម្បីរួមគ្នារកដំណោះស្រាយ។
បណ្ដាញអង្គការមិនមែនរដ្ឋាភិបាល ឬហៅថា បណ្ដាញតស៊ូមតិដែលមានអង្គការសមាគមជិត ២០ស្ថាប័នជាសមាជិកនៅខេត្តព្រះសីហនុ នឹងបើកកិច្ចប្រជុំលើកយកបញ្ហាប្រឈមមួយចំនួន ដែលបានកើតមាននាមូលដ្ឋាននេះ ប៉ុន្តែអាជ្ញាធរខេត្តមិនទាន់បានដោះស្រាយ យកទៅពិភាក្សានៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ។
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម មានប្រសាសន៍ថា លទ្ធផលដែលទទួលបានពីកិច្ចប្រជុំនេះ នឹងដាក់ជូនទៅអភិបាលខេត្តព្រះសីហនុ បំភ្លឺ ឬរួមគ្នារកដំណោះស្រាយ។ លោកបន្តថា ឯកសារដែលត្រៀមដាក់ជូនអភិបាលខេត្តព្រះសីហនុ នាសប្ដាហ៍ក្រោយ គឺផ្ដោតទៅលើការផ្តល់ប័ណ្ណកម្មសិទ្ធិនៅជុំវិញមាត់បឹងព្រែកទប់ និងករណីទន្ទ្រានកាន់កាប់ដីអនុក្រឹត្យលេខ៧៦ នៅតំបន់ក្បាលឆាយ សម្រាប់រក្សាប្រភពទឹកស្អាត។
លោក សុខ សុខុម រិះគន់ថា ករណីចំនួនពលរដ្ឋដែលមានលំនៅឋាន និងរស់នៅអចិន្ត្រៃយ៍នាមាត់បឹងព្រែកទប់ ប្រមាណ ៥០គ្រួសារ អាជ្ញាធរខេត្តនេះមិនបានផ្តល់ប្លង់កម្មសិទ្ធិជូនទេ ប៉ុន្តែបែរជាទៅឃុបឃិតលួចចេញប្លង់កម្មសិទ្ធិជូនឈ្មួញ និងមន្ត្រីមានអំណាច ដែលលួចចាក់ដីរំលោភដីចំណីមាត់បឹងព្រែកទប់ស្ងាត់ៗទៅវិញ។
បន្ថែមលើនេះ អាជ្ញាធរខេត្តព្រះសីហនុ ក៏បានអនុញ្ញាតឲ្យមានសកម្មភាពសាងសង់វីឡាធំស្កឹមស្កៃនៅជាប់មាត់បឹងព្រែកទប់ អាចបន្តដំណើរការសាងសង់ដោយរលូន និងគ្មានការហាមឃាត់ទេ៖ «កន្លងមកមិនថាតែដីចំណីមាត់បឹងព្រែកទប់ទេ នៅតំបន់ផ្សេងៗទៀតក៏ដូចគ្នាដែរ គឺអាជ្ញាធរខេត្ត ឬមន្ទីរសុរិយោដីខេត្តព្រះសីហនុ ឲ្យតែអ្នកមានលុយមានអំណាច គឺបានចេញប្លង់កម្មសិទ្ធិជូនបានឆាប់បំផុត ប៉ុន្តែចំពោះពលរដ្ឋក្រីក្រវិញ ទោះបីរាជរដ្ឋាភិបាលចេញសេចក្តីជូនដំណឹងឲ្យកាត់ឆ្វៀលដីផ្តល់ប្លង់កម្មសិទ្ធិ និងមានការចុះវាស់វែងពីអាជ្ញាធរជំនាញជូនពលរដ្ឋបែបណាក៏ដោយ ក៏អាជ្ញាធរខេត្តព្រះសីហនុ មិនចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ឬមិនរវល់អើពើនឹងការចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋដែរ។ ប៉ុន្តែបើសម្រាប់មន្ត្រីមានអំណាច និងទ្រព្យធនវិញ ចង់ប្លង់ដីនៅតំបន់ណាក៏ដោយ ក៏អាចចេញបានដោយឆាប់រហ័ស និងរលូនបំផុត»។
បញ្ហានេះដែរ លោក ប៊ួន ណារិទ្ធិ មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ ចាត់ទុកថា រាល់ការចេញប័ណ្ណកម្មសិទ្ធិអនុញ្ញាតដោយមន្ទីរសុរិយោដីខេត្ត ទៅលើដីចំណីមាត់បឹងព្រែកទប់ ឬផ្ទៃរងទឹកភ្លៀងបឹងធម្មជាតិមួយនេះ កើតឡើងដោយការឃុបឃិតខុសនីតិវិធីច្បាប់។ លោកថា ករណីនេះគួរតែ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវលូកដៃជួយអន្តរាគមន៍បញ្ហានេះ៖ «ករណីដីនៅមាត់បឹងព្រែកទប់នេះ គឺអ្នកមានមហិច្ឆតាចង់ទន្ទ្រានកាន់កាប់ធ្វើកម្មសិទ្ធិ បានបន្តធ្វើសកម្មភាពចាក់ដីចូលមាត់បឹង ចាក់សំរាម និងបន្តសង់វីឡា ព្រមទាំងសំណង់រឹងមាំជាច្រើនរូបភាព នៅជាប់មាត់បឹងព្រែកទប់សព្វថ្ងៃនេះ។ ដូច្នេះ បើអភិបាលខេត្តមានឆន្ទៈចង់រក្សាតំបន់នេះទុកជាប្រភពទឹកស្អាតតាមបទបញ្ជារបស់រាជរដ្ឋាភិបាលពិតប្រាកដ ហើយអំណាចថ្នាក់ខេត្តមិនអាចដោះស្រាយបាន គឺត្រូវសុំគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីមោឃភាពប្លង់សិទ្ធិដីនៅជុំវិញបរិវេណមាត់បឹងព្រែកទប់ មកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងវិញ។ បើមិនដូច្នេះទេ អាជ្ញាធរខេត្តមិនអាចទប់ស្កាត់មហិច្ឆតារំលោភកាន់កាប់ពីសំណាក់ឈ្មួញ និងមន្ត្រីមានអំណាចទាំងនោះដោយខ្លួនឯងបានទេ ហើយបឹងព្រែកទប់ នឹងត្រូវបាត់បង់ ឬរលាយហិនហោច»។
ទាក់ទិនបញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា រាល់ការចេញប័ណ្ណកម្មសិទ្ធិជូនបុគ្គលរបស់មន្ទីរជំនាញខេត្តនេះទៅលើដីចំណីមាត់បឹងព្រែកទប់កន្លងមក គឺទុកមួយឡែកសិន ប៉ុន្តែបច្ចុប្បន្ន អាជ្ញាធរខេត្តនេះអាចទប់ស្កាត់ទាំងស្រុងមិនឲ្យមានសកម្មភាពដឹកដីចាក់ចូលបឹងព្រែកទប់ទៀតទេ។
យ៉ាងនេះក្តី មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនរស់នៅខេត្តព្រះសីហនុ បានអះអាងថា រាល់ថ្ងៃនេះ សកម្មភាពសាងសង់វីឡាធំស្កឹមស្កៃមានទីតាំងនៅជាប់មាត់បឹងព្រែកទប់ ស្ថិតក្នុងសង្កាត់លេខ៣ ដែលគេស្គាល់ថា ជាកម្មសិទ្ធិរបស់ លោក តាក់ វណ្ណថា អតីតស្នងការនគរបាលខេត្តព្រះសីហនុ និងបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្តនេះ បានបន្តដំណើរការសាងសង់ដោយគ្មានអាជ្ញាធរហាមឃាត់ទេ។
ត្រង់ចំណុចនេះ ទាំង លោក ប៊ួន ណារិទ្ធិ ប្រធានអង្គការលីកាដូ និងលោក សុខ សុខុម មន្ត្រីអង្គការស៊ីអ៊ិនរ៉ូ ប្រចាំខេត្តព្រះសីហនុ ចាត់ទុកសំណង់វីឡាធំស្កឹមស្កៃជាកម្មសិទ្ធិរបស់ លោក តាក់ វណ្ណថា ដែលកំពុងបន្តសាងសង់ ថាបានផ្គើនទៅនឹងបទបញ្ជារបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ឲ្យអាជ្ញាធរអភិរក្សតំបន់នេះសម្រាប់ប្រភពទឹកស្អាត។
វីឡាធំស្កឹមស្កៃជាកម្មសិទ្ធិរបស់ លោក តាក់ វណ្ណថា ត្រូវ លោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ទើបឡើងកាន់តំណែងថ្មី បញ្ជាក់ថា លោកបានសុំចុះបញ្ជីស្នើប្លង់កម្មសិទ្ធិត្រឹមត្រូវពីស្ថាប័នខ្លួននាពេលកន្លងមក។ លោកថា សំណង់នេះសង់មានច្បាប់ ឬអត់ច្បាប់អនុញ្ញាត គឺមិនបានដឹងទេ ព្រោះមិនស្ថិតក្រោមជំនាញរបស់លោកគ្រប់គ្រងទេ៖ «ច្បាប់សំណង់ ឬច្បាប់សាងសង់ស្ថាប័នខ្ញុំមិនបានដឹង ឬមានសមត្ថកិច្ចក្នុងការគ្រប់គ្រងទេ ប៉ុន្តែចំពោះដីវិញ គឺឃើញ លោក តាក់ វណ្ណថា បានដាក់ពាក្យស្នើសុំប្លង់កម្មសិទ្ធិមកស្ថាប័នខ្លួននាពេលកន្លងមក»។
ទាក់ទិនបញ្ហានេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ព្រមានធ្ងន់ៗទៅលើមន្ត្រីរដ្ឋាភិបាលទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធសកម្មភាពរំលោភយកដីបឹងព្រែកទប់ ត្រូវដកខ្លួនជាបន្ទាន់ ដើម្បីទុកតំបន់នេះសម្រាប់អភិរក្សប្រភពទឹកសាបប្រើប្រាស់នៅទាំងខេត្តព្រះសីហនុ។
ទោះយ៉ាងណា បទបញ្ជានេះ ទាំងមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ថ្លែងថា មិនទាន់ឃើញអាជ្ញាធរខេត្តនេះមានចំណាត់ការតាមផ្លូវច្បាប់ទៅលើជនរំលោភដីចំណីមាត់បឹងព្រែកទប់ ដែលបានហ៊ុមព័ទ្ធរបងថ្ម ឬចាក់ដីលុបមាត់បឹងទុកចោលនោះទេ។ ជាងនេះ ចំពោះវីឡាធំស្កឹមស្កៃដែលកំពុងសាងសង់នៅខាងលើជាប់មាត់បឹងព្រែកទប់ ជាកម្មសិទ្ធិរបស់ លោក តាក់ វណ្ណថា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ក្នុងតំណែងសព្វថ្ងៃនេះ បានបន្តសកម្មភាពសាងសង់ដោយគ្មានការហាមឃាត់ពីអាជ្ញាធរខេត្តនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
