ពលរដ្ឋ​និង​មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​កំពង់ឆ្នាំង​រិះគន់​អាជ្ញាធរ​រឿង​លក់​ដី​ព្រៃ​សហគមន៍

0:00 / 0:00

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង រិះគន់​អាជ្ញាធរ​ដែល​ឆ្លើយ​យក​រួច​ខ្លួន​ក្នុង​រឿង​លក់​ដី​ព្រៃ​សហគមន៍​មួយ​កន្លែង នៅ​ឃុំ​ខ្នារឆ្មារ ស្រុក​សាមគ្គីមានជ័យ។ ការ​រិះគន់​នេះ គឺ​បន្ទាប់​ពី​ក្រុម​ឈ្មួញ ដឹក​នាំ​កម្លាំង​កម្មករ​រាប់​រយ​នាក់ ចុះ​កាប់​ព្រៃ​គីឡូ​ទំហំ ៧២​ហិកតារ តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ស្ទើរ​វាល​រាប​ដល់​ដី ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​មិន​ហ៊ាន​ឃាត់។

មន្ត្រី​បក្ស​ប្រឆាំង និង​ក្រុម​ពលរដ្ឋ​សង្ស័យ​ថា អាជ្ញាធរ​ចាប់​ពី​ថ្នាក់​ភូមិ​រហូត​ដល់​ខេត្ត ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​សហគមន៍​ទៅ​ឲ្យ​ឈ្មួញ ដោយសារ​តែ​អាជ្ញាធរ​មិន​ទទួល​ខុស​ត្រូវ និង​ឆ្លើយ​ពង្វាង​ទម្លាក់​កំហុស​លើ​អ្នក​ភូមិ​ត្រដក់ពង ជាង ៣០០​គ្រួសារ ដែល​ទទួល​លុយ​ពី​ក្រុម​ឈ្មួញ​ក្នុង​មួយ​គ្រួសារ ២០០​ដុល្លារ។

អាជ្ញាធរ​ចោទ​អ្នក​ភូមិ​ដែល​យល់ព្រម​ទទួល​យក​ប្រាក់​ពី​ឈ្មួញ​ថា ស្មើ​នឹង​ប្រគល់​ដី​សហគមន៍​ទៅ​ឲ្យ​គេ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ប្រាក់​នោះ។

តំណាង​ពលរដ្ឋ​ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា រូប​លោក និង​ពលរដ្ឋ​ជាច្រើន​ទៀត អស់​ជំនឿ​លើ​អាជ្ញាធរ​ដែល​ពលរដ្ឋ​ចាត់​ទុក​ដូចជា​ម៉ែ​ជា​ឪ ប៉ុន្តែ​មិន​ដោះស្រាយ​បញ្ហា​ឲ្យ​ពលរដ្ឋ។ លោក​បារម្ភ​ថា បើ​សិន​ដី​ព្រៃ​សហគមន៍​បាត់​បង់ នោះ​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ក្នុង​ឃុំ​ខ្នារឆ្មារ ប្រហែល ៤០​គ្រួសារ ឋិត​នៅ​ក្បែរ​នោះ​នឹង​ត្រូវ​ឈ្មួញ​រំលោភ​យក​ទៀត​មិន​ខាន​ឡើយ៖ «ធម្មតា​ទះ​ដៃ​ម្ខាង​វា​ទៅ​មិន​រួច​ទេ ព្រោះ​វា​មាន​ឈ្មួញ​ឯណា​ទៅ​អុង​អាត់​ជាង​អាជ្ញាធរ​ដែនដី​ទៀត​ទេ បើ​ខ្មោច​ស្រុក​ឲ្យ​ដៃ​បាន​ខ្មោច​ព្រៃ​វា​ចូល។ វប្បធម៌​របស់​គេ​និយាយ​ថា បើ​សិន​ជា​យើង​មិន​លក់ ក៏​គេ​យក អា​លក់​គេ​យក (យក​ដី​ព្រៃ​សហគមន៍) អ៊ីចឹង​ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ធ្លាប់​អាស្រ័យ​ផល​ក្នុង​ព្រៃ​ហ្នឹង​ដែរ ទាល់​តែ​ទៅ​យក​នឹង​គេ​ដែរ។ បើ​សិន​ជា​គេ​ទាមទារ​យក​វិញ ក៏​ខ្ញុំ​ឲ្យ​លុយ​ទៅ​គេ​វិញ​ដែរ បើ​គេ​រក្សា​ដី​ហ្នឹង​ទុក​ជា​សហគមន៍»

ចំណែក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង កូតា​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ដួង ចន្ដ្រា ថ្លែង​ថា តាម​រយៈ​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ឃុំ​រហូត​ដល់​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខាង​លោក​បាន​សួរ​នាំ​រឿង​នេះ​ទៅ​អាជ្ញាធរ ប៉ុន្តែ​អាជ្ញាធរ​ឆ្លើយ​គេចវេស​ថា​មិន​ដឹង​រឿង​នេះ​ទេ។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល ឬ​មន្ត្រី​ពាក់ព័ន្ធ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​មាន​ប្រតិកម្ម​ពី​ពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យ​ផល​ពី​ព្រៃ​សហគមន៍​បន្ត​ទៀត។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ដោយ​លោក​ចុច​ផ្ដាច់​ទូរស័ព្ទ​ភ្លាមៗ​នៅ​ពេល​ឮ​ថា ហៅ​ទៅ​ពី​វិទ្យុ​អាស៊ីសេរី។ រីឯ​អភិបាល​ស្រុក​សាមគ្គីមានជ័យ លោក វន ស៊ីផា ប្រាប់​ថា កំពុង​ជាប់​ប្រជុំ​មិន​អាច​និយាយ​បាន។ ចំណែក​អ្នក​កួកជេ​ដី​ឈ្មោះ កុល សារឿន កែវ មករា និង​ឈ្មោះ ទឹម សម្បត្តិ ក៏​មិន​ទាន់​អាច​រក​ប្រភព​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ដែរ នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា។

យ៉ាង​ណា មេ​ភូមិ​ត្រដក់ពង ឃុំ​ខ្នារឆ្មារ លោក អ៊ុង ស៊ីណុន ធ្លាប់​បញ្ជាក់​ថា មុន​នឹង​មាន​កម្មករ​ចុះ​មក​កាប់​ព្រៃ​នេះ មាន​អ្នក​ភូមិ​របស់​លោក​ចំនួន ៣៣៨​គ្រួសារ បាន​ទទួល​ប្រាក់​ពី​ឈ្មួញ​ក្នុង​មួយ​គ្រួសារ ២០០​ដុល្លារ ក្នុង​ចំណោម​ពលរដ្ឋ​ក្នុង​ភូមិ​សរុប ៣៥៨​គ្រួសារ ប៉ុន្តែ​អាជ្ញាធរ​ភូមិ​ឃុំ​មិន​បាន​ស៊ីញេ​ទទួល​ស្គាល់​លើ​កិច្ចសន្យា​ទិញ​លក់​នោះ​នៅ​ឡើយ​ទេ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា យល់​ថា អាជ្ញាធរ​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​ទិញ​លក់​ដី​ព្រៃ​សហគមន៍​នេះ។ ដូច្នេះ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ត្រូវ​តែ​ដើរ​តួ​ជា​ដើម​បណ្ដឹង​ប្ដឹង​អ្នក​ដែល​លក់​ដូរ​ដី​ព្រៃ​របស់​រដ្ឋ និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៖ «អ្នក​ដែល​ទទួល​ខុស​ត្រូវ​ដី​ព្រៃ​សហគមន៍ ឬ​ព្រៃ​រួម​ហ្នឹង សមត្ថកិច្ច​ដំបូង គឺ​អាជ្ញាធរ​ឃុំ បន្ទាប់​មក​អាជ្ញាធរ​ស្រុក រួម​ទាំង​រដ្ឋបាល​ព្រៃ​ឈើ។ អា​នេះ​គ្រាន់​តែ​ជា​ការ​ដោះសា​របស់​មន្ត្រី​រដ្ឋាភិបាល​ទេ។ កន្លង​មក ការ​បំផ្លិចបំផ្លាញ​ព្រៃ​ឈើ​ខ្ទេចខ្ទី​អត់​មាន​នរណា​ចេញ​មុខ​មក​ការពារ​ទេ កុំ​ថា​ឡើយ​ដី​ព្រៃ​គីឡូ​កំប៉ិកកំប៉ុក សូម្បី​ព្រៃ​ឈើ​មហា​សាល​ដែល​បំផ្លាញ​មួយ​រយៈ គ្មាន​នរណា​ចេញ​ការពារ​ទេ»

ប្រជាពលរដ្ឋ​ភាគ​ច្រើន​ក្នុង​ឃុំ​ខ្នារឆ្មារ ចង់​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ចុះ​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​នេះ ហើយ​រក្សា​ទុក​ដី​ព្រៃ​គីឡូ​ឲ្យ​អ្នក​ភូមិ​ប្រើប្រាស់​បន្ត និង​ចាប់​ផ្ដើម​ដាំ​កូន​ឈើ​ឡើង​វិញ។ ត្បិត​មក​ដល់​បច្ចុប្បន្ន មិន​ទាន់​មាន​លិខិត​ស្នាម​ទទួល​ស្គាល់​ដី​នេះ​ជា​ដី​ព្រៃ​សហគមន៍ តែ​អ្នក​ភូមិ​ធ្លាប់​អាស្រ័យ​ផល​ពី​ព្រៃ​នេះ​តាំង​ពី​ដូនតា​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។