អ្នកភូមិនៅស្រុកស្វាយទាប ខេត្តស្វាយរៀង រិះគន់អាជ្ញាធរឃុំថាទារប្រាក់ពីពួកគាត់ចំនួន ២ម៉ឺនរៀល ជាថ្នូរនឹងការចុះហត្ថលេខា ឬស៊ីញេលើលិខិតបែបបទ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់របស់ប្រជាពលរដ្ឋ ដោយពុំមានចេញវិក្កយបត្រ។ ចំណែកឯមេឃុំបញ្ជាក់ថា ការយកប្រាក់នេះអនុវត្តទៅតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ដោយចេញវិក្កយបត្រជូនពួកគាត់នៅពេលក្រោយ។
ពលរដ្ឋដែលធ្វើប្លង់ដី សម្ដែងការមិនពេញចិត្តនឹងទង្វើរបស់អាជ្ញាធរឃុំ ថាយកថ្លៃធ្វើលិខិតស្នាមច្រើនលើសលប់មិនគិតគូរពីទុក្ខលំបាករបស់អ្នកភូមិ ដោយមិនធ្វើការដើម្បីប្រជាពលរដ្ឋម្ចាស់ឆ្នោតពិតប្រាកដនោះទេ។ ការលើកដូចនេះ បន្ទាប់ពីទៅធ្វើលិខិតបញ្ជាក់នៅសាលាឃុំធ្វើប្លង់ដីស្របច្បាប់ ដែលមន្ត្រីសុរិយោដីនៃមន្ទីរនគរូបនីយកម្ម និងសំណង់ខេត្តស្វាយរៀង ចុះវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ដល់ប្រជាពលរដ្ឋ នៅឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីថ្ងៃទី៨ កក្កដា កន្លងទៅ។
អ្នកភូមិម្នាក់រស់នៅភូមិរលៀប ឃុំកណ្ដៀងរាយ ថ្លែងក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះ នៅថ្ងៃទី១១ កក្កដា ថា ការធ្វើប្លង់ដីនោះ មន្ត្រីសុរិយោដីមិនបានតម្រូវឲ្យអ្នកភូមិបង់ប្រាក់ទេ។ ប៉ុន្តែនៅពេលធ្វើលិខិតស្នាមបញ្ជាក់នៅសាលាឃុំ ដើម្បីយកទៅធ្វើប្លង់ដីស្របច្បាប់ បែរជាអាជ្ញាធរឃុំបង្គាប់ឲ្យបង់ប្រាក់តម្លៃមួយក្បាលដីចំនួន ២ម៉ឺនរៀលទៅវិញ។ អ្នកភូមិរូបនេះលើកឡើងថា ការតម្រូវឲ្យបង់ប្រាក់ ២ម៉ឺនរៀលនោះ វាច្រើនហួសហេតុពេក ហើយម្យ៉ាងទៀត ការបង់ប្រាក់នោះទៀតសោត អាជ្ញាធរពុំបានចេញវិក្កយបត្រឲ្យប្រជាពលរដ្ឋឡើយ៖ «ព្រោះប្រជាពលរដ្ឋវាមិនសុខចិត្ត ព្រោះយកលុយខ្លះក៏មាន ខ្លះក៏អត់លុយអ៊ីចឹងទៅ គ្នាខ្វះថ្លៃធ្វើក្នុងម៉ាគ្រួសារម៉ាប្លង់អ៊ីចឹង ជួនកាលកូនខ្លះដល់នាក់អីទៅ ត្រូវចំណាយលុយអស់ ១០ម៉ឺនអ៊ីចឹងតែហ្មង។ ហើយខ្លះបីបួននាក់អីអ៊ីចឹងទៅ គឺចំណាយគេគិតម៉ាម៉ាប្លង់ ២ម៉ឺនៗអ៊ីចឹងហ្មង យកទៅវ៉ៃត្រាហ្នឹង»។
អ្នកភូមិខ្លះដែលទៅធ្វើលិខិតបញ្ជាក់ធ្វើប្លង់ដីនៅសាលាឃុំ តែងត្អូញត្អែរ និងខឹងសម្បាអាជ្ញាធរពីការបង់ប្រាក់មិនដាច់ពីមាត់ដូចគ្នានេះដែរ។
តួយ៉ាងដូចជាអ្នកភូមិរលៀប ម្នាក់ទៀត មានមតិថា អាជ្ញាធរឃុំកណ្ដៀងរាយ ធ្វើលិខិតបញ្ជាក់ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី យកប្រាក់ពីកូនរបស់គាត់មួយក្បាលដីចំនួន ២ម៉ឺនរៀល ប្រមាណ ៣ច្បាប់ ដោយមិនបញ្ចុះតម្លៃមួយសេនឡើយ។ ពលរដ្ឋរូបនេះមានប្រតិកម្មថា អាជ្ញាធរគ្រាន់តែស៊ីញេមួយខ្វោក យកប្រាក់ដល់ទៅ ២ម៉ឺនរៀល ដោយមិនគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទេ៖ «ខ្ញុំម៉ោនិយាយពីម្សិលមិញ ខាងស្វាយជ្រំ អីគេធ្វើគេគ្មានយកលុយម៉ារៀលទេ ថាខ្ញុំអត់ដឹងដែរ ដល់និយាយអ៊ីចឹង ហើយកូនអ្នកយកទៅដល់ពេលគេយកដល់ ហើយកូនវាឲ្យទៅ វាមិនថាអីទេវាឲ្យ។ ដល់ពេលហើយ វាមកនិយាយទៅវាថាចុះប្រាប់ថា មិនយកទេអាតិចតួចឲ្យទៅត្រឹមប្រាំពាន់អីកូន ហើយបើយកខ្លាំងយ៉ាងហ្នឹងអាឯងទុករាប់រយនាក់វាប៉ុន្មាន ហើយម៉ាឃុំមិនអស់តិចឯណា?»។
ឆ្លើយតបនឹងបញ្ហានេះ មេឃុំកណ្ដៀងរាយ លោក ឡឹក កង មានប្រសាសន៍ថា ការយកប្រាក់ថ្លៃបញ្ជាក់លិខិតស្នាមធ្វើប្លង់ដីរបស់ប្រជាពលរដ្ឋនោះ អនុវត្តទៅតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ច គឺពុំមែនចេះតែយកប្រាក់ពីអ្នកភូមិតាមអំពើចិត្តនោះទេ។ ចំណែកឯរឿងវិក្កយបត្រដែលមិនបានប្រគល់ឲ្យពួកគាត់ភ្លាមៗនោះ ដោយសារសាលាឃុំខ្វះខាតវិក្កយបត្រ តែនឹងធ្វើជូនពួកគាត់នៅពេលក្រោយ៖ «ធ្វើប្លង់អាដែងលិខិតបញ្ជាក់ប្រវត្តិដីធ្លីណាស់! ២ម៉ឺនប៉ុន្តែអ្នកខ្លះទៅក៏ឲ្យ អ្នកខ្លះទៅក៏មិនឲ្យគ្រប់ ហើយអ៊ីចឹងអ្នកខ្លះក៏ចេញបានវិក្កយបត្រ អ្នកខ្លះដែលមិនគ្រប់អឺ! មិនហ៊ានចេញឲ្យខ្ញុំមានលុយឯណាទៅបង់រតនាគារអ៊ីចឹង»។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន ចាត់ទុកការធ្វើលិខិតបញ្ជាក់សម្រាប់ធ្វើប្លង់ដី ដោយយកប្រាក់ពីប្រជាពលរដ្ឋមិនចេញវិក្កយបត្រនេះ ថាអាចជាការបិទបាំងជាលក្ខណៈអំពើពុករលួយរបស់អាជ្ញាធរឃុំ។ លោកថា ការធ្វើលិខិតណាដែលតម្រូវឲ្យបង់ប្រាក់ អាជ្ញាធរត្រូវចេញវិក្កយបត្រឲ្យពួកគាត់ភ្លាមៗ ពុំមែនចាំប្រគល់ពេលក្រោយនោះទេ។ ម្យ៉ាងទៀត ការធ្វើប្លង់ដីជាលក្ខណៈប្រព័ន្ធ គឺពុំតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ឡើយ៖ «អាជំនួយទាំងអស់នេះត្រូវបានរ៉ាប់រងដោយធនាគារពិភពលោក ដែលផ្ដល់ដល់រដ្ឋាភិបាលក្នុងប្រទេសកម្ពុជា សម្រាប់ចុះធ្វើការផ្ដល់ប្លង់ដីជូនប្រជាពលរដ្ឋ។ អ៊ីចឹងសុំស្នើសុំអាជ្ញាធរមូលដ្ឋានហ្នឹង កុំប្រព្រឹត្តអំពើពុករលួយអឺឆ្លៀតកេងចំណេញនៅថវិកាអឺប្រជាពលរដ្ឋក្រីក្រ ពិសេសប្រជាពលរដ្ឋតាមស្រុកស្រែចម្ការបែបនេះអី»។
គម្រោងនៃការចុះវាស់វែងធ្វើប័ណ្ណកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋនៅស្រុកស្វាយទាប ចាប់ផ្ដើមពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ដោយធ្វើបន្តបន្ទាប់គ្រប់ឃុំនានាទូទាំងស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
