ប្រជាពលរដ្ឋនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលរស់នៅលើទឹកបឹងទន្លេសាប នាំគ្នាត្អូញត្អែរពីផលលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារតែទិន្នផលត្រីចេះតែថយចុះ។ បញ្ហានេះ ពួកគាត់ចង់ប្រកបមុខរបរផ្សេងៗ ព្រមទាំងចង់រស់នៅលើដីគោកវិញ ពីព្រោះពលរដ្ឋគិតថា ការរស់នៅលើគោក នឹងជួយឲ្យជីវភាពពួកគាត់បានប្រសើរ ប៉ុន្តែអ្នកភូមិមិនមានលទ្ធភាពសម្រាប់រស់នៅលើគោកឡើយ។ បញ្ហានេះ អភិបាលខេត្តបញ្ជាក់ថា អាជ្ញាធរកំពុងពិនិត្យទីតាំងដីដែលត្រូវផ្តល់ជូនពួកគាត់ទាំងនោះ ដើម្បីឲ្យបានគ្រប់ៗគ្នា។
ប្រជាពលរដ្ឋរស់នៅលើទឹកបឹងទន្លេសាប ក្នុងឃុំពាមបាង ស្នើឲ្យអាជ្ញាធរខេត្តជួយផ្តល់ដីសម្បទានសម្រាប់ពួកគាត់អាចឡើងមករស់នៅលើដីគោកដូចពលរដ្ឋផ្សេងទៀត។ ការស្នើនេះ ក្រោយពេលពលរដ្ឋរស់នៅលើទឹកទាំងនោះ ត្អូញត្អែរពីបញ្ហាប្រឈមរបស់ខ្លួន ដូចជាបញ្ហាអនាម័យ អប់រំ ព្រមទាំងបញ្ហាទិន្នផលត្រីកាន់តែហិនហោច ដែលនាំឲ្យការប្រកបរបរនេសាទរបស់ពលរដ្ឋទាំងនោះមិនអាចទ្រទ្រង់ជីវភាពរស់នៅបាន។
ប្រជាពលរដ្ឋរស់នៅឃុំពាមបាង មួយរូប លោក ប៉ែន ប៊ុនធឿន មានប្រសាសន៍ថា ការរស់នៅលើផ្ទៃទឹករបស់ពួកគាត់ គឺជួបការលំបាកជាច្រើននៅរដូវវស្សា។ លោកថា អ្នកស្រុកត្រូវជួបប្រទះគ្រោះធម្មជាតិដូចជា ខ្យល់ព្យុះ ភ្លៀង ផ្គរ រន្ទះ។ ក្រៅពីនេះ បញ្ហាអនាម័យ ដូចជា ការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ ការបន្ទោបង់ ប្រព័ន្ធភ្លើងអគ្គិសនី និងបញ្ហាប្រឈមផ្សេងៗទៀត។ លោកថា បើប្រៀបធៀបការរស់នៅលើដីគោកវិញ គឺខុសគ្នាស្រឡះ ពីព្រោះនៅលើគោក គេមានទីផ្សារ សាលារៀន មន្ទីរពេទ្យ ទឹកស្អាត ភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ ជាងនេះទៀត នៅលើគោក កូនប្រុសស្រីបានទៅរៀនដិតដល់ មិនដូចការរស់នៅលើទឹកនោះឡើយ៖ « ខ្ញុំស្នើសុំដល់អាជ្ញាធរខេត្តធ្វើយ៉ាងណា មេត្តាជួយផ្តល់ដីសម្បទានដល់ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹកបឹងទន្លេសាបនេះ ឲ្យគាត់បានរស់នៅលើគោកនឹងគេផង »។
ឃុំពាមបាង ជាឃុំដាច់ស្រយាលដែលមានចម្ងាយជាង ៥០គីឡូម៉ែត្រពីទីរួមស្រុកស្ទោង។ ដើម្បីធ្វើដំណើរទៅដល់ឃុំនេះនៅរដូវប្រាំង គឺគេត្រូវជិះរថយន្តឈ្នួល និងគោយន្តច្នៃ ដែលមានសរុបចំនួន ៤ ឬ ៥គ្រឿងប៉ុណ្ណោះ និងធ្វើដំណើរតាមទូកបន្តទៀត។ ឃុំពាមបាង មានភូមិចំនួន៥ និងមានប្រជាជនសរុបជិត ៧០០គ្រួសារ (៦៨៧គ្រួសារ) ហើយពលរដ្ឋប្រមាណ ៩០ភាគរយ គឺរស់ពឹងផ្អែកទៅលើមុខរបរនេសាទ។ ពលរដ្ឋមួយចំនួនមានផ្ទះទឹក ឬផែសមរម្យ ប៉ុន្តែអ្នកខ្លះមិនមានផ្ទះសម្រាប់រស់នៅសមរម្យទេ គឺមានតែបង្គោលឈើ និងរនាបគ្រែខ្លះ ដោយបាំងតង់ រួមនឹងផួយចាស់ៗដើម្បីធ្វើជាជញ្ជាំង រួមនឹងទូកសម្រាប់រស់នៅប៉ុណ្ណោះ។ ពលរដ្ឋខ្លះមានទឹកស្អាតប្រើ ប៉ុន្តែខ្លះទៀតត្រូវដងទឹកបឹងយកទៅប្រើប្រាស់ ហើយរាល់ការបន្ទោបង់ គឺពលរដ្ឋភាគច្រើនត្រូវបត់ដៃបត់ជើងធំតូចនៅលើផ្ទៃទឹកតែម្ដង។
ប្រជានេសាទមួយរូបទៀត លោក ចេង វី ឲ្យដឹងថា បច្ចុប្បន្ន ទិន្នផលត្រីនៅក្នុងបឹងទន្លេសាបកាន់តែថយចុះពីមួយឆ្នាំទៅមួយឆ្នាំ រហូតធ្វើឲ្យលោកពិបាករស់នៅជាខ្លាំង។ លោកបន្តថា ក្រៅពីនេសាទ ក្រុមគ្រួសារលោក ក៏បានសាកល្បងចិញ្ចឹមត្រី ប៉ុន្តែត្រូវខាតបង់ ព្រោះត្រីងាប់ រហូតធ្វើឲ្យក្រុមគ្រួសារពលរដ្ឋរូបនេះត្រូវជំពាក់បំណុលគេទៀតផង។ ប្រភពដដែលបន្ថែមថា ក្រុមគ្រួសារលោក រស់នៅលើទឹកបច្ចុប្បន្ន មិនមានអ្វីប្រសើរឡើយ គឺកាន់តែដុនដាបទៅៗពីមួយឆ្នាំទៅមួយឆ្នាំ៖ « កាន់តែអន់ថយពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែដុនដាបទៅម្តងបន្តិចៗ ធ្លាក់ដល់ថ្នាក់ថាលែងចង់រស់នៅ »។
លោក ចេង វី មានបំណងចង់ទៅរស់នៅលើគោកណាស់ ប៉ុន្តែក្រុមគ្រួសារលោកគ្មានអ្វីជាទីពឹងឡើយ ព្រោះមិនមានប្រាក់ដើម្បីទិញដី និងមិនមានដើមទុនសម្រាប់ប្រកបមុខរបរផ្សេងផង។
ទាក់ទងការស្នើសុំរបស់ពលរដ្ឋពេលនេះ មេឃុំពាមបាង លោក ផាន់ ផាន មានប្រសាសន៍ថា ខាងអាជ្ញាធរបានធ្វើសំណើបញ្ជូនទៅអាជ្ញាធរខេត្តជាច្រើនលើកច្រើនសា ប៉ុន្តែមិនទាន់សម្រេចជាផ្លូវការដើម្បីប្រគល់ដីជូនពលរដ្ឋទេ។ បន្ថែមពីនេះទៀត កន្លងមក រាជរដ្ឋាភិបាលធ្លាប់ប្រកាសផ្តល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋដែលរស់នៅលើផ្ទៃទឹកទាំងនោះលើទំហំដីជាង ១ពាន់ហិកតារ (១.៤៨៥ហិកតារ) ម្តងរួចមកហើយ ក្រោយមកក៏ស្ងាត់សូន្យទៅវិញ។ លោកទទួលស្គាល់ថា ពលរដ្ឋរស់នៅលើទឹកទាំងនោះ ពិតជាជួបការលំបាកច្រើន ទាំងសុខភាពប្រចាំថ្ងៃ អនាម័យ អប់រំ ព្រមទាំងការប្រកបមុខរបរជាដើម៖ « ចរាចរណ៍ចេញចូលហ្នឹង គ្នាវាពិបាក បើកកាណូតចេញចូល គ្នាវាមានផលលំបាកច្រើន។ ទីពីរ ជីវភាពដែលរស់នៅ។ រស់នៅនេះហ្នឹង ទឹកល្អក់កករដូចទឹកភក់ ហើយបើគ្នាក្រ ប្រជាពលរដ្ឋហ្នឹងឯងដងទឹកហ្នឹងយកទៅកូរសាច់ជូរហូបទៅ »។
លោកមេឃុំបន្តថា ប្រសិនអាជ្ញាធរខេត្តនៅមិនទាន់មានដំណោះស្រាយជុំវិញការស្នើសុំរបស់អ្នកភូមិបណ្ដែតទឹកទាំងនោះទៀត ពលរដ្ឋមានគម្រោងឡើងទៅរាជធានីភ្នំពេញ ដើម្បីស្នើសុំដីពីប្រមុខដឹកនាំផ្ទាល់ជាថ្មីម្តងទៀត។
ទោះបីជាយ៉ាងនេះក្តី អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន មានប្រសាសន៍នៅថ្ងៃទី១៦ ឧសភា ថា អាជ្ញាធរខេត្តកំពុងគិតគូរលើបញ្ហានេះហើយ ប៉ុន្តែទាមទារឲ្យអាជ្ញាធរមូលដ្ឋានកំណត់អត្តសញ្ញាណប្រជាពលរដ្ឋឲ្យបានច្បាស់លាស់។ ជាងនេះទៀត អាជ្ញាធរបានកំណត់កាត់ផ្ទៃដីមួយចំនួនសម្រាប់ប្រគល់ឲ្យពលរដ្ឋរស់នៅលើទឹកក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង រួចមកហើយ ប៉ុន្តែផ្ទៃដីនោះនៅមិនទាន់គ្រប់ចំនួនប្រជាពលរដ្ឋ ទើបអាជ្ញាធរមិនទាន់សម្រេចប្រគល់ឲ្យពួកគាត់ជាផ្លូវការ៖ « អ៊ីចឹងយើងកំពុងសិក្សាបន្ថែម ថាដីកន្លែងណាដែលយើងគួរឆ្វៀលឲ្យគ្រប់ចំនួន ដែលសម្ដេចបានកាត់ក្នុងផែនទី »។
អភិបាលខេត្តរូបនេះបញ្ជាក់ថា ការកំណត់ឆ្វៀលដីជូនពលរដ្ឋ គឺត្រូវកំណត់ឲ្យច្បាស់ថា ដីទាំងនោះមិនប៉ះពាល់ដល់បរិស្ថាន ឬប៉ះពាល់ដល់ជម្រកត្រីពងកូន ព្រមទាំងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការរស់នៅ។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ធំ លោក ញូង សាមឿន យល់ថា នៅពេលពលរដ្ឋទាំងនោះមានបំណងចង់រស់នៅលើដីគោក គឺជារឿងល្អមួយ។ លោកថា អាជ្ញាធរខេត្តត្រូវគិតគូរជូនពួកគាត់តាមសំណូមពរ ពីព្រោះការរស់នៅលើទឹកវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពអ្នកភូមិប៉ុណ្ណោះទេ ប៉ុន្តែវាបណ្ដាលឲ្យប៉ះពាល់ដល់បរិស្ថានលើផ្ទៃទឹកទៀតផង៖ « ខ្ញុំគិតថាក្នុងនាមអាជ្ញាធរដែនដី តាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ គួរតែយកចិត្តទុកដាក់ដោះស្រាយដីជូនពួកគាត់ »។
លោកបន្ថែមថា ដើម្បីឲ្យពលរដ្ឋទាំងនោះអាចមករស់នៅលើគោកបានទាំងអស់គ្នា អាជ្ញាធរខេត្តត្រូវមានវិធានការជាក់លាក់ ដោយមិនត្រូវពន្យារពេលទៀតទេ។ លោកថា អាជ្ញាធរត្រូវអភិវឌ្ឍតំបន់ដែលពួកគាត់កំណត់បញ្ជូនពលរដ្ឋមករស់នៅជាមុន ដូចជាកសាងហេដ្ឋារចនាសម្ព័ន្ធ រួមមានមន្ទីរពេទ្យ ទីផ្សារ សាលារៀន ប្រព័ន្ធទឹក ភ្លើង ជាដើម។ លោកបន្តថា ជៀសវាងអាជ្ញាធរនាំយកពួកគាត់ចេញពីផ្ទៃទឹកមករស់នៅតំបន់ដែលមានភាពលំបាកជាងមុនថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។