ពលរដ្ឋ​រស់​នៅ​ក្បែរ​មាត់​ស្ទឹង​ពោធិ៍សាត់​អះអាង​ថា​នឹង​មិន​រុះរើ​ផ្ទះ​បើ​សិន​គ្មាន​សំណង​សមរម្យ

0:00 / 0:00

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​លើ​វិស័យ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​ពោធិ៍សាត់ គាំទ្រ​គម្រោង​អភិវឌ្ឍន៍​មាត់​ស្ទឹង​ពោធិ៍សាត់ ប៉ុន្តែ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​នេះ​អនុវត្ត​ឲ្យ​មាន​តម្លាភាព ក្នុង​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៥០​គ្រួសារ នាំ​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​សាលា​ខេត្ត​ពោធិ៍សាត់ ជំទាស់​ទៅ​នឹង​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​ខេត្ត​ដែល​តម្រូវ​ឲ្យ​ពួក​គាត់​រុះរើ​ផ្ទះ​ចេញ​ដោយ​គ្មាន​សំណង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា។

ក្រុម​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ថា ពួក​គាត់​នឹង​មិន​រុះរើ​ផ្ទះ​សម្បែង​របស់​ខ្លួន​ចេញ​ឡើយ ប្រសិន​បើ​គ្មាន​សំណង​សមរម្យ និង​មាន​ការ​អនុវត្ត​មិន​ស្មើ​ភាព​គ្នា​រវាង​សណ្ឋាគារ និង​ផ្ទះ​ថ្ម​ធំៗ​របស់​អ្នក​មាន​លុយ ឬ​មាន​អំណាច​សង់​នៅ​ជាប់​មាត់​ស្ទឹង​ដែរ​នោះ មិន​ត្រូវ​បាន​អាជ្ញាធរ​បង្គាប់​ឲ្យ​រុះរើ​ចេញ។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​ក្បាលហុង ក្បែរ​មាត់​ស្ទឹង​ពោធិ៍សាត់ អ្នកស្រី សេង ហួច មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ក្នុង​មូលដ្ឋាន​អ្នកស្រី​រស់​នៅ កំពុង​តែ​បារម្ភ​ខ្លាច​បាត់​បង់​ផ្ទះ​សម្បែង និង​ទុក្ខ​លំបាក​មួយ​ចំនួន​ទៀត ប្រសិន​បើ​អាជ្ញាធរ​បណ្ដេញ​ពួក​គាត់​ដោយ​បង្ខំ​ក្នុង​ពេល​ឆាប់ៗ​នេះ។ អ្នកស្រី​បន្ត​ថា អ្នក​ភូមិ​បាន​ទទួល​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​ពី​អាជ្ញាធរ​ភូមិ​ថា ពួក​គាត់​អាច​នឹង​ទទួល​ប្រាក់​ចំនួន ៣០០​ដុល្លារ​ក្នុង​១​គ្រួសារ ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ ប៉ុន្តែ​សំណង​នេះ​អ្នកស្រី​គិត​ថា នឹង​មិន​អាច​ទៅ​រក​ទិញ​ដី​កន្លែង​ផ្សេង​រស់​នៅ​បាន​ឡើយ៖ «ពួក​ខ្ញុំ​នេះ​វា​នៅ​តាំង​ពី​ឆ្នាំ​១៩៨៩-១៩៩០ ម្ល៉េះ ហើយ​ដល់​គេ​ឲ្យ​មក​រុះរើ​ហ្នឹង គេ​គ្រាន់​តែ​ប្រាប់​ភ្លាម​ឲ្យ​រើ​ភ្លាម​ប្អូន​ឯង​មើល។ មុខ​ស្ទឹង​ពោធិ៍សាត់ អី​ហ្នឹង​គេ​អត់​រើ​ទេ គេ​មក​ជូន​ដំណឹង​តែ​ក្បាលហុង នេះ​ទេ ហើយ​ដល់​អ៊ីចឹង​ទៅ ពី​ក្បាលហុង ទៅ​ពោធិ៍កំបោរ វា​ច្រើន​គ្រួសារ ៣០ ទៅ ៤០​គ្រួសារ​ឯណោះ​មិន​តិច​អី»

ក្រុម​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៤ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន ២​ខ្នង​នៅ​ចំណុច​ភូមិ​ដូងជ្រុំ នៃ​ឃុំ​ព្រៃញី នឹង​ត្រូវ​បង្ខំ​ឲ្យ​រុះរើ។ ចំណែក​ផ្ទះ​ជាង ៣០​ខ្នង​ផ្សេង​ទៀត​នៅ​ចំណុច​ភូមិ​ក្បាលហុង នៃ​ឃុំ​វាល ក៏​នឹង​ត្រូវ​បង្ខំ​ឲ្យ​រុះរើ​ដែរ​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤។ ពួក​គាត់​បញ្ជាក់​ថា សណ្ឋាគារ និង​ផ្ទះ​មួយ​ចំនួន​ទៀត បាន​សង់​នៅ​ជាប់​មាត់​ស្ទឹង​ពី​ចំណុច​ស្ពាន​ថ្ម​ផ្លូវ​ជាតិ​លេខ​៥ ទៅ​ក្រោម​ជាច្រើន​ខ្នង មិន​ទាន់​ឃើញ​អាជ្ញាធរ​មាន​វិធាន​ការ​អ្វី​នៅ​ឡើយ។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​នៃ​សមាគម​អាដហុក (Adhoc) លោក ភួង សុធា និង​មន្ត្រី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន សុទ្ធតែ​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​វិធាន​ការ​របស់​អាជ្ញាធរ ប៉ុន្តែ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​តម្លាភាព៖ «យើង​គាំទ្រ​តើ! ឲ្យ​តែ​ការ​អនុវត្ត​ច្បាប់​ឲ្យ​វា​ស្មើ​មុខ​គ្នា​ចំពោះ​មុខ​ច្បាប់ កុំ​ឲ្យ​អនុវត្ត​បាន​តែ​ប្រជាពលរដ្ឋ​តូចតាច ឬ​អ្នក​ទន់​ខ្សោយ ជាពិសេស​យើង​ចង់​សុំ​ឲ្យ​ប្រទេស​ខ្មែរ​ហ្នឹង​កុំ​ឲ្យ​វា​ចូល​ក្នុង គេ​ហៅ​ថា​ប្រទេស​មួយ​មាន​ស្តង់ដារ​ច្បាប់​ពីរ។ យើង​ឃើញ​មាន​សណ្ឋាគារ​ធំ​មួយ និង​ផ្ទះ​វីឡា​មួយ​យ៉ាង​ធំ​ដែល​ទើប​តែ​សាងសង់ ប្រសិន​ត្រូវ​បណ្ដេញ​ប្រជាពលរដ្ឋ អ៊ីចឹង​សណ្ឋាគារ ហើយ​និង​លំនៅឋាន​ដ៏​ស្កឹមស្កៃ​ហ្នឹង ក៏​ត្រូវ​តែ​បណ្ដេញ​ដើម្បី​ឲ្យ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខួយ សុខា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​មេសា។ ចំណែក​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត លោក ឆាយ សារ៉េត មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​ទើប​តែ​ចេញ​ពី​ពេទ្យ​ព្យាបាល​ជំងឺ ដូច្នេះ​រឿងរ៉ាវ​ទាក់ទង​នឹង​ករណី​នេះ លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អ្វី​បាន​ឡើយ។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​ខេត្ត​ពោធិ៍សាត់ ចុះ​ហត្ថលេខា​ដោយ​អភិបាល​ខេត្ត លោក ខួយ សុខា នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ និង​ធ្វើ​អាជីវកម្ម​លើ​ដី​ចំណី​ស្ទឹង​ត្រើយ​ខាង​លិច ចាប់​ពី​ទំនប់​ក្បាលហុង ក្នុង​ភូមិ​ក្បាលហុង រហូត​ដល់​ផ្លូវ​ក្រវាត់​ក្រុង​នៃ​ភូមិ​ពោធិ៍កំបោរ ឃុំ​វាល ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ ត្រូវ​រុះរើ​ផ្ទះ​សម្បែង និង​ផល​ដំណាំ​ផ្សេងៗ​ចេញ​ឲ្យ​អស់​នៅ​មុន​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤។ រដ្ឋបាល​សាលា​ខេត្ត​មាន​ផែន​ការ​សាងសង់​ជើង​ទេរ​ច្រាំង​ស្ទឹង រៀប​ចំ​សួន​ច្បារ និង​ដាំ​បង្គោល​ភ្លើង​បំភ្លឺ​នៅ​ទី​សាធារណៈ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។