ប្រជាពលរដ្ឋប្រមាណ ១០០នាក់ក្នុងខេត្តកោះកុង បាននាំគ្នាបោះតង់ស្នាក់នៅក្បែរស្នាក់ការក្រុមហ៊ុនចិន ឈ្មោះ យូញៀន (Union) ដើម្បីទាមទារឲ្យផ្ដល់ដំណោះស្រាយដីធ្លីជូនពួកគេ។
លោកស្រី ភូ តាងគាន ជាពលរដ្ឋរស់នៅឃុំស្រែអំបិល ស្រុកអំបិល ខេត្តកោះកុង ថ្លែងនៅថ្ងៃទី១ វិច្ឆិកា ថា លោកស្រី និងពលរដ្ឋដែលភាគច្រើនមកពីឃុំជីខលើ និងឃុំជីខក្រោម ស្រុកស្រែអំបិល បាននាំគ្នាបោះតង់ស្នាក់នៅក្បែរក្រុមហ៊ុននេះរយៈពេល ៣ថ្ងៃមកហើយ ដើម្បីទាមទារឲ្យក្រុមហ៊ុននេះ និងរដ្ឋាភិបាល ផ្ដល់សំណងដីធ្លីជូនពួកគេ។ លោកស្រីបន្តថា ដីទំនាស់ដែលស្ថិតនៅឃុំកោះស្ដេច ស្រុកគីរីសាគរ ជាង ២ពាន់ហិកតារ ពាក់ព័ន្ធនឹងពលរដ្ឋជាង ៣០០គ្រួសារ គឺជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ដែលមិនទាន់មានការដោះស្រាយជូនពួកគាត់នៅឡើយ ហើយក្រុមហ៊ុនបានឈូសឆាយដំណាំ និងផ្ទះសម្បែងរបស់ពួកគាត់ទៀតផង។
ទោះជាយ៉ាងណា ពួកគាត់ស្នើឲ្យអាជ្ញាធរ រដ្ឋាភិបាល និងក្រុមហ៊ុនយូញៀន ដែលមាន លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា ជាអ្នកសម្របសម្រួលដោះស្រាយបញ្ហា ដោយផ្អាកការឈូសឆាយដីពួកគាត់ និងឆ្វៀលដីរបស់ពលរដ្ឋដើម្បីអភិវឌ្ឍនៅនឹងកន្លែង៖ «គោលបំណងពួកខ្ញុំកំពុងដោះស្រាយជាមួយ លី យ៉ុងផាត់ ប៉ុន្តែពេលខ្ញុំទៅដោះស្រាយ ក្រុមហ៊ុនចិន មកឈូសដីខ្ញុំថែមទៀត។ ខ្ញុំចង់ធ្វើនេះដើម្បីឲ្យរាជរដ្ឋាភិបាលឃើញប្រជាជនកំពុងរងទុក្ខ កុំសម្រេចឲ្យដីទៅចិន អស់ហើយដេញពួកខ្ញុំទៀត»។
ទាក់ទងបញ្ហានេះ អ្នកសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ប្រចាំខេត្តកោះកុង លោក ញៀប សំអឿន ថ្លែងថា លោក លី យ៉ុងផាត់ ជាអ្នកសម្របសម្រួលដោះស្រាយបញ្ហាថ្មីៗនេះ បានចុះស្រង់ស្ថិតិពលរដ្ឋ ប៉ុន្តែពុំទាន់មានដំណោះស្រាយយ៉ាងណានៅឡើយ។ លោកបានស្នើឲ្យភាគីពាក់ព័ន្ធ ប្រញាប់ដោះស្រាយបញ្ហាកុំអូសបន្លាយពេលវេលាយូរ។
ពលរដ្ឋ បាននាំគ្នាបោះតង់ស្នាក់នៅរង់ចាំដំណោះស្រាយនេះក្បែរស្នាក់ការក្រុមហ៊ុន តាំងពីថ្ងៃទី៣០ ខែតុលា ក្រោមការឃ្លាំមើលពីប៉ូលិសទាហានជាច្រើននាក់ ប៉ុន្តែពុំមានអំពើហិង្សានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
