ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​មណ្ឌលគិរី​ព្រមាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុមហ៊ុន​រំលោភ​ដីធ្លី

0:00 / 0:00

អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ពូលុ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ព្រមាន​ថា​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុមហ៊ុន​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​កន្លែង ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​ច្រើន​ផ្នែក​ដល់​ពលរដ្ឋ។

អ្នក​ភូមិ​អះអាង​ថា មន្ត្រី​អាជ្ញាធរ​ព្រងើយ​កន្តើយ​មិន​ចូលរួម​ដោះស្រាយ​ជម្លោះ​តាម​ពាក្យ​ប្ដឹង​របស់​អ្នក​ភូមិ​ឡើយ។ ហេតុ​នេះ ពួក​គាត់​គ្រោង​នឹង​រៀបចំ​បាតុកម្ម​តវ៉ា​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​រឿង​នេះ​បន្ថែម​ទៀត។

អ្នក​ភូមិ​ពូលុ អះអាង​ថា ក្រុមហ៊ុន​ឈ្មោះ ខេហ្វើស (K-First) កំពុង​បំពាន​ឈូស​ឆាយ​ព្រៃ​តំបន់​សក្ការៈ ដី​ចម្ការ​វិល​ជុំ និង​ដី​ចម្ការ​គ្រួសារ​សហគមន៍​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។ ក្រៅ​ពី​នោះ ក្រុមហ៊ុន​នេះ​បាន​ធ្វើ​របាំង​បិទ​ផ្លូវ​ដាក់​បម្រាម​ហាម​ចូល​ទៅ​កាន់​តំបន់​ភ្នំ​យុប្រាណ ដែល​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​អ្នក​ភូមិ​ទៀត​ផង។

តំណាង​សហគមន៍ លោក ឃុត ចាន់រ៉ា នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា អះអាង​ថា អ្នក​ភូមិ​កំពុង​រៀបចំ​ផែនការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​រំលោភ​បំពាន​នេះ ប្រសិន​មន្ត្រី​អាជ្ញាធរ​នៅ​តែ​មិន​ដោះស្រាយ​បញ្ហា​ជូន​អ្នក​ភូមិ។ លោក​កត់​សម្គាល់​ថា អ្នក​ភូមិ​បាន​ផ្ដិត​មេដៃ​ដាក់​ពាក្យ​ប្ដឹង​ជូន​អាជ្ញាធរ​មូលដ្ឋាន និង​ថ្នាក់​ជាតិ​ប្រមាណ ២​ខែ​កន្លង​ទៅ ប៉ុន្តែ​មិន​ឃើញ​មាន​ដំណោះស្រាយ។ ដោយ​ឡែក​ក្រុមហ៊ុន បាន​បន្ត​ឈូស​ឆាយ​ពង្រីក​យក​ដី បិទ​ផ្លូវ​ធ្វើ​ដំណើរ និង​ប្រើ​គ្រឿង​ផ្ទុះ​បំបែក​ថ្ម​បំពាន​ទៅ​លើ​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ៖ «យើង​បាន​ប្រាប់​យូរ​ហើយ​ថា កុំ​ឲ្យ​ធ្វើ​ការ​ឈូស​ឆាយ​បន្ត ប៉ុន្តែ​ជាក់ស្តែង​ក្រុមហ៊ុន​នៅ​តែ​ឈូស​ឆាយ​ព្រៃ​ត្រណម ដី​ចម្ការ​វិល​ជុំ ដី​ចម្ការ​ប្រជាពលរដ្ឋ​ដដែល»

ក្រុមហ៊ុន ខេហ្វើស ដែល​អ្នក​ភូមិ​និយម​ហៅ​ឈ្មោះ​ថា ក្រុមហ៊ុន ៥០០​ហិកតារ ទទួល​បាន​ដី​សម្បទាន ៥០០​ហិកតារ​នៅ​ឃុំ​ប៊ូស្រា។ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤ អ្នក​ភូមិ​ពូលុ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ថ្នាក់​ជាតិ ឲ្យ​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ព្រៃ ឬ​លុប​ចោល​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នេះ ដោយសារ​តែ​ក្រុមហ៊ុន​បាន​បង្ក​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​សុំ​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ។

ចំណែក​អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន អះអាង​ថា អាជ្ញាធរ​ស្រុក​បាន​ចាត់​ក្រុម​ការងារ​ចុះ​សម្រប​សម្រួល​បញ្ហា​ជូន​ពលរដ្ឋ​ហើយ៖ «កំពុង​តែ​ចាត់​ចែង​ហើយ បាទ! កំពុង​តែ​ចាត់​ក្រុម​ការងារ​ចុះ​សម្រប​សម្រួល»

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) លោក សុក រដ្ឋា ថ្លែង​ថា អ្នក​ភូមិ​បាន​ផ្តល់​ដំណឹង​បឋម​ស្ដីពី​គម្រោង​ធ្វើ​បាតុកម្ម​មក​សមាគម​លោក​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា។ លោក​ថា អ្នក​ភូមិ​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម ប៉ុន្តែ​អ្នក​ភូមិ​គួរ​រៀបចំ​លិខិត​ជូន​ដំណឹង​ដល់​អាជ្ញាធរ ដើម្បី​ការពារ​សុវត្ថិភាព​ទាក់ទិន​ការ​តវ៉ា​របស់​ពលរដ្ឋ៖ «អាជ្ញាធរ​ខេត្ត​ក៏ដូចជា​អាជ្ញាធរ​ស្រុក រួម​ទាំង​ថ្នាក់​ជាតិ មិន​ទាន់​មាន​ដំណោះស្រាយ​ណា​មួយ​សមរម្យ​តាម​ការ​ទាមទារ​របស់​ពលរដ្ឋ។ រាល់​ការ​ប្រជុំ​រាល់​ការ​កោះ​ហៅ​ប្រជាជន​មក​ដោះស្រាយ​នៅ​ថ្នាក់​ឃុំ​មាន​ដែរ ក៏ប៉ុន្តែ​ដំណោះស្រាយ​នោះ​មិន​ទាន់​មាន​ការ​ឯកភាព​ពី​សហគមន៍​ផង បណ្ដែត​បណ្តោយ​អនុគ្រោះ​ឲ្យ​ភាគី​អ្នក​មាន​អំណាច ក៏ដូចជា​ក្រុមហ៊ុន ធ្វើ​អ្វី​បាន​តាម​អំពើ​ចិត្ត»

កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នាំ​២០១៤ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ឃុំ​ប៊ូស្រា ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា ជំរុញ​ឲ្យ​រាជ​រដ្ឋាភិបាល​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​ដីធ្លី ការ​បាត់​បង់​ធនធាន​ធម្មជាតិ ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ការ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ភូមិ​ចំនួន​៧ រួម​មាន ភូមិ​ពូលុ ពូចារ ពូទឺត ឡាំមេះ ប៊ូស្រា ពូរាំង និង​ភូមិ​ពូទឹល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។