ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​លើក​គ្នា​​តវ៉ា​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដី

0:00 / 0:00

ប្រជា​ពលរដ្ឋ​មាន​បញ្ហា​ទំនាស់​ដីធ្លី​ប្រមាណ​ជា​១៥០​នាក់ នាំ​គ្នា​ដាក់​ញត្តិ​ចូល​សាលា​ស្រុក​ភ្នំក្រវាញ និង​សាលាខេត្ត​ពោធិ៍​សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​តុលា។ ប្រជា​ពលរដ្ឋ​មាន​ពីរ​ក្រុម​ផ្សេង​គ្នា គឺ​មួយ​ក្រុម​មាន​គ្នា​ប្រហែល​១០០​នាក់ បាន​តវ៉ា​ដាក់​ញត្តិ​នៅ​ខាង​មុខ​សាលាស្រុក​ទាក់ទង​នឹង​រឿង​ដីធ្លី​ជាមួយ​មណ្ឌល​កែប្រែ​ម៤ ស្ថិត​នៅ​ឃុំ​ផ្ទះរុង ស្រុក​ភ្នំក្រវាញ និង​មួយ​ក្រុម​ទៀត​មាន​គ្នា​ប្រហែល​៥០​នាក់ បាន​តវ៉ា​ដាក់​ញត្តិ​នៅ​ខាងមុខ​សាលាខេត្ត​ពោធិ៍សាត់​ ទាក់ទង​នឹង​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន និង​ដី​សហគមន៍​នៅ​ស្រុក​ក្រគរ។

ក្រុម​ពលរដ្ឋ​បាន​តវ៉ា​ដាក់​ញត្តិ​ជូន​អាជ្ញាធរ​ព្រម​ៗ​គ្នា ក្នុង​គោល​បំណង​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគាត់​ជាមួយ​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋ និង​រឿង​ខ្លះ​ទៀត​ទាក់ទង​នឹង​ដី​សហគមន៍។ បញ្ហា​ទាំង​នេះ​នៅ​កន្លែង​ខ្លះ​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ​អ្វី​ទាំង​អស់​ក្រៅ​ពី​ការ​សន្យា​របស់​អាជ្ញាធរ។

អភិបាល​រង​ខេត្ត​ពោធិ៍សាត់ និង​ជា​អ្នក​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី​លោក ខូយ រីដា បាន​ចេញ​មក​ទទួល​ញត្តិ និង​អះអាង​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​តវ៉ា​ថា លោក​នឹង​ទទួល​យក​នូវ​ទុក្ខ​កង្វល់ និង​ពាក្យ​បណ្ដឹង​នានា​ពី​គ្រប់​ស្រុក​ទាំង​អស់​ ដើម្បី​ធ្វើ​ការ​ដោះស្រាយ ប៉ុន្តែ​ស្រុក​ខ្លះ​លោក​ចង់​ឲ្យ​អាជ្ញាធរ​ស្រុក​ចុះ​សិក្សា និង​ដោះស្រាយ​ជូន​ពលរដ្ឋ​ជា​ជំហាន​ដំបូង​សិន។

លោក​ថា​កន្លង​ទៅ​អាជ្ញាធរ​ខេត្ត​គ្រាន់​តែ​ទទួល​ឯកសារ និង​ការ​ពន្យល់​របស់​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន ប៉ុន្តែ​លើក​នេះ​រូប​លោក និង​អភិបាល​ខេត្ត​ផ្ទាល់​នឹង​ចុះ​ពិនិត្យមើល រួច​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មួយ​ឃុំ​ម្ដងៗ​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៤ និង​នៅ​ក្រោយ​ថ្ងៃ​បុណ្យ​អុំទូក អក​អំបុក និង​សំពះព្រះខែ​ជា​បន្ត​បន្ទាប់​ទៀត៖ «ឥឡូវ​មក​ដល់​ពេល​នេះ​គាត់​ជជែក​គ្នា​យល់​ព្រម​ហើយ​ថ្ងៃ​ទី​២៣ គាត់​ចាំ​ទទួល​ហើយ​មាន​លេខ​ទូរស័ព្ទ មាន​ឯកសារ មាន​ផែន​ទី​អស់​ហើយ​ដែល​យើង​ត្រូវ​ចុះ​ចំណុច​គោលដៅ​ហ្នឹង។ ក្នុង​នាម​អាជ្ញាធរ​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​របស់​យើង​ទាំង​អស់​គ្នា​ឲ្យ​យល់​ពី​គោលការណ៍​ជៀសវាង​ផល​ប៉ះពាល់​ពិសេស​គឺ​បងប្អូន​ប្រជា​ពលរដ្ឋ និង​ប្រជា​ពលរដ្ឋ ទី​១ ទី​២​ជៀសវាង​ផល​ប៉ះពាល់​អាជ្ញាធរ​ជាមួយ​ប្រជា​ពលរដ្ឋ ទី​៣​គឺ​ប៉ះពាល់​ជាមួយ​ការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន គឺ​យើង​ធ្វើ​ម៉េច​ឲ្យ​មាន​គោលការណ៍​ច្បាប់​ទាំង​អស់​គ្នា»។

បើ​ទោះ​ជា​មាន​ការ​សន្យា និង​អះអាង​របស់​អាជ្ញាធរ​បែប​នេះ​ មាន​ពលរដ្ឋ​ខ្លះ​រង់​ចាំ​មើល​ការ​អនុវត្ត និង​ខ្លះ​ទៀត​គ្មាន​ជំនឿ​តែ​ម្ដង ដោយសារតែ​ការ​សន្យា​របស់​អាជ្ញាធរ​មាន​ច្រើន​ស្ទើរ​រាប់​ភ្លេច​ទៅ​ហើយ ប៉ុន្តែ​គ្មាន​ការ​អនុវត្ត​ម្ដង​ណា​ឡើយ។

តំណាង​ពលរដ្ឋ​ម្នាក់​មក​ពី​ឃុំ​អន្លង់​រាប ស្រុក​វាលវែង​លោក ជុំ សារ៉ាត មាន​ប្រសាសន៍​ថា លោក​គ្មាន​ជំនឿ​លើ​ការ​សន្យា​របស់​អាជ្ញាធរ​នា​ពេល​នេះ​ឡើយ ដោយ​លោក​លើក​ឧទាហរណ៍​ករណី​វិវាទ​ដីធ្លី​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព នៅ​ស្រុក​វាលវែង ដែល​បាន​ឈូស​ឆាយ​ប៉ះពាល់​ដល់​ដី​អាស្រ័យ​ផល និង​ដី​ធ្លាប់​កាន់កាប់​របស់​អ្នក​ភូមិ​ជាង​១០០​គ្រួសារ នៅ​ឃុំ​ថ្មដា និង​ឃុំ​អន្លង់​រាប​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​អ្វី​ទាំង​អស់ បើ​ទោះ​បី​ជា​មាន​ការ​ស្បថ​សច្ចា​នៅ​ចំពោះ​មុខ​ព្រះពុទ្ធ​បដិមា​របស់​អតីត​អភិបាល​ស្រុក​ថា​នឹង​ជួយ​ដោះស្រាយ​បញ្ចប់​រឿង​ដី​ធ្លី​នេះ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់​យ៉ាង​ណា​ក៏​ដោយ៖ «អាការ​ស្បថ​ក៏​ដោយ​ទាំង​វេទិកា​សាធារណៈ​ថ្នាក់​ខេត្ត​ទៅ​សន្យា​ទៀត​ក៏​អត់​មាន​ដែរ ( អត់​ដំណោះ​ស្រាយ ) បើ​អីចឹង​ខ្ញុំ​ដូច​ជា​អត់​មាន​សង្ឃឹម​ជឿជាក់​ទាល់តែ​អភិបាល​ខេត្ត​មាន​លក្ខខណ្ឌ​អី​មួយ​ដែល​គួរ​ឲ្យ​ខ្ញុំ​កត់​សម្គាល់​ថា​ខ្ញុំ​ជឿ​បាន បើ​អីចឹង​គាត់​អត់​មាន​លក្ខខណ្ឌ​អី​ឲ្យ​ខ្ញុំ​ផង។ គាត់​គ្រាន់​តែ​សន្យា​ថា​នឹង​ទៅ​ដោះស្រាយ​តែ​សន្យា​ដោះស្រាយ​ហ្នឹង​គាត់​បាន​ផ្ទេរ​ទៅ​ឲ្យ​អភិបាល​ស្រុក​ចុះ​ទៅ​មើល ហើយ​នឹង​ធ្វើ​ការ​ដោះស្រាយ»។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់​លោក ភួង សុធា ថ្លែង​ថា ការ​ដោះស្រាយ​វិវាទ​ដីធ្លី​នឹង​មិន​ងាយ​ធ្វើ​ទៅ​រួច​ឡើយ ប្រសិន​បើ​អាជ្ញាធរ​មិន​ព្រម​បង្កើត​គណៈកម្មការ​ដោះស្រាយ ឬ​មាន​យន្តការ​ច្បាស់លាស់​ទេ​នោះ។ លោក​ថា​ការ​ឆ្លើយ​តប​របស់​អាជ្ញាធរ​ទៅ​កាន់​ប្រជា​ពលរដ្ឋ​​នា​ពេល​នេះ គឺ​ហាក់​មិន​ទាន់​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​រឿង​ដីធ្លី​ដែល​បាន​អូស​បន្លាយ​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ជូន​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ៖ «ប្រសិន​បើ​មាន​ការ​បង្កើត​គណៈកម្មការ​មួយ​ដោយ​ពេញ​លេញ យើង​ជឿជាក់​ថា​យន្តការ​នៃ​ការ​ដោះស្រាយ​គឺ​អាច​នឹង​មាន​ការ​កើត​ឡើង ប៉ុន្តែ​បើ​សិន​ជា​គ្មាន​យន្តការ ឬ​មួយ​បង្កើត​គណៈកម្មការ​ឲ្យ​បាន​ច្បាស់​លាស់​ទេ បញ្ហា​ដីធ្លី​គឺ​មិន​អាច​បញ្ចប់​បាន​ទេ​នៅ​ពេល​នេះ»។

ក្រុម​ពលរដ្ឋ​ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលាខេត្ត​ពោធិ៍សាត់ ​បាន​រំសាយ​ការ​តវ៉ា និង​ដាក់​ញត្តិ​របស់​ខ្លួន​នៅ​ម៉ោង​ជិត​១១ ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​តុលា ដោយ​មិន​ដង្ហែ​ញត្តិ​បន្ត​ទៅ​កាន់​រដ្ឋសភា​ជាតិ និង​ផ្ទះ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ​តាម​ការ​គ្រោង​ទុក​របស់​ខ្លួន​នោះ​ទេ ដោយសារ​តែ​ចំនួន​អ្នក​ចូល​រួម​តិច​ពេក ម្យ៉ាង​រង់ចាំ​មើល​ការ​អនុវត្ត​នូវ​អ្វី​ដែល​អាជ្ញាធរ​បាន​សន្យា​ជាមួយ​ប្រជា​ពលរដ្ឋ។ ចំណែក​ក្រុម​ពលរដ្ឋ​ដែល​ជួបជុំ​គ្នា​នៅ​សាលា​ស្រុក​ភ្នំក្រវាញ​វិញ ក៏បាន​រំសាយ​​នៅ​ម៉ោង​ប្រហែល​១២​ព្រឹក បន្ទាប់​ពី​បំពេញ និង​កែ​តម្រូវ​លើ​ឯកសារ និង​ញត្តិ​ទាមទារ​របស់​ខ្លួន ដែល​អាជ្ញាធរ​ស្រុក​តម្រូវ​ឲ្យ​ធ្វើ មុន​នឹង​ឈាន​ដល់​ការ​ដោះស្រាយ​រឿង​ដីធ្លី​ពាក់ព័ន្ធ​ជាមួយ​ដី​របស់​មណ្ឌល​កែប្រែ​ម៤ ស្ថិត​នៅ​ភូមិ​ព្រហស្ថក្បាល ​ឃុំ​ផ្ទះរុង ស្រុក​ភ្នំក្រវាញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។