តើពលរដ្ឋទាំងនោះកំពុងតែរស់នៅក្នុងស្ថានភាពយ៉ាងណាខ្លះ? ហើយទីលំនៅថ្មីដែលពួកគាត់កំពុងរស់នៅនោះ បានផ្ដល់ភាពសុខសាន្តអ្វីខ្លះដល់អ្នកភូមិ?
«សំឡេងក្មេងងូតទឹកនៅមាត់អណ្ដូង»
ក្មេងតូចៗ២-៣នាក់ បាននាំគ្នាងូតទឹកយ៉ាងសប្បាយរីករាយនៅក្បែរអណ្ដូងយោងមួយកន្លែង ស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលទីនោះគេហៅថា សហគមន៍ស្ពានឆេះ។
«សំឡេងក្មេងងូតទឹកនៅមាត់អណ្ដូង»
សំណើចដែលចេញពីមាត់ក្មេងៗក្បែរអណ្ដូងនោះ បានផ្ដល់ឲ្យអ្នកម្ដាយរបស់ពួកគេគ្មានអារម្មណ៍នឹងនឡើយ ដោយហេតុថា អណ្ដូងនោះនៅជាប់នឹងដងផ្លូវដែលមានរថយន្តឆ្លងកាត់ជាញឹកញាប់។
ស្ត្រីអ្នកភូមិម្នាក់ឈ្មោះ ឈន ស៊្រាង ដែលកំពុងអង្គុយដាំបាយនៅខាងមុខផ្ទះរបស់គាត់ បានថ្លែងដោយកង្វល់ថា ពួកគាត់បារម្ភចំពោះក្មេងតូចៗដែលគ្មានទីធ្លារត់លេង ដោយសារតែផ្ទះរបស់ពួកគាត់នៅជាប់នឹងដងផ្លូវពេក។
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០០៧ កន្លងទៅ ប្រជាពលរដ្ឋចំនួន ១០៧គ្រួសារ ត្រូវបានអាជ្ញាធររឹបអូសដីធ្លីសរុប ១៦ហិកតារ ដែលមានកម្លាំងសមត្ថកិច្ចប្រដាប់ដោយខែល និងដំបងឆក់ ដោយប្រើគ្រឿងចក្រឈូសឆាយ និងដុតបំផ្លាញផ្ទះសម្បែងពួកគាត់។ ក្នុងព្រឹត្តិការណ៍បង្ក្រាបនោះ ពលរដ្ឋចំនួន ១៣នាក់ បានរងការចាប់ខ្លួនដាក់គុក ដោយសារតែការប្រឆាំងតវ៉ា។
បុរសឈ្មោះ យៀង រ៉េន ដែលបានជាប់ពន្ធនាគារជិត ១ឆ្នាំក្នុងរឿងទំនាស់ដីធ្លីនេះ បានរំលឹកព្រឹត្តិការណ៍បណ្ដេញពលរដ្ឋចេញ។
ចាប់តាំងពីការចាកចេញពីទីតាំងចាស់មក អ្នកភូមិបាននាំគ្នាបោះតង់នៅទីតាំងថ្មីប្រមាណ ៥០ម៉ែត្រ មិនឆ្ងាយពីទីតាំងចាស់ប៉ុន្មានឡើយ ដើម្បីរស់នៅបណ្ដោះអាសន្ន រង់ចាំការដោះស្រាយពីអាជ្ញាធរខេត្ត។ អ្នកភូមិកំពុងរស់នៅក្នុងខ្ទមប្រក់ស្បូវតូចៗមុខក្រោយគ្នាជាជួរ ខាងមុខដីឡូរបស់ឯកជនដែលគេទិញទុកចោល ដោយព័ទ្ធរបងថ្មយ៉ាងរឹងមាំ នៅតាមដងផ្លូវម្ខាងឆ្ពោះទៅឆ្នេរអូរត្រេះ។ ទីតាំងថ្មីនោះ គ្មានសាលារៀន គ្មានអគ្គិសនីប្រើប្រាស់ ខ្វះទឹកស្អាត និងគ្មានបង្គន់អនាម័យឡើយ។ អណ្ដូងទឹកមានតែ ១ប៉ុណ្ណោះ គឺជាអណ្ដូងយោងមានកម្ពស់ប្រមាណកន្លះម៉ែត្រពីដី ហើយគ្មានគម្របទេ។

១-ទិដ្ឋភាពផ្ទះពលរដ្ឋតាំងទីលំនៅថ្មីក្នុងសហគមន៍ស្ពានឆេះ។

២-ពលរដ្ឋរស់នៅទីតាំងថ្មីខាងមុខដីកម្មសិទ្ធិឯកជនបន្ទាប់ពីអាជ្ញាធរខេត្តបណ្ដេញចេញ។

៣-ពលរដ្ឋរស់នៅទីតាំងថ្មីខាងមុខដីកម្មសិទ្ធិឯកជនបន្ទាប់ពីអាជ្ញាធរខេត្តបណ្ដេញចេញ។

៤-លោកស្រី ស៊ុត ឌីន ជាស្ត្រីមេម៉ាយមានកូន ៥នាក់ ប្រកបរបរត្បាញកន្ទេលលក់។

៥-ស្ត្រីចំណាស់កំពុងដងទឹកអណ្ដូងយកទៅប្រើប្រាស់។

៦-កុមារពីរនាក់កំពុងដងទឹកអណ្ដូងងូត។

៧-ទឹកដែលពលរដ្ឋដងពីអណ្ដូងយកមករក្សាទុកប្រើប្រាស់។

៨-យុវតីងូតទឹកឲ្យកុមារក្បែរអណ្ដូង។

៩-លោកស្រី ឈន ស៊្រាង ជាស្ត្រីមេម៉ាយ មានកូន ៤នាក់ កំពុងដាំបាយចំហុយផ្អកជាអាហារ។

១០-ពលរដ្ឋបញ្ចូលគោក្របីដាក់ក្នុងទ្រុង។

១១-អតីតដីប្រជាពលរដ្ឋរស់នៅ ដែលអាជ្ញាធរបណ្ដេញចេញត្រូវគេធ្វើរបងថ្មព័ទ្ធជុំវិញ។
ថ្ងៃរៀងជ្រេបន្តិចទៅហើយ យុវតីវ័យ ១៤ឆ្នាំ ឈ្មោះ ចាន់ ចាន្នី មានសម្បុរខ្មៅស្រអែម បាននាំក្មួយស្រីតូចរបស់នាងមកងូតទឹកក្បែរអណ្ដូងនោះ។ នាងឲ្យដឹងថា មុនប្រើប្រាស់សម្រាប់ដាំស្ល ពួកគេត្រូវដងទឹកនេះទៅរក្សាទុកមួយថ្ងៃមុន។ ពួកគេខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ មានតែអណ្ដូងមួយនេះប៉ុណ្ណោះដែលនៅជិតផ្ទះជាងគេ។
ចំណែកឯការសិក្សារៀនសូត្រវិញ យុវតីដដែលបានថ្លែងថា ក្មេងៗក្នុងសហគមន៍បានទទួលការឧបត្ថម្ភពីអង្គការមិនមែនរដ្ឋាភិបាល ដែលបានជួយទំនុកបម្រុងឲ្យរៀនទាំងភាសាខ្មែរ និងភាសាអង់គ្លេស។
ស្ត្រីអ្នកភូមិឈ្មោះ ស៊ុត ឌីម វ័យ ៥៥ឆ្នាំ បានត្អូញថា ពលរដ្ឋមករស់នៅក្នុងសហគមន៍នេះតាំងពីឆ្នាំ២០០៧ មក មានជីវភាពកាន់តែក្រីក្រទៅៗ។
ស្ត្រីដដែល បានអំពាវនាវឲ្យអាជ្ញាធរខេត្តអនុវត្តតាមការសន្យាជាមួយពលរដ្ឋ ដែលថាផ្ដល់ទីជម្រកស្របច្បាប់ឲ្យពួកគាត់ បន្ទាប់ពីបណ្ដេញអ្នកភូមិចេញមកនោះ។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្តព្រះសីហនុ លោក ស៊ុន សុខន បានឆ្លើយតបថា អាជ្ញាធរខេត្តមានផែនការរៀបចំដីសម្បទានសង្គមកិច្ចជូនពួកគាត់នៅក្នុងសង្កាត់ទំនប់រលក ស្រុកស្ទឹងហាវ ដែលក្នុងមួយគ្រួសារទទួលបានដីចំនួន ២០គុណនឹង ៣០ម៉ែត្រ។ ប៉ុន្តែលោកមិនបញ្ជាក់ថា នឹងផ្ដល់ជូនពលរដ្ឋនៅពេលណានោះទេ។
ថ្វីត្បិតតែទីតាំងដែលពួកគាត់រស់នៅនោះ ពុំមែនជាទីតាំងដែលអាជ្ញាធរផ្ដល់ឲ្យក៏ដោយ ប៉ុន្តែអ្នកភូមិបានអះអាងថា ពួកគាត់បានបន្តប្រើឯកសារច្បាប់នានានៅទីតាំងចាស់ ដើម្បីសម្គាល់អត្តសញ្ញាណដើម្បីចុះឈ្មោះបោះឆ្នោតជារៀងរាល់អាណត្តិ។
អ្នកសម្របសម្រួលនៃសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានមតិថា ការរស់នៅទីតាំងថ្មីរបស់ពលរដ្ឋទាំងនោះ ដោយសារតែគ្មានជម្រើស ហើយការរង់ចាំតាមការសន្យារបស់អាជ្ញាធរខេត្ត ក៏លែងមានប្រសិទ្ធភាពទៀតដែរ។ អ្នកស្រីបន្តថា មានតែការជួបជាមួយបេក្ខភាពតំណាងរាស្ត្រថ្មីប្រចាំមណ្ឌលខេត្តព្រះសីហនុ ដើម្បីសិក្សាពីឆន្ទៈ និងគោលនយោបាយដោះស្រាយបញ្ហាដីធ្លីរបស់គណបក្សតែប៉ុណ្ណោះ ដើម្បីពិចារណាមុនការបោះឆ្នោតជាតិជិតមកដល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
