ប្រជាពលរដ្ឋជាង៦០នាក់ ដែលភាគច្រើនជាអ្នករងគ្រោះក្នុងរឿងដីធ្លី នៅឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានជួបជជែកជាមួយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃទី៩ វិច្ឆិកា។ក្រុមពលរដ្ឋបង្ហាញពីភាពអស់សង្ឃឹមចំពោះអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយវិវាទដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុនអភិវឌ្ឍន៍រតនវិសាល (Rathanakvisal) និងដីស្រែចម្ការរបស់ពលរដ្ឋធ្លាប់កាន់កាប់ និងអាស្រ័យផលដែលអាជ្ញាធររឹបអូសទៅធ្វើដីសហគមន៍តាំងពីអំឡុងឆ្នាំ២០១២។
តំណាងពលរដ្ឋម្នាក់មកពីភូមិដូង នៃឃុំក្បាលត្រាចលោក លី ឡាញ់ មានប្រសាសន៍ថា រូបលោក និងពលរដ្ឋក្នុងឃុំជាច្រើនទៀតមានសង្ឃឹមតិចតួចបំផុត បើទោះបីជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិអះអាងនៅចំពោះមុខប្រជាពលរដ្ឋថានឹងជួយដោះស្រាយ ពីព្រោះកន្លងទៅពលរដ្ឋធ្លាប់ប្រតិកម្ម និងតស៊ូមតិខ្លាំងជាងនេះនៅតែគ្មានដំណោះស្រាយដដែល៖ «ព្រៃសហគមន៍ត្រូវមានព្រៃឈើ ហើយទំនៀមទម្លាប់គាត់គឺប្រើចម្ការវិលជុំដល់ពេលអីចឹង ( មានរឿងដីធ្លី ) ស្រាប់តែអាទំនៀមទម្លាប់របស់ពួកគាត់ពីបរមបុរាណត្រូវបាត់អស់ដោយសារអ្នកមានអំណាច ឬមានលុយបំផ្លាញព្រៃឈើអស់ហើយមកចោទពលរដ្ឋរឿងដីធ្លីហ្នឹង។ ខ្ញុំឃើញជាច្រើនឆ្នាំមកហើយវាដោះស្រាយនៅតែដដែលអត់មាននណាដោះស្រាយបានអីសោះ។ ជិន ជេដ្ឋា៖ ប៉ុន្ដែការជួបជុំពិភាក្សាលើកនេះមានសង្ឃឹមថានឹងមានដំណោះស្រាយទេ ? ខ្ញុំមានសង្ឃឹមដែរ ប៉ុន្តែសង្ឃឹមតែដប់ភាគរយទេ ព្រោះអីកន្លងមកខ្លាំងជាងនេះទៀត តែបើអាចធ្វើបានខ្ញុំសរសើរមែន»។
តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ នៃគណបក្សសង្គ្រោះជាតិលោក ងឹម ញ៉េង ថ្លែងបញ្ជាក់ថា មកដល់បច្ចុប្បន្នគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានទទួលពាក្យបណ្ដឹងរបស់ពលរដ្ឋរងគ្រោះក្នុងរឿងដីធ្លីជាង១០០ បណ្ដឹង ក្នុងនោះនៅខេត្តពោធិ៍សាត់មានចំនួន១០បណ្ដឹង ហើយកំពុងចុះស៊ើបអង្កេតបឋមទៅលើករណីទាំងនោះ។ ក្រុមពលរដ្ឋដែលជួបជុំគ្នាជាង២ម៉ោងនៅក្នុងបរិវេណវត្តកបិលមហាព្រហ្ម ឋិតនៅភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបំបែកគ្នានៅម៉ោងប្រហែល៤រសៀល ដើម្បីរង់ចាំដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
