ប្រជាពលរដ្ឋប្រមាណ ១០០នាក់មកពីសហគមន៍ចំនួន៦ នៅរាជធានីភ្នំពេញ ដែលព្រួយបារម្ភថានឹងប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ផ្លូវអមសងខាងផ្លូវរថភ្លើង នាំគ្នាទៅដាក់លិខិតស្នើសុំជួបអភិបាលសាលារាជធានីភ្នំពេញ ដើម្បីបានការពន្យល់ឲ្យច្បាស់ពីគម្រោងនេះ។ តំណាងសាលារាជធានីភ្នំពេញឆ្លើយតបថា នឹងពិចារណាលើសំណើនេះ ហើយថានឹងសិក្សាលម្អិតពីគម្រោងអភិវឌ្ឍន៍ ដើម្បីកុំឲ្យប៉ះពាល់ប្រជាពលរដ្ឋច្រើនពេក។
ពលរដ្ឋចំនួន ១១នាក់នៅព្រឹកថ្ងៃទី១៥ មីនា ត្រូវសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យដើរចូលការិយាល័យរាជធានីភ្នំពេញ ដើម្បីដាក់លិខិតស្នើសុំនោះ។
សហគមន៍ទាំង ៦ នោះ ស្នើសុំសាលារាជធានីភ្នំពេញ ធ្វើផ្លូវត្រឹម ១៤ម៉ែត្រ ដោយមានទ្រូងផ្លូវ ៦ម៉ែត្រសងខាងផ្លូវរថភ្លើង និងមានចិញ្ចើមផ្លូវ ១ម៉ែត្រ ហើយស្នើសុំប្លង់កម្មសិទ្ធិ និងស្នើសុំធ្វើការអភិវឌ្ឍនៅនឹងកន្លែង ឬប្ដូរទីតាំងទៅទីតាំងថ្មីចម្ងាយប្រវែង ២ ទៅ ៣គីឡូម៉ែត្រពីទីតាំងចាស់ ចំពោះករណីគ្រួសារដែលមិនអាចអភិវឌ្ឍនៅនឹងកន្លែងបាន។
សហគមន៍ដែលស្នើសុំជួបលោក ប៉ា សុជាតិវង្ស នៅថ្ងៃទី២៨ មីនា ខាងមុខ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើងរត់ត្រង់ពីភ្នំពេញទៅខេត្តព្រះសីហនុ នៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រួមមានសហគមន៍អភិវឌ្ឍន៍ថ្មី សហគមន៍រួមចិត្តតែមួយ សហគមន៍ភូមិ១៧ សហគមន៍ភូមិ១០៤ សហគមន៍១០៥ និងសហគមន៍ភូមិ២ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកស្រី ស្រី សរ ពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើង ព្រួយបារម្ភថា ប្រសិនបើផ្លូវអមផ្លូវរថភ្លើងដែលនឹងត្រូវពង្រីកឡើងតាមគម្រោងរបស់សាលារាជធានីភ្នំពេញមែននោះ គ្រួសារលោកស្រីនឹងអាចបាត់បង់ផ្ទះសម្បែង៖ «ខ្ញុំស្នើទៅសាលាក្រុង ផ្លូវ ៧ម៉ែត្រហ្នឹង។ ប្រសិនបើគាត់យក ១៥ម៉ែត្រ ដូចផ្ទះនៅមុខនេះ អស់ទាំងស្រុងតែម្ដង។ ខ្ញុំអត់ចង់បានអ៊ីចឹងទេ។ ខ្ញុំមិនចង់បានការប្ដូរទីតាំងទៅរស់នៅត្រពាំងអញ្ចាញ ភ្នំបាតទេ»។
ក៏ប៉ុន្តែអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បញ្ជាក់ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៥ មីនា ថា មិនមានគម្រោងដែលប្រជាពលរដ្ឋលើកឡើងនេះទេ ដោយលោកថា គម្រោងនេះត្រូវលុបចោលបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ប្រកាសលុបចោលកាលពីពេលកន្លងទៅ។ លោកឲ្យដឹងថា សាលារាជធានីភ្នំពេញ នឹងពិចារណាលើសំណើសុំជួបលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
លោកអះអាងថា គម្រោងអភិវឌ្ឍន៍នៅតាមសហគមន៍ផ្លូវរថភ្លើងដែលសាលារាជធានីភ្នំពេញកំពុងសិក្សា ស្ថិតនៅតាមផ្លូវរថភ្លើងដែលមិនមានដំណើរការ មិនមែននៅតាមទីតាំងពលរដ្ឋដែលមកដាក់លិខិតព្រឹកថ្ងៃទី១៥ មីនា នោះទេ ហើយសាលារាជធានីភ្នំពេញនឹងសិក្សាលម្អិតពីគម្រោងអភិវឌ្ឍន៍ ដើម្បីកុំឲ្យប៉ះពាល់ប្រជាពលរដ្ឋច្រើនពេក មុនចាប់ផ្តើមសាងសង់៖ «យើងវាយតម្លៃតែលើផ្លូវរថភ្លើងដែលមិនដំណើរការមួយខ្សែ (ផ្សេង) ទៀត ពីស្ថានីយដល់គីឡូម៉ែត្រលេខ៦»។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលដាក់លិខិត ថ្លែងប្រាប់ថា ពួកគាត់បានឮលោក ប៉ា សុជាតិវង្ស លើកឡើងដោយផ្ទាល់កាលពីថ្ងៃទី២៨ កុម្ភៈ ចំពោះមុខចៅសង្កាត់ទឹកល្អក់១ និងអភិបាលខណ្ឌទួលគោក ថា សាលារាជធានីភ្នំពេញគ្រោងអភិវឌ្ឍផ្លូវយ៉ាងតិច ១៥ម៉ែត្រពីអ័ក្សសងខាងនៃផ្លូវរថភ្លើង ដែលធ្វើឲ្យសហគមន៍ព្រួយបារម្ភពីសុវត្ថិភាពផ្ទះសម្បែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
