ច្រើនឆ្នាំកន្លងទៅនេះ ប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី ច្រើនក្រុម ក្លាយជាជនរងគ្រោះទាក់ទិនបញ្ហាដីធ្លី ព្រៃឈើ ព្រមទាំងធនធានធម្មជាតិដទៃទៀត។ ពលរដ្ឋតែងតែដាក់ពាក្យប្ដឹងទាមទារឲ្យមានដំណោះស្រាយទំនាស់នេះយុត្តិធម៌ តាមប្រព័ន្ធតុលាការ ប៉ុន្តែមានការយឺតយ៉ាវ ជាហេតុធ្វើឲ្យអ្នកភូមិប្រឈមមុខទៅនឹងការបាត់បង់ដីធ្លីកាន់តែច្រើន។
ការបាត់បង់ដីធ្លីសហគមន៍ បានធ្វើឲ្យប៉ះពាល់ប្រពៃណីវប្បធម៌ និងជីវភាពរស់នៅរបស់ជនជាតិដើមទៀតផង។
ប្រជាពលរដ្ឋជនជាតិដើមភាគតិចច្រើនក្រុម បានហៅចំណាត់ការរបស់តុលាការខេត្តរតនគិរី ថាមិនផ្តល់យុត្តិធម៌ពិតប្រាកដដល់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសសហគមន៍ជនជាតិដើមភាគតិចដែលប្រឈមមុខទៅនឹងការរំលោភដីធ្លីច្រើនករណី។
ការអះអាងនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពីសិទ្ធិដីធ្លី និងធនធានធម្មជាតិ រៀបចំឡើងដោយសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) កាលពីចុងខែឧសភា កន្លងទៅនេះ នៅក្រុងបានលុង។
តំណាងសហគមន៍ជនជាតិដើមទំពួន គ្រឹង ចារ៉ាយ ជាដើម រៀបរាប់ថា រឿងក្តីតវ៉ាបញ្ហារំលោភដីធ្លី ព្រៃឈើនៅតំបន់ជនជាតិដើមពីសំណាក់អ្នកមានប្រាក់មានអំណាច និងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហើយសហគមន៍បានដាក់ពាក្យប្ដឹងតាមផ្លូវតុលាការច្រើនឆ្នាំកន្លងទៅ មិនឃើញមានចំណាត់ការបែបណា។ ការអូសបន្លាយមិនដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាប្រការផ្តល់ភាពអយុត្តិធម៌ចំពោះប្រជាសហគមន៍។
តំណាងជនជាតិដើមទំពួន ភូមិលុងឃុង ស្រុកបរកែវ លោក ជុ សាវ៉ាត អះអាងថា រឿងក្តីដីធ្លីសហគមន៍ជាង ៣០គ្រួសារ ទាក់ទិនដី ៧០ហិកតារ ជាមួយអ្នកមានប្រាក់មានអំណាចម្នាក់ បានអូសបន្លាយពេលជាង ៥ឆ្នាំ ដោយមិនមានចំណាត់ការពីប្រព័ន្ធតុលាការ។ លោកបង្ហាញភាពអស់សង្ឃឹម និងអស់ជំនឿទៅលើប្រព័ន្ធតុលាការ ថានឹងផ្តល់យុត្តិធម៌ពិតប្រាកដដល់ក្រុមជនជាតិដើម ដែលកំពុងពឹងផ្អែកលើប្រព័ន្ធតុលាការយុត្តិធម៌មួយសម្រាប់វិនិច្ឆ័យក្តីជូនប្រជាពលរដ្ឋ៖ «ប៉ាតាង ខាងលំផាត់ កិចុង ស្រុកបរកែវ ខាងអូរយ៉ាដាវ ដូចតែគ្នាគ្រប់ស្រុកទាំងអស់ មានរឿងគេទៅប្ដឹងដល់តុលាការ តុលាការធ្វើមិនដឹងធ្វើមិនឮច្រានទៅដល់ភ្នំពេញ ភ្នំពេញត្រឡប់មកវិញដូចដីខ្ញុំនៅលុងឃុង ដែរច្រានទៅដល់ភ្នំពេញៗច្រានត្រឡប់មកវិញឲ្យតុលាការដោះស្រាយ គេមិនដោះស្រាយរហូតដល់ឥឡូវ»។
ដូចគ្នានេះដែរ តំណាងជនជាតិដើមគ្រឹង ភូមិណងហៃ ឃុំសេដា លោក ប៉ាង ញ៉ច អះអាងដែរថា ដីធ្លីរបស់អ្នកភូមិ ២៩គ្រួសារ និងព្រៃត្រៀមបម្រុងសហគមន៍ជាង ១៣០ហិកតារ ត្រូវក្រុមហ៊ុន ឌី អឹម គ្រុប រំលោភឈូសឆាយផលដំណាំ និងដុតខ្ទមចម្ការប្រជាពលរដ្ឋដោយគ្មានសមត្ថកិច្ច ឬអាជ្ញាធរដែនដីជួយដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋនោះឡើយ។ លោកបន្តថា ពាក្យប្ដឹងរបស់ប្រជាពលរដ្ឋតាមផ្លូវតុលាការ បានកប់បាត់តាំងពីឆ្នាំ២០១១ គ្មានដំណោះស្រាយ៖ «ដាំក្នុងចម្ការដូចជា ស្វាយចន្ទីបានទទួលផល ហើយដល់ឆ្នាំ២០១១ គេដណ្ដើមយកលក់។ មិនមែនភូមិខ្ញុំឯណា លក់ភូមិស្រឡិ លក់ហ្នឹង។ ២០១១ ពួកខ្ញុំឡើងទៅប្ដឹងតុលាការ ប៉ុន្តែគេមិនដោះស្រាយ។ រឿងហ្នឹងអយុត្តិធម៌ហ្នឹងហើយ ពីព្រោះតុលាការគេចង់បង្ខំឲ្យយើងយកលុយ»។
របាយការណ៍អង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តរតនគិរី មានបណ្ដឹងដីធ្លីរបស់សហគមន៍ប្រមាណ ៣៥ក្រុម មានសមាជិករាប់ពាន់គ្រួសារ និងដីរាប់ពាន់ហិកតារឋិតក្នុងសមត្ថកិច្ចស្ថាប័នតុលាការ មិនឃើញមានចំណាត់ការចាប់តាំងពីឆ្នាំ២០០៥ រហូតបច្ចុប្បន្ន។
ឆ្លើយតបការអះអាងនេះ ប្រធានតុលាការខេត្តរតនគិរី លោក សួស ឡា មានប្រសាសន៍បញ្ជាក់ថា តួនាទីរបស់មន្ត្រីតុលាការ គឺដោះស្រាយពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋទៅតាមនីតិវិធីតុលាការ មិនអាចទុកចោលរឿងក្តីណាមួយរបស់ពលរដ្ឋបានឡើយ។ លោកបន្តថា មានករណីខ្លះចៅក្រមតុលាការជួបបញ្ហាលំបាកក្នុងការបំពេញតួនាទីបានពេញលេញ ដោយសារពលរដ្ឋអ្នកប្ដឹងខ្លះមិនយល់ដឹងពីភារកិច្ចខ្លួនជាដើមបណ្ដឹង និងមិនយល់ពីនីតិវិធីក្នុងការដោះស្រាយរឿងក្តីតាមផ្លូវតុលាការ ហើយបង្កបញ្ហារាំងស្ទះដល់ការអនុវត្តនីតិវិធីរបស់មន្ត្រីតុលាការ និងនាំឲ្យរឿងក្តីខ្លះត្រូវការពេលវេលាច្រើន ទើបអាចដំណើរការរឿងក្តីនោះបាន។
លោក សួស ឡា៖ «ធម្មតាគាត់ប្ដឹងគាត់ត្រូវរកអ្នកណាមួយជាតំណាង ឬមេធាវីខាងណាមួយ ដើម្បីឲ្យគាត់ដើរតួក្នុងរឿងហ្នឹង ហើយចូលមកតាមនីតិវិធីណា! ដល់គាត់មកទាំងហ្វូងៗអ៊ីចឹង មិនដឹងថាអ្នកណាមួយពិតប្រាកដ។ ហើយសំណុំរឿងហ្នឹងមួយចំនួន ខ្ញុំរកអត់ឃើញទេ ហើយរឿងថ្មីរឿងចូលមកក្រោយៗហ្នឹង អត់មានថាអត់ចាត់ការទេ សុទ្ធតែចាត់ការ ប៉ុន្តែគ្រាន់តែពេលខ្លះហៅគាត់ភាគច្រើនអត់ចូល។គាត់យកដីកាកោះហ្នឹងទៅឆ្លងតំណាងរាស្ត្រ ឆ្លងអាដហុក ហើយគាត់ចង់ចូលគាត់ចូល ហើយគាត់មិនចង់ចូលគាត់អត់ចូល ហើយគាត់មិនចូលយើងមិនដឹងធ្វើម៉េចកើត»។
ទាក់ទិនបញ្ហានេះដែរ មន្ត្រីកម្មវិធីដីធ្លីធនធានធម្មជាតិសមាគមអាដហុក លោក ឡាត់ គី កត់សម្គាល់ថា ស្ថាប័នតុលាការជាស្ថាប័នមួយឯករាជ្យ ដែលតម្រូវឲ្យមន្ត្រីតុលាការបំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ក៏ប៉ុន្តែជាទូទៅ ស្ថាប័ននេះបានរងនូវការរិះគន់ថា មានភាពទន់ខ្សោយ ខាងវិជ្ជាជីវៈ និងឯករាជ្យភាពរបស់ខ្លួន ជាពិសេសភាពទន់ខ្សោយផ្នែកសមត្ថភាពក្នុងការដោះស្រាយរឿងក្តីនានា។ លោកបន្តថា នេះ គឺជាឧបសគ្គប៉ះពាល់ទៅលើសិទ្ធិដីធ្លី និងសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងជនជាតិដើមភាគតិច ដែលច្បាប់ជាតិ និងអន្តរជាតិ បានកំណត់៖ «ជនជាតិដើមក៏ជាប្រជាពលរដ្ឋខ្មែរដែលមានការទទួលស្គាល់ក្នុងរដ្ឋធម្មនុញ្ញ ដូច្នេះរាល់បណ្ដឹងទាំងឡាយ គឺតុលាការត្រូវតែមានវិធានការក្នុងការចាត់ការ ហើយឆ្លើយតបទៅដើមបណ្ដឹងវិញ ទោះបីចំណាត់ការរបស់ខ្លួនបានត្រឹមកម្រិតណាក៏ដោយ»។
ចំណែកមន្ត្រីអប់រំច្បាប់នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក គឹត ទូច ថ្លែងថា ក្នុងករណីមិនមានការទទួលខុសត្រូវរបស់មន្ត្រីតុលាការ ទៅលើតួនាទីភារៈរបស់ខ្លួន ធ្វើឲ្យមន្ត្រីតុលាការមានកំហុសផ្នែករដ្ឋបាល និងកំហុសផ្នែកវិជ្ជាជីវៈ ហើយកំហុសវិជ្ជាជីវៈអាចនឹងធ្វើឲ្យមន្ត្រីតុលាការទទួលខុសត្រូវលើផ្នែកព្រហ្មទណ្ឌទៀតផង។ បន្ថែមលើនេះទៀត ប្រសិនមន្ត្រីតុលាការណាម្នាក់មិនចាត់ការសំណុំរឿងក្តីតាមនីតិវិធីកំណត់ ប្រជាពលរដ្ឋអាចប្ដឹងមន្ត្រីតុលាការនោះទៅស្ថាប័នឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីកោះហៅមន្ត្រីតុលាការមកឆ្លើយបំភ្លឺពីការបំពេញតួនាទីវិជ្ជាជីវៈ ដែលត្រូវបានចោទថា មិនបានត្រឹមត្រូវតាមច្បាប់នោះ៖ «បើប្រជាពលរដ្ឋគាត់មានសំអាង គាត់អាចប្ដឹងសំណុំរឿងមួយស្ដីពីកំហុសរដ្ឋបាល នៃការមិនចាត់ការរបស់តុលាការ បើសិនជាគាត់មានមូលដ្ឋានសំអាងថា រឿងហ្នឹងវាមានអំពើពុករលួយអសកម្ម ការទទួលសំណូក ឬក៏ការគាបសង្កត់ពីមជ្ឈដ្ឋានណាមួយដែលមិនប្រើច្បាប់ ដើម្បីកាត់សេចក្តី អាហ្នឹងយកច្បាប់ស្ដីពីប្រឆាំងអំពើពុករលួយជាមូលដ្ឋានសំខាន់ដែរ ដែលប្រជាពលរដ្ឋយកមកប្រើ»។
នៅខេត្តរតនគិរី រឿងក្តីសំខាន់ៗរបស់ជនជាតិដើមភាគតិច ដែលអូសបន្លាយច្រើនឆ្នាំនៅក្នុងស្ថាប័នតុលាការខេត្ត រួមមាន ជម្លោះដី ៥០០ហិកតាររវាងអ្នកភូមិជនជាតិដើមចារ៉ាយ ភូមិគងយុ ៦០គ្រួសារ ជាមួយប្អូនស្រីឧបនាយករដ្ឋមន្ត្រី គាត ឈុន គឺលោកស្រី គាត កុលណី។ ជម្លោះដី ៣០០ហិកតាររវាងជនជាតិដើមទំពួន ភូមិប៉ាតាង ជាមួយក្រុមហ៊ុន ឌឹ អឹម គ្រុប និងជម្លោះកាប់បំផ្លាញព្រៃសហគមន៍ភូមិឡែ ៣០ហិកតារ ជាមួយក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
