ក្រុមហ៊ុន​វៀតណាម​នៅ​រតនគិរី​រង​ការ​ចោទ​ថា​ដណ្ដើម​យក​ដី​ជនជាតិ​ដើម​ភាគ​តិច

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ស៊ី.អ.ឌី (CRD) ដែល​ជា​ក្រុមហ៊ុន​ចំណុះ​ឲ្យ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម ឈ្មោះ ហ័ង អាញ់ យ៉ាឡាយ (Hoang Anh Gia Lai) រង​ការ​ចោទ​ប្រកាន់​ពី​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី ថា​បាន​ដុត​ចម្ការ​ស្វាយចន្ទី និង​ដណ្ដើម​យក​ដី​ប្រជាពលរដ្ឋ​មាន​សលាកបត្រ និង​វាស់វែង​ដោយ​ក្រុម​ការងារ និង​និស្សិត​ស្ម័គ្រចិត្ត​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់។

0:00 / 0:00

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​អង្គារ ទី៩ ខែ​កក្កដា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី ស៊ើប​អង្កេត​ទៅ​លើ​សកម្មភាព​ក្រុមហ៊ុន​សម្បទាន​រំលោភ​សិទ្ធិ​រស់នៅ​ជនជាតិ​ដើម​ភាគ​តិច ផ្ទុយ​ពី​គោលការណ៍​ស្ដីពី​ដី​សម្បទាន​សេដ្ឋកិច្ច។

សេចក្តី​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ជនជាតិ​ដើម​គ្រឹង ៥​គ្រួសារ នៅ​ភូមិ​កាំ ឃុំ​ល្អក់ ស្រុក​អូរជុំ កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ បាន​នាំគ្នា​មក​កាន់​ការិយាល័យ​សមាគម​អាដហុក (Adhoc) ដើម្បី​សុំ​ឲ្យ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ខេត្ត ចាត់​វិធាន​ការ​ទៅ​លើ​ក្រុមហ៊ុន ស៊ី.អ.ឌី ដែល​បាន​រំលោភ​ដី​ពួក​គាត់ និង​ដុត​ចម្ការ​ស្វាយចន្ទី ពួក​គាត់​កាល​ពី​ខែ​មីនា កន្លង​ទៅ​នេះ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​បាន​រាយការណ៍​ករណី​នេះ​ជូន​មន្ត្រី​មូលដ្ឋាន​ភូមិ​ជួយ​ដោះស្រាយ ប៉ុន្តែ​ច្រើន​ខែ​កន្លង​ទៅ​នេះ មិន​ឃើញ​មាន​ដំណោះស្រាយ​អ្វី​ឲ្យ​អ្នក​ភូមិ​ទទួល​យក​បាន​ឡើយ។ លោក​បន្ត​ថា សមាគម​លោក​បាន​អន្តរាគមន៍​ឲ្យ​អ្នក​ភូមិ​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​អយ្យការ​បន្ថែម​ទៀត ដើម្បី​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ក្នុង​បញ្ហា​នេះ៖ «វា​ជា​រឿង​ក្រុមហ៊ុន​ឈូស​ឆាយ​ប៉ះពាល់​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។ ស្ថាប័ន​អយ្យការ​បាន​ទទួល​ពាក្យ ហើយ​រង់ចាំ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អង្គារ ទី៩ ខែ​កក្កដា មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ស៊ី.អ.ឌី សុំ​បំភ្លឺ​សេចក្តី​ចោទ​ប្រកាន់​នេះ​បាន​នៅ​ឡើយ។

ទាក់ទិន​ករណី​នេះ​ដែរ មេ​ឃុំ​ល្អក់ លោក យ៉ាម ប៉ាន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​បាន​ទទួល​សេចក្តី​រាយការណ៍ ឬ​ពាក្យ​ប្ដឹង​ណា​មួយ​ពី​ករណី​នេះ​ទេ។ ចំណែក​អភិបាល​ស្រុក​អូរជុំ លោក សាក់ សុន បាន​បញ្ជាក់​ដែរ​ថា មិន​មាន​មន្ត្រី​មូលដ្ឋាន​ភូមិ​ឃុំ រាយការណ៍​មក​អាជ្ញាធរ​ស្រុក​ពី​ករណី​នេះ​ដូច​គ្នា។ លោក​សំណូមពរ​ឲ្យ​អ្នក​ភូមិ​ដាក់​ពាក្យ​ប្ដឹង​មក​អាជ្ញាធរ​ស្រុក ដើម្បី​មន្ត្រី​ស្រុក​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ៖ «ឲ្យ​គាត់​មក​ជួប​ខ្ញុំ​មើល ម៉េច​បាន​ជា​ក្រុមហ៊ុន​ណា​ទៅ​ធ្វើ​អ៊ីចឹង។ ឲ្យ​គាត់​ជួប​ខ្ញុំ​មើល​នៅ​ឯ​ណា អត់​ដឹង​សោះ គាត់​អត់​ដែល​ប្រាប់​ខ្ញុំ​សោះ​អ៊ីចឹងៗ មាន​កំហុស​អ្វី​ទៅ​បំពាន​អ៊ីចឹង​តែ​ខ្វៀល​ហើយ កម្មសិទ្ធិ​របស់​គាត់​ហើយ​ទៅ​រំលោភ​កម្មសិទ្ធិ​របស់​គាត់​ម្ដេច​កើត»

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ តំណាង​ប្រជាពលរដ្ឋ ៥​គ្រួសារ លោក មាំង ចាងវ៉ាង មាន​ប្រសាសន៍​បញ្ជាក់​ថា កន្លង​ទៅ​នេះ មន្ត្រី​ក្រុមហ៊ុន​បាន​សន្យា​ថា​នឹង​ដោះស្រាយ​បញ្ហា​ជូន​អ្នក​ភូមិ ប៉ុន្តែ​ការ​សន្យា​នេះ​មិន​ត្រូវ​បាន​អនុវត្ត​ឡើយ។ លោក​បន្ត​ថា ទង្វើ​របស់​ក្រុមហ៊ុន គឺ​ជា​ការ​រំលោភ​សិទ្ធិ​រស់នៅ​របស់​ក្រុម​ជនជាតិ​ដើម​ភាគ​តិច៖ «ដី​បង​រ៉ៃ​ហ្នឹង គេ​ឈូស​ឆាយ​ដាំ​កៅស៊ូ​ហើយ ៤​ហិកតារ។ ហើយ​ចន្ទី​ខ្ញុំ​វា​ឆេះ​ហ្នឹង ១​ហិកតារ​កន្លះ។ តា​គៀង ១​ហិកតារ​កន្លះ។ អា​គង់ ២​ហិកតារ។ អា​កាថិន ១​ហិកតារ។ វា​ស្មុគស្មាញ​បើ​ក្រុមហ៊ុន​វា​យក ជួយ​ដោះស្រាយ​ឲ្យ​ពូ​ផង»

យោង​ពាក្យ​ប្ដឹង​របស់​ប្រជាពលរដ្ឋ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​ពី​មន្ត្រី​សមាគម​អាដហុក បុគ្គលិក​ក្រុមហ៊ុន ស៊ី.អ.ឌី ខេត្ត​រតនគិរី ពីរ​នាក់​ឈ្មោះ សាំង ចន្ថា ភេទ​ប្រុស និង​ឈ្មោះ វក់ វក់ ភេទ​ប្រុស បាន​ដុត​បំផ្លាញ​ដើម​ចន្ទី​ធំៗ​របស់​ពលរដ្ឋ ២​គ្រួសារ អស់ ៩៣០​ដើម និង​បាន​រំលោភ​យក​ដី​ពលរដ្ឋ​ចំនួន ៣​គ្រួសារ អស់​ទំហំ​សរុប ៨​ហិកតារ និង ១​គ្រួសារ​ទៀត​មិន​ទាន់​បាន​មក​ប្ដឹង​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។