ប្រជាពលរដ្ឋជនជាតិដើមភាគតិចរស់នៅភូមិចាគ្រៀង ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី ចោទប្រកាន់បុគ្គលិកក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ចាង លី ថាបានប្រើប្រាស់អាវុធបាញ់គំរាមអ្នកភូមិមិនឲ្យចូលព្រៃរកអនុផលព្រៃឈើ ដោយសំអាងថា ព្រៃនោះជាដីសម្បទានរបស់ក្រុមហ៊ុន។
អ្នកភូមិអះអាងថា បុគ្គលិកក្រុមហ៊ុន ចាង លី មួយក្រុមមានគ្នាបីនាក់ជិះរថយន្តមួយគ្រឿង បានដេញបាញ់ ៤គ្រាប់ បង្ហើរលើក្បាលអ្នកភូមិម្នាក់ដែលកំពុងធ្វើដំណើរចូលព្រៃស្វែងរកអនុផលព្រៃឈើ។
អ្នកភូមិចាគ្រៀង លោក រចំ ណែវ រៀបរាប់ថា បុគ្គលិកក្រុមហ៊ុនខ្លះស្លៀកពាក់ស៊ីវិល ខ្លះស្លៀកខោប៉ារាកាន់កាំភ្លើងអាកា៤៧មួយដើម បាញ់គំរាមគាត់មិនឲ្យចូលព្រៃ ដោយសំអាងថាព្រៃតំបន់នោះជាដីសម្បទានរបស់ក្រុមហ៊ុនកាលពីចុងសប្ដាហ៍កន្លងទៅ។ បន្ទាប់ពីបាញ់រួច ពួកគេប្រញាប់ឡើងជិះរថយន្តចាកចេញទៅវិញបាត់។ លោកបន្តថា ព្រៃតំបន់នោះអ្នកភូមិរស់អាស្រ័យផលជាប្រពៃណីជនជាតិដើមភាគតិចច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុនប៉ុនប៉ងគ្រប់គ្រងព្រៃនោះដើម្បីឈូសឆាយរានយកដីដាំកៅស៊ូ៖ «ក្រុមហ៊ុនហ្នឹងឃើញដេញតែម្តង ដេញហ្នឹងឃើញរត់ចូលព្រៃចុះពីលើឡាន បាញ់លើក្បាល ៤គ្រាប់។ ក្រៅពីហ្នឹង គេគំរាមប្រើកាំភ្លើងទៀត»។
អ្នកភូមិចាគ្រៀង នៅថ្ងៃទី១៧ ខែមីនា បានផ្តល់ព័ត៌មានពីការបាញ់គំរាមនេះមកការិយាល័យការពារសិទ្ធិមនុស្សអាដហុក (adhoc) ដើម្បីជួយការពារសិទ្ធិរស់នៅរបស់អ្នកភូមិ ទាក់ទិនការរំលោភប្រើប្រាស់អាវុធគំរាមកំហែងអ្នកភូមិ។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែមីនា មិនអាចទាក់ទងតំណាងក្រុមហ៊ុន ចាង លី សុំបញ្ជាក់ការចោទប្រកាន់នេះបាននៅឡើយទេ។
ចំណែកអភិបាលស្រុកអណ្ដូងមាស លោក នង ដារិទ្ធ មានប្រសាសន៍បញ្ជាក់ថា អ្នកភូមិមិនបានផ្តល់ព័ត៌មាន ឬរាយការណ៍ករណីនេះមកអាជ្ញាធរស្រុកនៅឡើយ។ លោកបន្តថា អ្នកភូមិត្រូវមានសំអាងជាក់លាក់ ហើយដាក់ពាក្យប្ដឹងទៅអាជ្ញាធរមូលដ្ឋានដែលខ្លួនរស់នៅ៖ «ឲ្យគាត់ដាក់ពាក្យប្ដឹងទៅឃុំគាត់ទៅ ហើយឲ្យគាត់ដឹងច្បាស់អ្នកណា ប្ដឹងពីរឿងអ្វី គាត់បានអាហ្នឹងប្ដឹងទៅ»។
ក្រុមហ៊ុន ចាង លី ទទួលបានដីសម្បទានជាង ៧០០ហិកតារនៅស្រុកអណ្ដូងមាស ជាប់នឹងស្រុកបរកែវ។ តំណាងសហគមន៍ភូមិចាគ្រៀង ឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើប៉ុស្តិ៍យាមការពារបិទច្រកចូលព្រៃស្រោង ដែលអ្នកភូមិទម្លាប់ធ្វើដំណើរទៅរកអនុផលព្រៃឈើនៅតំបន់នោះ។
ទាក់ទិនករណីនេះដែរ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ឆាយ ធី អះអាងថា អ្នកភូមិគ្រោងធ្វើដំណើរមកការិយាល័យសិទ្ធិមនុស្សនៅថ្ងៃទី១៨ ខែមីនា ដើម្បីដាក់ពាក្យប្ដឹងក្រុមហ៊ុន ចាង លី ពីបទប្រើប្រាស់អាវុធបាញ់គំរាមពលរដ្ឋ និងហ៊ុមព័ទ្ធព្រៃស្រោងដើម្បីពង្រីកដីសម្បទាន។ លោកកត់សម្គាល់ថា រាជរដ្ឋាភិបាលបានចេញបញ្ជាមិនឲ្យបុគ្គលិកក្រុមហ៊ុនប្រើអាវុធ ឬមានកម្លាំង ឬសមត្ថកិច្ចរាជរដ្ឋាភិបាលមានអាវុធការពារក្រុមហ៊ុនឡើយ។ ករណីនេះ លោកអំពាវនាវសុំឲ្យអាជ្ញាធរមូលដ្ឋាន ស៊ើបអង្កេតករណីចោទប្រកាន់របស់អ្នកភូមិនេះ៖ «យើងនឹងស៊ើបអង្កេតឲ្យមានល្អិតល្អន់អំពីការបាញ់អ្នកភូមិជាជនជាតិដើមភាគតិច។ បើសិនមានទំនាស់ផលប៉ះពាល់ដីធ្លី គួរដោះស្រាយនៅចំពោះមុខអាជ្ញាធរ»។
អ្នកភូមិចាគ្រៀង ឲ្យដឹងដែរថា នៅការដ្ឋានចម្ការកៅស៊ូរបស់ក្រុមហ៊ុន ចាង លី បុគ្គលិកក្រុមហ៊ុនមានអាវុធបីដើម ប្រើប្រាស់យាមការពារក្រុមហ៊ុន និងហាមមិនឲ្យអ្នកភូមិចូលព្រៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
