ពលរដ្ឋរស់នៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ចំនួន ៥៣គ្រួសារដែលរងផលប៉ះពាល់ដោយការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ប្ដេជ្ញាថានឹងមិនចាកចេញពីលំនៅឋានបច្ចុប្បន្នរបស់ខ្លួនឡើយ។ ការលើកឡើងបែបនេះ បន្ទាប់ពីគណៈកម្មការដោះស្រាយផលប៉ះពាល់អន្តរក្រសួង និងអាជ្ញាធរខេត្តស្ទឹងត្រែង បានចុះផ្សព្វផ្សាយពីគោលនយោបាយផ្តល់សំណងផលប៉ះពាល់នៅឃុំក្បាលរមាស ដែលមានពលរដ្ឋចូលរួមប្រមាណ ៩០នាក់។
ពលរដ្ឋ ៥៣គ្រួសារក្នុងចំណោមពលរដ្ឋជាង ១៤០គ្រួសារ មិនព្រមផ្ដិតមេដៃទទួលយកសំណងផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោម២ ទោះបីជាគណៈកម្មការអន្តរក្រសួង បានចុះអប់រំផ្សព្វផ្សាយជាថ្មីទៀតពីអត្ថប្រយោជន៍គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនៅថ្ងៃទី២៣ មីនា។
ទន្ទឹមនឹងនេះ អ្នកភូមិប្រកាន់ជំហរមិនប្ដូរឥរិយាបថទទួលយកសំណងផលប៉ះពាល់ ដោយទាមទារឲ្យគណៈកម្មការដោះស្រាយផលប៉ះពាល់ អនុវត្តគោលនយោបាយស្របតាមឆន្ទៈពួកគាត់។
តំណាងពលរដ្ឋ លោក ដាំ សំណាង ឲ្យដឹងថា ពលរដ្ឋ ៥៣គ្រួសារ ទាមទារបង្កើតផែនការដោះស្រាយផលប៉ះពាល់ដោយខ្លួនឯងមានជាអាទិ៍ ការកំណត់តម្លៃទ្រព្យសម្បត្តិផ្ទះសម្បែង ផលដំណាំ ហើយអ្នកភូមិបន្តរស់នៅភូមិចាស់ដដែល បើទំនប់វារីអគ្គិសនីសាងសង់រួចរាល់ខូចខាតទ្រព្យសម្បត្តិពួកគាត់កម្រិតណា ពួកគាត់ទាមទារឲ្យក្រុមហ៊ុន ឬអាជ្ញាធររដ្ឋាភិបាល សងតាមតម្លៃទីផ្សារ។ លោកថា គណៈកម្មការដោះស្រាយផលប៉ះពាល់អន្តរក្រសួង ហាក់ដូចជាព្យាយាមទាញអារម្មណ៍អ្នកភូមិ ឲ្យយល់ព្រមទទួលយកគោលនយោបាយរបស់ខ្លួន បើទោះបីជាពួកគាត់បដិសេធក្តី។ លោក ដាំ សំណាង សង្កត់ធ្ងន់ថាទំនៀមទម្លាប់ប្រពៃណីជនជាតិដើមភាគតិច បានផ្សារភ្ជាប់ទៅនឹងឥរិយាបថរបស់អ្នកភូមិ។ ដូច្នេះ ពួកគាត់ទាមទារឲ្យរដ្ឋាភិបាលទទួលយកទុក្ខកង្វល់ពួកគាត់ និងដោះស្រាយដោយសមរម្យ និងយុត្តិធម៌៖ « រដ្ឋាភិបាលដូចមានចេតនាលើពួកគាត់ ក្នុងការបង្ខំឲ្យពួកគាត់ទទួលយកអ្វីដែលពួកគាត់មិនព្រមចាកចេញ ។ ប្រៀបបាន ដូ ច បណ្ដេញ ចេញ ។ លើកឡើងទឹកលិច ។ យើងដឹងហើយថា ទឹកលិច រដ្ឋាភិបាល អ្នកដឹង ច្បាស់ថា ជនជាតិដើមភាគតិចរស់នៅប្រាកដជាទឹកលិច ប៉ុន្តែអត់មានដំណោះស្រាយអីផ្សេង »។
កាលពីថ្ងៃទី៤ មីនា អ្នកភូមិជិត ១០០នាក់ដែលយល់ព្រមទទួលយកសំណង បានតវ៉ាទាមទារនៅវត្តក្បាលរមាស ដើម្បីឲ្យក្រុមហ៊ុនផ្តល់សំណងបន្ថែមសម្រាប់ការបំបែកគ្រួសារក្នុងបញ្ជីអ្នកមានឈ្មោះទទួលយកសំណងដែរ។ ចំណែកតំណាងក្រុមហ៊ុនអះអាងថា ការទាមទាររបស់អ្នកភូមិ ផ្ទុយពីគោលការណ៍ផ្តល់សំណង ហើយអ្នកភូមិខ្លះមានគ្រួសារបែកចេញក្រោយពេលដែលក្រុមហ៊ុនចុះស្រង់ស្ថិតិពលរដ្ឋរងផលប៉ះពាល់។
ប្រធានក្រុមការងារអ្នកនាំពាក្យសាលាខេត្ត និងជាអនុរដ្ឋបាលសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គង់ មានប្រសាសន៍ថា ករណីបំបែកគ្រួសារ គណៈកម្មការដោះស្រាយផលប៉ះពាល់មានគោលនយោបាយផ្តល់សំណងផ្សេងពីគ្រួសារដែលមានផ្ទះពិតប្រាកដ។ ចំណែកពលរដ្ឋមិនព្រមទទួលយកសំណង អាជ្ញាធរនឹងបន្តផ្សព្វផ្សាយអប់រំពួកគាត់ ឲ្យយល់ដឹងពីអត្ថប្រយោជន៍គម្រោងអភិវឌ្ឍន៍ និងផ្តល់ជម្រើសច្រើនទាក់ទិនសំណងផលប៉ះពាល់៖ « អ្នកភូមិ បង្កើត គោលនយោបាយ ខ្លួនឯងជាគោលការណ៍។ យើងអត់មាន គោលនយោបាយ ហ្នឹងទេ។ គោលនយោបាយដោះស្រាយសំណង យើងបានចែងហើយ យើងបានតស៊ូមតិច្រើន សម្រាប់ ការដោះស្រាយ សំណងក្នុង ខេត្ត ស្ទឹងត្រែង ហើយយើង បានស្នើ សុំ ឲ្យមានការ ដោះស្រាយ លើសពី កម្រិតផ្សេងៗទៀត »។
ទីប្រឹក្សានៃអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន ផ្តល់មតិថា អាជ្ញាធររដ្ឋាភិបាល និងក្រុមហ៊ុន គួរតែបើកវេទិកាផ្តល់សំណងកំណត់តម្លៃរួមមួយ ដើម្បីជជែកឲ្យបានម៉ត់ចត់ទាក់ទិនតម្លៃទ្រព្យសម្បត្តិ ផលដំណាំ ជាដើម ព្រោះការកំណត់តម្លៃរបស់ក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុន មានតម្លៃទាបមានជាអាទិ៍ ដើមអំពិលមួយដើមជាង ២០ដុល្លារ ខណៈអ្នកភូមិអាចប្រមូលផលពីដើមអំពិលនោះយ៉ាងតិចមួយឆ្នាំ ២០០ដុល្លារ។ លោកយល់ថា ជុំវិញការទាមទាររបស់សហគមន៍ជាប្រធានបទសំខាន់ ដែលអាជ្ញាធររដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដោះស្រាយ៖ « ផលប៉ះពាល់ដោះស្រាយមិនទាន់រួចរាល់ទេនៅមានបញ្ហា បើទោះបី ប្រជាជនព្រមព្រៀង ចាកចេញ ក៏ដោយ ហើយអ្នកដែល មិនព្រម ចេញ ដោយសារភាព មន្ទិល កើតមាន ជុំវិញចឹង។ ជំរុញគាត់ចេញមកតែមួយភាគីអនុម័ត ហើយប្រជាជនអ្នកខូចខាតរបស់ »។
គោលនយោបាយសំណងផលប៉ះពាល់នៃគណៈកម្មការដោះស្រាយផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោម២ ត្រង់ប្រការ៤ ចែងថា រាល់ការដោះស្រាយគោលនយោបាយសំណង ការជួយឧបត្ថម្ភបន្ថែម និងការតាំងទីលំនៅថ្មី ត្រូវឈរលើគោលការណ៍តម្លាភាព និងយុត្តិធម៌ សំដៅធានាជីវភាពរស់នៅរបស់ប្រជាជនរងផលប៉ះពាល់។
កន្លងទៅ នៅឃុំស្រែគរ និងឃុំក្បាលរមាស ពលរដ្ឋដែលមិនព្រមទទួលយកសំណងមានចំនួនជាង ២៤០គ្រួសារក្នុងចំណោមពលរដ្ឋ ៥៧០គ្រួសារ។ ដោយឡែកនៅឃុំក្បាលរមាស មានពលរដ្ឋ ៥៣គ្រួសារក្នុងចំណោមពលរដ្ឋជាង ១៤០គ្រួសារដែលមិនយល់ព្រមចាកចេញ។ បច្ចុប្បន្ន គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ សម្រេចបានជាង ៥០ភាគរយ ហើយគ្រោងនឹងសាងសង់រួចរាល់នៅឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
