ប្រជាពលរដ្ឋឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលត្រូវជម្លៀសទៅរស់នៅភូមិថ្មី ដោយសាររងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ អះអាងថា អ្នកភូមិមិនយល់ស្របទៅនឹងគម្រោងដាក់បញ្ជូនភូមិថ្មីរបស់ពួកគេ ឲ្យឋិតក្រោមរដ្ឋបាលឃុំភ្លុក នោះទេ។ អ្នកភូមិទាមទារឲ្យអាជ្ញាធរខេត្ត ដាក់បញ្ជូនភូមិថ្មីឋិតក្រោមរដ្ឋបាលឃុំស្រែគរ ដដែល។
ការអះអាងនេះ កើតមានឡើងក្រោយពេលដែលអ្នកភូមិបានឃើញមន្ត្រីភូមិបាល ចុះវាស់វែងតំបន់តាំងលំនៅថ្មីដែលអ្នកភូមិត្រូវបានជម្លៀសចេញពីភូមិចាស់ នៅត្រើយខាងជើងទន្លេសេសាន ទៅរស់នៅភូមិថ្មីនៅត្រើយខាងត្បូងទន្លេវិញ។
ប្រជាពលរដ្ឋឈ្មោះ គិ មុន បញ្ជាក់នៅថ្ងៃទី៤ ខែមករា ថា ក្រុមមន្ត្រីភូមិបាលប្រាប់អ្នកភូមិថា ភូមិថ្មីដែលអ្នកភូមិតាំងលំនៅឋាន នឹងត្រូវបញ្ចូលទៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំភ្លុក មានព្រំប្រទល់ជាប់នឹងឃុំស្រែគរ។ ហេតុនេះ អ្នកភូមិមិនយល់ស្របចំពោះគម្រោងនេះទេ ពីព្រោះឃុំស្រែគរ មានភូមិចំនួនពីរ គឺភូមិស្រែគរ១ និងស្រែគរ២ តាំងពីដូនតាមក ដែលអ្នកភូមិមិនចង់ឲ្យឋិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំដទៃនោះទេ។ លោកស្រីបន្តថា អ្នកភូមិនឹងរៀបចំធ្វើលិខិតសុំអន្តរាគមន៍ទៅអាជ្ញាធរខេត្ត ប្រសិនបើមានការផ្លាស់ប្ដូររដ្ឋបាលគ្រប់គ្រងភូមិថ្មីនេះមែន៖ « ប្រជាពលរដ្ឋគាត់ថាអត់យល់ព្រមដាច់ខាត ហើយទឹកដីតាំងពីដូនតាយើង ព្រំប្រទល់យើងជាប់នឹងភ្លុក ជាប់នឹងស្ដៅ ជាប់នឹងក្រវិលមាស ជាប់នឹងស្រែសាមី »។
កាលពីចុងខែធ្នូ អាជ្ញាធរឃុំស្រែគរ បានធ្វើការតវ៉ានៅក្នុងវេទិកាសាធារណៈជូនអាជ្ញាធរពាក់ព័ន្ធដោះស្រាយ ក៏ប៉ុន្តែរហូតបច្ចុប្បន្ន មិនទាន់ឃើញអាជ្ញាធរពាក់ព័ន្ធឆ្លើយតបយ៉ាងណានៅឡើយ។
មេឃុំស្រែគរ លោក សៀក មេគង្គ បញ្ជាក់ដែរថា អ្នកភូមិបានតវ៉ាមកសាលាឃុំឲ្យជួយដោះស្រាយបញ្ហានេះ ពីព្រោះអ្នកភូមិបានស្ម័គ្រចិត្តជម្លៀសចេញពីភូមិចាស់មកទីតាំងថ្មី។ លោកកត់សម្គាល់ថា ព្រំប្រទល់រដ្ឋបាលឃុំស្រែគរចាស់ និងឃុំភ្លុក អ្នកភូមិសម្គាល់ត្រង់ទីតាំងអ្នកតាក្រហមក ដែលអ្នកភូមិស្រែគរ គោរពបូជារៀងរាល់ឆ្នាំ។ ហេតុនេះ អ្នកភូមិទាមទាររក្សាព្រំប្រទល់រដ្ឋបាលឃុំស្រែគរ នៅដដែល និងដាក់បញ្ចូលភូមិថ្មីឲ្យឋិតក្រោមរដ្ឋបាលឃុំស្រែគរចាស់តាមទម្លាប់ពីមុនមក៖ « ថ្ងៃ១ ឆ្នាំ២០១៧ ប្រជុំក្រុមប្រឹក្សាឃុំដើម្បីឲ្យប្រជាពលរដ្ឋបញ្ជាក់ពីផែនទីឃុំស្រែគរ ហ្នឹង។ សួរភាគច្រើន គាត់ថាយកពីវារីត្រើយខាងនុះមកដល់មកស្រែគរ »។
ឆ្លើយតបការតវ៉ារបស់អ្នកភូមិ អ្នកនាំពាក្យ និងជានាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ថ្លែងថា នេះជាការយល់ច្រឡំ ពីព្រោះអាជ្ញាធរខេត្តគ្មានគម្រោងផ្លាស់ប្ដូររដ្ឋបាលគ្រប់គ្រងឃុំដែលអ្នកភូមិមករស់នៅថ្មីនោះទេ។ លោកបន្តថា ក្រុមការងារវាស់វែងដីដើម្បីកំណត់ទីតាំងភូមិថ្មី ដែលអ្នកភូមិទទួលយកគោលនយោបាយសំណង ពាក់ព័ន្ធគម្រោងសាងសង់ទំនប់វារីអគ្គិសនី។ ហេតុនេះ អាជ្ញាធរត្រូវវាស់វែងដីតំបន់នោះកំណត់ទំហំដីច្បាស់លាស់ ដើម្បីរាយការណ៍ជូនក្រសួងមហាផ្ទៃ៖ « មិនមែនកំណត់ទីតាំងភូមិ ទីតាំងឃុំ គឺមិនទាន់សម្រេចទេ មិនមានឯកសារពីមូលដ្ឋានស្នើសុំកំណត់ទីតាំងភូមិ - ឃុំនៅឡើយ »។
ប្រជាពលរដ្ឋភូមិស្រែគរ១ និងភូមិស្រែគរ២ ជាង ៩០ភាគរយក្នុងចំណោមប្រជាពលរដ្ឋសរុបជាង ៥គ្រួសារ បានសម្រេចចិត្តទទួលយកគោលនយោបាយសំណងផលប៉ះពាល់ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ជាពិសេសការជម្លៀសចេញពីភូមិចាស់ទៅតាំងលំនៅឋានថ្មីនៅត្រើយម្ខាងទន្លេ ចម្ងាយជាង ១០គីឡូម៉ែត្រពីទីតាំងសង់ទំនប់។
ទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋឃុំស្រែគរ បញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធ គួររៀបចំឲ្យមានកិច្ចពិភាក្សាជាមួយប្រជាពលរដ្ឋមូលដ្ឋានផ្ទាល់ ទាក់ទិនការកំណត់តំបន់រដ្ឋបាលគ្រប់គ្រងភូមិថ្មីដែលអ្នកភូមិសម្រេចចិត្តទទួលយកសំណងពីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
