ពលរដ្ឋ​សហគមន៍​SOS​តវ៉ា​នៅ​ក្បែរ​​ផ្ទះ​នាយករដ្ឋមន្ត្រី​ពី​រឿង​កម្មសិទ្ធិ​ដី​និង​​សំណង

ដោយ ខែ សុណង
2014.10.27
ពលរដ្ឋ​SOS ៦២០ ពលរដ្ឋ​ប្រមាណ ១០០ នាក់ នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​ផ្ទះ​នាយករដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ទី ២៧ តុលា ២០១៤។
RFA/Uon Chhin

ប្រជាពលរដ្ឋ​សហគមន៍ អេស.អូ.អេស (SOS) មក​ពី​ភូមិ​ត្រពាំងល្វា គោកចំបក់ ថ្មគោល ជ្រៃជីសាក់ និង​ភូមិ​តាងួន ដែល​រង​ផល​ប៉ះពាល់​ដីធ្លី និង​ផ្ទះ​សម្បែង​ក្នុង​ការ​អភិវឌ្ឍ​តំបន់​សន្តិសុខ​និង​សុវត្ថិភាព​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គាំទ្រ​ដោយ​សហគមន៍​បឹងកក់ និង​បុរីកីឡា ប្រមាណ ៥០​នាក់ បាន​នាំ​គ្នា​ហែ​ញត្តិ​ដាក់​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៧ តុលា។ បន្ទាប់​ពី​ដាក់​ញត្តិ​នោះ​រួច ពួកគាត់​បាន​នាំ​គ្នា​ទៅ​នៅ​មន្ទីរ​រដ្ឋ​សភា​ទៀត ដើម្បី​សួរ​អ្នក​តំណាងរាស្ត្រ​ពី​ដំណោះស្រាយ​បន្ទាប់​ពី​ពួកគាត់​ដាក់​សំណើ​អន្តរាគមន៍​កាល​ពី​ពេល​កន្លង​ទៅ។

តំណាង​ពលរដ្ឋ​សហគមន៍ អេស.អូ.អេស បឹងកក់ និង​បុរីកីឡា ដែល​ជា​ស្ត្រី​បាន​នាំ​គ្នា​ឡើង​ផ្លោះ​របង​មន្ទីរ​រដ្ឋ​សភា​ដើម្បី​ចូល​ជួប​អ្នក​តំណាងរាស្ត្រ​សាកសួរ​ពី​លទ្ធផល​ដីធ្លី​ដែល​ពួកគាត់​បាន​ស្នើ​ឲ្យ​ ដំណោះស្រាយ​កាល​ពី​ខែ​កញ្ញា។

គម្រោង​អភិវឌ្ឍន៍​ពង្រីក​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កាត់​ដី ឬ​ផ្ទះ​ទំហំ ៥​ម៉ែត្រ​ពី​របង​ព្រលាន ដើម្បី​ធ្វើ​ឲ្យ​ព្រលានយន្តហោះ​កម្ពុជា ក្លាយ​ជា​ព្រលាន​ដែល​ទទួល​ស្គាល់​ថា គោរព​តាម​បទដ្ឋាន​អន្តរជាតិ។ គម្រោង​អភិវឌ្ឍន៍​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ​សម្បែង ដីធ្លី​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៦០០​គ្រួសារ ដែល​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៥ គឺ​ភូមិ​ត្រពាំងល្វា ភូមិ​គោកចំបក់ ភូមិ​ថ្មគោល ភូមិ​ជ្រៃជីសាក់ និង​ភូមិ​តាងួន ក្បែរ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

អ្នក​តវ៉ា​បាន​លើក​បដា​ដែល​សរសេរ​អន្តរាគមន៍​ទាមទារ​ឲ្យ​ដោះស្រាយ​ដីធ្លី​ឲ្យ​ពួកគាត់​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​ពង្រីក​ព្រលាន​យន្តហោះ និង​ស្រែក​ឲ្យ​អ្នក​តំណាង​រាស្ត្រ​ចេញ​មក​ជួប​អស់​ជា​ច្រើន​ម៉ោង ប៉ុន្តែ​ដោយ​ស៊ូ​រង់ចាំ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​មិន​បាន អ្នក​ភូមិ​បាន​នាំ​គ្នា​ផ្លោះ​ចូល​តាម​របង​រដ្ឋសភា​ព្រោះ​តែ​ចង់​ជួប​អ្នក​ តំណាងរាស្ត្រ។ មិន​យូរ​ប៉ុន្មាន​អ្នក​តំណាង​រដ្ឋសភា​បាន​ចេញ​មក​ប្រាប់​ឲ្យ​តំណាង​ពលរដ្ឋ​សហគមន៍ អេស.អូ.អេស ៧​នាក់​ចូល។

អនុ​ប្រធាន​សហគមន៍​ អេស.អូ.អេស ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ភូមិ​ត្រពាំងល្វា សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ លោក កៅ សុវណ្ណ បាន​ថ្លែង​បន្ទាប់​ចូល​ជួប​អ្នក​តំណាងរាស្ត្រ​នោះ​ថា ប្រជាពលរដ្ឋ​មាន​ការ​ស្ងប់​ចិត្ត​បន្ទាប់​ពី​បាន​ដឹង​ថា អ្នក​តំណាងរាស្ត្រ​ទាំង​នោះ​នឹង​បន្ត​ចាត់​ការ​មិន​បោះបង់​សំណើ​របស់​ពួកគាត់។ លោក​បន្ត​ថា អ្នក​តំណាងរាស្ត្រ​ទាំង​ពីរ​រូប​ក្នុង​គណៈកម្មការ​ទី​១​ដែល​មាន​លោកស្រី ឡោក ខេង និង​លោក អេង ឆៃអ៊ាង បាន​សន្យា​ថា នឹង​ដោះស្រាយ​ជូន​ពួកគាត់។

លោក​បញ្ជាក់​ថា អ្នក​ទាំង​ពីរ​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ប្រមូល​ឯកសារ​បន្ថែម​គឺ​ជា​កំណត់ហេតុ​នៃ​កិច្ច​ប្រជុំ​រវាង​អ្នក​ភូមិ និង​អនុរដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ីវិល​កន្លង​មក​ឲ្យ​ដាក់​ជូន​រដ្ឋសភា​ទៀត​ ដើម្បី​ជា​ទុន​នៅ​ក្នុង​ការ​រៀបចំ​ខ្លឹមសារ​ឯកសារ​សុំ​អន្តរាគមន៍​ទៅ​លោក​នាយករដ្ឋមន្ត្រី​កុំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ដោះស្រាយ​ដោយ​សន្តិវិធី៖ «ខ្ញុំ​ចូល​ប្រជុំ​ទៅ​ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ មើល​ឃើញ​ថា គណបក្ស​ទាំង​ពីរ​គឺ​ល្អ​ស្អិតល្មូត សាមគ្គី​គ្នា។ សម្ដី​ឯកឧត្ដម អេង ឆៃអ៊ាង និង​សម្ដី​លោក​ជំទាវ ឡោក ខេង អាច​ចាត់​ទុក​ជា​សម្ដី​បាន​ការ។ គាត់​ហាក់​បី​ដូច​ជា​គណបក្ស​តែ​មួយ​អ៊ីចឹង មិន​អាច​មើល​ដឹង​ថា​គណបក្ស​ពីរ​ទេ»

ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើ​លិខិត​មួយ​ដាក់​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ដោះស្រាយ និង​ផ្ដល់​សំណង​ឲ្យ​ពលរដ្ឋ​ជា​មុន​សិន​មុន​នឹង​ធ្វើ​ការ​អភិវឌ្ឍន៍​តំបន់​នោះ។

នៅ​ថ្ងៃ​ទី​២៧ តុលា អ្នក​ភូមិ​បាន​នាំ​គ្នា​ដាក់​ញត្តិ​ជូន​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​រារាំង​ដោយ​ពុំ​មាន​ហិង្សា​ទេ ហើយ​មន្ត្រី​ខុទ្ទកាល័យ​លោក គង់ ចំរើន បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ពួកគាត់។

ពលរដ្ឋ​ទាំង​នោះ មាន​សំណើ​ចំនួន​៣​ចំណុច​ដើម្បី​រក​ដំណោះស្រាយ។ ចំណុច​ទី​១​គឺ សុំ​ប្លង់​កម្មសិទ្ធិ​នៅ​នឹង​កន្លែង​សម្រាប់​ដី​និង​ផ្ទះ​ដែល​សេសសល់​ពី​ការ​កាត់​ផល​ប៉ះពាល់ ៥​ម៉ែត្រ ហើយ​ដី​ដែល​រង​ផល​ប៉ះពាល់​រដ្ឋាភិបាល​ត្រូវ​ទិញ​តាម​តម្លៃ​ទី​ផ្សារ​គឺ ២.៥០០​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ។ ចំណុច​ទី​២ សម្រាប់​ដី​និង​ផ្ទះ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង ឬ​ទាំង​ស្រុង រដ្ឋាភិបាល​ត្រូវ​ទិញ​ក្នុង​តម្លៃ​ទី​ផ្សារ​គឺ ២.៥០០​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ និង​ចំណុច​ចុង​ក្រោយ​សម្រាប់​គ្រួសារ​ដែល​ចង់​បាន​ការ​ដោះដូរ​ដី​និង​ផ្ទះ រដ្ឋ​ត្រូវ​ផ្ដល់​ដី​និង​ផ្ទះ​ឲ្យ​ពលរដ្ឋ​តាម​ទំហំ​ជាក់​ស្ដែង​ផ្ដល់​ប្លង់​កម្មសិទ្ធិ និង​នៅ​ជាប់​តាម​បណ្ដោយ​ផ្លូវ​២០០៤ ចាប់​ពី​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ដល់​សាលា​ណប្រ៊ីត។

កាល​ពី​កន្លង​ទៅ តំណាង​ពលរដ្ឋ​បាន​ប្រើ​សញ្ញា SOS គូស​នៅ​លើ​ដំបូល​ផ្ទះ​នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ និង​ការ​ប្រជុំ​កំពូល​នានា ហើយ​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​សហរដ្ឋអាមេរិក​មក​ទស្សនកិច្ច​កម្ពុជា ព្រោះ​ចង់​ឲ្យ​ប្រទេស​មហា​អំណាច​ក្រឡេក​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​ដីធ្លី ដែល​រដ្ឋាភិបាល​កម្ពុជា បណ្ដេញ​ពលរដ្ឋ​ពី​លំនៅឋាន​គ្មាន​សំណង និង​ស្នើ​ឲ្យ​ផ្ដល់​ជំនួយ​សង្គ្រោះ​ពួកគេ​ជា​បន្ទាន់។ បន្ទាប់​អ្នក​ទាំង​នោះ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន និង​ឲ្យ​លុប​សញ្ញា​នោះ​ចេញ​វិញ។

រហូត​មក​ដល់​បច្ចុប្បន្ន រដ្ឋាភិបាល​បាន​ជួល​ក្រុមហ៊ុន​ហ្គ្រីន ហ្គោល (Green Gold) ឲ្យ​ធ្វើ​ការ​វាស់វែង​ដី ៥​ម៉ែត្រ​ពី​របង​ព្រលាន​យន្តហោះ ដើម្បី​កំណត់​តំបន់​គ្រប់គ្រង​សន្តិសុខ និង​សុវត្ថិភាព ជុំវិញ​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​កំពុង​បន្ត​នីតិវិធី​មួយ​ចំនួន​ដូចជា ចុះ​ធ្វើ​សម្រង់​ស្ថិតិ ជំរឿន សិក្សា​តម្លៃ មុន​នឹង​ឈាន​ដល់​ការ​ដោះស្រាយ​ផល​ប៉ះពាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។