តុលាការ​ខេត្ត​ព្រះសីហនុ​កោះ​ហៅ​ពលរដ្ឋ​ជិត​៩០​គ្រួសារ​ទៅ​បំភ្លឺ​បញ្ហា​ទំនាស់​ដីធ្លី

តុលាការ​ខេត្ត​ព្រះសីហនុ កោះ​ហៅ​ប្រជាពលរដ្ឋ​ចំនួន ៨៨​គ្រួសារ អោយ​ទៅ​ជួប​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​បំភ្លឺ​ពី​ករណី​បណ្ដឹង​ទាក់ទិន​នឹង​ដី​លំនៅឋាន​របស់​ពួក​គេ។ តែ​ពលរដ្ឋ​បាន​តាំង​ចិត្ត​ហើយ​ថា ពួក​គេ​នឹង​មិន​បោះ​បង់​ដី​លំនៅឋាន​ចោល​ឡើយ បើ​ទោះ​ជា​មាន​សំណង ឬ​ការ​ផ្សះផ្សា​យ៉ាង​ណា​ក្តី។

0:00 / 0:00

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ស្ទឹងច្រាល ឃុំ​អូរបាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បាន​អោយ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៣ ថា តុលាការ​ខេត្ត​ព្រះសីហនុ បាន​ចេញ​លិខិត​បង្គាប់​អោយ​ពួក​គាត់​ចំនួន ៨៨​គ្រួសារ ទៅ​ជួប​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៣ ដើម្បី​ដោះស្រាយ​ករណី​បណ្ដឹង​ដែល​ចោទ​ថា ពួក​គាត់​រស់​នៅ​លើ​ដី​កម្មសិទ្ធិ​របស់​អ្នក​ដទៃ។

អ្នក​ភូមិ​ម្នាក់​ឈ្មោះ នួន សុខុន បាន​និយាយ​ថា លោក​បាន​រស់​នៅ​លើ​ដី​សព្វថ្ងៃ​តាំង​ពី​ឆ្នាំ​១៩៩៦ មិន​ដែល​មាន​បញ្ហា​អ្វី ឬ​មាន​អ្នក​ណា​មក​អះអាង​ថា ដី​នេះ​ជា​របស់​គេ​ឡើយ ទើប​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៣ ស្រាប់​តែ​មាន​លិខិត​កោះ​ហៅ​របស់​តុលាការ ដែល​ធ្វើ​អោយ​លោក និង​អ្នក​ភូមិ​ឯ​ទៀត​ទាំង ៨៨​គ្រួសារ ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

លោក សុខុន មិន​ដឹង​ថា អ្នក​ដែល​អះអាង​ថា ខ្លួន​គេ​ជា​ម្ចាស់​ដី​នោះ​មក​ពី​ណា ឬ​មាន​តួនាទី​អ្វី​ទេ តែ​គ្រាន់​តែ​ដឹង​តាម​រយៈ​លិខិត​របស់​តុលាការ​ថា ពួក​គេ​មាន​ឈ្មោះ ចាន់ ហេង សួ ស៊ូហ្វាង និង លឹម ជូ៖ «គេ​ហៅ​ទៅ​ហ្នឹង ដែល​ដាក់​ក្នុង​ហ្នឹង​គេ​អោយ​រុះរើ​ចេញ​ពី​ដី ៣៧​ហិកតារ ហើយ​គេ​ដាក់​ផ្សះផ្សា។ បើ​តុលាការ​កោះ​ហៅ ខ្ញុំ​ត្រូវ​តែ​ទៅ​ទាំង ៨៨​នាក់​ហ្នឹង ទៅ​កន្លែង​តុលាការ​ចាំ​មើល​មាន​ដីកា​ម៉េច​អី​ម៉េច»

ពលរដ្ឋ​រូប​នេះ​បន្ត​ថា សព្វថ្ងៃ​គាត់​ពុំ​មាន​ប្លង់​រឹង​បញ្ជាក់​កម្មសិទ្ធិ​ដី​ឡើយ ប៉ុន្តែ​ដោយ​សំអាង​ថា លោក​បាន​រស់​នៅ​លើ​ដី​នេះ​ជិត ២០​ឆ្នាំ​មក​ហើយ​នោះ លោក​នឹង​មិន​រុះរើ​ចេញ​ទៅ​ណា​នោះ​ទេ។ លោក​ថា ពលរដ្ឋ​ទាំង ៨៨​គ្រួសារ ប្ដេជ្ញា​ចិត្ត​ហើយ​ថា មិន​ចាក​ចេញ​ឡើយ បើ​ទោះ​ជា​ក្រុមហ៊ុន​ផ្តល់​សំណង​យ៉ាង​ណា​ក៏ដោយ។

លោក នួន សុខុន៖ «ខ្ញុំ​នៅ​ហ្នឹង​យូរ​ហើយ ខ្ញុំ​អត់​មាន​ឃើញ​ម្ចាស់​ដី​ហ្នឹង​ណា ព្រោះ​សម្ដេច​តេជោ គាត់​និយាយ​គាត់​ថា​នៅ​ត្រឹម​តែ ៥​ឆ្នាំ​អត់​មាន​ការ​អភិវឌ្ឍ​អី គឺ​ដី​របស់​យើង​ហើយ ហើយ​ឥឡូវ​ខ្ញុំ​មិន​មែន​នៅ​ត្រឹម ៥​ឆ្នាំ​ឯណា ខ្ញុំ​នៅ​ជិត ២០​ឆ្នាំ​ហើយ ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ គាត់​នៅ​បង្កបង្កើត​បាន​ជា​ភូមិ​ដាំ​ដំណាំ​មាន​ផ្លែ​បេះ​ហូប​ហើយ ដើម​ឈើ​ដើម​អី»

កន្លង​មក ពលរដ្ឋ​ខ្មែរ​ជាច្រើន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ដី​លំនៅឋាន​របស់​ពួក​គេ ដើម្បី​យក​ដី​អោយ​ក្រុមហ៊ុន​ធ្វើ​វិនិយោគ។ ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​អយុត្តិធម៌ បាន​ធ្វើ​អោយ​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាត់​បង់​ដី​ធ្លី​របស់​ខ្លួន។ ការ​បណ្ដេញ​ចេញ​ដោយ​អយុត្តិធម៌ ក៏​តែង​បណ្ដាល​អោយ​កើត​ជា​អំពើ​ហិង្សា​រាប់​មិន​អស់ រវាង​សមត្ថកិច្ច និង​ពលរដ្ឋ​ដែល​ជា​ជន​រងគ្រោះ។

លោក ពិន សេន មេ​ឃុំ​អូរបាក់រទេះ បាន​និយាយ​ថា ពលរដ្ឋ​ទាំង ៨៨​គ្រួសារ ដែល​តុលាការ​កោះ​ហៅ​នោះ បាន​រស់​នៅ​លើ​ដី​ពួក​គេ​តាំង​ពី​យូរ​មក​ហើយ មិន​ដែល​មាន​អ្នក​ណា​មក​រំខាន​ប្ដឹង​ទាមទារ​ដី​របស់​គេ​ឡើយ។ លោក ពិន សេន ក៏​មិន​ដឹង​ថា អ្នក​ដែល​អះអាង​ថា​ជា​ម្ចាស់​ដី​នោះ ជា​នរណា ហើយ​មក​ពី​ខាង​ណា​នោះ​ដែរ។

លោក ពិន សេន៖ «ប៉ាន់ស្មាន​ទេ ប្រហែល​គេ​សំអាង​ថា​គេ​មាន​ប្លង់​រឹង​អ៊ីចឹង​ទៅ​ណា។ ខ្ញុំ​អត់​ដែល​ទទួល​ប្លង់​រឹង​អី​ទេ អត់​ដែល​បាន​ឃើញ​ទេ ប៉ុន្តែ​ខ្ញុំ​មេ​ឃុំ ខ្ញុំ​អត់​បាន​ទទួល​ស្គាល់ អត់​បាន​ទទួល​ដឹង​ទេ ព្រោះ​គេ​អត់​ដែល​ធ្វើ​សេចក្តី​ជូន​ដំណឹង ឬ​ក៏​ដាក់​ប្ដឹង​សាលា​ឃុំ​អោយ​បាន​ដឹង​ថា ដី​ហ្នឹង​ជា​ដី​របស់​គេ​ពី​កាល​ណា​កាល​ណី​មក ខ្ញុំ​អត់​បាន​ដឹង ដាច់​ខាត គឺ​ខ្ញុំ​ឈរ​ខាង​ប្រជាពលរដ្ឋ ហើយ​តាំង​ពី​ដើម​មក គឺ​យើង​រស់​នៅ​ជាមួយ​ពួក​គាត់​ទៅ​ខាង​ណា​ទៀត»

លោក ស្វាយ តុញ ចៅក្រម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ដែល​ជា​អ្នក​ទទួល​បន្ទុក​ករណី​បណ្ដឹង​នេះ​បាន​និយាយ​ថា ពលរដ្ឋ​ទាំង​នោះ​ត្រូវ​បាន​ប្ដឹង​ពី​បទ​រស់​នៅ​លើ​ដី​អ្នក​ដទៃ។ លោក​ថា ដើម​បណ្ដឹង​ជា​ក្រុមហ៊ុន​ដែល​តាម​លោក​ដឹង គឺ​ជា​កម្មសិទ្ធិ​របស់​ខ្មែរ និង​បរទេស។ លោក​បន្ថែម​ថា ក្នុង​នាម​ជា​អ្នក​ដោះស្រាយ លោក​ត្រូវ​តែ​ដោះស្រាយ​នៅ​ពេល​មាន​បណ្ដឹង ប៉ុន្តែ​ដំណើរ​ការ​យ៉ាង​ណា​នោះ វា​អាស្រ័យ​លើ​មូលដ្ឋាន​ច្បាស់​លាស់។

លោក ស្វាយ តុញ៖ «អា​ហ្នឹង​ខ្ញុំ​នឹង​ធ្វើ​ការ​អង្កេត​បន្ត​ទៀត ប្រសិន​បើ​ខាង​ក្រុមហ៊ុន​គេ​មិន​មាន​លក្ខណៈ​អី​ត្រឹមត្រូវ​ទេ ក៏​យើង​ច្រាន​បណ្ដឹង​គេ​ចោល ប៉ុន្តែ​គោលការណ៍​របស់​ក្រុមហ៊ុន​ដែល​គេ​មាន​ដី​ហ្នឹង គឺ​គេ​មាន​គោលការណ៍​អោយ​គាត់​ទៅ​ដើម្បី​ដោះស្រាយ​អោយ​គាត់​ទេ ចង់​និយាយ​ថា គាត់​មាន​ឯកសារ​អី​ខ្លះ បើ​គាត់​មាន​ដោះស្រាយ​អោយ»

ពលរដ្ឋ​នឹង​រង់ចាំ​មើល​ថា តើ​តុលាការ​ខេត្ត​ព្រះសីហនុ ដោះស្រាយ​យ៉ាង​ណា​ចំពោះ​ករណី​បណ្ដឹង​នេះ ក្នុង​ពេល​ដែល​ពលរដ្ឋ​ប្ដេជ្ញា​ថា ពួក​គេ​នឹង​មិន​ទទួល​សំណង​សម្រាប់​ការ​បណ្ដេញ​ចេញ​នោះ​ឡើយ ហើយ​ស្រប​ពេល​ដែល​អាជ្ញាធរ​មូលដ្ឋាន​ក៏​គាំទ្រ​ពលរដ្ឋ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។