ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់​វិធានការ​ចំពោះ​​អ្នក​គប់​ពងមាន់​លើ​ស្ថានទូត​សិង្ហបុរី

0:00 / 0:00

ស្ថានទូត​សិង្ហបុរី​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ក្រុម​បាតុករ​ដែល​ជា​អ្នក​អតីត​រស់នៅ​តំបន់​បឹងកក់ ថា​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ស្ថានទូត​ដែល​មិន​អាច​ទទួល​យក​បាន ហើយ​ស្ថាន​ទូត​ក៏​ត្រៀម​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​អាជ្ញាធរ​កម្ពុជា ដែល​ពាក់​ព័ន្ធ។

ការ​តវ៉ា​នេះ បន្ទាប់​ពី​អតីត​អ្នក​បឹងកក់ និង​អ្នក​បឹងកក់ បាន​ព្យាយាម​ទៅ​មុខ​ស្ថានទូត​ដើម្បី​សាកសួរ​ពី​ការ​ឆ្លើយតប​ចំពោះ​សំណើ​របស់​ខ្លួន​ដែល​បាន​ដាក់​កាល​ពី​ដើម​ខែ​សីហា ឲ្យ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​វិនិយោគ​សិង្ហបុរី​មួយ​នៅ​តំបន់​នេះ។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ព្រមាន​ចាត់វិធានការ​ចំពោះ​ក្រុម​បាតុករ​អតីត​អ្នក​បឹងកក់ ដែល​បាន​គប់​ពង​មាន់​ប៉ះ​មក​លើ​ស្លាក​សញ្ញា និង​ក្លោង​ទ្វារ​ចេញ​ចូល​ស្ថានទូត​សិង្ហបុរី ឬ​ទូត​សាំងហ្គាពួរ​ប្រចាំ​កម្ពុជា ដែល​ថា​បាន​ធ្វើ​ឲ្យ​អាប់​អោន​ប្រទេស​ជាតិ​សិង្ហបុរី។

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ សីហា ថា ក្រសួង​បាន​ឃើញ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត ហើយ​កំពុង​ពិចារណា​ចំពោះ​សំណុំរឿង​នេះ។

លោក​ថា ក្រសួង​ត្រូវ​តែ​មាន​អ្វី​តបស្នង ពីព្រោះ​ប្រទេស​សិង្ហបុរី​ជា​ប្រទេស​លទ្ធិប្រជាធិបតេយ្យ៖ «កំពុង​តែ​មាន​វិធានការ​សមស្រប​ចំពោះ​អ្វី​ដែល​បាន​ធ្វើ​នេះ ពីព្រោះ​ថា​សិង្ហបុរី​លោក​មាន​ច្បាប់ទម្លាប់​ច្បាស់លាស់ ហើយ​ជា​ប្រទេស​មួយ​ប្រជាធិបតេយ្យ ហើយ​យើង​នេះ​ចេះ​តែ​ប៉ាត​ណា​ប៉ាត​ណី​ទៅ​ធ្វើ​ឲ្យ​អាប់​អោន​ដល់​កិត្តិយស​របស់​ប្រទេស​ជាតិ​គេ។ យ៉ាង​ហោច​ណាស់​ត្រូវ​មាន​អ្វី​មួយ​ត្រូវ​តប​ស្នង​នូវ​អំពើ​ដែល​អ្នក​ទាំង​អស់​នោះ​បាន​ធ្វើ»

ការ​ឆ្លើយ​តប​នេះ គឺ​ភ្លាមៗ​ដែល​ស្ថានទូត​សិង្ហបុរី បាន​ប្រតិកម្ម​ចំពោះ​ក្រុម​បាតុករ​អ្នក​បឹងកក់ ដែល​បាន​គប់​ពង​មាន់​ប៉ះ​មក​លើ​ស្លាក​សញ្ញា​ស្ថានទូត និង​ខ្លោងទ្វារ​ចេញ​ចូល​ស្ថានទូត​ថា​ជា​បំផ្លាញ​ទ្រព្យ​សម្បត្តិ ហើយ​ខ្លួន​នឹង​រាយការណ៍​បញ្ហា​នេះ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ។

កាល​ពី​ថ្ងៃ​ទី​២៧ សីហា អតីត​អ្នក​បឹងកក់ និង​អ្នក​កំពុង​រស់នៅ​តំបន់​បឹងកក់ បាន​នាំ​គ្នា​ទៅ​ស្ថានទូត​សិង្ហបុរី ដើម្បី​សុំ​ឲ្យ​ស្ថានទូត​នេះ​បំភ្លឺ​ចំពោះ​ក្រុមហ៊ុន​សិង្ហបុរី មួយ​ដែល​បោះ​ទុន​វិយោគ​លើ​ដី​បឹងកក់។

ក្រុម​បាតុករ​ដែល​ជា​អ្នក​អតីត​បឹងកក់​បាន​កប់​ពង​មាន់​ទៅ​លើ​ក្រុម​សមត្ថកិច្ច​ដែល​ព្យាយាម​រារាំង​ពួកគាត់​មិន​ឲ្យ​ទៅ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត។

អតីត​អ្នក​បឹងកក់ ដែល​បាន​ចូលរួម​តវ៉ា​អ្នកស្រី ស៊ា ណារ៉េត ថ្លែង​ថា សេចក្ដី​ប្រកាស​របស់​ស្ថានទូត​នេះ​គឺ​ជា​ការ​បំផ្លើស៖ «វា​អាច​ខ្ទាត​ប៉ះ​ខ្លះ​ហើយ​មិនមែន​ចំ​មុខ​ខ្លោង​ទ្វារ​ទេ។ ពួក​ខ្ញុំ​មក​ចំហៀង​នេះ​ទេ ហើយ​បើ​ប៉ះ​ច្រើន​គឺ​ប៉ះ​អាជ្ញាធរ​ហើយ​និង​របង​ដែក​រាំង​ពួក​ខ្ញុំ​ហ្នឹង​ទេ អត់​មាន​ប៉ះ​ទៅ​ខូច​ខាត​ដល់​ទ្រព្យ​សម្បត្តិ​គាត់​ច្រើន​ណាស់​ណា អត់​ទេ។ គាត់​អ្នក​មើល​ស្រាល​ពួក​ខ្ញុំ​ហើយ​មិន​ចេញ​ឆ្លើយ​តប​ហើយ​ពួក​ខ្ញុំ​ទៅ​ដល់​ឈរ​ស្រែក​រាប់​ម៉ោង​ហើយ​គាត់​អត់​ចេញ​ទេ ឲ្យ​កម្លាំង​មក​បង្ក្រាប​ពួក​ខ្ញុំ រារាំង​ពួក​ខ្ញុំ សែង​ខ្ញុំ គាត់​ធ្វើ​ហ្នឹង​ត្រឹមត្រូវ​ទេ? គាត់​ស្ថានទូត​រស់​នៅ​កម្ពុជា​ហើយ គាត់​មើល​ងាយ​ប្រជាជន​កម្ពុជា​យ៉ាង​ហ្នឹង»

តែ​ទោះ​ជា​យ៉ាង​ណា ក្រៅ​អំពី​ប្រតិកម្ម​ទៅ​អ្នក​បឹងកក់ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បាន​បកស្រាយ​ថា ក្រុមហ៊ុន​សិង្ហបុរី ឈ្មោះ ឌី ឡូធើស ឌីវឺឡប់មិន អេច្ឆ.អិល.អេច្ឆ (D’ Lotus Development Company/HLH Group) ដែល​គ្រោង​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូ នៅ​តំបន់​បឹងកក់ មិន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​សិង្ហបុរី នោះ​ទេ ហើយ​ស្ថានទូត​ក៏​គ្មាន​សិទ្ធិ​ទៅ​ជ្រៀតជ្រែក​ការងារ​រវាង​ក្រុមហ៊ុន​នោះ​ក្នុង​ការ​រក​ស៊ី​ជាមួយ​នឹង​ក្រុមហ៊ុន​ស៊ូកាគូ​នោះ​ដែរ។

សេចក្ដី​ថ្លែងការណ៍​ដដែល​បញ្ជាក់​ថា គោល​ជំហរ​របស់​ស្ថានទូត​សិង្ហបុរី គឺ​ក្រុមហ៊ុន​សិង្ហបុរី​ទាំងអស់ ឬ​រាល់​បុគ្គល​ជាតិ​សិង្ហបុរី​ណា​ដែល​រកស៊ី​នៅ​ក្រៅ​ប្រទេស គឺ​ត្រូវ​តែ​គោរព​ច្បាប់​នៃ​ប្រទេស​ទាំង​ឡាយ​ដែល​ពួកគេ​កំពុង​ធ្វើការ​វិនិយោគ និង​រកស៊ី។

កាល​ពី​ថ្ងៃ​ទី​៤ សីហា អតីត​ប្រជាពលរដ្ឋ​ជា​អ្នក​ភូមិ​បឹងកក់ ដែល​កន្លង​មក​បាន​ចាក​ចេញពី​តំបន់​បឹងកក់ ប្រមាណ ៥០​នាក់ ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​រាប់​រយ​គ្រួសារ បាន​លើកគ្នា​មក​តវ៉ា​លើក​បដា និង​ដាក់​ញត្តិ​ជូន​មន្ត្រី​ស្ថានទូត​ប្រទេស​សិង្ហបុរី​ប្រចាំ​កម្ពុជា ដើម្បី​ស្នើ​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​សិង្ហបុរី ផ្អាក​ទិញ​ដី​ដើម្បី​អភិវឌ្ឍន៍​នៅ​តំបន់​បឹងកក់ ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។